គតិលោក/ភាគទី៦/9

From Wikisource
Jump to navigation Jump to search
គតិលោក, ភាគទី៦ by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿង​សត្វ​សំពោច​ចូល​ក្នុង​ជង្រុក​ស្រូវ


រឿង​សត្វ​សំពោច​ចូល​ក្នុង​ជង្រុក​ស្រូវ



និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំងសែស

មាន​សត្វ​សំពោច​មួយ ចូល​ទៅ​ក្នុង​ជង្រុក​ស្រូវ​គេ​បាន​នៅ​ស៊ី​ស្រូវ​ដរាប​ដល់​សរីរៈ​ធាត់​ធំ ។

ថ្ងៃ​មួយ​អ្នក​ម្ចាស់​ជង្រុក ដើរ​មក​ត្រង់​ទី​ជង្រុក​នោះ​ដោយ​មាន​កិច្ច​នឹង​ទៅ​ស្រែ ឯ​សំពោច​នៅ​ក្នុង​ជង្រុក​បាន​ឮ​សព្ទ​សន្ធឹក​ជើង​មនុស្ស​ដើរ​មក​ដូច្នោះ ក៏​ភិត​ភ័យ​តក់​ស្លុត ស្ទុះ​រត់​មក​ត្រង់​បង្អួច ដើម្បី​នឹង​ចេញ​តាម​ចន្លោះ​មេ​ចម្រឹង តែ​ចេញ​ពុំ​រួច​ឡើយ ទើប​ពោល​ឡើង​ថា កាល​អញ​ចូល​មក ក៏​ចូល​តាម​ចន្លោះ​មេ​ចម្រឹង​នេះ​ឯង មេ​ចម្រឹង​នេះ​សោត ក៏​នៅ​ជា​ប្រក្រតី ចុះ​ហេតុ​អ្វី​បាន​ជា​ចេញ​ទៅ​ពុំ​រួច​ដូច្នេះ ។ គ្រា​កាល​នោះ​មាន​កណ្ដុរ​មួយ​វា​មក​ខាង​មេ​ចម្រឹង បាន​ឮ​សំពោច​នោះ​ពោល​ពាក្យ​ដូច្នោះ ក៏​ឆ្លើយ​ទៅ​ថា មេ​ចម្រឹង​នេះ​នៅ​ដដែល​ដូច​មុន​ទេ ប៉ុន្តែ​គ្រា​កាល​បង​ឯង​ចូល​មក​នោះ​គឺ​រូប​បង​ស្គម​តូច ទើប​ចូល​មក​បាន លុះ​បង​ឯង​មក​នៅ​ក្នុង​ជង្រុក​នេះ បាន​បរិភោគ​ស្រូវ​ឆ្អែត​ស្កប់​ស្កល់​អត្តភាព​បង​ឯង កើត​ធាត់​ធំ​ឡើង​លើស​មុន ហេតុ​នេះ​បាន​ជា​ចេញ​ទៅ​ពុំ​រួច នែ​បង​សំពោច បើ​បង​ឯង​ចង់​ចេញ​ឲ្យ​រួច​ទៅ​វិញ​នោះ មាន​តែ​បង​ឯង កុំ​ស៊ី​ស្រូវ​ត​ទៅ​ទៀត ស៊ូ​អត់​ត្រា​តែ​អត្តភាព​ស្គម​តូច ដូច​កាល​មុន​នោះ ទើប​បង​ឯង អាច​ចេញ​ទៅ​រួច​បាន ។ សំពោច​បាន​ស្ដាប់​ពាក្យ​កណ្ដុរ ថ្លែង​ដូច្នោះ ក៏​ចូល​ចិត្ត​បាន ទើប​តាំង​អត់​អាហារ​ ពី​ថ្ងៃ​នោះ​មក ទាល់​តែ​ស្គម​តូច ដូច​មុន​ទើប​ចេញ​អំពី​ជង្រុក​នោះ​ទៅ​បាន ។ ចប់​សេចក្ដី​តែ​ប៉ុណ្ណេះ​ហោង ។

រឿង​នេះ បាន​គិត​ដល់​បុគ្គល​អ្នក​ចូល​ធ្វើ​រាជការ​បាន​ទទួល ទាន​បៀវត្ស​ប្រាក់​ខែ​កើត​មាន​សម្បត្តិ​បរិបូណ៌ ហើយ​ចង់​លែង​ធ្វើ​រាជការ​វិញ នោះ​មាន​តែ​លែង​ទទួល​ប្រាក់​ខែ​បង់ ទើប​អាច​ចេញ​ចាក​នាទី​នៃ​រាជការ​ទៅ​បាន មួយ​ទៀត បុគ្គល​ចង់​ចេញ​ទៅ​បួស​ជា​ភិក្ខុ សាមណេរ​សោត នោះ​មាន​តែ​លះ​សម្បត្តិ​ទ្រព្យ​ចោល​បង់ ស៊ូ​អត់​កុំ​បរិភោគ​បញ្ច​កាម​គុណ​នោះ ទើប​ចេញ​ទៅ​បួស​ជា​ភិក្ខុ-សាមណេរ​បាន ។

បទ​អស់​នេះ អ្នក​ប្រាជ្ញ​គប្បី​ពិចារណា​ទៅ​ទៀត​ចុះ ។

ចប់​តម្រា​គតិ​រើ​ខ្លួន​ចេញ​ចាក​ទុក្ខ​ទី ៣១ ។