Jump to content

គតិលោក/ភាគទី៦/8

From Wikisource
115787គតិលោក, ភាគទី៦រឿង​ឆ្មា​ស្រុក ១ នឹង​ចាប​ពូក ១ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​ឆ្មា​ស្រុក ១ នឹង​ចាប​ពូក ១



មាន​ឆ្មា​ស្រុក ១ ចាប​ពូក ១ នាយ​គេ​ចិញ្ចឹម​នៅ​ជា​មួយ​គ្នា ថ្ងៃ​មួយ​មាន​ចាប​ព្រៃ ១ ហើរ​មក​ទំ​នៅ​ទី​ជិត​ជា​មួយ​គ្នា ថ្ងៃ​មួយ​មាន​ចាប​ព្រៃ ១ ហើរ​មក​ទំ​នៅ​ទី​ជិត​នៃ​ចាប​ពូក​នោះ ហើយ​ពោល​ពាក្យ​តិះ​ដៀល​ចាប​នៅ​ក្នុង​ទ្រុង​ជា​ភាសា​សកុណ​ជាតិ ឯ​ចាប​នៅ​ក្នុង​ទ្រុង​ក៏​កើត​ទោសោ​ឡើង តាំង​ជេរ​ប្រទេច​ទៅ​ចាប​ព្រៃ​វិញ ចាប​ទាំង​ពីរ​កើត​ជម្លោះ​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក តែ​នឹង​ប្រចឹក​គ្នា​ពុំ​បាន ព្រោះ ១ នៅ​ក្នុង​ទ្រុង ១ នៅ​ក្រៅ​ទ្រុង ។ ឯ​ឆ្មា​ស្រុក បាន​ឮ​ចាប​ទាំង​ពីរ​ឈ្លោះ​គ្នា​ដូច្នោះ ក៏​ខឹង​នឹង​ចាប​ព្រៃ​ថា អា​សត្វ​ចង្រៃ ហេតុ​អ្វី​វា​មក​ឈ្លោះ​ប្រកែក​នឹង​ចាប​ជា​សំឡាញ់​អញ​អេះ បើ​ដូច្នេះ​អញ​នឹង​ជួយ​ចាប​ជា​សំឡាញ់​ចុះ គិត​ហើយ​ឆ្មា​នោះ​លប​ទៅ​ចាប់​ចាប​ព្រៃ​នោះ​បាន ហើយ​ទំពា​ស៊ី​សាច់​ចាប​ព្រៃ​កើត​ក្ដី​ឆ្ងាញ់​ពិសា ទើប​ថា​អញ​​មិន​ដឹង​ជា​សាច់​ចាប​ព្រៃ​មាន​រស​ជាតិ​ឆ្ងាញ់​ដល់​ម្ល៉េះ​សោះ បើ​ដូច្នេះ​ចាប់​ដើម​តាំង​ពី​ថ្ងៃ​នេះ​ទៅ អញ​នឹង​ស្វែង​ចាប់​ចាប​ព្រៃ​អាស្រ័យ​ជា​ចំណី​ខ្លួន ឆ្មា​នោះ​គិត​ដូច្នោះ​ហើយ ពី​ថ្ងៃ​នោះ​មក​តាំង​ស្វែង​លប​ចាប់​ចាប​ព្រៃ អាស្រ័យ​ជា​និរន្ត៍រ ថ្ងៃ​មួយ​ឆ្មា​នោះ​រក​ចាប់​ចាប​ព្រៃ​ពុំ​បាន កើត​ញ៉ាម​មាត់​អត់​ពុំ​បាន ទើប​ហែក​ទ្រុង​ចូល​ទៅ​ចាប់​ចាប​ជា​សំឡាញ់​បរិភោគ​តាម​ក្ដី​ប្រាថ្នា​ខ្លួន​ហោង ។

រឿង​នេះ បាន​គតិ​ដល់​បុគ្គល​ជា​នាហ្មឺន​ធំ ឬ​ចៅ​ហ្វាយ​ស្រុក ដែល​ពុំ​ធ្លាប់​លក់​រាស្ត្រ​ប្រជា​ម្ដង​សោះ​នោះ​អធ្យាស្រ័យ​ក៏​ល្មម​សម​គួរ តែ​បើ​បាន​លក់​រាស្ត្រ​បាន​ប្រាក់​មាស​ម្ដង​ហើយ កើត​ញ៉ាម​អត់​ពុំ​បាន​ដល់​ក្រោយ​មិន​យល់​មុខ​នរណា ចេះ​តែ​លក់​ទាំង​អស់​ទោះ​សាច់​ញាតិ​សន្ដាន​ខ្លួន​ក្ដី ក៏​ចេះ​តែ​លក់​មិន​រើស​មុខ​ថា​នរណា​ឡើយ កើត​ដោយ​ញ៉ាម​បាន ដូច​យ៉ាង​ឆ្មា​ស្រុក​ស៊ី​ចាប​សំឡាញ់​ខ្លួន​នោះ​ឯង ។ ចប់​តម្រា​គតិ​ញ៉ាម​មាត់​អត់​ពុំ​បាន​ទី ៣០ ។