គតិលោក/ភាគទី៩/10

From Wikisource
Jump to navigation Jump to search
គតិលោក, ភាគទី៩ by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
ចំណងជើងរឿង

រឿង​ខ្មោច​ចូល​ដប




មាន​ខ្មោច​ប្រុស​មួយ អាស្រ័យ​នៅ​ក្នុង​ទី​មួយ បាន​ឃើញ​ប្រពន្ធ​អ្នក​ចំការ​ម្នាក់ កើត​កួច​ចិត្ត​ប្រតិព័ទ្ធ ស្រឡាញ់​នាង​នោះ លុះ​ពេល​ណា​ប្ដី​នាង​មិន​នៅ អា​ខ្មោច​នោះ​វា​ប្លែង​កាយ​និមិ្មត​ជា​រូប​ប្ដី​នាង នៅ​ដេក​នឹង​នាង​នោះ ៗ ក៏​សំគាល់​ថា​ជា​ប្ដី​អាត្មា មិន​ដឹង​ជា​ខ្មោច​វា​ប្លែង​ឡើយ ព្រោះ​ដូច​គ្នា​ណាស់ ។

ឯ​ខ្មោច​នោះ​តែ​បាន​ឱកាស គឺ​អ្នក​ចំការ​មិន​នៅ​ហើយ វា​តែង​ថ្លែង​កាយ​ជា​រូប​ប្ដី មក​ដេក​នៅ​នឹង​នាង នោះ​ជា​រឿយ​ៗ​រាល់​ៗ​កាល​ហោង លុះ​នៅ​យូរ​បន្តិច​មក​ចៅ​ប្ដី​នោះ​ទៅ​ព្រៃ ឧ​អា​ខោ្មច​វា​ប្លែង​ទៅ​ដេក​នឹង​នាង​នៅ​ក្នុង​ផ្ទះ ដល់​ពេល​ចៅ​ប្ដី​មក​ផ្ទះ​ក៏​គ្មាន​ឃើញ​រូប​អា​ខ្មោច​ដូច​រូប​ខ្លួន​ដេក​នៅ​នឹង​ប្រពន្ធ​ខ្លួន​ដូច្នោះ​ ក៏​ខឹង​មហិមា​ ស្ទុះ​ទៅ​ចាប់​អា​ខ្មោច​ៗ ក៏​ឈ្លោះ​តប​ថា "យើង​ជា​ប្ដី​នាង​នេះ​ ផ្ទះ​របស់​យើង​ ហេតុ​អ្វី​ចៅ​មក​ចាប់​យើង​ជា​ម្ចាស់​ផ្ទះ​វិញ ចៅ​ឯង​មក​ពី​ទី​ស្ថាន​ណា​មិន​ដឹង​យើង​ជា​ប្ដី​នាង​នេះ​ទេ​ឬ" ។ ឯ​ចៅ​ប្ដី​ក៏​ឈ្លោះ​តប​ថា​ផ្ទះ​នេះ​ជា​ផ្ទះ​របស់​យើង "នាង​នេះ​សោត ក៏​ជា​ប្រពន្ធ​យើង ហេតុ​អ្វី​ចៅ​មក​ថា​របស់​ខ្លួន​ដូច្នេះ" ។

