គតិលោក/ភាគទី៨/9
រឿងសត្វគីសមុទ្រនឹងកង្កែបថ្លុក
មានអ្នកស្រុកនៅមាត់សមុទ្រមួយនាក់ បានទៅដងយកគីរូបដូចកំពឹសមកធ្វើកាពិ លុះបានមកក៏ដាក់កញ្ច្រែង ហើយយកទៅកញ្ជ្រោកលាងទឹកថ្លុកមួយនៅខាងធ្លា ។ គ្រានោះមានគី ១ នៅរស់ផ្ទាត់លោតចេញពីកញ្ច្រែងធ្លាក់ទៅក្នុងទឹកថ្លុកនោះឯង គីនោះក៏ហែលទឹកទៅវិញទៅមក ក្នុងថ្លុកនោះមានសត្វកង្កែប១ នៅអាស្រ័យជាលំនៅខ្លួន កង្កែបនោះបានឃើញគីហែលទឹកថ្លុកខ្លួនដូច្នោះ ពុំស្គាល់ថាជាសត្វអ្វី ទើបលោតមកគម្រាមគីនោះថា "ប្រស្ដែងឯងនេះ ជាតិពីដើមនៅឯណា យើងមិនដែលយល់ឡើយ" ។ គីនោះឃើញកង្កែបក៏ខ្លាច ទើបបង្អោនកាយនិយាយដោយពាក្យគួរថា "ខ្ញុំបាទនេះហៅថាសត្វគី អាស្រ័យនៅទីមហាសាគរ គឺសមុទ្រ ព្រះតេជព្រះគុណត្រូវការសួរដោយហេតុអ្វី ? ។ កង្កែបក៏សួរទៅថា "អើប្រស្ដែង ទឹកសមុទ្រសាគរនោះ ជាធំទូលាយទៅប៉ុនណា ? ។ គីប្រាប់ថា "ទីទឹកសមុទ្រនោះធំក្រៃពេកណាស់មើលកោះមើលត្រើយមិនឃើញទេព្រះតេជព្រះគុណ ខ្ញុំបាទនឹងជំរាបថាប៉ុណ្ណេះប៉ុណ្ណោះនោះពុំបាន" ។ កង្កែបថា "មិនមែនប្រស្ដែង បើជាធំណាស់ ក៏ប៉ុនថ្លុកអញនេះឯង ដែលនឹងធំហួសថ្លុកអញនេះមាន អើប្រស្ដែង មួយទៀតត្រីក្នុងសមុទ្រនោះ តើប៉ុនណាទៅហះ ។ គីប្រាប់ថា "ត្រីក្នុងសមុទ្រនោះធំ ៗ ណាស់ ព្រះតេជព្រះគុណ ត្រីខ្លះមានខ្លួនវែង ១០ ព្យាមក៏មាន ១០ ហត្ថក៏មាន ធំប៉ុនភ្នំប៉ុនកោះក៏មាន ខ្ញុំបាទពណ៌នាជំរាបមិនអស់ឡើយ" ។ កង្កែបឮដូច្នោះក៏ថា "អាកុហកអើយ អាកុហក អញមិនជឿទេ បើដូច្នោះ ខ្លួនអាឯងនៅសមុទ្រដែរ ម៉េចក៏មិនធំដូចពាក្យអាឯងថានោះទៅ" ។ គីឮកង្កែបថាដូច្នោះ មិនហ៊ានប្រកែកតបតដោយក្ដីខ្លាច ក៏ស៊ូឈប់ស្ងៀមនៅ ខំហែលជ្រកតាមកៀនថ្លុក លាក់ខ្លួនខ្លាចកង្កែបនោះហោង ។ រឿងនេះ បានសេចក្ដីដល់បុគ្គលល្ងង់ខ្លៅ ដែលបានចេះដឹងវិជ្ជាតិចតួច ឬមានទ្រព្យសម្បត្តិតិចតួចសំគាល់ខ្លួនថា គ្មានវិជ្ជាឯណាឲ្យលើសនេះទៅទៀតដែលខ្លួនមិនចេះនោះ ឬសំគាល់ថាទ្រព្យសម្បត្តិនេះគ្មាននរណាមានស្មើអាត្មា លើសអាត្មាតទៅទៀត ទោះមានគេមកសរសើរមហាប្រទេសថា មានអ្នកមានសម្បត្តិបរិបូណ៌វិសេស ទាំងវិជ្ជាចំណេះក៏មានគេចេះ ច្រើនណាស់ ឮយ៉ាងនេះក៏នៅតែមិនជឿគេ នៅតែអួតទ្រព្យសម្បត្តិខ្លួន អួតចំណេះវិជ្ជាខ្លួននោះឯង ។ បទកង្កែបអួតទឹកថ្លុកនោះ សមដោយបទព្រះបាលី ក្នុងលោកនីតិថា អប្បសុតោ សុតំ អប្បំ ពហុមញ្ញេតិ មានវា សិន្ទុទកំ អប្បសន្តោ កុបេ តោយំវ មណ្ឌូកោ ។ ប្រែថា "ខ្លៅប្រៀនរៀនត្រាប់ស្ដាប់តិចតួច សំគាល់ថាខ្លួនស្រួចមិនទាន់ មិនដឹងពុទ្ធពចន៍នៅសែនសល់ ដូចកលកង្កែបបែបកំឡៅ ។ នៅក្នុងអណ្ដូងរណ្ដៅទាល់ មិនដែលទៅស្គាល់សមុទ្រជ្រៅ សំគាល់អណ្ដូងដែលខ្លួននៅ ថាជ្រៅថាធំលើសនានា" ។
ចប់តម្រាអ្នកខ្លៅដៅខ្លួនថាចេះអស់ ជាគតិទី ៤៩ ។