គតិលោក/ភាគទី៨/8
រឿងពស់ក្បាលច្រើនកន្ទុយតែ ១ នឹងពស់ក្បាលតែ ១កន្ទុយច្រើន
មានពស់ពីរ ពស់មួយក្បាលច្រើន កន្ទុយតែ ១ ពស់មួយទៀតមានកន្ទុយច្រើនតែក្បាលតែ ១ ។ ពស់ទាំងពីរលូនមកជួបគ្នា ក៏និយាយអួតឫទ្ធិ អួតអំណាចទីទៃៗ ឯពស់ក្បាលច្រើនអួតថា "យើងមានក្បាលច្រើននេះ ជាការមានប្រយោជន៍ច្រើន គឺនឹងគិតការអ្វីៗបានពិគ្រោះប្រឹក្សាយល់ព្រមគ្នា ទើបធ្វើការនោះសម្រេចទៅបាន" ។ ឯពស់ក្បាល ១ អួតថា "យើងមានក្បាលតែ ១ ជាការមិនទាស់ទែង បើចង់លូនចូលចេញតាមច្រកចង្អៀត ក៏ចេញចូលបានងាយ កន្ទុយច្រើន យើងសម្របតាមក្បាល ១ មិនមានទើសទែងនឹងអ្វី នែប្រស្ដែងពស់ក្បាលច្រើន យើងនឹងលងឫទ្ធិគ្នាក្នុងគ្រានេះ ឲ្យឃើញជារូបណាចេញចូលតាមចន្លោះរបងសួននេះបាន រូបណាចេញចូលពុំបាន គង់ដឹងឫទ្ធិគ្នាជាប្រាកដ" ។ ពស់ក្បាល ១ ថាហើយ ក៏លូនចូលទៅក្នុងចន្លោះរបង សម្របកន្ទុយតាមគ្នា ចូលបានចេញបានឥតទើសទាល់នឹងអ្វីឡើយ ឯពស់ក្បាលច្រើនឃើញពស់ក្បាល ១ លូនចូលចេញបានដូច្នោះក៏លូនចូលទៅតាម តែទៅពុំរួចព្រោះទើសនឹងក្បាលច្រើន ខំជ្រែកជែកចូលយ៉ាងណា ៗ ក្ដី ក៏ចូលទៅពុំបានឡើយ ពស់ក្បាលច្រើន ក៏កើតក្ដីខ្មាសអៀននឹងពស់ក្បាល ១ ចាញ់គេហើយ ទើបលូនរត់ទៅកាន់លំនៅខ្លួនវិញហោង ។
ពាក្យឃ្លោង : ពស់មួយក្បាលច្រើនចំរើនទាស់ ចូលមិនអស់ចេញមិនអបសម្របគ្នា ពស់មួយកន្ទុយច្រើនទោះបែករា អាចសម្របស្របគ្នាចូលចេញងាយ ។
ពាក្យទំនៀមថា : វត្តមួយសង្គ្រាជពីរទីមិនស្អាត លោកធាតុមួយមានអាទិត្យបី នគរមួយស្ដេចច្រើនអធិបតី ប្រាជ្ញគប្បីដឹងដោយពាក្យឧបមា ។ ក្នុងគម្ពីរលោកនីតិថា
ពហវោ យត្ថ នេត្តារោ
សព្វេ បណ្ឌិតា មានិនោ
សព្វេ មហត្តមិច្ឆន្តិ
តេសំ កម្មំ វិនស្សតិ ។
ប្រែថា អ្នកធំច្រើនប្រាជ្ញច្រើនក្នុងទីណា សឹងប្រាថ្នាចង់ធំទីទៃ ៗ ការងារដែលធ្វើនោះពុំប្រពៃ ចុះក្នុងន័យហីនជោគលោកវិនាស ។