គតិលោក/ភាគទី៩/4
រឿងអទិន្នបុព្វកព្រាហ្មណ៍
មានព្រាហ្មណ៍ម្នាក់ឈ្មោះអទិន្នបុព្វកព្រាហ្មណ៍នៅក្នុងនគរសាវត្ថី បានជាឈ្មោះថា អទិន្នបុព្វកនោះ ដោយអត្ថថាព្រាហ្មណ៍នោះជាមនុស្សកំណាញ់កាញ់សម្បត្តិទុក្ខ មិនដែលបរិច្ចាគទ្រព្យ ចេញធ្វើបុណ្យឲ្យទានដល់សមណព្រាហ្មណ៍ នឹងស្មូមយាចកទាំងឡាយឡើយ ព្រាហ្មណ៍នោះមានកូនប្រុសម្នាក់ឈ្មោះមដ្ឋកុណ្ឌលី បានជាឈ្មោះថាមដ្ឋកុណ្ឌលីនោះ ព្រោះកូននោះចំរើនធំហើយ អទិន្នបុព្វកព្រាហ្មណ៍ជាបិតា ប្រារព្វនឹងធ្វើកុណ្ឌល ជាគ្រឿងបំពាក់ឲ្យគិតថានឹងទៅជួលជាងទងធ្វើ គ្រែងបង់ថ្លៃឈ្នួល ទើបព្រាហ្មណ៍យកមាសមកសំដោយខ្លួនឯង ធ្វើជាកុណ្ឌលមានភាពរលីងឥតក្បាច់ ហើយបំពាក់កូននោះ ហេតុដូច្នោះ ទើបកូននោះបាននាមថា មដ្ឋកណ្ឌលីកុមារ (ថាចៅកុណ្ឌលរលីង) លុះចណេរតមក ចៅមដ្ឋកុណ្ឌលីនោះមានជម្ងឺឈឺ គឺរោគស្គមលឿង ទើបនាងព្រាហ្មណ៍និយាយនឹងប្ដីថា "អ្នកអើយ ! កូនយើងកើតរោគស្គមលឿងឈឺរីងរៃយ៉ាងនេះ គួរអ្នកទៅរកគ្រូពេទ្យមកមើលមករក្សា នឹងបណ្ដោយឲ្យជាឯងនោះឃើញថាមិនជាទេអ្នក ។ ឯចៅព្រាហ្មណ៍ជាអ្នកខ្លាចបង់ខាតសម្បត្តិ គិតថាបើអញទៅរកគ្រូឲ្យមករក្សាកូននេះហើយ នឹងបង់ទ្រព្យដោយគំនាប់គេផងដោយអាហារចំណីលៀងគេនោះផង ទ្រព្យអញនឹងខាតទៅ ព្រាហ្មណ៍គិតដូច្នោះហើយ ក៏ធ្វើព្រងើយកន្តើយ មិនអើពើ ក្នុងការរកគ្រូមករក្សាកូនឡើយ លុះអាការរោគកូននោះ ប្រែខ្លាំងឡើង ព្រាហ្មណ៍ទាល់គំនិតទើបដើរត្រាច់ទៅតាមផ្ទះគ្រូពេទ្យ ហើយក៏ចូលសួរគ្រូពេទ្យថា "អើអ្នកគ្រូថ្នាំ តើគេកើតរោគលឿង អាការរោគនោះស៊ីពុំបាន ដេកពុំបាន នៅទីឯណោះដូច្នេះ តើគេប្រើថ្នាំយ៉ាងណាគេរក្សាដូចម្ដេច" ។
ឯគ្រូថ្នាំបានឮអទិន្នបុព្វកៈសួរដូច្នេះ ក៏ប្រាប់ផ្ដាសទៅថា យកឫសឈើនោះ យកស្លឹកនោះ ៗ មកស្ងោរឲ្យផឹកទៅចុះ ពាក្យគ្រូប្រាប់ថ្នាំនោះគេយល់ថា ព្រាហ្មណ៍កំណាញ់ទ្រព្យ មិនហ៊ានអញ្ជើញគេទៅឲ្យមើលកូន ក្រែងបង់ថ្លៃថ្នាំថ្លៃអាហារនឹងលៀងគេ ទើបគេប្រាប់ផ្ដេសផ្ដាសទៅ ។ ឯអទិន្នបុព្វកព្រាហ្មណ៍ឮគេប្រាប់ដូច្នោះ ក៏មករកជីកឫសឈើ បេះស្លឹកឈើទៅធ្វើថ្នាំតាមគេបង្គាប់នោះ ឯរោគកូននោះពុំអាចនឹងរងាប់ដោយថ្នាំផ្ដេសផ្ដាសនោះឡើយ រឹងរឹតតែឈឺធ្ងន់ឡើង ចៅព្រាហ្មណ៍យល់អាការរោគកូនកាន់តែធ្ងន់ដល់នូវក្ដីទុព្វលភាពខ្លាំង ដឹងថារោគនោះមើលមិនជាហើយ ទើបគិតថា កូនអញឈឺធ្ងន់ហើយ នឹងទុកឲ្យនៅក្នុងផ្ទះនេះយល់ជាពុំបាន ក្រែងពួកញាតិមិត្រទាំងឡាយ គេចូលមកសួរជម្ងឺ គេនឹងឃើញទ្រព្យសម្បត្តិអញហើយ គេនឹងមកកួនខ្ចី ឬសុំអញតទៅមុខទៀត បើដូច្នេះ មានតែលើកវាទៅដាក់ឲ្យដេកឰដ៏ល្វែងតាកខាងក្រៅទើបផុតក្ដីរំខាន គិតហើយ អទិន្នបុព្វកព្រាហ្មណ៍នឹងប្រពន្ធ នាំគ្នាសែងគ្រែកូនចេញមកដាក់ឲ្យដេកនៅល្វែងតាកផ្ទះ ឯចៅមដ្ឋកុណ្ឌលីកុមារនោះ លុះរោគកម្រើកខ្លាំងហើយ ក៏ដល់នូវកាលកិរិយាក្ស័យឰដ៏កាលនោះហោង ។
ឯជនទាំងពីរយល់កូនក្ស័យហើយ ក៏គក់ទ្រូងទួញយំសោកស្ដាយ ដោយក្ដីសង្សាស្នេហាអាល័យបុត្រ នាំគ្នាយកសព្វបុត្រ ទៅដុតនៅព្រៃប៉ាឆាតាមប្រពៃណីព្រាហ្មណ៍ ។ អទិន្នព្វកព្រាហ្មណ៍ ចាប់ដើមពីថ្ងៃនោះមកពុំសប្បាយឡើយ តែងទៅទួញយំសោកនៅទីប៉ាឆានោះ រាល់ៗពេល ដោយក្ដីបុត្តវិយោគជាសរលាបថ្នាំពិស មុតជាប់ខ្លួនហោង ។ រឿងនិទាននេះ មានសេចក្ដីពិស្ដារនៅក្នុងគម្ពីរព្រះធម្មបទ បឋមភាគឯនោះ អញ្ជើញទៅមើលចុះ ក្នុងតំរាគតិលោកនេះ ខ្ញុំបាននាំយកមកសំដែងដោយសង្ខេប គ្រាន់ឲ្យឃើញជាបែបបុគ្គលអ្នកកំណាញ់ ស្រឡាញ់តែសម្បត្តិទុក មិនហ៊ានចាយ ក្ដីអន្តរាយដល់កូនដល់ខ្លួនហើយ ក៏នៅតែហួងហែង មិនចែកបែងបិទបាំងការពារអន្តរាយនោះឡើយ បុគ្គលយ៉ាងនេះ ហៅកំណាញ់ក្រៅតរា មានទ្រព្យអសារឥតការឥតប្រយោជន៍ ដូចអ្នកខ្លះមានទ្រព្យរាប់ដល់រយពាន់ហ្មឺនសែន ទុកណែនពេញទូដែក មិនហ៊ានចែកចាយចំណាយធ្វើបុណ្យឲ្យទាន ឬនឹងចេញប្រកបការ ឬក្នុងកាលត្រូវការបរិភោគខ្លួនឯង យ៉ាងនេះទ្រព្យនោះទុកស្មើដុំឥដ្ឋដុំថ្មដដែល ហៅថាអ្នកក្រអ្នកតោកយ៉ាកវិញក៏បាន បុគ្គលមានទ្រព្យច្រើន មិនបានចំរើនប្រយោជន៍ដល់អ្នកដទៃ ឬអាស្រ័យខ្លួនឯង ទ្រព្យនោះឯងប្រៀបដូចទឹកសមុទ្រ ច្រើនផុតវិស័យ តែរសប្រៃមនុស្សផងអាស្រ័យផឹកស៊ីពុំបាន ពាក្យនេះសមដោយលំអានបោរាណាចារ្យលោក ពោលទុកក្នុងគម្ពីរលោកនីតិថា
ធនំ អប្បម្បិ សាធូនំ
កុបេ វារីវ និស្សួយេ
ពហុមបិ អសាធូនំ
ន ច វារីវ អណ្ណវេ
ប្រែថា ទ្រព្យរបស់សប្បុរសទោះតិចតួច បានជាប្រយោជន៍ជននានា ដូចទឹកអណ្ដូងរសសាបថ្លាអស់មហាជនផងដឹងអាស្រ័យ ។ ទ្រព្យនៃអសប្បុរសទោះមានច្រើន បុំបានចំរើនអ្នកដទៃ ដូចទឹកសមុទ្រមានរស់ប្រៃ មនុស្សផងអាស្រ័យផឹកបាន ។
ចប់តំរាកំណាញ់ក្រៅតំរា ជាគតិទី ៥៦