Jump to content

គតិលោក/ភាគទី៨/10

From Wikisource
គតិលោក, ភាគទី៨
by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿង​ចៅ​វ៉ែន​រក​ទិញ​វ៉ែនតា​មើល​អក្សរ​ដាច់
115884គតិលោក, ភាគទី៨រឿង​ចៅ​វ៉ែន​រក​ទិញ​វ៉ែនតា​មើល​អក្សរ​ដាច់ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​ចៅ​វ៉ែន​រក​ទិញ​វ៉ែនតា​មើល​អក្សរ​ដាច់



និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំងសែស

មាន​បុរស​ម្នាក់ ឈ្មោះ​ចៅ​វ៉ែន ចៅ​នោះ​ជា​មនុស្ស​ល្ងង់​ឆោត​ខ្លៅ ឃើញ​អ្វីៗ ក្ដី ឬ​ធ្វើការ​អ្វីៗ ពុំ​មាន​សាកសួរ​គេ​ឲ្យ​ដឹង​ហេតុ​ដឹង​បច្ច័យ​នោះ​ឡើយ សឹង​ប្រមាណ​យក​តែ​តាម​គំនិត​ខ្លួន​ឯង ថ្ងៃ មួយ​ចៅ​វ៉ែន​ដើរ​ទៅ​លេង បាន​ឃើញ​តា​ចាស់​ឈ្មោះ​តា​ឃ្លាំង គាត់​ពាក់​វ៉ែនតា​មើល​សាស្ត្រា ដោយ​ភាវៈ​គាត់​ជា​មនុស្ស​ចាស់ ចៅ​វ៉ែន​ឃើញ​ហើយ​នឹក​សំគាល់​ក្នុង​ចិត្ត​ឯង​ថា ដែល​គេ​មើល​សាស្ត្រា​មើល​សំបុត្រ​នោះ គឺ​គេ​មើល​ដឹង​នឹង​វ៉ែនតា​ទេតើ អើ​បើ​ដូច្នោះ​ក្រ​អ្វី​សព្វ​បើ​វ៉ែនតា មាន​គេ​លក់​នៅ​ផ្សារ​ជា​អខោ អញ​នឹង​ទៅ​ទិញ​យក​មក​ពាក់​មើល​សាស្ត្រា មើល​សំបុត្រ​ដូច​តា​ឃ្លាំង​នេះ​ក៏​បាន គិត​ហើយ​ចៅ​វ៉ែន​យក​ប្រាក់ ១ រៀល ដាក់​ក្នុង​ហោប៉ៅ​ដើរ​ទៅ​កាន់​ហាង ដល់​ហើយ​ក៏​ចូល​ទៅ​សួរ​ថា "ផ្ទះ​អ្នក​ដង្ខៅ​នេះ​មាន​វ៉ែនតា​លក់​ទេ" ។

