Jump to content

កម្ពុជសុរិយា/ឆ្នាំទី១/4

From Wikisource
111884កម្ពុជសុរិយា, ឆ្នាំទី១ — និយាយ​ពី​លោក អូគុស្ត-ប៉ាវីដោយ?១៩២៦-២៧
[ 15 ]

និយាយ​ពី​លោក អូគុស្ត ប៉ាវី[1]



ដែល​លោក​អូគុស្ត​ប៉ាវី​ ទទួល​អនិច្ច​កម្ម​មួយ​ឆ្នាំ​ទៅ​ហើយ​ក្នុង​អាយុ​៧៨​ឆ្នាំ​នេះ​ នគរ​បារាំង​សែស​ខាត​អ្នក​ដើរ​រក​ស្រុក​ ដែល​បំពេញ​កិត្តិយស​ដល់​នគរ​បារាំងសែស​ជា​ទី​បំផុត​ ហើយ​និង​អ្នក​ម្នាក់​ជា​យ៉ាង​សំខាន់​ដែល​បណ្ដាល​ឲ្យ​នគរ​បារាំងសែស​ មាន​ថ្វី​ដៃ​ពូកែ​នៅ​ទី​ដែន​ប្រទេស​ទ្វីប​អាស៊ី ។

លោក​ប៉ាវី​ធ្វើ​ការ​មុន​ដំបូង​ដោយ​ខ្សត់​ក្រ​ណាស់​ ក្រោយ​នោះ​មក​ដល់​ឆ្នាំ​១៨៦៨​ លោក​មក​ដល់​ស្រុក​កូសាំងស៊ីន​ធ្វើ​ជា​ទាហាន​ជើង​ទឹក​ ដល់​ឆ្នាំ​ក្រោយ​មក​នោះ​លោក​ចេញ​ពី​ធ្វើ​ទាហាន​បាន​ពាក់​សក្ដិ​១​ ចូល​ទៅ​ធ្វើ​រាជការ​ខ្សែ​លួស​ក្នុង​ស្រុក​នោះ​ ហើយ​ចេញ​ពី​ខ្សែ​លួស​ទៅ​ជួយ​នគរ​បារាំងសែស​ ច្បាំង​នឹង​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​១៨៧០ – ១៨៧១​ ដល់​លោក​ប៉ាវី​ត្រឡប់​មក​ពី​ចម្បាំង​វិញ​ គេ​បញ្ជូន​លោក​ទៅ​កំពត (ក្រុង​កម្ពុជា) លោក​ក៏​រៀន​អក្សរ​នឹង​ពង្សាវតារ​ខ្មែរ​នៅ​ស្រុក​នោះ​ ហើយ​ក្នុង​វេលា​នោះ​ លោក​គិត​រៀន​សេចក្ដី​ចេះ​ដឹង​របស់​ខ្មែរ​ពី​ដើម​ ដោយ​នឹង​ដើរ​សង្កេត​មើល​ទី​ដី​ស្រុក​ក្នុង​ឆ្នាំ​១៨៨០​ លោក​មីរើដើវីល្លែរ​ កាល​ណោះ​ជា​ទី​កូវែរណើរ​ស្រុក​កូសាំងស៊ីន​ ប្រើ​លោក​ប៉ាវី​ឲ្យ​ទៅ​មើល​ចាត់​ការ​ត​ខ្សែ​លួស​ពី​ភ្នំ​ពេញ​ទៅ​បាង​កក​ លោក​ប៉ាវី​ក៏​ដើរ​មើល​ស្រុក​គ្រប់​អន្លើ​ជួន​ណា​ជា​មួយ​នឹង​លោក​អេទីអែន​អៃមោនីញេ​ ជួន​ណា​តែ​ម្នាក់​លោក ហើយ​ [ 16 ]សរសេរ​រឿង​អំពី​ដំណើរ​លោក​ខ្លះ​ ក្នុង​សៀវ​ភៅ​ដែល​មាន​តម្លៃ​ ដែល​បោះ​ពុម្ព​ព្រៃ​នគរ​ក្នុង​កាល​នោះ​ ហើយ​ដែល​ហៅ​ថា "ដើរ​មើល​និង​ពិនិត្យ​ឲ្យ​បាន​ស្គាល់​ស្រុក​ប្រទេស" (អេក្សកុរសីយុង អេ រើកុណែសសង់សើ) ។

