កម្ពុជសុរិយា/ឆ្នាំទី១/6

From Wikisource
Jump to navigation Jump to search
កម្ពុជសុរិយា, ឆ្នាំទី១  (១៩២៦-២៧) 
អំពី​បឋមសានៈ
ដោយ?


[ 20 ]

អធិប្បាយ​សង្ខេប

អំពី​បឋម​សាសន[1]

របស់​អ្នក​អង្គ​ម្ចាស់​ វឌ្ឍនា​ យាវង្ស​ អព្ភយឥស្សរា​


ក្នុង​បឋម​កប្ប​ គឺ​ចក្រវាឡ​បណ្ដាល​កើត​ឡើង​ដោយ​ធម្មធាតុ​ សន្មត​ហៅ​ថា​ភព​ៗ​ នោះ​មាន​ជាតិ​ ដី​ថ្ម​ លតា​វល្ល៍​ និង​ឈើ​ ជា​ហេតុ​ឲ្យ​អាស្រ័យ​ដល់​ជាតិ​សត្វ​ប្រកប​ដោយ​វិញ្ញាណ (ល) លុះ​កន្លង​ឆ្នាំ​ជា​អង្វេង​មក​ ទើប​មាន​មនុស្ស​ជាតិ​ជា​ក្រោយ​បំផុត ។

តាំង​ពី​អតីត​ លុះ​មក​ដល់​បច្ចុប្បន្ន​ឥឡូវ​នេះ​ ជាតិ​ដែល​មាន​ជីវិត​ប្រកប​ដោយ​វិញ្ញាណ​ទាំង​ប៉ុន្មាន​ តែង​អាស្រ័យ​យក​គ្នា​ជា​ភក្សា​ហារ​ទៅ​វិញ​ទៅ​មក​ សត្វ​ដែល​មាន​ជីវិត​កាល​កើត​មក​កាន់​ភព​លោក​នេះ​ សុទ្ធ​តែ​មាន​គ្រឿង​ប្រដាប់​សម្រាប់​កាយ​ ទុក​ជា​អាវុធ​ការពារ​ និង​ទំនុក​បំរុង​ជីវិត​ លើក​តែ​មនុស្ស​ជាតិ​កើត​មក​ គ្មាន​គ្រឿង​អ្វី​រក្សា​ការពារ​សត្រូវ​សោះ​ឡើយ​ អាស្រ័យ​តែ​ព្រឹក្សា​ ឬ​គូហា​ជា​ទី​ស្ថាន​សំណាក់​ពឹង​ពាក់​ លាក់​ខ្លួន​នឹង​សត្វ​សាហាវ ។ កាល​បើ​ព្រះ​អាទិត្យ​អស្ដង្គត​ ចូល​រាត្រី​ទៅ​កាល​ណា​ ក៏​នាំ​គ្នា​ភិត​ភ័យ​ដល់​ជីវិត​ ដោយ​ម្រឹគ​នូវ​យក្ស​ដែល​ជា​បច្ចាមិត្រ​របស់​ខ្លួន​ ក្រែង​ពួក​ខ្មាំង​ទាំង​នេះ​មក​បិទ​ទ្វារ​របៀត​របៀន​ដល់​រូប​កាយ​ ម្ល៉ោះ​ហើយ​ក៏​បបួល​គ្នា​ទៅ​រក​ទី​សំណាក់​ពួន​លាក់​ខ្លួន​ បំបាំង​អំពី​សត្រូវ​ទាំង​ឡាយ​នោះ​ [ 21 ]ជួន​កាល​ក៏​ស្រែក​ទួញ​យំ​ប្រកាស​រក​លោក​ឯ​ណា​ដ៏​មាន​រិទ្ធ​ ដើម្បី​ឲ្យ​ជួយ​សង្រ្គោះ​ជីវិត​ លុះ​អរុណ​រះ​ឡើង​កាល​ណា​ ទើប​ស្វាង​ទុក្ខ​ដោយ​ហេតុ​ជា​បញ្ញា​នៃ​ខ្លួន​ទន់​ទាប​ ក៏​យក​សេចក្ដី​ទុក្ខា​រម្មណ៏​មក​សន្និដ្ឋាន​ ថា​បើ​កាល​ណា​ខ្លួន​បន់​ស្រន់​ដោយ​ប្រការ​នោះ​ឡើង​ នឹង​បង្កើត​ឲ្យ​មាន​រស្មី​មិន​ខាន​ ម្ល៉ោះ​ហើយ​ក៏​នាំ​គ្នា​មក​ប្រតិស្ថាន​និយម​ ព្រម​ព្រៀង​កំណត់​ថា​​គឺ​ព្រះ​អាទិត្យ​នេះ​ ហើយ​ជា​អង្គ​លោក​ដ៏​មាន​ឫទ្ធិ​ ជា​ទី​ឧបត្ថម្ភ​នៃ​ខ្លួន​បាន​ជា​និរន្តន៍​ត​ទៅ​ រួច​ក៏​មាន​សេចក្ដី​សោមនស្ស​ និង​រស្មី​សុរ​នាថ​នេះ​ ថ្វាយ​សព្ទ​សាធុការ​ពរ​ដោយ​មធុ​វាចា​ផ្សេង​ៗ​ នេះ​ហើយ​គឺ​ជា​ហេតុ​ឲ្យ​កើត​លទ្ធិ​សាសនា​ក្នុង​គ្រា​នោះ​ ព្រោះ​មនុស្ស​យក​ហេតុ​ថា​ បើ​ខ្លួន​បាន​អធិដ្ឋាន​ដល់​លោក​ក្នុង​គ្រា​ណា​ លោក​ក៏​មាន​មេត្តា​ជួយ​កំចាត់​នូវ​ងងឹត​ញ៉ាំង​ឲ្យ​ភ្លឺ​ឡើង​បាន​ គឺ​ធ្វើ​នូវ​ទុក្ខ​ខ្លួន​ឲ្យ​ស្រាល​ស្បើយ (ប៉ុន្តែ​ឯ​យប់​និង​ថ្ងៃ​ រមែង​មាន​មក​ជា​ធម្មតា​ក្នុង​លោក ) កាល​ណា​ព្រះ​អាទិត្យ​លិច​ទៅ​ មនុស្ស​ទាំង​ឡាយ​ក៏​នាំ​គ្នា​ប្រជុំ​ធ្វើ​នូវ​កិច្ច​អធិដ្ឋាន​ជា​ថ្មី​ ត្រា​តែ​អរុណ​រះ​ឡើង​ទើប​ឈប់​ កិច្ច​ប្រតិបត្តិ​នេះ​ជាប់​ជា​អចិន្រ្តៃយ៍ ។

