គតិលោក/ភាគទី៦/7
រឿងឧកញ៉ាយោមរាជនឹងឧកញ៉ាពលទេព
មាននាហ្មឺន ២ នាក់ ម្នាក់ជាទីឧកញ៉ាយោមរាជម្នាក់ទៀតជាឧកញ៉ាពលទេព ឯឧកញ៉ាពលទេពជាមនុស្សលោភបុណ្យសក្ដិ ចង់បានទីយោមរាជកើតស្អប់ឧកញ៉ាយោមរាជ គិតស្វែងរកទោសដាក់នឹងក្រាបទូលទម្លាក់ចាកទីយោមរាជ អាត្មាឯងនឹងបានស្ដីទីយោមរាជនោះតទៅ ឧកញ៉ាពលទេពស្វែងរកទោស លោកយោរាជនោះជាយូរខែមក ថ្ងៃមួយមានអ្នកទោសម្នាក់មានទោសធ្ងន់ ក្រុមជំនុំកាត់ទោសដល់ប្រហារជីវិត ។ ឯអ្នកទោសនោះដឹងថាថ្ងៃព្រឹកស្អែកនេះហើយ គេនឹងនាំអាត្មាទៅសម្លាប់ជាប្រាកដក៏តាំងសៅសោកវិយោគស្ដាយជីវិតមហិមា យំពណ៌នាថា "ឱ ជីវិតអញអើយ ! ព្រឹកស្អែកនេះហើយ នឹងបង់ចាកប្រាណ អើត្រង់ក្ដីស្លាប់ ១ នេះនរណាឡើយនឹងវៀរបង់បាន តែកើតឡើងហើយ រមែងតែងស្លាប់ជាធម្មតា តែថាត្រង់ជីវិត ១ នេះ ទោះបង់បាត់ទៅក្ដីក៏មិនសូវជាសោកស្ដាយអ្វីប៉ុន្មាន មកសោកស្ដាយតែវិជ្ជា១ដែលខ្លួនបានចេះហើយ ពុំទាន់បានបង្ហាត់បង្ហាញនរណាមួយសោះ បើព្រឹកនេះខ្លួនស្លាប់ហើយវិជ្ជានេះយល់នឹងជាសូន្យសោះ អស់មាននរណាមួយក្នុងលោកនេះ អាចចេះតទៅទៀតបានឡើយ" ។
កាលនោះមាននាយភូឃុំម្នាក់ បានឮ ចៅនោះយំពណ៌នាសោកស្ដាយវិជ្ជាដូច្នោះ ក៏ចូលទៅសាកសួរថា "ចៅឯងព្រឹកនេះដល់ទីស្លាប់ប្រាកដហើយ ចៅយំរៀបរាប់ថាត្រង់ជីវិត រូបកាយមិនសូវជាស្ដាយប៉ុន្មានមកស្ដាយតែវិជ្ជា១ ដែលចេះមក តើវិជ្ជានោះឈ្មោះវិជ្ជាអ្វី ចៅចេះវិជ្ជាអ្វី ចូរប្រាប់យើងមើល" ។
ឯអ្នកទោសក៏ប្រាប់ថា "ខ្ញុំបាទចេះវិជ្ជាដឹងភាសាសត្វ វិជ្ជានេះវិសេសរបស់ខ្ញុំបាទណាស់ ក្នុងលោកនេះគ្មាននរណាចេះសោះ តែខ្ញុំបាទដល់ទីស្លាប់ហើយវិជ្ជានោះសូន្យជាម្ដង ព្រោះពុំមាននរណាបានមករៀនតទៅឡើយ" ។ នាយភូឃុំឮដូច្នោះហើយ នាំសេចក្ដីនុ៎ះជម្រាបលោកឧកញ៉ាយោមរាជសព្វប្រការ ឯឧកញ៉ាយោមរាជក៏នឹកក្នុងចិត្តថា វិជ្ជានោះវិសេសក្រៃពេកណាស់ គួរតែរៀនយក ទើបនាំនាយភូឃុំទៅដោះអ្នកទោសចាកគ្រឿងចាំ ហើយសួរបញ្ជាក់ជាពិតឮពុំពិត ឯអ្នកទោសក៏ជម្រាបថាចេះពិតប្រាកដមែន ឧកញ៉ាយោមរាជថាយើងសុំរៀនតពីចៅឯងតើបានឬមិនបាន វិជ្ជានេះតម្លៃប៉ុន្មាន ។