គឺ​ក្នុង​ឆ្នាំ​១៨៨០​នោះ​ដែរ​ ដែល​លោក​ប៉ាវី​បាន​នាំ​ក្មេង​ជំទង់​ខ្មែរ​ខ្លះ​ទៅ​ស្រុក​បារាំង​ ដើម្បី​នឹង​ឲ្យ​រៀន​សូត្រ​ សេចក្ដី​នេះ​ហើយ​ដែល​នាំ​បង្កើត​ឲ្យ​មាន​សាលា​ខ្មែរ​ ដែល​នៅ​ស្រុក​បារាំង​នោះ​ហើយ​ដែល​ជា​ដើម​កំណើត​មួយ​ របស់​សាលា​ស្រុក​ចំណុះ (អេកុលកូឡូញ៉ាល់) សព្វ​ថ្ងៃ​នេះ ។

ក្រោយ​បន្តិច​មក​ទៀត​ ដល់​លោក​ត្រឡប់​មក​ពី​ស្រុក​បារាំង​វិញ​ មក​ធ្វើ​ជា​កុងស៊ុល​រង​នៅ​ស្រុក​ហ្លួង​ប្រា​បាង​ ហើយ​ដល់​លោក​បាន​មក​កាន់​ស្រុក​នោះ​កាល​ណា​ មិន​មែន​ឥត​សេចក្ដី​លំបាក​ឡើយ​ ដោយ​ហេតុ​សៀម​បង្កើត​ឲ្យ​មាន​សេចក្ដី​លំបាក​គ្រប់​ជំពូក​ដល់​លោក​ លោក​ប៉ាវី​ក៏​ចាប់​ធ្វើ​ការ​ខាង​វិជ្ជា​សិល្ប​សាទ​លោក​ត​ទៅ​ទៀត (ខែហ្វេវិយ៉េ​ ១៨៨៧ ) លោក​ប៉ាវី​មិន​សុខ​ចិត្ត​តែ​នឹង​សម្រេច​ឲ្យ​បាន​ មនុស្ស​ស្រឡាញ់​លោក​ប៉ុណ្ណោះ​ឡើយ​ តាម​វាចា​របស់​លោក​រៀង​រហូត​ទៅ​ដល់​ឆ្នាំ​១៨៨៩​ លោក​ចេះ​តែ​នាំ​ឲ្យ​បាន​សម្រេច​ ការ​បង្ក្រាប​សត្រូវ​នៅ​ក្នុង​ស្រុក​នោះ​ឯង​ដែល​មាន​បៈ​បោរ​ ដែល​មាន​ពួក​ហូ​គឺ​សាសន៍​ចិន​គំនិត​អាក្រក់​ មាន​ទង់​ជ័យ​ក្រហម​ លឿង​ឬ​ខ្មៅ​ ធ្វើ​កិច្ចការ​ដោយ​នូវ​អំណាច​ខ្លួន​ វា​ជា​ចៅ​ហ្វាយ​ដែល​ធ្វើ​យ៉ាង​ដូច្នេះ​បាន​ដោយ​សារ​តែ​យួន​នឹង​សៀម​ទាស់​គ្នា​ អំពី​មាន [ 17 ]សេច​ក្ដី​ប្រាថ្នា​ដូច​គ្នា​ ហើយ​និង​ដោយ​សាសន៍​ទាំង​២​នេះ​ខ្សោយ​ ក្នុង​វេលា​នោះ​ដែរ​ ដែល​លោក​ប៉ាវី​រក​សម្គាល់​ស្រុក​ក្នុង​ដែន​លាវ​ ការ​ដើរ​រក​សម្គាល់​ស្រុក​នេះ​ លោក​បាន​ធ្វើ​ពី​កាល​ជាន់​មុន​នៅ​ដែន​ខ្មែរ​ហើយ​ ចាប់​តាំង​ពី​ដើម​ខែ​ហ្វេវីយ៉េ​១៨៩០​ទៅ​ លោក​ប៉ាវី​ដើរ​មើល​សម្គាល់​ស្រុក​ទេស​ជា​ច្រើន​ហើយ​ដែល​នៅ​ជ្រៅ​ៗ​ក្នុង​ស្រុក​តាន្នីន​ នឹង​ស្រុក​ដែល​នៅ​កណ្ដាល​ជួរ​ភ្នំ​ស្រុក​អណ្ណាម​និង​ទន្លេ​ធំ​ ដោយ​សារ​តែ​ការ​នេះ​ហើយ​បាន​ជា​គេ​ស្គាល់​ជា​ម៉ត់​ចត់​ថែម​ទៀត​បាន​ ស្រុក​ដែល​នៅ​ជិត​ក្រុង​កម្ពុជា​ដោយ​សារ​តែ​ការ​នេះ​ដែរ​ ដែល​បាន​សង្កេត​ពិនិត្យ​មើល ​ស្រុក​ជា​ច្រើន​នៅ​ត្រើយ​ខាង​ស្ដាំ​ទន្លេ​មេគង្គ ។

