គតិលោក/ភាគទី៨/5
រឿងបុរសចិញ្ចឹមខ្លាឃ្មុំ
មានចៅម្នាក់ចិញ្ចឹមខ្លាឃ្មុំ តាំងពីតូចដល់ធំ ប្រើការឲ្យខាំពាំនាំអ្វី ៗ បានគ្រប់យ៉ាង មានកាលថ្ងៃ ១ ចៅនោះខ្លាឃ្មុំទៅព្រៃ លុះទៅដល់ដើមឈើធំមានម្លប់ត្រសុំសាខា ត្រូវខ្យល់ផាត់រំភើយល្ហើយស្រួល ចៅនោះក៏ក្រាលសំពត់ដេករំហើយខ្យល់ បានផ្ដាំខ្លាឃ្មុំរក្សាខ្លួន ហើយថាឲ្យមើលសត្វពាឡម្រឹគយង់ឃ្នងនានា ក្រែងវាចូលមកនិន្ទាយាយីខ្លួនឲ្យដេញកំចាត់ពួកសត្វនោះ ៗចេញ ផ្ដាំហើយចៅនោះ ក៏ដេកលក់ទៅហោង ។
ឯខ្លាឃ្មុំនៅឃុំរក្សាការអន្តរាយនាយពុំបានក្រោកទៅឯណា ចាំគន់មើលអន្តរាយពុំឃើញមានអ្វី មានតែរុយមួយ វាហើរមកទំនៅមុខនៅចុងច្រមុះនាយរឿយៗ ខ្លាឃ្មុំជាសត្វស្លូតត្រង់នឹងម្ចាស់ តែគ្មានបញ្ញានឹងពិចារណាឲ្យដឹងថាអន្តរាយតូចធំយ៉ាងម៉េច ៗ ឃើញតែរុយក៏ទះផាត់ចេញអំពីមុខម្ចាស់ ឯរុយសោតជាសត្វហាមពុំបាន ជាសត្វរហ័សហើររហ័សទំរឿយៗ ខ្លាឃ្មុំបោកផាត់ក៏មិនឈ្នះក៏ទោសោ ខឹងនឹងរុយនោះ លុះរុយវាទំនៅច្រមុះម្ចាស់ ក៏ចាប់បានដុះថ្មមួយដុំ ចោលទៅលើច្រមុះម្ចាស់ ដើម្បីសម្លាប់រុយៗ ជាសត្វរហ័សហើរគេចចេញផុតទៅ ឯចៅនាយនោះលុះត្រូវដុំថ្ម ច្រមុះបែកចេញឈាម ភ្ញាក់ភ្លាមស្ទុះក្រោកឡើងយកដៃខ្ទប់មុខបានក្ដីទុក្ខវេទនា ឈឺចាប់ពន់ពេក ក៏ខឹងនឹងខ្លាឃ្មុំចាប់ដំបងវាយ ២,៣ ដំបង ហើយនាំខ្លាឃ្មុំវិលទៅផ្ទះ រកថ្នាំលាបដំបៅបានក្ដីក្ដៅចិត្តកើតទុក្ខហោង ។
រឿងនេះបានគតិដល់បុគ្គលអ្នកធ្វេសសតិបញ្ញា ទៅទុកចិត្តសត្វតិរច្ឆានមានតែសន្ដានស្លូតត្រង់ នឹងបានមានប្រាជ្ញាស្គាល់ទោសទុក្ខ ដូចមនុស្សយើងនេះ ក៏ឥតអង្គឺមាន គួរគិតពិចារណាទៅទៀតចុះ ។
ចប់តម្រាទុកចិត្តសត្វតិរច្ឆានជាគតិទី ៤៥ ។