គតិលោក/ភាគទី៦/6
រឿងឆ្កែវង្វែងម្ចាស់នឹងមហាឥសី
មានសុនខ ១ ទៅលេងព្រៃជាមួយនឹងម្ចាស់វង្វែងបាត់ម្ចាស់ រកផ្លូវនឹងទៅផ្ទះពុំឃើញ សុនខនោះ ដើររុករកក្នុងព្រៃអត់បាយ ៣ ថ្ងៃពុំបានជួបប្រទះនឹងមនុស្សម្នាក់ឡើយ វង្វែងដើរទៅដល់ព្រៃហិមពាន្តបានឃើញអាស្រមសាលា ព្រះមហាឥសី អ្នកសាងព្រឹទ្ធតាំងនៅទី ១ ក៏ចូលទៅនៅអាស្រ័យនឹងមហាឥសីនោះ ព្រះមហាឥសីក៏មេត្តាអាណិតឲ្យទានអាហារដែលសេសសល់អំពីលោក គឺអាហារដែលបានមកពីសាច់ឆ្អឹងសត្វជាសាច់សំណល់អំពីរាជសីហ៍ ខ្លា ឬសត្វហត្ថីលិង្គជាដើមនោះ ។
សុនខនោះក៏បាននៅជាសុខសប្បាយ ពុំបានគិតវិលទៅស្រុកវិញឡើយ ឯព្រះមហាឥសីថ្ងៃ ១ លោកគិតថា សុនខនេះ ជាជាតិសត្វស្រុក អាស្រ័យចិញ្ចឹមជីវិតដោយសារតែមនុស្ស ឥឡូវមកនៅនឹងអញជាអ្នកនៅព្រៃ អាស្រ័យតែផ្លែឈើមើមឈើជាអាហារនឹងបានបាយត្រីសាច់ឯណាចិញ្ចឹមវា មួយទៀតជាតិសត្វស្រុកនឹងមកនៅព្រៃឯណាក៏បាន ព្រោះព្រៃសឹងប្រកបដោយភ័យអន្តរាយ កើតអំពីពាឡម្រឹគមានខ្លារាជសីហ៍ជាដើម បើដូច្នេះ គួរតែអញប្រសិទ្ធីកាយសុនខនេះ ឲ្យក្លាយទៅជារាជសីហ៍គ្រាន់គ្នាបាននៅអាស្រ័យជាមួយ នឹងហ្វូងសីហៈផងទាំងឡាយគិតហើយព្រះមហាឥសី ហៅឆ្កែនោះមកជិតហើយតាំអបរិកម្មព្រះគាថា ប្រសិទ្ធីរូបសុនខឲ្យក្លាយជាកាយសីហៈឡើងបាន ១ រំពេច ឯសីហសុនខបានសម្រេចក្ដីប្រាថ្នាហើយ ក៏ត្រេកអរសាទរក្រៃពេកទើបក្រាបលាព្រះមហាមុនី ចរលីលាបោលចូលព្រៃទៅនៅអាស្រ័យនឹងហ្វូងសិហៈទាំងឡាយក្នុងព្រៃ ១ លុះនៅយូរមក ចៅសីហសុនខចង់បាននាងរាជសីហ៍ជាកូនក្រមុំចៅកេសររាជសីហ៍ ទើបចូលទៅនិយាយដណ្ដឹងតកេសររាជសីហ៍ជាបិតាថា "បពិត្រលោកដ៏ចម្រើន ! ខ្លួនខ្ញុំបាទនេះ មានចិត្តប្រតិព័ទ្ធស្រឡាញ់កូនក្រមុំលោកជាភរិយា សូមលោកប្រោសមេត្តាដល់ខ្ញុំបាទចុះ" ។ ឯកេសររាជសីហ៍ឮដូច្នោះក៏តបថា "អើចៅ ៗ ស្រឡាញ់កូនយើង ៗ ក៏ឥតបើថាអ្វី ព្រោះការលោកិយតែងមានជាធម្មតា តែថាពួកយើងពុំទាន់ស្គាល់ពូជពង្សវង្សចៅឯងនេះឡើយ មិនដឹងជាពូជធារចៅឯងតើដូចម្ដេច បើដូច្នេះ ចាំយើងទៅសួរដល់ព្រះមហាឥសីជាម្ចាស់ចៅឯងសិន" ។ ឯចៅសីហសុនខបានឮកេសររាជសីហ៍ ថាចាំទៅសួរពូជពង្សខ្លួន នឹងព្រះឥសីដូច្នោះក៏គិតថា