រួច​ពី​នោះ​មក​ទៀត​ លោក​ប៉ាវី​បាន​តាំង​ជា​ទី​កុង​ស៊ុល​ហ្ស៊េណេរ៉ាល់​នៅ​ក្រុង​បាង​កក​ កាល​លោក​នៅ​ក្នុង​ងារ​កុង​ស៊ុល​នេះ​ លោក​បាន​តែង​សញ្ញា​ត្រៃតេ​បារាំង​ និង​សៀម​ចុះ​ថ្ងៃ​៣​អុកតូប​ ឆ្នាំ​១៨៩៣​ ហើយ​ក្រោយ​មក​ទៀត​ក្នុង​វេលា​ ដែល​រាជការ​ចាត់​ការ​ផ្សេង​ៗ​ឲ្យ​លោក​ធ្វើ​ លោក​ប៉ាវី​បាន​ធ្វើ​ឲ្យ​សម្រេច​តាម​សញ្ញា​ត្រៃតេ​នោះ​ លោក​ប៉ាវី​បាន​សម្រេច​ដែន​ស្រុក​ចិន​ និង​ស្រុក​ចំណុះ​បារាំង​ ដែល​នៅ​កណ្ដាល​ទន្លេ << ហ្វើលើវូរស>> និង​ទន្លេ​មេគង្គ​ដែរ​ លោក​ប៉ាវី​ចាត់​ការ​ទាំង​នេះ​ បាន​សម្រេច​ទាំង​អស់​ ហើយ​លោក​ត្រឡប់​ទៅ​ស្រុក​បាង​កក​ ទាល់​តែ​ដល់​វេលា​ដែល​លោក​ពីសារើត្រែត​ គឺ​ក្នុង​ឆ្នាំ​១៩០៥​ ហើយ​លោក​ត្រឡប់​ទៅ​ស្រុក​បារាំង​វិញ ។

[ 18 ]ប៉ុន្តែ​លោក​ប៉ាវី​ដែល​ជា​អ្នក​ចេះ​ ទៅ​ស្គាល់​ស្រុក​ដែល​កាល​ណោះ​ គេ​មិន​ទាន់​ស្គាល់​នៅ​ឡើយ​ ហើយ​ដែល​ចេះ​នាំ​ឲ្យ​គេ​ចំណាំ​ផ្លូវ​ប្រវែង​ជាង​ ៣០.០០០គីឡូម៉ែត្រ​ មិន​មែន​នៅ​ស្ងៀម​ទេ​ លោក​ចេះ​តែ​ធ្វើ​ឲ្យ​បារាំង​ស្គាល់​ស្រុក​ដែល​លោក​បាន​ទៅ​ និង​ស្គាល់​អ្នក​ស្រុក​ដែល​លោក​ដឹង​ចិត្ត​ ហើយ​ដែល​លោក​ស្រឡាញ់​ ដោយ​លោក​បាន​ឲ្យ​បោះ​ពុម្ព​សៀវ​ភៅ​លោក​ ដែល​និយាយ​អំពី​ការ​ដែល​ពួក​លោក​ប៉ាវី​ធ្វើ​ និង​អំពី​រឿង​ព្រេង​នៅ​ក្នុង​ស្រុក​ខ្មែរ​ និង​ស្រុក​លាវ ។

អ្នក​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​ស្គាល់​លោក​ប៉ាវី​ និង​ធ្លាប់​សរសើរ​ចិត្ត​ល្អ​របស់​លោក​ផង​ កាល​បើ​ដឹង​ថា​លោក​ប៉ាវី​អនិច្ចកម្ម​ហើយ​ និង​ទប់​កុំ​ឲ្យ​មាន​សេចក្ដី​ទុក្ខ​មិន​បាន ។

  1. អត្ថបទ​នេះ​ មាន​ចុះ​ក្នុង​កម្ពុជ​សុរិយា​ ក្បាល​លេខ​១​ ឆ្នាំ​ ១៩២៦ – ២៧ ។