លុះ​កន្លង​ជា​អង្វែង​មក​ ខ្លួន​មាន​គំនិត​គិត​ឃើញ​ថា​ បើ​ជាប់​កិច្ច​រាល់​ប្រាណ​ដោយ​ប្រការ​នេះ​ ឃើញ​ថា​នឹង​ខូច​ខាត​អន្តរាយ​ដល់​ប្រយោជន៍​លៀង​ជីវិត​ ដែល​ត្រូវ​ចោល​ជា​មួយ​គ្នា​នឹង​កិច្ច​គោរព​នោះ​ ទើប​បបួល​គ្នា​តាំង​បង្កើត​ជា​ក្រុម​មួយ​ផ្សេង​ ដើម្បី​ទុក​សម្រាប់​គ្រាន់​ជា​អ្នក​អធិដ្ឋាន​ [ 22 ]ជួប​ខ្លួន​ទាំង​អស់​គ្នា ។ កាល​បើ​ខ្លួន​មាន​ទុក្ខ​ភ័យ​មក​ដល់​កាល​ណា​ ក៏​បបួល​គ្នា​ទៅ​កាន់​សំណាក់​ក្រុម​ដែល​ខ្លួន​តាំង​ថ្លែង​នូវ​ទុក្ខ​ដែល​ខ្លួន​មាន​ចំពោះ​ដល់​ក្រុម​នោះ​ សុំ​ឲ្យ​ជួយ​សម្រេច​សេចក្ដី​មនោរថ​ដែល​ខ្លួន​ប្រាថ្នា ​ គឺ​ក្រុម​នេះ​ហើយ​បាន​ទី​អាស្រ័យ​នៃ​អ្នក​ទាំង​ពួង ។ ឯ​ក្រុម​ដែល​តាំង​នោះ​គឺ​កាន់​យក​ភេទ​ប្លែក​អំពី​ជន​និករ​ រួច​សន្មត​ខ្លួន​ហៅ​ថា​ យតិបាធ្យាយ​ឬ​សង្ឃ​ក្នុង​គ្រា​នោះ ។

