ជួបខ្លួនទាំងអស់គ្នា ។ កាលបើខ្លួនមានទុក្ខភ័យមកដល់កាលណា ក៏បបួលគ្នាទៅកាន់សំណាក់ក្រុមដែលខ្លួនតាំងថ្លែងនូវទុក្ខដែលខ្លួនមានចំពោះដល់ក្រុមនោះ សុំឲ្យជួយសម្រេចសេចក្ដីមនោរថដែលខ្លួនប្រាថ្នា គឺក្រុមនេះហើយបានទីអាស្រ័យនៃអ្នកទាំងពួង ។ ឯក្រុមដែលតាំងនោះគឺកាន់យកភេទប្លែកអំពីជននិករ រួចសន្មតខ្លួនហៅថា យតិបាធ្យាយឬសង្ឃក្នុងគ្រានោះ ។
ក្រុមនេះឯងដល់ប្រតិបត្តិរៀងៗមក គេក៏សន្មតទុកដូចអ្នកមានឫទ្ធិដែរ ព្រោះថាអ្នកបានចូលទៅជិតសុរនាថច្រើនជាងបុថុជ្ជន មនុស្សក៏នាំគ្នាទៅធ្វើ នមស្សការបូជាគោរពដោយគ្រឿងអមិស្សវត្ថុផ្សេងៗ គឺទុកក្រុមនេះឯងដូចស្ពាន ជាអ្នកទទួលចម្លងយកនូវអមិស្សវត្ថុនោះទៅឆ្ងាយ ដល់សុរនាថជួសខ្លួនដោយក្រុមនេះជាអ្នកធ្លាប់នមស្សការ ក៏និយមថាក្រុមនេះជាអ្នកចេះនិយាយ នឹងអស់លោកដ៏មានឫទ្ធិបាន ក្នុងចិត្តខ្លួនក៏មានអាងសង្ឃឹមថា បើកាលណាមានទុក្ខភ័យមកដល់ ក៏នឹងរត់ទៅសុំឲ្យក្រុមនេះជួយ ។ សេចក្ដីជឿកើតមកពីភ័យ ដ្បិតមនុស្សក្នុងលោកមិនដែលមានទំនេរ គឺសុទ្ធតែមានចិត្តត្រូវទីពឹងទៅអ្នកឯណាផ្សេងៗ ជាដរាប ។ ដល់សេចក្ដីដែលជឿនូវបដិសរណៈអង្វែងមក អំណាចឥទ្ធិឫទ្ធិនៃសុរនាថក៏ធ្លាក់មកលើពួកនេះខ្លះ រីឯឥទ្ធិឫទ្ធិសោតក៏គង់មានរំជួលប្រែប្រួលទៅតាម តែថយចិត្តមនុស្សសទ្ធា ។