គតិលោក/ភាគទី៩/5

From Wikisource
Jump to navigation Jump to search
គតិលោក, ភាគទី៩ by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
ចំណងជើងរឿង

រឿង​មនុស្ស​ចង់​ស្លាប់




និទាន​នេះ​មាន​ដំណាល ក្នុង​ក្បួន​បារាំង​សែស

មាន​ចៅ​បុរស​ម្នាក់ មាន​រោគ​ឈឺ​រីង​រៃ​ស្គាំង​ស្គម​ថម​ថយ​កំលាំង​តាំង​សោយ​ទុក្ខ​វេទនា នឹង​និទ្រា​ក៏​ពុំ​លក់​នឹង​ស៊ី​ចុក​ក៏​ពុំ​បាន រឹត​រំខាន​ពន់​ពេក ស្រែក​ពោល​ថា ក្ដី​ស្លាប់​អើយ​កាល​ណា​នឹង​ដល់​មក​ឆាប់ ៗ ស្លាប់​ទៅ​ប្រសើ​ជាង​រស់​នៅ​ជា​មនុស្ស​នេះ រស់​នៅ​ថ្វី​មិន​ត្រូវ​នឹង​គេ​យ៉ាង​នេះ ។ ពាក្យ​ចៅ​នោះ​ហៅ​រក​ក្ដី​ស្លាប់ មក​យក​ជីវិត​ខ្លួន​រឿយ ៗ ឬ​មួយ​មាន​ញាតិ​ណា​ឡើង​ទៅ​សួរ ក៏​ពោល​ទន្ទេញ​ប្រាប់​គេ​ថា ចង់​តែ​ស្លាប់​ឆាប់​ៗ​ទៅ មិន​ចង់​រស់​នៅ​ជា​មនុស្ស​ឡើយ ។ លុះ​យូរ​បន្តិច​មក រោគ​នោះ​កាន់​តែ​ប្រែ​ឈឺ​ខ្លាំង ក៏​តាំង​ស្រែក​ហៅ​ថា លោក​ព្រះ​កាល​អើយ ចូរ​មក​កាច់​ក​ផ្ដាច់​ជីវិត​ខ្ញុំ​ទៅ​ក្នុង​កាល​ឥឡូវ​នេះ ។

ឯ​ក្ដី​ស្លាប់ ក៏​សំដែង​ជា​រូប​ចូល​មក ឲ្យ​ចៅ​នោះ​ឃើញ​ប្រចក្ស ចៅ​នោះ​កាល​ដើម ស្រែក​ហៅ​រក​ក្ដី​ស្លាប់ នឹង​ចង់​ស្លាប់​ឆាប់ លុះ​ឃើញ​ក្ដី​ស្លាប់​ជិត​ដល់​មក​ក៏​ភិត​ភ័យ ស្ទុះ​ក្រោក​ស្រែក​រក​ឲ្យ​គេ​ជួយ មិន​ចង់​ស្លាប់​ឡើយ តាំង​បន់​អង្វរ​ក្ដី​ស្លាប់​ឲ្យ​ចៀស​ចេញ​ទៅ​វិញ​ហោង ។