ក្រុម​នេះ​ឯង​ដល់​ប្រតិបត្តិ​រៀង​ៗ​មក​ គេ​ក៏​សន្មត​ទុក​ដូច​អ្នក​មាន​ឫទ្ធិ​ដែរ ​ព្រោះ​ថា​អ្នក​បាន​ចូល​ទៅ​ជិត​សុរ​នាថ​ច្រើន​ជាង​បុថុជ្ជន​ មនុស្ស​ក៏​នាំ​គ្នា​ទៅ​ធ្វើ​ នមស្សការ​បូជា​គោរព​ដោយ​គ្រឿង​អមិស្ស​វត្ថុ​ផ្សេង​ៗ​ គឺ​ទុក​ក្រុម​នេះ​ឯង​ដូច​ស្ពាន​ ជា​អ្នក​ទទួល​ចម្លង​យក​នូវ​អមិស្ស​វត្ថុ​នោះ​ទៅ​ឆ្ងាយ​ ដល់​សុរ​នាថ​ជួស​ខ្លួន​ដោយ​ក្រុម​នេះ​ជា​អ្នក​ធ្លាប់​នមស្សការ​ ក៏​និយម​ថា​ក្រុម​នេះ​ជា​អ្នក​ចេះ​និយាយ​ នឹង​អស់​លោក​ដ៏​មាន​ឫទ្ធិ​បាន​ ក្នុង​ចិត្ត​ខ្លួន​ក៏​មាន​អាង​សង្ឃឹម​ថា​ បើ​កាល​ណា​មាន​ទុក្ខ​ភ័យ​​មក​ដល់​ ក៏​នឹង​រត់​ទៅ​សុំ​ឲ្យ​ក្រុម​នេះ​ជួយ ។ សេចក្ដី​ជឿ​កើត​មក​ពី​ភ័យ​ ដ្បិត​មនុស្ស​ក្នុង​លោក​មិន​ដែល​មាន​ទំនេរ​ គឺ​សុទ្ធ​តែ​មាន​ចិត្ត​ត្រូវ​ទី​ពឹង​ទៅ​អ្នក​ឯ​ណា​ផ្សេង​ៗ​ ជា​ដរាប ។ ដល់​សេច​ក្ដី​ដែល​ជឿ​នូវ​បដិ​សរណៈ​អង្វែង​មក​ អំណាច​ឥទ្ធិ​ឫទ្ធិ​នៃ​សុរនាថ​ក៏​ធ្លាក់​មក​លើ​ពួក​នេះ​ខ្លះ​ រី​ឯ​ឥទ្ធិ​ឫទ្ធិ​សោត​ក៏​គង់​មាន​រំជួល​ប្រែ​ប្រួល​ទៅ​តាម​ តែ​ថយ​ចិត្ត​មនុស្ស​សទ្ធា ។

[ 23 ]ចំណែក​ពួក​អ្នក​មាន​ភេទ​កាន់​តែ​តាម​ទំនៀម​ជា​បរម្ប​រាត​ៗ​ គ្នា​មក​មិន​បាន​ជា​អ្នក​ប្រឹក្សា​ជជែក​វិបត្តិ​ សង្ស័យ​ឲ្យ​ឃើញ​បែប​ឫស​គល់​ផល​យ៉ាង​ណា​ឡើយ​ សេច​ក្ដី​ចន្លោះ​ត្រង់​ណា​ ក៏​គ្រាន់​តែ​ធ្វើ​បំពេញ​សម្រាប់​ទុក​នឹង​ទទួល​ភារៈ​អំពី​បុថុជ្ជន​ប៉ុណ្ណោះ ។

កាល​ណា​ជន​និករ​វឌ្ឍនា​មាន​ច្រើន​ឡើង​ សេច​ក្ដី​មនោ​រថ​ប្រាថ្នា​ ក៏​មាន​កើត​តាម​ជន​ ដែល​កិច្ច​នៃ​អ្នក​ប្លែង​ភេទ​ ក៏​បង្កើត​កាន់​តែ​ច្រើន​នាក់​ទាំង​២​ពួក​ ត្រូវ​ជាប់​កិច្ច​ប្រាស្រ័យ​គ្នា​ជា​ញឹក​ញាប់ ។

មនុស្ស​ប្រាស្រ័យ​គ្នា​ដូច្នោះ​ហើយ​ ក៏​តាំង​មាន​ទី​លំនៅ​ៗ​ជា​មួយ​គ្នា​ ជាប់​ជា​ក្រសែ​ត្រកូល​ ទទួល​ភារៈ​គ្នា​និង​គ្នា​ទៅ​វិញ​ទៅ​មក​ ឯ​ជន​និគម​ក៏​បាន​សេច​ក្ដី​ស្រាក​ស្រាន្ត​ដោយ​មាន​ទី​ពឹង​ តែ​នៅ​មិន​ទាន់​អស់​ សេច​ក្ដី​បរិ​វិតក្ក​ភិត​ភ័យ​បារម្ភ​ទៀត​ឡើយ ។