អ្នកទោសថាខ្ញុំបាទ ជូនព្រះតេជព្រះគុណបានសូមព្រះតេជព្រះគុណរៀនតទៅចុះ តែអត់អំពីខ្ញុំព្រះបាទនេះហើយ វិជ្ជានោះនឹងសូន្យជាប្រាកដ តែការនឹងរៀននោះតោងទៅតាំងពិធីរៀន នៅក្នុងព្រះវិហារចំពោះព្រះភក្ត្រព្រះបដិមាករជាប្រធាន ក៏ឯគ្រឿងកំណល់គ្រូនោះមិនមានអ្វីច្រើនទេ ត្រូវការតែទៀន ៥ ធូប ៥ ផ្កា ៥ ប៉ុណ្ណេះឯង អញ្ជើញព្រះតេជព្រះគុណរៀបរៀនឲ្យឆាប់ចុះ តែព្រឹកស្អែកខ្ញុំប្របាទលាព្រះតេជព្រះគុណទៅស្រុកខ្មោចហើយ ។
ឧកញ៉ាយោមរាជក៏ធ្វើតាម ទើបឲ្យនាយភូឃុំនាំខ្លួនអ្នកទោសទៅឯវត្ត ដល់ហើយក៏នាំចូលទៅក្នុងព្រះវិហារ ឲ្យបិទទ្វារវិហារជិតទាំងអស់ ពុំឲ្យមនុស្សណាមួយឮឡើយ ឧកញ៉ាយោមរាជក៏រៀបទៀនធូបលាជផ្កាតាំងនៅចំពោះព្រះភក្ត្រព្រះ ហើយថាវិធីរៀននោះតើដូចម្ដេចខ្លះ ចូរចៅបង្គាប់ទៅមើល យើងនឹងធ្វើតាម អ្នកទោសបង្គាប់ឲ្យអុជទៀនធូបហើយ ឲ្យលោកយោមរាជ នឹងខ្លួនវាក្រាបថ្វាយបង្គំព្រះ សូត្រនមស្សការពុទ្ធគុណ ធម្មគុណ សង្ឃគុណ ចប់ចុះហើយ អ្នកទោសប្រណម្យដៃ ពោលដង្ហោយឡើងថា "ឱព្រះដ៏មានបុណ្យព្រះគុណ ប្រកបដោយព្រះមហាករុណា តែងប្រោសមេត្តាសត្វ ដែលកើតមានក្ដីវិបត្តិចូលមកពឹងពោធិសម្ភារ ជួយដោះទុក្ខសត្វឲ្យសត្វបានក្ដីសម្រាន្តទាំងលោកនេះនឹងបរលោក ព្រះគុណអើយ ខ្លួនខ្ញុំព្រះករុណានេះ ត្រូវទោសធំ ព្រឹកស្អែកនេះហើយ លោកឧកញ៉ាយោមរាជ នឹងឲ្យនាំទៅប្រហារជីវិតខ្ញុំព្រះករុណា ៗ មានក្ដីភិតភ័យខ្លាចក្ដីស្លាប់នោះជាបំផុត ស្ដាយជីវិតក្រៃពេកណាស់ ព្រះគុណអើយ សូមព្រះអង្គទ្រង់ប្រោសបិណ្ឌបាតជីវិតខ្ញុំព្រះករុណាអំពីលោកឧកញ៉ាយោមរាជនេះ ឲ្យលោកប្រោសលែងខ្ញុំ ឲ្យរួចចាកក្ដីស្លាប់ក្នុងគ្រាម្ដងនេះថាហើយ អ្នកទោសវាទៅក្រាបទៀបបាទជើងលោកយោមរាជហើយដង្ហោយថា "ឱព្រះតេជព្រះគុណអើយ ! សូមប្រោសអត់ទោសខ្ញុំប្របាទនេះ ហេតុដែលខ្ញុំប្របាទយំសោកពោលថា ស្ដាយវិជ្ជាចេះភាសាសត្វនោះ ខ្ញុំមិនចេះវិជ្ជានោះទេ គឺខ្ញុំសោកស្ដាយជីវិតពិតៗ គិតបញ្ឆោតឲ្យព្រះតេជព្រះគុណ អញ្ជើញមកកាន់ព្រះវិហារនេះឯង