រឿង​នេះ បាន​គតិ​ដល់​បុគ្គល​ទាំងឡាយ ក្នុង​លោកិយ​នេះ សឹង​ចង់​រស់​នៅ​តែ​រាល់​រូប ទោះ​រូប​វិកល​វិការ ខ្វាក់​ខ្វិន គ ថ្លង់ ល្ងង់​ល្ងើ ឬ​ចាស់​ជរា វារ​លូន​ទៅ​ណា​ពុំ​រួច​ក្ដី ក៏​នៅ​តែ​អាល័យ​ស្ដាយ​ជីវិត គិត​ចង់​តែ​រស​នៅ​មិន​ចង់​ស្លាប់​ឡើយ ឯ​បុគ្គល​មាន​ក្ដី​ទុក្ខ​វេទនា​មក​គ្រប​សង្កត់​យ៉ាង​ខ្លាំង ហើយ​ពោល​ថា​ចង់​ស្លាប់​នោះ​គឺ​ពុំ​ពិត​ទេ តែ​ក្ដី​ស្លាប់​ដល់​មក​ក៏​ត្រឡប់​ជា​ភិត​ភ័យ​ប្រកែក​មិន​ចង់​ស្លាប់​វិញ ប៉ុន្តែ​ប្រកែក​ពុំ​បាន​នឹង​អំណាច​មច្ចុរាជ​​នោះ​ឯង ។ ពាក្យ​ពោល​ថា​ចង់​ស្លាប់​មិន​ពិត​នោះ បាន​ដូច​និទាន​នាង​មេ​ម៉ាយ​ម្នាក់​នាង​នោះ​កាល​ប្ដី​ស្លាប់ ក៏​ទួញ​យំ​អាឡោះ​អាល័យ​ប្ដី​ថា "អ្នក​ប្រុស​ប្អូន​អើយ អ្នក​ស្លាប់​ទៅ​ហើយ មក​យក​ប្អូន​ទៅ​ផង" ពាក្យ​ដែល​នាង​មេ​ម៉ាយ​យំ​ពណ៌នា​យ៉ាង​នេះ​កាល​យំ នាង​នោះ ឈរ​យំ​លើ​មាត់​ច្រាំង ៗ នោះ​បាក់​ក៏​ធ្លាក់​នាង​មេ​ម៉ាយ ដូច​ជា​គេ​ប្រមៀល​រអិល​ទៅ​ក្នុង​ព្រែក នាង​នោះ​ក៏​ស្រែក​ថា "ប្អូន​មិន​ទៅ​ទេ​អ្នក​បង​អើយ ប្អូន​មិន​ទៅ​ទេ" ពាក្យ​នាង​មេ​ម៉ាយ​ពោល​មិន​ពិត​ដោយ​ប្រការ​យ៉ាង​នេះ ។ ហេតុ​នោះ បាន​ជា​ថា​ក្ដី​ស្លាប់​មួយ​នេះ​ពុំ​មាន​នរណា​ថា​ចង់​ស្លាប់​សោះ​ឡើយ ។ ឯ​មនុស្ស​ដែល​សម្លាប់​ខ្លួន​ឯង មាន​ចង​ក​ជា​ដើម​នោះ នឹង​បាន​ស្លាប់​ដោយ​ចិត្ត​ប្រក្រតី​ក៏​ទេ គឺ​ស្លាប់​ដោយ​កម្ម​និយម​ចំណែក​មួយ​ផ្សេង នឹង​បាន​ចង់​ស្លាប់​នោះ​ក៏​ទេ សឹង​ខ្លាច​ក្ដី​ស្លាប់​ដូច​គ្នា​ទាំង​អស់ ឯ​អ្នក​មិន​ខ្លាច​ក្ដី​ស្លាប់​នោះ មាន​តែ​អា​ជា​នេយ្យ ៤ ពួក​គឺ ដំរី​អា​ជា​នេយ្យ ៤ ពួក​គឺ ដំរី​អា​ជា​នេយ្យ ១ សេះ​អា​ជា​នេយ្យ ១ គោ​ឧសករាជ ១ ព្រះ​ខីណា​ស្រព ១ ត្រូវ​ជា ៤ ពួក​អ្នក ៤ ពួក​នេះ តែ​ដល់​មាត់​មច្ចុរាជ​ហើយ ពុំ​តក់​ស្លុត​ខ្លាច​អំណាច​ក្ដី​ស្លាប់​នោះ​ឡើយ តែ​ក្រៅ​អំពី​អា​ជា​នេយ្យ ៤ នេះ​ហើយ​សឹង​តក់​ស្លុត​ខ្លាច​អំណាច​មច្ចុរាជ ដូច​គ្នា​ទួទៅ​ទាំង​ពិភព គ្រប់​តួ​សត្វ​មនុស្ស​ហោង ។

ស្លាប់​អើយ​ក្ដី​ស្លាប់ មិន​ស្ដាប់​បង្គាប់ អង្វរ​នរណា​ទោះ​រាស្ត្រ​ទោះ​ស្ដេច សំរេច​លោកា ឬ​មាន​ចេស្ដា​ឫទ្ធានុភាព ។ ទោះ​មាន​ប្រាក់​សូក មិន​ស៊ី​ចំណូក​នរណា​ឲ្យ​លាភ ឬ​មាន​កំលាំង ច្បាំង​ត​អានុភាព​អាច​កិន​បាន​រាប រាប់​រូប​ប្រុស​ស្រី ។ ម្រឹត​អើយ​ម្រឹត្យូវ ជាតិ​ជា​សត្រូវ នៃ​យើង​ប្រក្រតី កើត​ហើយ​មាន​ស្លាប់ សម្រាប់​លោកិយ មាន​តែ​បុរី និព្វាន​មួយ​ហោង ។ ចប់​តម្រា​មិន​យ៉ម​ស្លាប់​ជា​គតិ​ទី ៥៧ ។