លុះ​អង្វែង​ត​មក​ មាន​បរស្ស​មាន​បរិកា​បញ្ញា​ឆ្លៀវ​ឆ្លាត​កើត​ឡើង​ ចេះ​ទរ​មាន​ប្រដៅ​ មាន​និស្ស័យ​ និង​មនុស្ស​ជឿ​ជា​ប្រាកដ​ ក៏​អនុលោម​និយម​យក​ក្បួន​ទាំង​ឡាយ​មក​សម្ដែង​បន្ថែម​លើ​បទ​ចាស់​ នាំ​អតីត​ហេតុ​មក​ថ្លែង​ឲ្យ​មនុស្ស​គួរ​ជឿ​តាម​របៀប​ថ្មី​​ គេ​សន្មត​ហៅ​ថា​អាចារ្យ​គ្រូ​បាធ្យាយ​ កាល​ណា​លោក​សាប​សូន្យ​ទៅ​ សាសន​នៃ​គ្រូ​នោះ​ក៏​បែក​ផ្សាយ​ធំ​ឡើង​ដោយ​អំណាច​សេច​ក្ដី​ជឿ​ គេ​ក៏​នាំ​គ្នា​លើក​ដំកើង​គ្រូ​នៃ​ខ្លួន​ទុក​ជា​មាន​ឫទ្ធី​ខ្លាំង​ពូកែ (និម្មិត​បដិហារ​បាន) ដល់​សាសន​សាយ​ធំ​ទូទៅ​ទៀត​ មនុស្ស​លោក​ [ 24 ]ដែល​ធ្លាប់​ជឿ​កោត​គោរព​វង្ស​សុរ​នាថ​មុន​ ក៏​ប្រែ​ត្រឡប់​កាន់​សាសន​ថ្មី​តម្កល់​ជា​គ្រូ​ធំ​ គឺ​មហា​បុរស​នោះ​ ជា​អ្នក​មាន​ឫទ្ធិ​ពូកែ​លើស​លុប​ក្នុង​លោក ។

សាសន​ទាំង​ឡាយ​មាន​លំអាន​តាម​តំណ​ៗ​មក​ ក្លាយ​បែក​ជា​ច្រើន​ពួក​ មាន​សណ្ឋាន​ប្លែក​ៗ​គ្នា​ពួក​មួយ​ប្រៀន​ប្រដៅ​ក្នុង​ពួក​ខ្លួន​តាម​បែប​ដែល​ខ្លួន​យល់​ខុស​ពី​ពួក​ដទៃ​ ម្ល៉ោះ​ហើយ​កើត​ទៅ​ជា​ហរិ​នឹង​គ្នា​ បណ្ដាល​ឲ្យ​កើត​បដិ​បក្ខ​ទាស់​ទែង​គ្នា​ ដោយ​ប្រកាន់​ថា​ខ្លួន​ត្រូវ​ តែ​រាល់​ប្រាណ​ហើយ​មាន​អាចារ្យ​បាធ្យាយ​ជា​ច្រើន​បែប​ ចង​ជា​ក្បួន​ច្បាប់​មាត្រា​ទី​ទៃ​ៗ​ តែ​ក្បួន​ទាំង​ប៉ុន្មាន​នោះ​ក៏​គ្មាន​កំណត់​ឲ្យ​ត្រូវ​គ្នា​ឡើយ​ សុទ្ធ​តែ​ផ្លូវ​បដិ​បត្តិ​ដែល​ជា​គ្រឿង​ធ្វើ​ខ្លួន​ឲ្យ​នឿយ​ព្រួយ​រក​ប្រយោជន៍​គ្មាន ។

ជា​សរុប​មក​ ក្នុង​រឿង​នេះ​ ឃើញ​ថា​បឋម​ជាតិ​តាំង​មាន​សេច​ក្ដី​ភ័យ​ជា​ដំបូង​ ភ័យ​នេះ​ហើយ​ជា​ហេតុ​ឲ្យ​កើត​លទ្ធិ​សាសន​ទាំង​ពួង​ សាសន​ដើម​សម្គាល់​ថា​ព្រះ​អាទិត្យ​ជា​ទី​តាំង​ ដោយ​ជឿ​ថា​មាន​អានុភាព​ប្រកប​ដោយ​ពន្លឺ​ទ្រ​ទ្រង់​លោក​ ក្រោយ​មក​មិន​ជឿ​ថា​ ពន្លឺ​ជា​ទី​នាំ​អោយ​ស្រាក​ទុក្ខ​បាន​ ក៏​នាំ​គ្នា​សន្និដ្ឋាន​ថា​ សុរ​នាថ​ថា​ធំ​ជាង​ព្រះ​អាទិត្យ​ទៅ​ទៀត​ ក៏​បែក​ជឿ​ក្នុង​បទ​នោះ​ទៅ​ លុះ​ត​មក​ឃើញ​ថា​គ្រូ​ផ្ទាល់​ក្នុង​ក្រុម​ខ្លួន​ជា​អ្នក​មាន​ឫទ្ធី​ ក៏​តម្កល់​គ្រូ​នោះ​ជា​ប្រសើរ​វិញ​ គឺ​ចេះ​តែ​ប្រែ​ប្រួល​ដូច្នេះ​ឯង ។