ដើម្បីឲ្យព្រះសម្មាសម្ពុទ្ធជាម្ចាស់គឺព្រះពុទ្ធរូបនេះឯង ទ្រង់បិណ្ឌបាតជីវិតខ្ញុំប្របាទ អំពីព្រះតេជព្រះគុណ ឱព្រះតេជព្រះគុណអើយ ! ប្រោសថ្វាយជីវិតខ្ញុំប្របាទ ដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទៅឥឡូវព្រះអង្គទ្រង់បិណ្ឌបាតហើយ ព្រះគុណអើយ ! ការបូជាដោយគ្រឿងអាមិសទានឯទៀត ៗ នោះមានផលានិសង្ស ពុំស្មើនឹងការបូជាជីវិតខ្ញុំប្របាទ ដល់ព្រះពុទ្ធជាម្ចាស់ក្នុងគ្រានេះឡើយ ផលនេះហើយជាផលយ៉ាងធំបំផុត ព្រះតេជព្រះគុណនឹងប្រាថ្នាសាងជាពុទ្ធភូមិ ឬអរហន្តភូមិក៏អាចសម្រេចដូចក្ដីប្រាថ្នាទៅអនាគតកាល" ។ ឯលោកឧកញ៉ាយោមរាជ លុះឮពាក្យអ្នកទោសពោលដង្ហោយដូច្នោះ ក៏ដូចជាខ្ទាស់ណែនឱរានឹកឃើញថា ចាញ់កលឧបាយអ្នកទោសជាប្រាកដ ទើបនិយាយទៅកាន់នាយភូឃុំថា "អើយយើងចាញ់កលអ្នកទោសនេះហើយ ឥឡូវវាពោលពាក្យដង្ហោយសូមជីវិតវាតព្រះពុទ្ធរូប វាអង្វរព្រះពុទ្ធថា ឲ្យទ្រង់បិណ្ឌបាតទោសវាតឯងជាម្ដង ការនេះតែយើងមិនលែងវា ក៏ដូចជាយើងមិនយល់ដល់ព្រះពុទ្ធជាម្ចាស់ហាក់ដូចជាយើងឥតសទ្ធា ក្នុងព្រះពុទ្ធសាសនា បើដូច្នេះនាយភូឃុំ យើងពីរនាក់ចូលសទ្ធាលើកជីវិតវាថ្វាយដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ចុះ ហើយយើងពីរនាក់ទទួលកែខៃជាក្រោយ គឺយើងបិទបាំងឲ្យជិតកុំឲ្យខ្ចរខ្ចាយឮដល់ត្រចៀកអ្នកដទៃឯទៀតឡើយ" ។
ឯនាយភូឃុំក៏ព្រមតាម ទើបលោកយោមរាជឲ្យនាយភូឃុំស្រាយគ្រឿងចងហើយថា យើងលែងចៅឯងហើយ ចូរចៅឯងរត់ទៅនៅទីណាមួយគួររក្សាជីវិតចៅឯងចុះ ហើយកុំនិយាយប្រាប់គេថាយើងដោះលែងចៅឯង ចៅឯងចូរថាកាច់ច្រវាក់រត់ចាកគុកទៅចុះ តទៅមុខទៀត ចៅកុំប្រព្រឹត្តការលាមកយ៉ាងនេះទៀតឡើយ" ។ ឯអ្នកទោសក៏ក្រាថ្វាយបង្គំព្រះហើយក្រាបលាលោកយោមរាជ នឹងនាយភូឃុំហើយក៏រត់ចេញទៅនៅស្រុកក្រៅ លាក់ខ្លួនពុំឲ្យពួករាជការដឹងឮឡើយ ។