ខ្មោច​នឹង​មនុស្ស ក៏​ឈ្លោះ​គ្នា​ដណ្ដើម​ប្រពន្ធ​ទៅ​វិញ​ទៅ​មក​ជា​កោ​សា​ហល​ឡើង ឯ​នាង​ប្រពន្ធ ក៏​មិន​ដឹង​រូប​ប្រុស​ណា​ជា​ប្ដី​ខ្លួន ព្រោះ​រូប​រាង​ដូច​គ្នា​សុទ្ធ​គ្នា​ណាស់ នឹង​អារ​កាត់​ថា​រូប​ណា​ជា​ប្ដី​ខ្លួន​ពុំ​បាន ព្រោះ​ខ្មោច​នឹង​មនុស្ស​កើត​ជា​អធិករណ៍​នឹង​គ្នា ទើប​នាំ​គ្នា​ទៅ​កាន់​សាលា​វិនិច្ឆ័យ ១ ដល់​ហើយ​ក៏​នាំ​គ្នា​ចូល​ប្ដឹង​តាម​រឿង​នោះ ។ ឯ​ចៅ​ក្រម​ខាង​ជាន់​ក្រោម ពុំ​អាច​នឹង​កាត់​ក្ដី​នោះ​បាន ព្រោះ​សាក្សី​គឺ​ស្រី​កណ្ដាល​នោះ ឲ្យ​ការ​មិន​ឆ្លុះ​ទៅ​បាន ទើប​នាំ​រឿង​ក្ដី​នោះ​ឡើង​ប្ដឹង​ដល់​លោក​អ្នក​ធំ​ជាន់​ខ្ពស់ គឺ​លោក​អ្នក​ប្រាជ្ញ ៗ ក៏​ឲ្យ​ហៅ​ចៅ​ទាំង​ពីរ​ចូល​ទៅ​ជិត ហើយ​លោក​ពិនិត្យ​មើល​រូប មើល​មុខ​បាន​ប្រាកដ ព្រោះ​ភ្នែក​ខ្មោច ភ្នែក​យក្ស​ខុស​គ្នា​នឹង​ភ្នែក​មនុស្ស​យើង​នេះ គឺ​ភ្នែក​យក្ស​ឥត​ស្រមោល​កូន​ក្រមុំ ហើយ​ច្រើន​ក្រហម​ច្រើន​រឹង ហេតុ​នោះ​ទើប​អ្នក​ប្រាជ្ញ​លោក​ស្គាល់​បាន តែ​លោក​នឹង​កាត់​ថា អា​នេះ​ជា​ខ្មោច​ប្លែង​រូប​ជា​មនុស្ស​ដូច្នេះ​ទៅ ក៏​ពុំ​ប្រាកដ​ដល់​ភ្នែក​អ្នក​ឯ​ទៀត ៗ ឡើយ ទើប​លោក​យក​ដប​ស្រា ៗ មក​តាំង​នៅ​លើ​តុ ហើយ​វិនិច្ឆ័យ​ឡើង​ថា "ហៃ​ចៅ​ទាំង​ពីរ​ដែល​វិវាទ​គ្នា អើ​គ្រា​នេះ​នឹង​វិនិច្ឆ័យ​ដោយ​យុត្តិធម៌​ឲ្យ គឺ​យើង​តាំង​ពីសោធ​នឹង​ដប​នេះ ថា​បើ​រូប​ណា​ក្លាហាន​អាច​ចូល​ក្នុង​ដប​នេះ​បាន រូប​នោះ​ហើយ ជា​ប្ដី​នាង​នេះ​មែន យើង​នឹង​ប្រគល់​នាង​នេះ​ឲ្យ ជា​ប្រពន្ធ​ពិត ថា​បើ​រូប​ណា​ចូល​ដប​នេះ​ពុំ​បាន​ទេ អើ​យើង​ទុក​រូប​នោះ​ថា​ជា​ពុំ​មែន​ប្ដី​នាង ពុំ​មែន​ជា​ម្ចាស់​របស់​ឡើយ" ។

ឯ​ចៅ​មនុស្ស​នោះ បាន​ឮ​លោក​អ្នក​ប្រាជ្ញ​ដាក់​ទុក​ដូច្នោះ ក៏​តក់​ស្លុត​ភិត​ភ័យ ដោយ​គិត​ថា​ខ្លួន​ជា​មនុស្ស​នឹង​ចូល​ដប​ស្រា​តូច​មួយ​នេះ ឯ​ណា​បាន​ក្ដី​ចាញ់​នោះ ចំពោះ​នឹង​បាន​ដល់​ខ្លួន​ប្រាកដ​ហើយ ម្ល៉ោះ​ហើយ​ក៏​ឈរ​សំពះ​ព្រះ​នៅ​ហោង ។

ឯ​អា​ខ្មោច លុះ​ឮ​អ្នក​ប្រាជ្ញ​តាំង​ឲ្យ​ចូល​ដប​ស្រា​ដូច្នោះ ក៏​ត្រេក​អរ​ក្នុង​ចិត្ត ដោយ​គិត​ថា​ខ្លួន​ជា​ខ្មោច​ឥត​ឆ្អឹង​ឥត​សាច់​សំរេច ដោយ​ឫទ្ធិ​និម្មិត​ជា​ខ្យល់​បាន ទើប​ទទួល​ចូល​ដប កាល​នឹង​ចូល​នោះ ចៅ​ខ្មោច​ឡើង​ទៅ​លើ​តុ ហើយ​បង្អោន​ក្បាល​សម្រប​រូប​តូច​ចូល​ទៅ​ក្នុង​ដប​នោះ​បាន​ហោង ។