នាយ​ហាង​ឆ្លើយ​ប្រាប់​ថា "មាន​ចៅ​ចង់​ទិញ​បែប​ណា​ចូរ​ថា​មក" ។ ចៅ​វ៉ែន​ថា "ខ្ញុំ​បាទ​ត្រូវ​ការ​តែ​វ៉ែនតា​យ៉ាង​ល្អ​ៗ​ថ្លៃ​ស្មើ ១ រៀល សូម​អ្នក​ដង្ខៅ​យក​មក​ពាក់​មើល" ។ នាយ​ហាង​ក៏​យក​វ៉ែនតា ១ ខ្នាត​អាយុ​មនុស្ស​សាមសិប​ប្លាយ ហុច​ទៅ​ឲ្យ​ចៅ​វ៉ែន ហើយ​ថា "ចៅ​ឯង​ពាក់​ល​មើល​ទៅ" ។ ចៅ​វ៉ែន​ក៏​ទទួល​យក​វ៉ែនតា​មក​ពាក់​ហើយ​ថា "ផ្ទះ​អ្នក​ដង្ខៅ មាន​កាក​សំបុត្រ​ខ្លះ​ទេ ខ្ញុំ​នឹង​ពាក់​មើល​អក្សរ​នោះ​ល្បង​មើល" ។ នាយ​ហាង​ឆ្លើយ​ថា​មាន ថា​ហើយ​ទៅ​យក​កាក​សំបុត្រ ១ ផ្ទាំង​ហុច​ឲ្យ​ទៅ​ចៅ​វ៉ែនៗ​ទទួល​មក​បើក​មើល ៗ​ឃើញ​តែ​តួ​អក្សរ​មិន​ដឹង​ជា​អក្សរ​ថា​ជា​អ្វី​ៗ​ឡើយ ចៅ​វ៉ែន​មើល​សំបុត្រ​មិន​ដាច់​មិន​ដឹង​ថា​ដូច្នោះ ក៏​ដោះ​វ៉ែនតា​ឲ្យ​ទៅ​នាយ​ហាង​វិញ ហើយ​ថា​វ៉ែនតា​នេះ មិន​ស៊ី​ភ្នែក​ខ្ញុំ​បាទ​ទេ នាយ​ហាង​ក៏​រើស​យក​វ៉ែនតា​ថ្មី ១ ហុច​ទៅ​ឲ្យ​ល​ម្ដង​ទៀត ចៅ​វ៉ែន​ពាក់​មើល​ក៏​ដូច​មុន ទើប​ដោះ​ឲ្យ​ទៅ​នាយ​ហាង​វិញ នាយ​ហាង​ផ្លាស់​វ៉ែនតា​ឲ្យ​ចៅ​វ៉ែន​ពាក់​ល​មើល​សំបុត្រ​នោះ​មិន​តែ ១ ដង ២ ដង​ឡើយ រើ​ផ្លាស់​អស់​វ៉ែនតា ១ ឡូ ក៏​មិន​ត្រូវ​ភ្នែក​ចៅ​វ៉ែន​សោះ នាយ​ហាង​ផ្លាស់​មិន​ឈ្នះ​ក៏​ខឹង នឹក​ថា​វ៉ែនតា​ច្រើន​ដល់​ម្ល៉េះ​ក៏​នៅ​តែ​មិន​ត្រូវ ទើប​យក​វ៉ែនតា ១ យ៉ាង​ល្អ​ឲ្យ​ចៅ​វ៉ែន​ពាក់​មើល​ទៀត ហើយ​ទៅ​លប​មើល​ពី​ក្រោយ​ខ្នង​ចៅ​វ៉ែន​កំពុង​មើល​សំបុត្រ ចៅ​វ៉ែន​មិន​ចេះ​អក្សរ កាន់​សំបុត្រ​មើល​ច្រាស​ជើង​អក្សរ​លើ​ជា​ក្រោម នាយ​ហាង​ឃើញ​ខុស​ដូច្នោះ ក៏​នឹក​ថា អា​នេះ​មិន​ចេះ​អក្សរ​ទេ​ដឹង បាន​ជា​មើល​ច្រាស​ជើង​អក្សរ​យ៉ាង​នេះ គិត​ហើយ​ក៏​សួរ​ថា "ចៅ​ឯង​មិន​ចេះ​អក្សរ​ទេ​ដឹង បាន​ជា​មើល​សំបុត្រ​ផ្ដាស​ច្រាស​លើ​ជា​ក្រោម​យ៉ាង​នេះ" ។ ចៅ​វ៉ែន​តប​ថា "បើ​ខ្ញុំ​ចេះ​អក្សរ​ ហើយ ចាំបាច់​មក​ទិញ​វ៉ែនតា​នេះ ឲ្យ​បង់​ប្រាក់​ទទេ​ធ្វើ​អ្វី" ។