ឯឧកញ៉ាយោមរាជ ក៏នាំនាយភូឃុំថ្វាយបង្គំលាព្រះពុទ្ធរូបហើយ វិលទៅកាន់លំនៅ ៗ ជាសុខសប្បាយ កំចាយតែសព្ទប្រាប់គេថាអ្នកទោសនោះកាន់ច្រវាក់រត់ចាកគុកទៅបាត់ហើយ ។ លុះនៅកន្លងកាលយូរមក រឿងនោះពុំស្ងាត់បាត់ទៅឡើយ ជាហេតុឲ្យដឹងឮ ទៅដល់ឧកញ៉ាពលទេព ៗ មានចិត្តត្រេកអរដោយសមតាមគំនិត ដែលគិតរកឱកាសនឹងក្រាបទូលព្រះរាជាឲ្យដកងារឧកញ៉ាយោមរាជនោះបង់ អាត្មានឹងបានទីនោះ ។ មានកាលសម័យថ្ងៃមួយជាពេលាព្រឹក ព្រះរាជាស្ដេចចេញអង្គាសភត្ត គឺដាក់បាត្រលោកសង្ឃស្ដេចកំពុងទុកបាត្រ មានហ្វូងក្អែកទាំងឡាយហើរមកស្រែកកញ្ជ្រៀវកងរំពងទាំងផ្ទៃវាំងក្អែកពួកខ្លះហើរស្រែកយំ ទំតាមដើមឈើ តាមដំបូលប្រាសាទដំណាក់ទីទៃ ៗ ។
ឯព្រះបរមចក្រី លុះស្ដេចទុកបាត្រសូរេចហើយទ្រង់ត្រាស់ថា អាសត្វក្អែកអស់នេះ មានហេតុភេទអ្វីបានជាថ្ងៃនេះ វានាំគ្នាមកស្រែកគឹកកងកោលាហលយ៉ាងនេះ ធ្វើម្ដេចនឹងបានដឹងភាសាវាអេះ ។
ឯឧកញ៉ាពលទេពអង្គុយគាល់នៅទីនោះ លុះបានឮព្រះបន្ទូលដូច្នោះ បានឱកាសទើបក្រាបទូលឡើងថា "សូមទ្រង់ព្រះមេត្តាប្រោស មនុស្សយើងទាំងឡាយ ក្នុងព្រះនគរនេះ ពុំមាននរណាមួយអាចចេះភាសាសត្វឡើយ ឮថាអ្នកឧកញ៉ាយោមរាជ គេចេះភាសាសត្វ ដោយគេបានរៀនតអំពីអ្នកទោសដល់ទីប្រហារម្នាក់ ហើយបានលែងអ្នកទោស ជាគ្រូគេនោះបង់ សូមទ្រង់ព្រះមេត្តាប្រោស ឲ្យហៅមកសួរគង់ទ្រង់ជ្រាប" ។ ព្រះរាជាបានទ្រង់ព្រះសណ្ដាប់ដូច្នោះក៏ប្រើរាជបម្រើម្នាក់ ឲ្យទៅហៅឧកញ៉ាយោមរាជចូលមកគាល់ ឯឧកញ៉ាយោមរាជ ឮថា ទ្រង់មានព្រះរាជឱង្ការឲ្យហៅទៅគាល់ដូច្នោះ ក៏នឹកពិកាលក្នុងចិត្តថាទ្រង់ឲ្យរកខ្លួនចូលទៅនេះ សូម្បីមានការប្លែកប្រាកដ ទើបសួរទៅកាន់រាជបម្រើនោះថា នាហ្មឺនណាគាល់នៅក្នុងទីនោះខ្លះ រាជបម្រើជម្រាបថា លោកឧកញ៉ាពលទេពគាល់នៅទីនោះ ឧកញ៉ាយោមរាជឮដូច្នោះ ក៏ដឹងខ្លួនថា អាពលទេព វាគង់ក្រាបទូលពោលទោសអញជាប្រាកដ គិតហើយឧកញ៉ាយោមរាជរៀបអាត្មាម្នីម្នាទៅជាមួយនឹងរាជបម្រើនោះ លុះដល់ហើយក៏ចូលទៅក្រាបបង្គំអង្គុយគាល់ក្នុងទីដ៏សមគួរ ឯព្រះរាជាទតយល់ឧកញ៉ាយោមរាជចូលមកគាល់ហើយ ក៏ត្រាស់ថា "អើអ្នកយោមរាជ ឥឡូវឧកញ៉ាពលទេពគេប្រាប់យើង ថាអ្នកឯងបានរៀនភាសាសត្វអំពីអ្នកទោសម្នាក់ បានលែងអ្នកទោសនោះ ចេញចាកគុកទៅឥឡូវហ្វូងសត្វក្អែកទាំងឡាយ វាមកស្រែកកញ្ជ្រៀវកងរំពងកោលាហល