គតិលោក/ភាគទី៨/4
រឿងបុរសប្ដីប្រពន្ធចិញ្ចឹមសត្វស្កា
មានចៅប្ដីប្រពន្ធពីរនាក់ជាជាតិអ្នកចំការ បានចិញ្ចឹមសត្វស្កា ១ ទុកប្រើប្រាស់ក្នុងការផ្ទះតាមភាពនៃខ្លួនជាអ្នកមានកូនខ្ចី បីទ្រពរក្សាស្កានោះពុំឲ្យមានហ្មងសៅឡើយ ។ ថ្ងៃមួយដាក់កូនឲ្យដេកក្នុងអង្រឹង ហើយទុកស្កាឲ្យនៅមើលរក្សាផ្ទះនឹងកូន អាត្មាឯងទាំងពីរនាក់នាំគ្នាទៅជំរះស្មៅដំណាំឯខាងកន្សៃផ្ទះ ក្រោយនោះ មានអាសិរពិសពស់វែកមួយ លូនចូលទៅក្នុងផ្ទះបានធុំក្លិនទឹកដោះនៅមាត់ទារក ក៏លូនចូលទៅក្នុងអង្រឹងហើយចឹកទារកនោះ ៗ ក៏ស្រែយំដោយសម្លេងខ្លាំង ៗ ។
ឯស្កានោះលុះបានឮសម្លេងក្មេងយំដូច្នោះ ក៏ស្ទុះឡើងទៅលើអង្រឹង បានយល់ពស់វែកចឹកកូននាយ ក៏ខឹងនឹងពស់ក្រៃពេក ទើបតយុទ្ធប្រខាំនឹងពស់ៗស្ទុះកំលាំងស្កាមិនបាន ស្កាក៏ខាំពស់នោះដល់នូវក្ដីស្លាប់ ហើយខាំអូសទាញយកសាកសពពស់ទៅដាក់ញាត់ទុកនៅក្រោមជើងម៉ា ។
ឯទារកនោះធន់នឹងពិសពស់ពុំបាន ក៏ដល់នូវមរណកាលក្នុងអង្រឹងនោះឯង ។
ថ្លែងឯចៅប្ដីនឹងប្រពន្ធនោះ លុះដល់ពេលក៏នាំគ្នាវិលមកផ្ទះ ឯស្កាឃើញម្ចាស់មកដល់នឹងនិយាយប្រាប់រឿងពស់វាខាំកូននោះពុំបាន ដោយជាតិជាសត្វ ក៏ខំតែរត់ទៅរត់មក ធ្វើអាការក៏ដូចជាប្រាប់រឿងដល់នាយ ឯនាយក៏ពុំមានសេចក្ដីសង្ស័យអ្វី លុះនាងប្រពន្ធទៅលើកកូន ដើម្បីនឹងផ្ងូតទឹក ក៏ស្រាប់តែឃើញកាយកូនជាំដាំ ស្លាប់រឹងក្រញាងនៅក្នុងអង្រឹងនោះឯង នាងក៏ស្រែកទួញឡើង ចៅប្ដីភិតភ័យស្ទុះទៅសួរប្រពន្ធ ៗ ប្រាប់ថា កូនយើងស្លាប់ហើយ មិនដឹងជាស្លាប់ដោយហេតុអ្វីទេ ចៅប្ដីក៏តក់ស្លុតយំសោកស្ដាយកូន ហើយសង្កេតមើលស្លាកស្នាមកូនទៅ ឃើញមុខស្នាមចង្កូមធ្មេញពស់នៅភ្លៅកូន ក៏នាំគ្នាគិតថាស្កានោះវាខាំកូនប្រាកដពិត មិនគិតពិចារណាឲ្យវែងឆ្ងាយ កើតខឹងនឹងស្កា ទើបប្រហារស្កានោះដល់នូវមរណភាព ហើយរើយកក្ដារដើម្បីធ្វើជាហឹបដាក់ខ្មោចកូនយកទៅកប់ លុះរើសំពត់អាវនៅក្រោមជើងម៉ា ក៏បានយល់សាកសពពស់នៅនោះ បានឃើញស្នាមមាត់ស្កាខំពស់ជាប្រាកដ ក៏ដឹងថា កូនខ្លួនស្លាប់ដោយពស់ចឹកទេ ស្កាជាសត្វយកអាសានាយ ស៊ូខាំពស់ដរាបដល់ពស់ស្លាប់ ហើយទាញយកមកទុកក្រោមជើងម៉ានេះ ជនទាំងពីរកលណាបើយល់ការណ៍ដូច្នោះហើយ ក៏កើតសោកសៅក្ដៅក្រហាយចិត្តនឹកអាណិតដល់កូនផង ដល់ស្កាផង កើតស្ដាយស្កាពន់ពេកណាស់ ដោយខ្លួនឥតពិចារណាទៅប្រហារសត្វឥតទោស ឯណាកូនក៏ស្លាប់ស្កាក៏ស្លាប់ផង ក្ដីទុក្ខរឹងរឹតតែច្រើនលើសលន់ផុតនឹងពណ៌នា បាននូវក្ដីសោកស្ដាយទាំង ២ ផ្លូវហោង ។
រឿងនេះ បានគតិដល់បុគ្គលអ្នកខឹងហួសជ្រួសគំនិត ឥតបញ្ញាពិចារណាឲ្យជុំវិញបាន បុគ្គលណាគិតអ្វីប្រញាប់ មិនរេរិះឲ្យអស់ជើង បន្ទាន់ធ្វើការនោះទៅដោយចិត្តក្ដៅ បុគ្គលនោះគង់នឹងលុះផ្លូវខុស បានក្ដីក្ដៅក្រហាយជាឯក្រោយ ដូចចៅប្ដីប្រពន្ធវាយស្កានោះឯង ។
មួយទៀត បុគ្គលធ្វើការប្រញាប់ បានក្ដីក្ដៅចិត្តក្នុងកាលក្រោយនោះ ដូចបទបាលីក្នុងគម្ពីរលោកនីតិថា
មា ច វេភេន កិច្ចានិ
ការេសិ វា ការាបេសិ
សហសា ការិតំ កម្មំ
មន្ទោ មច្ឆនុតប្បតិ ។
ប្រែថា "ជនធ្វើការប្រញាប់ដោយខ្លួនឯង ឬប្រើគេចាត់ចែងឲ្យធ្វើច្បាស់ អំពើដែលដោយសហ័សខ្លៅណាស់គង់ក្រហាយក្រោយ" ។
ចប់គតិទី ៤៤ ។