គតិលោក/ភាគទី៨/3
រឿងស្ត្រីម្នាក់មានប្ដីជក់អាភៀន
មួយទៀតអ្នកខ្លះបានកន្លែងកំណាចហើយ គិតផ្លាស់កន្លែងឲ្យធូរជាងមុនវិញ ចួនទៅប្រទះលើកន្លែងកាឡកណ្ណីកំណាចលើសមុនក៏មាន ដូចនិទាននាងនារីម្នាក់ ជាធីតាអ្នកមានត្រកូល នាងនោះបានប្ដីអ្នកត្រកូលស្មើគ្នា តែចៅប្ដីនោះជក់អាភៀនញៀនពេញកំឡាំង តាំងតែពីបានគ្នាមក ចៅប្ដីបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ដោយលួចទិញអាភៀនជក់ ។
នាងជាភរិយាបានក្ដីទុក្ខរំខានខ្លាំង ក៏គិតថាស្វាមីអញនេះ បំផ្លាញទ្រព្យសម្បត្តិវិនាសអស់ជាម្ដង នឹងគិតឲ្យប្ដីលែងជក់អាភៀន ក៏គិតពុំសម្រេចទៅបាន បើដូច្នោះគួរនិយាយនឹងគាត់ឲ្យផឹកសុរាវិញចុះ ព្រោះសុរាថោកជាងអាភៀន បើគាត់ជាប់សុរាហើយ ឃើញជាណាយអាភៀននោះមិនខានឡើយ ។
នាងគិតដូច្នោះហើយ បានឱកាសក៏និយាយលួងលោមចៅប្ដីនោះថា អ្នកអើយសូមមេត្តាកូនប្រពន្ធម្ដងចុះ បើអ្នកកាន់ល្បែងអាភៀនតែយ៉ាងនេះហើយ កូនប្រពន្ធនឹងធន់រកប្រាក់កាសចិញ្ចឹមគ្នាពុំបាទេ ព្រោះអាភៀនសព្វថ្ងៃនេះថ្លៃពេកណាស់ មិនឈ្នះនឹងរកប្រាក់ទិញឲ្យជក់ទេ ។
បើដូច្នេះ ចូរអ្នកផឹកសុរាកែខ្លួនវិញចុះ ព្រោះសុរាថោកជាជាងអាភៀន គ្រាន់តែ ២-៣ លុយទៅ ក៏ផឹកឆ្អែតបានវាល់ល្ងាចទៅហើយ ។
ឯចៅប្ដីបានឮប្រពន្ធថាដូច្នោះក៏ព្រមតាម ទើបឲ្យប្រពន្ធទិញសុរាមកឲ្យផឹក ដើម្បីបន្ធូរផ្លូវអាភៀននោះ ។ ឯនាងប្រពន្ធតែងទៅលក់បន្លែឬផ្លែឈើនៅផ្សារ និមិត្តតែអស់កាលណាក៏ទិញសុរាដាក់ដបយកមកផ្ញើចៅប្ដីរាល់ ៗ ថ្ងៃរៀងទៅ ។
ឯចៅប្ដីបានផឹកសុរាជាប់ហើយ ក៏តាំងទ្វេឡើងដល់ថ្ងៃ ១ កាក់ទើបឆ្អែត នាងប្រពន្ធក៏ចេះតែស៊ូរកឲ្យផឹកបានរាល់ថ្ងៃ ។
ចៅប្ដីកើតជាអ្នកប្រមឹក ផឹកតែឯងមិនសប្បាយ ទើបត្រាច់ទៅគប់អ្នកប្រមឹកឯទៀត យកគ្នាជាភឿនផឹក ដើរផឹកស៊ីតាមតៀមចិនតាមរានផ្សារ តែស្រវឹងកាលណា មកផ្ទះបង្កហេតុឈ្លោះប្រកែកបញ្ចោរប្រពន្ធ ជួនកាលស្រវឹងខឹងវាយចានវាយឆ្នាំង បោកប្រាសតុថាស ដាល់តប់កូនប្រពន្ធក៏មាន ជួនណាជេរគេឯងដែលមិនមែនជាញាតិ កើតវិវាទឈ្លោះប្រកែកបែកកើតជាក្ដីត្រូវពិន័យបង់ប្រាក់ ដោយចាញ់ក្ដីគេក៏មាន ជួនណាទៅស្រវឹងតាមធ្លា អួតអាងក្អេងក្អាងដាក់ចៅនាទី ៗ អត់មិនបាន ក៏វាយដំធាក់ច្រានចាប់យកខ្លួនទៅដាក់គុក កើតបង់ប្រាក់លោះខ្លួនក៏មាន ។