យល់ជានឹងមានហេតុអ្វីមួយពុំខាន បើដូច្នេះ អ្នកឯងចេះភាសាសត្វ ចូរស្ដាប់វានិយាយគ្នាទៅមើល" ។ ឧកញ៉ាយោមរាជក៏ទទួលព្រះឱង្ការទូលអនុលោមតាមថា ខ្លួនបានរៀនបានចេះដឹងភាសាសត្វពិតប្រាកដមែន លុះឮព្រះឱង្ការប្រើឲ្យស្ដាប់សព្ទក្អែកដូច្នោះ ក៏ធ្វើជាបែរផ្អៀងត្រចៀកទៅស្ដាប់សព្ទក្អែកម្ខាង ហើយបែរទៅស្ដាប់សព្ទក្អែកម្ខាងទៀត លុះស្ងប់សព្ទក្អែកបន្តិច ក៏ក្រាបបង្គំទូលថាសូមទ្រង់ ព្រះមេត្តាប្រោស ហ្វូងក្អែកដែលទំលើដើមឈើនោះ ជាហ្វូងក្អែកស្រុកក្រៅ ឯហ្វូងក្អែកដែលទំលើដំបូលមហាប្រាសាទនេះ ជាហ្វូងក្អែកនៅក្នុងក្រុងនេះ ។ ព្រះរាជាឮដូច្នោះ ក៏ត្រាស់សួរទៅវិញថា "ចុះក្អែកស្រុកក្រៅវាមកយំកងតើវាយំថាដូចម្ដេច ? ក្អែកក្នុងក្រុង តើកញ្ជ្រៀវថាដូចម្ដេច ? ។ អ្នកឧកញ៉ាយោមរាជក្រាបទូលថា "ក្អែកស្រុកក្រៅ មានក្ដីក្ដៅក្រហាយដោយអ្នកស្រុកក្រៅពុំបានធ្វើបុណ្យឲ្យទានដូចអំពីឆ្នាំមុន ៗ គឺឆ្នាំមុន ៗ អាណាប្រជានុរាស្ត្រសំបូណ៌ស្រូវអង្ករគេនាំគ្នាធ្វើបុណ្យ និមន្តលោកសង្ឃឆាន់ តាមភូមិលំនៅ ឯចំណីអាហារដែលសេសសល់នោះ គេបោះឲ្យទានក្អែកឬសត្វឯទៀត ៗ ផង បណ្ដាលសត្វទាំងឡាយមានក្អែកជាដើម សឹងបានបរិភោគចំណីដែលសល់នោះទួទៅ សេចក្ដីសុខសប្បាយ ក៏មានគ្រប់ដំបន់ឥឡូវឆ្នាំនេះ លោកឧកញ៉ា ពលទេពជានាយកក្សេត្រចាត់មេកងអាជ្ញាលួងចេញទៅកត់ស្រូវ ធ្វើមិនត្រូវតាមប្រវេណីគឺយកពន្ធពីរាស្ត្រលើសប្រមាណ រាស្ត្រគ្នាមានស្រូវតែត្រឹម ៤-៥ ថាំងក៏កត់គ្នាឲ្យជាប់ដែរឧកញ៉ាពលទេពឲ្យកត់ដល់ទៅស្រូវពូជ ស្រូវដំណើប ស្រូវចម្ការប្រាំង យកជាពន្ធទាំងអស់ មួយទៀតស្រូវគ្នាមានត្រឹម ៥០-៦០ ក៏ទាយបង្កើនដាក់ជា ៩០-១០០ រាស្ត្រគ្នាតវ៉ាក៏មិនបាន យកបុណ្យសក្ដិសង្កត់បង្រ្គាបគ្នាទៅតាមអំពើចិត្តផ្សេង ៗ ពួកអាណាប្រជានុរាស្ត្រកើតក្ដីក្រលំបាកបានក្ដីក្ដៅក្រហាយតែរាល់ ៗ គ្នាបានជាឆ្នាំនេះមិនមាននរណាអាចធ្វើបុណ្យឲ្យទានដូចឆ្នាំមុនៗ បាន ពួកក្អែកទាំងឡាយពុំបានទទួលទានបាយសម្លដែលសេសសល់អំពីការបុណ្យទាននោះឯងទើបវានាំគ្នាចូលមកក្នុងក្រុង