គតិលោក/ភាគទី៩/6
រឿងសត្វម្រោមនឹងសត្វសឹង្ហតោ
និទាននេះមានដំណាល ក្នុងក្បួនបារាំងសែស
មានសត្វម្រោមមួយ ហើរទៅឃើញសត្វសឹង្ហតោមួយ ដេកនៅក្រោមដើមឈើ ក៏នឹកថាសត្វសឹង្ហតោ មានអំណាចអង់អាចខ្លាំងណាស់ ក្នុងលោកនេះ គ្មានសត្វណាឈ្នះវាឡើយ បើដូច្នេះអញនឹងផ្ចាញ់វាក្នុងគ្រានេះ ម្រោមនោះគិតហើយ ក៏ហើរទៅចុះទំខាំក្បាលសឹង្ហតោ ៗ រលាស់គ្រវីក្បាល ម្រោមក៏ចូលទៅក្នុងត្រចៀក សឹង្ហតោក៏បោកបក់ចេញ ម្រោមក៏ទៅទំទិចចុងច្រមុះ សឹង្ហតោគ្រវីបោកលោតត្របាក់ម្រោមនោះ ម្រោមក៏ហើរគេចទៅទំខាងខ្នង ហើយហើរមករោមមុខទៀត សឹង្ហតោ បានក្ដីរំខាននឹងខាំក៏ពុំបាន នឹងដេកនៅក៏ពុំបាន ទើបក្រោកដើរចេញចាកទីនោះ ចូលព្រៃទៅហោង ។
ឯម្រោមឃើញសឹង្ហតោរត់ចេញចាកទីនោះ ក៏សំគាល់ថាខ្លួនមានជ័យជំនះ ឈ្នះសឹង្ហតោហើយ ក៏ត្រេកអររីករាយសប្បាយចិត្ត តាំងហើរទៅ ហើរមក ស្រែកថា ឈ្នះហើយ ៗ មាត់តែស្រែកភ្នែកមិនបានថាមើល ក៏ប៉ះទៅលើមងពីងពាង ជាប់ដូចគេចងរុំខ្លួនជិត ខំកន្ត្រោងហើរក៏ពុំរួចឡើយ ពីងពាងដឹងថាម្រោមជាប់មងខ្លួនហើយ ក៏ស្ទុះទៅខាំស៊ីជាចំណីហោង ។
រឿងនេះ បានគតិដល់បុគ្គលពាល ប្រទូសរ៉ាយអ្នកឥតទោស កម្មអកុសលនោះ ប្រែធ្លាក់មកលើខ្លួនឯងវិញ សមដោយពាក្យបុរាណថា "ធ្វើទុក្ខគេ ៗ ឲ្យទុក្ខវិញ" ប្រាជ្ញគប្បីពិចារណាទៅទៀតចុះ ។
ចប់តំរាឲ្យទុក្ខគេ ទុក្ខនោះបានមកលើខ្លួនវិញ ជាគតិទី ៥៨ ។