នាយ​ហាង​ឮ​ដូច្នោះ ក៏​ដឹង​ថា​ចៅ​វ៉ែន​មិន​ចេះ​អក្សរ មក​ទិញ​វ៉ែនតា​ពាក់​មើល​អក្សរ​ឲ្យ​ដាច់ ទើប​នាយ​ហាង​សើច​ផង​ខឹង​ផង និយាយ​ទៅ​ថា "អើ​ចៅ​អើយ មនុស្ស​ក្នុង​លោក​នេះ រក​ក្រ​មាន​ដូច​ចៅ​ឯង​ណាស់ ចៅ​ឮ​នរណា​ថា​មនុស្ស​មិន​រៀន​អក្សរ​ហើយ​មក​ទិញ​វ៉ែនតា ពាក់​មើល​អក្សរ​ដាច់​បាន វ៉ែនតា​មនុស្ស ដែល​ពាក់​មើល​អក្សរ​ដាច់​នោះ​មិន​ដែល​មាន​ទេ ក្រែង​តែ​វ៉ែនតា​ខ្មោច​នោះ ទើប​ពាក់​មើល​អក្សរ​ដាច់​បាន បើ​ដូច្នោះ ចៅ​ទៅ​រក​ទិញ​វ៉ែនតា​ខ្មោច​ចុះ វ៉ែនតា​មនុស្ស​គ្មាន​ទេ ចៅ​ឯង​ពេញ​ជា​ឆ្កួត​ពិត​ប្រាកដ ធ្វើ​ឲ្យ​យើង​នឿយ​ហត់​នឹង​ការ​រើ​ផ្លាស់​វ៉ែនតា​យក​ចេញ​យក​ចូល​ឲ្យ​ពាក់​មើល​ព្រើល​យ៉ាង​នេះ ចូរ​ចៅ​ទៅ​ផ្ទះ​ចៅ​ឲ្យ​ឆាប់ កុំ​នៅ​ចាំ​ត​ទិញ​វ៉ែនតា​ឯ​ណា​ទៀត​ឡើយ" ។

ចៅ​វ៉ែន​បាន​ឮ​នាយ​ហាង​ត្មះតិះដៀល​ដូច្នោះ កើត​ខ្មាស​ពួក​អ្នក​ផ្សារ ទើប​ចុះ​ចរ​យាត្រា​ទៅ​ផ្ទះ​ខ្លួន​វិញ​ហោង ។

រឿង​នេះ បាន​គតិ​ដូច​បុគ្គល​អ្នក​ឃើញ​អ្វី​ឮ​ហើយ ស្មាន​យក​ដោយ​គំនិត​ខ្លួន​ឯង ដូច​អ្នក​ខ្លះ​ឃើញ​សម្ល​សៀម​ឬ​បាន​ស៊ី​សម្ល​សៀម ដែល​ស្ល​ដោយ​ម្ទេស​ឆ្អើរ នឹក​ស្មាន​ប្រមាណ​ថា គេ​ស្ល​ដោយ​ខ្លាញ់​បង្កង បាន​ជា​ក្រហម​យ៉ាង​នេះ មាន​អ្នក​ខ្លះ ឮ​គេ​ថា​ធ្វើ​ប្រេង​ដូង​ដោយ​ដូង​ទុំ ក៏​ស្មាន​ថា​គេ​កាប់​ដូង​យក​សាច់​មក​លំអិត​ដាក់​ឆ្នាំង​រំងាស់ ឬ​លីង​នឹង​អំបែង​ឲ្យ​ចេញ​ប្រេង​យ៉ាង​នេះ​ក៏​មាន អ្នក​ខ្លះ​បាន​ស៊ី​ចំណី​ក្នុង​ក្រុង​តែ​មិន​ដឹង​ជា​គេ​ធ្វើ​ដូច​ម្ដេច ទៅ​ស្មាន​យក​ដោយ​យោបល់​ខ្លួន​ឯង ហើយ​បាន​ក្ដី​ទោមនស្ស​ក្រោយ​វិញ​ក៏​មាន ដូច​មាន​និទាន​និយាយ​ថា កាល​នោះ​មាន​អ្នក​ស្រែ​ម្នាក់​សំឡាញ់​ម្នាក់​នៅ​ក្នុង​ក្រុង អ្នក​ស្រែ​នោះ​មាន​ការ​បាន