ដើម្បីថ្លែងសេចក្ដីលំបាករបស់រាស្ត្រដល់ពួកក្អែក បណ្ដាជាញាតិនៅក្នុងក្រុងឲ្យពួកក្អែកក្នុងក្រុងនាំសេចក្ដីក្ដៅក្រហាយឡើង ក្រាបបង្គំទូលព្រះករុណាជាម្ចាស់ផ្ទៃក្រោមឲ្យទ្រង់ជ្រាប ។ ការឧកញ៉ាពលទេព ប្រព្រឹត្តខុសព្រះរាជបញ្ញត្តិមានសភាពយ៉ាងនេះ សូមល្អងធូលីព្រះបាទស្ដេចទ្រង់ជ្រាប" ។
ឯព្រះបរមរាជា បានទ្រង់ព្រះសណ្ដាប់ពាក្យឧកញ៉ាយោមរាជដូច្នោះ ក៏ត្រូវព្រះទ័យ ទើបទ្រង់ខ្ញាល់នឹងឧកញ៉ាពលទេពកោងឆរាស្ត្រ ធ្វើឲ្យរាស្ត្រក្ដៅក្រហាយទាំងព្រះរាជអាណាខេត្ត ស្ដេចទ្រង់ឲ្យដកងារឧកញ៉ាពលទេពចេញចាកមន្ត្រី ប្រោសប្រទានឧកញ៉ាយោមរាជឡើងទីជា សម្ដេចចៅហ្វាទឡ្ហអគ្គមហាសេនា ស្ដីរាជការចៅក្រសួងអធិបតី ។ ចប់សេចក្ដីតែត្រឹមនេះ
រឿងនិទាននេះ បានគិតដល់បុគ្គលទុច្ចរិតគិតប្រទូសរ៉ាយដល់បុគ្គលអ្នកឥតទោស បទលោកថា "បុគ្គលចងប្រទូសរ៉ាយដល់គេ ដែលពុំមានទោសអ្វីនឹងខ្លួនហើយ ទោសនោះត្រូវធ្លាក់មកលើខ្លួនឯងវិញ" ដូចយ៉ាងឧកញ៉ាពលទេព គិតប្រទូសរ៉ាយឧកញ៉ាយោមរាជនោះឯង ឧកញ៉ាយោមរាជមានប្រាជ្ញាទទួលពាក្យខ្លួនចោទ គឺពលទេពក្រាបទូលថាយោមរាជចេះភាសាសត្វ គេក៏ទទួលថាចេះដូចពាក្យខ្លួនថាដល់ស្ដេចប្រើគេឲ្យស្ដាប់សព្ទភាសាក្អែក គេទទួលស្ដាប់ ហើយគេថាក្អែកវានិយាយអំពីទោសខ្លួនទៅកំហែងរាស្ត្រ បើខ្លួនប្រកែកថាមិនមែនវិញ នរណានឹងទៅដឹងភាសាក្អែកជា ២-៣ នាក់ផងនឹងយ៨កជាសាក្សីថាមិនមែននោះ ដ្បិតខ្លួនថាគេចេះហើយ គេចេះតែម្នាក់ឯង នឹងមាននរណាទៅចេះដឹងផង ។ ឧកញ៉ាពលទេពទាល់ចំណេះខ្លួនឯង បានជាពុំហ៊ានប្រកែកតវ៉ានឹងឧកញ៉ាយោមរាជក្នុងកាលនោះ មួយទៀតពាក្យឯណា ការឯណា ដែលខ្លួនបាននិយាយមុសាទៅហើយ តោងកុំគេចកុំរើរុះ ត្រូវប្រកាន់ការនោះឲ្យមាំដូចយ៉ាងឧកញ៉ាយោមរាជ នឹងបានរៀនចេះភាសាសត្វនោះកាលណា គឺខ្លួនចាញ់កលអ្នកទោសនោះទេតែដល់ពលទេពក្រាបទូលថាចេះភាសាសត្វ គេក៏ទទួលថាចេះមែន ហើយគេនិយាយដាក់ទម្លាក់ទោសមកលើខ្លួនឯងវិញ ខ្លួននឹងរើថាមិនមែនវិញឯណាក៏បាន ។ អ្នកមានបញ្ញាត្រូវពិចារណាតទៅទៀតចុះ ។ ចប់តម្រាអនុលោមតាមហេតុទី ២៩ ។