Jump to content

គតិលោក/ភាគទី៩/9

From Wikisource
113482គតិលោក, ភាគទី៩ចំណងជើងរឿងឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿង​ចៅ​សញ្ជីវ​មាណព​ប្រោះ​ខ្លា




មាន​ចៅ​មាណព​ម្នាក់​ឈ្មោះ សញ្ជីវ​មាណព​បាន​ទៅ​រៀន​សិល្ប​វិទ្យា​គម ក្នុង​សំណាក់​អាចារ្យ​ទិសា​បាមោក្ខ​ព្រាហ្មណ៍ រៀន​បាន​ចេះ​វិជ្ជា​ផ្សេង ៗ ។

ថ្ងៃ​មួយ ចៅ​មាណព​នាំ​បណ្ដា​ភឿន​សិស្ស​ដូច​គ្នា ៤-៥ នាក់​លា​អាចារ្យ​ទៅ​លេង​ព្រៃ លុះ​ទៅ​ដល់​ព្រៃ​ស្រោង ១ ឃើញ​សាក​សព​ខ្លា​ទើប​នឹង​ស្លាប់​ថ្មី ៗ ចៅ​មាណព​ចង់​ល្បង​សិល្ប​សាស្ត្រ​ខ្លួន ទើប​និយាយ​ប្រាប់​ភឿន​ថា យើង​និង​សេក​មន្ត​ប្រោះ​ខ្លា​នេះ​ឲ្យ​រស់​វិញ​បាន អ្នក​ទាំងឡាយ​ចាំ​មើល​ចំណេះ​យើង​ចុះ ។ ឯ​ពួក​ភឿន​ទាំង​ឡាយ​ឮ​ដូច្នោះ ក៏​ឃាត់​រាល់​គ្នា​ថា ខ្លា​នេះ​ជា​សត្វ​ស៊ី​សាច់ មិន​ត្រូវ​ប្រោះ​ឲ្យ​រស់​ឡើង​ទេ តែ​រស់​ឡើង​ហើយ​វា​មិន​ដឹង​គុណ​នរណា​ទេ វា​នឹង​ខាំ​អ្នក​នោះ​វិញ ហេតុ​ដូច្នោះ​ក៏​ទៅ​ប្រោះ​វា​ឡើយ បើ​អ្នក​ឯង​មិន​ស្ដាប់​ពាក្យ​យើង​ឃាត់​នេះ យើង​នឹង​នាំ​គ្នា​រត់​ឡើង​ដើម​ឈើ ចោល​អ្នក​ឯង​ក្នុង​កាល​ឥឡូវ​នេះ​ឯង​ហើយ ។

ឯ​ចៅ​មាណព​ក៏​ថា បើ​អ្នក​ឯង​ខ្លាច​ខ្លា​ហើយ​ចង់​រត់​ចោល​យើង​ក៏​តាម​ចិត្ត​ចុះ យើង​មិន​ស្ដាប់​ពាក្យ​អ្នក​ឯង​ឃាត់​នោះ​ទេ យើង​នឹង​ប្រោះ​ខ្លា​នេះ​ឥឡូវ​នេះ​ឯង​ថា​ហើយ​ក៏​តាំង​រាយ​មន្ត សូត្រ​ប្រោះ​សព​ខ្លា​នោះ​ឯង​ឯ​ពួក​ភឿន​ទាំងឡាយ កាល​បើ​ឃាត់​ចៅ​មាណព​នោះ​មិន​ស្ដាប់​ហើយ ក៏​នាំ គ្នា​ឡើង​ដើម​ឈើ​ទាំង​អស់​គ្នា​ហោង ។

ឯ​ខ្លា​នោះ លុះ​ត្រូវ​វេទមន្ត​ចៅ​សញ្ជីវ​មាណព​ហើយ ក៏​មាន​ជីវិត​រស់​ឡើង ហើយ​ឃើញ​មាណព​នោះ​នៅ​ជិត​ខ្លួន ក៏​ស្ទុះ​ទៅ​ទះ​កាប់​ក​ឱន​ត្របាក់​ស៊ី​មួយ​រំពេច ចៅ​សញ្ជីវ​មាណព ក៏​ដល់​នូវ​កាល​កិរិយា​ក្ស័យ​នឹង​ដៃ​ខ្លា​នោះ​ហោង ។

ឯ​បណ្ដា​ភឿន​ទាំងឡាយ កាល​បើ​ឃើញ​ខ្លា​វា​ខាំ​ចៅ​សញ្ជីវ​មាណព​ហើយ​ក៏​ភិត​ភ័យ ទើប​នាំ​គ្នា​ចុះ​ចាក​ព្រឹក្សា រត់​ទៅ​ស្រុក ទៅ​ប្រាប់​អាចារ្យ​ទិសាបាមោក្ខ​តាម​រឿង​ខ្លា​វា​ខាំ​ចៅ​សញ្ជីវ​មាណព​នោះ​ហោង ។

រឿង​នេះ បាន​គតិ​ដល់​បុគ្គល​អ្នក​មិន​ស្គាល់​អំពើ​ពាល ទៅ​ធ្វើ​គុណ​នឹង​ពាល ពាល​នោះ​មិន​ដឹង​គុណ​នរណា​ទេ តែ​វា​បាន​ឱកាស​កាល​ណា​ហើយ វា​ក៏​យាយី​វិញ​ក្នុង​កាល​នោះ ប្រាជ្ញ​គួរ​គិត​ទៅ​ចុះ ធម្មតា​សត្វ​ស៊ី​សាច់ ដូច​យ៉ាង​ខ្លា​យ៉ាង​ក្រពើ​នោះ ជាតិ​មនុស្ស​យើង​មិន​ត្រូវ​ធ្វើ​គុណ​នឹង​វា​ឡើយ មួយ​ទៀត​អ្នក​មាន​វិជ្ជា​មិន​ត្រូវ​ទៅ​សំដែង​វិជ្ជា​នោះ ក្នុង​កាល​មិន​គួរ​សំដែង​ដូច​យ៉ាង​ចៅ​សញ្ជីវ​មាណព​ទៅ​ប្រោះ​ខ្លា​នោះ​ឯង ខ្លា​វា​ខាំ​វិញ​ហោង

រឿង​នេះ មាន​សេចក្ដី​ពិស្ដារ​ក្នុង​គម្ពីរ​មង្គលត្ថទីប​ឯ​ណោះ អញ្ជើញ​ទៅ​មើល​ចុះ ។

មា​អើយ​មាណព ចេះ​សិស្ស​សាស្ត្រ​ជប់ ជីវិត​ខ្លា​បាន ធម្មតា​ខ្លា​ខ្លៅ ចិត្ត​ខ្មៅ​សាមាន្យ មិន​ដឹង​គេ​មាន គុណ​លើ​អាត្មា ។ ជា​សប្បុងរស ទៅ​ជប់​ទៅ​ប្រោះ ឲ្យ​រស់​រូបា ត្រឡប់​ក្រញាំ ខាំ​ក្បាល​វិញ​ណា នេះ​ព្រោះ​អាត្មា មិន​ស្គាល់​ពិស​ពាល ។

ចប់​តំរា​សំដែង​វិជ្ជា​ជួយ​អសប្បុរស ជា​គតិ​ទី ៦២ ។