គតិលោក/ភាគទី៩/3
រឿងព្រានសន្ទូចម្នាក់
មានព្រានសន្ទូចម្នាក់ ថ្ងៃមួយនាំកូនទៅស្ទូចត្រីនៅទីស្ទឹងមួយ លុះស្ទូចទៅសន្ទូចនោះ ធ្លាក់ទៅព័ទ្ធជាប់នឹងដង្គត់ឈើក្នុងទឹក ចៅព្រានវាត់ឡើងសំគាល់ថាត្រូវត្រីហើយ លុះវាត់ទាញមិនរួច ក៏នឹកថាត្រូវត្រីធំ ទើបប្រាប់ចៅកូនថា យើងមានលាភបានត្រីធំហើយ នឹងលើកយកពុំរួច មានតែអញចុះទៅមុជចាប់យកទើបបាន បើដូច្នេះ កូនឯងទៅប្រាប់ម៉ែឯងឯផ្ទះឲ្យដឹងថាយើងបានត្រីធំណាស់ ឲ្យម៉ែដើរបង្កហេតុជំលោះនឹងពួកញាតិ នឹងពួកព្រៀងលានដែលនៅជិតខាង ឲ្យកើតទាស់ទែងគ្នាឡើងជាការកាល់ហាមពួកអស់នោះ កុំឲ្យមកសុំត្រីយើងបាន ឯចៅកូនទទួលពាក្យហើយ រត់ត្រង់ទៅផ្ទះ ដល់ហើយក៏ថ្លែងសេចក្ដីនុ៎ះប្រាប់ម្ដាយ តាមពាក្យឪពុកបង្គាប់មកនោះសព្វប្រការ ឯនាងភរិយាចៅព្រាន បានស្ដាប់ហេតុដូច្នោះហើយ ក៏ដោះអាវចេញពីខ្លួន យកក្រមាមកចោមពុងស្លៀកសំពត់សំយេះក្រោមនាកី លាត់សំពត់លើជង្គង់បកធ្យូងឆ្នាំងសំឡលាបមុខ ធ្វើអាការដូចស្រីឆ្កួត ហើយដើរទៅកាន់ផ្ទះពួកញាតិសន្ដានព្រៀងលានដែលនៅជិតខាង ។
ឯបណ្ដាប្រុសស្រីជាញាតិ បានឃើញអាការកិរិយាប្លែកដូច្នោះ យកនាំគ្នាសួរថា ហងអើយហងម្ដេចហងមកធ្វើអំពើអាក្រក់ យកធ្យូងឆ្នាំងមកលាបមុខ ដូច្នេះ" ។ ឯមេនោះនិមិត្តតែញាតិណាសួរដូច្នេះក៏ស្រែកជេរបញ្ចេរទៅថា ខ្មោចមេចោរអាចោរអស់នេះ ចុះវាធ្ងន់ក្បាលអ្វីវា ថ្វីបើអញលាបធ្យូង តើអញទៅធ្វើអ្វិវា ល្អអាក្រក់តើវាទើសក្បាលម្ដាយអាពុកវាឬ ខ្មោចមេចោរអាចោរអស់នេះពេញជាខូច ។ ឯពួកញាតិទាំងឡាយ បានឮមេនោះជេរប្រទេចផ្ដាសាឥតហេតុដូច្នោះ អ្នកខ្លះអត់មិនបានក៏ជេរតបទៅ កើតជាអធិករណ៍ឈ្លោះប្រកែកឡើង អ្នកខ្លះខឹងក៏ធ្វើរឿងរ៉ាវប្ដឹងដល់សាលាចៅក្រម ៗ ឲ្យកោះបកតួនាងនោះមកជំនុំជំរះតាមរឿងចោទ រកទៅឃើញទោសនាងនោះជាអ្នកដើរបង្កហេតុ ទើបចៅក្រមសាលាកាត់ពិន័យលក់តាមសក្ដិតូចសក្ដិធំ តាមទោសដែលខ្លួនជេរគេឥតទោសនោះឯង ។ ថ្លែងឯចៅព្រានជាប្ដី កាលប្រើកូនឲ្យទៅប្រាប់ម្ដាយវានោះ ក្រោយនោះចៅព្រានស្រាតសំពត់ដាក់នៅលើច្រាំង ហើយមុជចុះទៅតាមខ្សែសន្ទូចដើម្បីនឹងចាប់ត្រី លុះមុជទៅដល់ដង្គត់ឈើក្រោម ឈើនោះប៉ះមកត្រូវភ្នែកដូចជាគេចាក់ចំចុងកន្ទុយភ្នែក ខំស្ទាបរកត្រីមិនឃើញ មានតែឫសឈើជាប់សន្ទូច ទើបខំងើបឡើងវិញ យកដៃខ្ទប់មុខដោយឈឺភ្នែកមហិមា ខំវារឡើងដើម្បីនឹងយកសំពត់ស្លៀក ។ ឯសំពត់នោះសោត កាលចៅព្រានមុជទឹកទៅ ត្រូវខ្យល់កំបុតត្បូងកួចទម្លាក់ទៅក្នុងទឹក ទឹកក៏កួចយកសំពត់នោះអន្តរធានទៅហោង ។
ចៅព្រានបានក្ដីវេទនាដោយរងា ដោយឈឺភ្នែកនឹងទៅផ្ទះក៏ពុំបាន ព្រោះប្រាណអាក្រាត ខ្មាសអ្នកស្រុក នឹងទ្រាំនៅត្រាំក្នុងទឹករងាណាស់ ទើបព្រានឡើងទៅលាក់ខ្លួនពួននៅក្នុងព្រៃ ទំរាំអស់សែងថ្ងៃ នៅរង់ដល់ពេលយប់ទើបបានទៅផ្ទះ ទៅដល់ផ្ទះហើយ ក៏ពុំហ៊ានឡើងផ្ទះ ដោយនាងប្រពន្ធអុជភ្លើងភ្លឺស្រែកហៅប្រពន្ធ ឲ្យបោះសំពត់មួយមកស្លៀក ទើបឡើងទៅបាន ហើយក៏និយាយពីក្ដីទុក្ខវិនាសទ្រព្យដោយគេលក់ព្នៃ ប្រាប់គ្នាទៅមកតាមរឿងដែលខ្លួនធ្វើខុសនោះឯង ជនទាំងពីរក៏បានក្ដីវិនាសផ្លូវទាំងពីរប្រការ គឺផ្លូវព្រៃក៏ពុំបានត្រី សំពត់ស្លៀកក៏អន្តរធានដោយខ្យល់កួចយកទៅ ភ្នែកក៏បែក ដោយត្រូវនឹងដង្គត់ឈើនោះ ឯផ្លូវផ្ទះក៏វិនាស ដោយពួកញាតិគេខឹងគេប្ដឹងបង់ទ្រព្យធន ដោយចាញ់ក្ដីគេផង ម្ល៉ោះហើយក៏នាំគ្នាសោកសៅក្ដៅចិត្ត ដោយគំនិតគិតខុសនោះហោង ។
រឿងនេះ បានគតិដល់បុគ្គលកំណាញ់លាភភ័យក្រែងគេមកសុំត្រីខ្លួន ប្រាជ្ញគប្បីប្រកបគតិទៅទៀតចុះ ។
ព្រានអើយព្រានព្រាហ្មណ៍ សន្ទូចជាប់រាប់ព្រាហ្មណ៍ថាត្រីធំ កើតចិត្តហួងហែង ភ័យក្រែងគេសុំ បង្កហេតុជំលោះឡើងគ្រប់ឋាន ។ កើតកាឡកិណី ផ្លូវផ្ទះកើតក្ដី ប្រាញ់បង់ធនធាន ផ្លូវព្រៃខ្យល់ជាត់ សំពត់ពីប្រាណ ត្រីសោតពុំបានសាធ្នែកបែកអឺយ ។ ចប់តំរាហួងលាភដែលពុំទាន់ឃើញ ជាគតិទី ៥៥ ។