ហេតុ​ទាំង​នេះ​កើត​មក​ពី​មនុស្ស​លោក​ មាន​ភ័យ​១​ និង​ជីវិត​ក្រែង​បង់​ទៅ​២​ និង​ព្រលឹង​ក្រែង​អន្ទោល​ជាតិ​ទៅ​អនាគត​មិន​ប្រសើរ​ ក្រែង​ [ 25 ]មិន​បាន​ចូល​មក​កាន់​ភព​វិញ​ ម្ល៉ោះ​ហើយ​ក៏​យក​អ្វី​ៗ​មក​ជា​ទី​ពឹង​ ដើម្បី​នឹង​បាន​អាត្មា​ឲ្យ​ស្ថិត​ស្ថេរ​ មក​តម្កល់​កិច្ច​ទាំង​ឡាយ​ឲ្យ​បដិ​បត្តិ​ជា​ដាច់​ខាត​ ហើយ​លើក​ហេតុ​ផ្សេង​ៗ​មាន​មហិទ្ធិការ​ មាន​ក្រិត្យ​ច្បាប់​ទុក​ជា​កង​អាជ្ញា​បង្ខំ​ឲ្យ​បដិ​បត្តិ​តាម ។

ហេតុ​ទាំង​នេះ​ ជា​គតិ​លោក​បង្កើត​បាន​ដោយ​សេច​ក្ដី​ជឿ​ គួរ​គប្បី​ពិចារណា​រក​នូវ​ហេតុ​ និង​បច្ច័យ​មក​ផ្សំ​គ្នា​ គង់​ឃើញ​ច្បាស់​ក្នុង​គំនិត​ដែល​ប្រព្រឹត្ត​នូវ​កិច្ច​ទាំង​ប៉ុន្មាន​ ដោយ​បញ្ញា​ត្រិះ​រិះ​មិន​ខាន។ សេច​ក្ដី​បញ្ញា​ដែល​ពិចារណា​នោះ​ គប្បី​ត្រូវ​គិត​ថា​ផ្លូវ​បដិបត្តិ​ទាំង​ប៉ុន្មាន​ តើ​នឹង​យក​បែប​ណា​ជា​ផ្លូវ​នឹង​នាំ​ទៅ​កាន់​ប្រយោជន៍​អ្វី​ តើ​ចម្រើន​ដល់​ខ្លួន​ទៅ​យ៉ាង​ណា ។ល។

តាម​យោបល់​ខ្ញុំ​ ដែល​បាន​សង្កេត​មក​ ឃើញ​ថា​មាន​ក្បួន​ខ្លះ​ ដែល​ជា​ក្បួន​ឲ្យ​ប្រព្រឹត្ត​កិច្ច​នមស្សការ​ឥត​អំពើ​ គប្បី​ចាត់​ថា​ជា​ក្បួន​មិន​ប្រសើរ​ ព្រោះ​ជា​កិច្ច​ប្រព្រឹត្ត​ឥត​ពិចារណា​ ហើយ​នាំ​ឲ្យ​បិទ​ផ្លូវ​សិក្សា​ដែល​ជា​ការ​មាន​ប្រយោជន៍​ក្នុង​លោក ។

បញ្ញា​ជា​គ្រឿង​ភ្លឺ​ ដូច​ប្រទីប​ក្នុង​ងងឹត​ ជា​ផ្លូវ​នៃ​អ្នក​ប្រាជ្ញ​នាំ​ឲ្យ​យល់​ហេតុ​ផ្សេង​ៗ​ ជា​ខ្លឹម​សារ​នៃ​ការ​ដែល​ខ្លួន​ធ្វើ ។

  1. អត្ថបទ​នេះ​ ស្រង់​ពី​កម្ពុជ​សុរិយា​ ក្បាល​លេខ​២​ ឆ្នាំ​ ១៩២៦ – ២៧ ។