ក្ដីអាក្រក់នៃចៅប្រមឹកនោះ ឮប្រាកដសុះសាយទួទៅ ឯនាងប្រពន្ធធន់ពុំបាននឹងក្ដីរំខានចៅប្ដីធ្វើទុក្ខច្រើនប្រការណាស់ ទើបមកគិតថា កាលជក់អាភៀននោះ គឺបង់តែប្រាក់ថ្លៃទិញអាភៀនចំណែកមួយ តែជក់ឆ្អែតហើយមកផ្ទះជួយចាប់កូនចាប់ចៅ ឬជួយធ្វើការឯទៀតៗបានខ្លះ ដូចជាគ្រាន់បើជាងផឹកសុរា ឯសុរានេះចាប់ដើមពីចេះផឹកមកពុំបានការអ្វីមួយយ៉ាងសោះ ចេះតែជេរវាយកូនប្រពន្ធ បោកប្រាស់ចោលចានឆ្នាំង បំផ្លាញទ្រព្យសម្បត្តិខូចជាច្រើន ។
ឱអញអើយគិតខុសទៅអើយ ពីដើមគិតថា អាភៀនហើយជាអាវុធកំណាចកាចខ្លាំងក្លា គិតយកសុរាមកបន្ទោឲ្យអន់ ឥឡូវវាមិនគ្រាន់ ត្រឡប់ជាអាអន់ទ្វេឡើងជាឯកប្លែកលើសអាភៀននោះទៅទៀត មែនពិត រីឯអាភៀនសុរានឹងល្បែងភ្នាល់គ្នាទាំងឡាយនោះ តែកើតមានកំលាំងក្លាហានហើយ ក៏ដូចគ្នាទាំងអស់ នឹងទៅនិន្ទា ឬសរសើរថាអាភៀនជារបស់គ្រាន់បើជាងសុរា ឬថាសុរាគ្រាន់បើជាងអាភៀន ឬថាអំពើល្បែងបៀប៉ោ គ្រាន់បើជាងសុរា ជាងអាភៀនវិញយ៉ាងនេះពុំបាន ព្រោះរបស់ទាំងបីនោះមានកំលាំងផ្សាយទៅដូចគ្នា តែមាននៅលើសំបុកណាហើយ ក៏អាចធ្វើសំបុកនោះឲ្យវិនាស បាននូវក្ដីក្ដៅក្រហាយហោង ។ មួយទៀត ជំនុំរបស់ ៣ យ៉ាងនេះ របស់ឯណាមួយមាននៅលើសំបុកណាហើយ សំបុកនោះសឹងស្រែកសឹងពោលថា ធ្ងន់ណាស់ ពិបាកណាស់លើសរបស់ឯទៀតៗដូចជាគ្រាន់បើជាងរបស់នេះ ។
ពាក្យពោលយ៉ាងនេះ មានឧបមាដូចបុគ្គលអ្នកកើតរោគធ្ងន់ កាលណាឈឺខ្លាំងក៏តាំងស្រែកថ្ងូរថា រោគឈឺក្បាលនេះឈឺលើសអវយវៈឯទៀតៗ បើទៅឈឺដៃឬជើងឬក៏ពោះវិញ នោះដូចជាគ្រាន់បើជាងឈឺក្បាលនោះ ។
ដល់មានរោគចុកពោះយ៉ាងខ្លាំងឡើង ក៏ស្រែកថ្ងូរពោលថា រោគឈឺពោះនេះឈឺលើសទីឯទៀតៗ ដល់ឈឺធ្មេញយ៉ាងខ្លាំង ឬកើតដំណួចពិសនៅម្រាមដៃយ៉ាងខ្លាំង ក៏បំរះននៀលស្រែកថ្ងូរពោលថា ឈឺលើសអវយវៈឯទៀតៗ ពាក្យអ្នកឈឺពោលយ៉ាងនេះតែរោគយ៉ាងមធ្យមៗ បើដល់រោគយ៉ាងខ្លាំងសហ័សនោះហើយ មិនថាឈឺនៅអវយវៈណាទេ សឹងបានក្ដីទុក្ខវេទនាដូចគ្នាទាំងអស់ ស្រួលតែមិនឈឺនោះឯងទើបសុខ ទើបសប្បាយបាន មានឧបមេយ្យដូចសំបុកណា ដែលគេមិនមានរោគអាភៀនរោគសុរារោគល្បែបៀប៉ោនោះឯង ទើបសុខ ទើបសប្បាយបានហោង អ្នកមានបញ្ញាគួរចូលចិត្តចុះ ។ ចប់តម្រាកន្លែងកំណាចចាស់គិតផ្លាស់កន្លែងកំណាចថ្មីជាគតិទី ៤៣ ។