អាត្មាអញនេះជាជាតិពូជសុនខពិតឥឡូវគេថា នឹងទៅសួរដល់ព្រះមហាឥសី ៗ សោតលោកជាអ្នកកាន់សីលសាងព្រឹទ្ធ បើគេសួរលោកហើយ កាលណាឡើយ លោកនឹងលាក់កេរ្តិ៍អញនេះបាន គង់លោកប្រាប់គេដោយត្រង់ ថាអញជាជាតិសុនខពិត កាលបើគេដឹងថាអញជាជាតិសុនខហើយ ម្ដេចឡើយគេនឹងឲ្យកូនក្រមុំគេនោះ ជាភរិយាអញបើដូច្នេះ មានតែអញទៅខំសម្លាប់មហាឥសីនោះ ចេញជាការកាត់ផ្លូវមិនឲ្យពួកអស់នេះទៅសួរ ទៅបញ្ជាក់បាន គិតហើយសីហសុនខលាកេសរសីហៈម្នីម្នា បោលទៅកាន់សំណាក់ព្រះឥសី ដល់ហើយក៏សំញេញធ្មេញ បញ្ចេញសព្ទសំដែងអាការ នឹងលោលោតទៅខាំព្រះមហាឥសី ៗ បែរទៅយល់អាការកិរិយាសីហសុនខដូច្នោះ ក៏ជ្រាបហេតុនោះមួយរំពេចទើបគិតថា អាសត្វនេះកោងកាចណាស់ វាគិតនឹងមកសម្លាប់ឯងវិញ បើដូច្នេះនឹងទុកវាជារាជសីហ៍តទៅឯណាបាន គួរប្រសិទ្ធីកាយវាឲ្យក្លាយទៅជាឆ្កែដូចដើមវិញ គិតហើយព្រះតាបសតាំងពិធីប្រសិទ្ធីកាយសីហៈនោះឲ្យក្លាយទៅជាសុនខដូចកាលមុនហោង ។ ឯសីហៈនោះ លុះប្រែកាយក្លាយកើតជាឆ្កែវិញដូច្នោះ ក៏កើតក្ដីអៀនខ្មាសក្ដៅចិត្តនឹងស្ថិតនៅក្នុងសំណាក់ព្រះតាបសនោះពុំបាន ក៏បោលចោលលំនៅរត់ទៅតាមយថាកម្មនៃអាត្មាវិញហោង ។
រឿងនេះ បានគិតដល់បុគ្គលអកតញ្ញូ មិនដឹងគុណលោកអ្នកមានគុណលើខ្លួន បាននូវទុក្ខវេទនាក្ដៅក្រហាយចិត្តប្រចក្សក្នុងលោកនេះ ។
មួយទៀត ជាតិអ្នកថោកទាបហើយ ទោះបីលោកលើកខ្លួនឡើង ក៏លូតខ្ពស់ទៅពុំបាន សន្ដានទាបក៏ទាបនៅដដែលវិញ ក្នុងបទលោកថា អាស្រ័យកំណើតម៉ែឪថោកទាប ដូចមានបាលីក្នុងគម្ពីរលោកនីតិថា
មាតា ហីនស្ស ទុភាសា
បិតា ហីនស្ស ទុក្រិយា
ឧភោ មាតាបិតរោហិ
នាទុភាសា ច ទុក្រិយា ។
ប្រែថា បើមាតាហីនជាតិកើតបុត្រា បុត្រនោះមានវាចាភាសាទាប ។ បើបិតាហីនជាតិមាត្រទុរភាពបុត្រនោះទាបកិរិយាអាក្រក់នៅ បើម៉ែឪហីនជាតិទាំងពីរនាក់ បុត្រនោះអប្បល័ក្ខណ៍ទាំងពីរផ្លូវ ទាំងកិរិយាភាសាក៏ហ្មងសៅ តាមគន្លងម៉ែឪផ្លូវដូចគ្នា ។
មួយទៀតថា
ទុជនោ ទោសមាទាយ
ទុតនូមិវ សូករោ
សុជនោ សុគុណគ្គាហោ
ហំសោវ ខីរមិច្ឆតា ។
ជនជួកាន់យកតែទោសទុក្ខ ដូចកលជ្រូកស្រុកប៉ងអាចម៍ ជនល្អកាន់យកគុណឧត្ដម ដូចហង្សប៉ងចំចឹកទឹកដោះ ។ ចប់តម្រាគតិជនជួអកតញ្ញូទី ២៨ ។