គតិលោក/ភាគទី៨/6
រឿងខ្លាឃ្មុំនឹងដើមពង្រ
មានខ្លាឃ្មុំទៅដេកក្រោមដើមពង្រ ១ លុះដេកលក់បន្តិចទៅ មែកពង្របាក់ធ្លាក់មកត្រូវក្បាលខ្លាឃ្មុំនោះ ខ្លាឃ្មុំក៏ភ្ញាក់ក្រោកឡើងម្នីម្នា បានក្ដីឈឺក្បាលពន់ពេកណាស់ ក៏ដើរចេញចាកទីនោះហើយ នឹងខឹងនឹងដើមពង្រ ចងអាឃាដថា អាដើមពង្រនេះ អញកំពុងដេកលក់សុខសប្បាយ វាទំលាក់មែកមកលើក្បាលអញ បានក្ដីទុក្ខវេទនាមានសភាពយ៉ាងនេះ អើបើអញបានឱកាសកាលណា អញនឹងរំលំរំលើងវាឲ្យអស់ពូជជាម្ដង ខ្លាឃ្មុំចងគំនុំចងពៀរនឹងដើមពង្រដូច្នេះហើយ ក៏ត្រាច់តាមជើងព្រៃ ទៅកាន់ទីតាមក្ដីប្រាថ្នា ។ គ្រាកាលនោះមានអ្នករទេះម្នាក់បររទេះមកត្រង់ទីនោះ ចួនជាភ្លៅរទេះបាក់ក៏ឈប់ ហើយកាន់ពូថៅដើរចូលព្រៃ ដើម្បីនឹងកាប់ឈើធ្វើភ្លៅរទេះ លុះដើរៗទៅបានជួបខ្លាឃ្មុំកណ្ដាលព្រៃ ខ្លាឃ្មុំក៏សួរថា អ្នកឯងដើររកអ្វី ចៅនោះក៏ប្រាប់ថា យើងដើររកកាប់ឈើធ្វើភ្លៅរទេះ ខ្លាឃ្មុំបានឮដូច្នេះ បានឱកាស ទើបប្រាប់ទៅថា ឈើសម្រាប់ធ្វើភ្លៅរទេះ គ្មានឈើអ្វីឲ្យជាប់ស្វិតដូចដើមពង្រទេ ចូរអ្នកឯងទៅកាប់ដើមពង្រឯនោះចុះ ចំពោះជាធ្វើភ្លៅរទេះជាប់ល្អហើយ ថាហើយក៏នាំផ្លូវចៅនោះទៅកាន់ដើមពង្រ ហើយដើរចេញអំពីនោះទៅហោង ។
ឯអ្នករទេះក៏ចូលទៅកាប់ដើមពង្រនោះ តាមពាក្យខ្លាឃ្មុំប្រាប់ ឯដើមពង្រនោះជាលំនៅនៃរុក្ខទេវតា ៗ កាលបើឃើញមនុស្សកាប់លំនៅខ្លួនដូច្នោះ ក៏ចេញមកសួរថា អ្នកឯងកាប់ដើមពង្រនេះតើដើម្បីការអ្វី ។
ចៅនោះប្រាប់ថា យកទៅធ្វើភ្លៅរទេះដ្បិតខ្លាឃ្មុំបានប្រាប់ថាឈើនេះជាប់ល្អណាស់ រុក្ខទេវតាដឹងថាខ្លាឃ្មុំចងគំនុំនឹងដើមពង្រ ព្រោះតែមែកពុកបាក់ធ្លាក់លើក្បាលវាដូច្នោះ ក៏ចងពៀរតបខ្លាឃ្មុំវិញ ទើបតបទៅថា អើអ្នក ឯដើមពង្រធ្វើភ្លៅរទេះនោះជាប់មែន តែស្រួយឆាប់បាក់ទេអ្នក បើបានខ្លាញ់ខ្លាឃ្មុំមកលាបនោះ ទើបស្វិតជាប់ល្អបរទៅសប្បាយ បើដូច្នេះចូរអ្នកឯង ទៅសម្លាប់ខ្លាឃ្មុំយកខ្លាញ់វាទុកលាបភ្លៅរទេះអ្នកទៅហោង ។ ឯអ្នករទេះបានឮដូច្នេះ ក៏ចេញចាកទីម្នីម្នាត្រាច់ទៅតាមខ្លាឃ្មុំនោះលុះទៅទាន់ ហើយក៏ប្រហារខ្លាឃ្មុំនោះដោយពូថៅធំ ខ្លាឃ្មុំក៏ដល់នូវក្ដីស្លាប់ក្នុងកាលនោះឯង ដូចខ្លាឃ្មុំស្អប់ដើមពង្រ ដែលសំដែងទុកមកនេះ ប្រាជ្ញគប្បីដឹងហោង ។
ខ្លាអើយខ្លាឃ្មុំ ចងចិត្តគំនុំ នឹងដើមពង្រ ព្រោះមែកត្រូវក្បាល បណ្ដាលតាំងត អាឃាដបង្ក ជាពៀរនឹងគ្នា ។ ខឹងបាញ់ព្រោះស្អប់ បាញ់ប្រែត្រឡប់ មកត្រូវអាត្មា អំពើចងពៀរ ពំនៀរលោកថា មិនស្រាយកាលណា មិនត្រានឹងផុត ។
ចប់តម្រាស្អប់កុំឲ្យចាញ់ ជាគតិទី ៤៦ ។