ឯ​អ្នក​ប្រាជ្ញ កាល​បើ​យល់​ខ្មោច​ចូល​ក្នុង​ដប​ដូច្នោះ ក៏​ឆ្នុក​ចុក​មាត់​ដប​នោះ​ជាប់ ហើយ​លើក​ឡើង​ប្រកាស​ប្រាប់​អស់​មហាជន​ទាំងឡាយ​ថា អ្នក​ទាំង​ឡាយ​ចូរ​ដឹង​ថា​អានេះ​ជា​ខ្មោច វា​ប្លែង​ខ្លួន​ជា​មនុស្ស​មក​ធ្វើ​អំពើ​បរទារ​កម្ម​យ៉ាង​នេះ យើង​ពិសោធ​នេះ ដើម្បី​ឲ្យ​ដឹង​ថា​អាណា​ជា​ប្ដី​នាង​នេះ​មែន ។ ក៏​ធម្មតា​មនុស្ស​យើង​​តើ​ឯ​ណា​នឹង​ចូល​ដប​ស្រា​នេះ​បាន មាន​តែ​ខ្មោច​ទើប​វា​ចូល​បាន ឥឡូវ​នេះ​យើង​រក​ក្ដី​ពិត​ឃើញ​ហើយ នាង​នេះ​ត្រូវ​ប្រគល់​ឲ្យ​ទៅ​ចៅ​ដើម​ចោទ​នោះ​ចុះ ឯ​អា​ខ្មោច​នេះ​ទុក​វា​នៅ​ស្រុក​នេះ​ពុំ​បាន​ទេ ព្រោះ​វា​ធ្វើ​អំពើ​លាមក​មាន​សភាព​យ៉ាង​នេះ ថា​ហើយ​ក៏​ប្រើ​អ្នក​បំរើ​ឲ្យ​នាំ​យក​ដប​ខ្មោច នោះ​ទៅ​បោះ​ចោល​ឰដ៏​ទី​អន្លង់​ទឹក​ជ្រៅ ។ អ្នក​បំរើ​ក៏​នាំ​យក​ដប​ខ្មោច​នោះ​ទៅ​បោះ​ចោល​ក្នុង​ទឹក​ហូរ​តាម​ពាក្យ​អ្នក​ប្រាជ្ញ​នោះ​ហោង ។

ឯ​អា​ខ្មោច​ក៏​វិនាស​ខ្លួន​អស់​ក្បួន​តែ​ត្រឹម​នេះ ។

រឿង​នេះ​បាន​គតិ​ដល់​បុគ្គល​អ្នក​កាន់​ទុវិជ្ជា​ការ គឺ​ចេះ​ធ្មប់​ចេះ​ថ្នាំ​បំពុល​គេ ឬ​ចេះ​ក្បួន​អ្នក​លេង ដើរ​លប​ចាក់​កាប់​ក្បាល​គេ​ជា​ដើម ហើយ​មាន​លោក​អ្នក​ធំ លោក​ត្រូវ​ការ​ចង់​រក​ប្ដី​កំណាច​មោះ ខ្លួន​មិន​ដឹង​ក្ដី​អន្តរាយ​ក្រោយ ក៏​ទៅ​សំដែង​ទុវិជ្ជា​នោះ​ប្រាប់​លោក​អ្នក​ធំ​ដើម្បី​យក​រង្វាន់ ការ​នោះ​ជា​ផ្លូវ​ឲ្យ​លោក​អ្នក​ធំ​ចាប់​ខ្លួន​ធ្វើ​ខ្លួន​ឲ្យ​វិនាស ដោយ​អាជ្ញា​វិញ​បាន ដូច​អា​ខ្មោច​ក្នុង​ដប​នោះ​ឯង ប្រាជ្ញ​គួរ​គិត​ទៅ​ទៀត​ចុះ ។ ខ្មោច​អើយ​ខ្មោច​ខ្មាំង ទទួល​ប្រណាំង តាំង​ភ្នាល់​ចូល​ដប ទើប​ស្ទុះ​ឱនសីរ ដៃ​ពីរ​សម្រប សម្រាល​ខ្លួន​ខ្លប ចូល​ដប​បាន​ងាយ ។ ចង់​ឈ្នះ​យក​ស្រី មិន​ដឹង​កល​ក្ដី វិនាស​រូប​កាយ ត្រូវ​ចុក​ឆ្នុក​ជិត អស់​ឫទ្ធី​នឹង​ប្រាយ ដូច​កូន​ទន្សាយ កាយ​ហោង​ក្នុង​ដប ។ ចប់​តំរា​ខ្មោច​ក្នុង​ដប​ជា​គតិ​ទី ៦៤ ។ ចប់​ភាគ​ទី ៥ តែ​ប៉ុណ្ណោះ ។