គតិលោក/ភាគទី៦/5

From Wikisource
Jump to navigation Jump to search
គតិលោក, ភាគទី៦ by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿង​ចៅ​មាណព​ម្នាក់​ចិញ្ចឹម​សុនខ​តឿ ១


រឿង​ចៅ​មាណព​ម្នាក់​ចិញ្ចឹម​សុនខ​តឿ ១



មាន​ចៅ​មាណព​ម្នាក់ ចិញ្ចឹម​សុនខ​តឿ ១ ជា​ទី​ប្រើ​ប្រាស់​ក្នុង​ការ​នាំ​យក​វត្ថុ​អ្វី ៗ ទៅ​បាន ថ្ងៃ​មួយ ចៅ​មាណព​ទៅ​ព្រៃ​ដើម្បី​កាប់​ឈើ​រើ​ព្រៃ ធ្វើ​ចម្ការ​ពោត​បាន​ផ្ដាំ​ភរិយា​ថា ខ្លួន​ទៅ​ចម្ការ​មុន ចាំ​ដល់​ពេល​ថ្ងៃ​បន្តិច ឲ្យ​យក​កញ្ចប់​បាយ​ចង​ក​ឆ្កែ ឲ្យ​វា​នាំ​យក​ទៅ​ឲ្យ​ខ្លួន​ជា​ក្រោយ ផ្ដាំ​ស្រេច​ហើយ ចៅ​នោះ​ក៏​ទៅ​ចម្ការ​ឯ​ព្រៃ​ធ្វើ​ការ​តាម​ភាព​ខ្លួន ។

ឯ​នាង​ភរិយា លុះ​ដល់​ពេល ក៏​ចំអិន​អាហារ​បាន​ហើយ ទើប​រៀប​ចាត់​ចែង​វេច​ជា​បង្វោច​ហើយ ចង​នឹង​ក​ឆ្កែ​តឿ​ប្រាប់​ថា ចូរ​អា​នាំ​អាហារ​នេះ ទៅ​ឲ្យ​ម្ចាស់​អា​ឯ​ចម្ការ​ឯ​ណោះ​ឲ្យ​ឆាប់ ឯ​ឆ្កែ​នោះ ក៏​ទទួល​ពាក្យ​ហើយ បោល​តម្រង់​ទៅ​ចម្ការ លុះ​ទៅ​ដល់​អូរ​មាន​ទឹក​ខណ្ឌ​នៅ ទឹក​នោះ​ជ្រៅ សុនខ​នឹង​លុយ​ឆ្លង​ទៅ​ពុំ​រួច រក​ទី​ទួល​គោក ទី​ទឹក​រាក់ ឬ​ទូក​ក្ដារ​ឆ្លង​ពុំ​បាន​ពេល​សោត​ក៏​ជួន​ថ្ងៃ​ជិត​ត្រង់ សុនខ​ក៏​ប្រថុយ​លោត​ហែល​ឆ្លង​ទៅ​ដោយ​កម្លាំង​រហ័ស ឯ​អាហារ​ក្នុង​បង្វេច​នោះ​ក៏​ទទឹក​ទាំង​អស់ លុះ​ទៅ​ដល់​ម្ចាស់​ក៏​បោល​ចូល​ទៅ​ទៀប​ជិត ។

ឯ​ចៅ​មាណព ស្រាយ​យក​បង្វេច​បាយ​អំពី​ក​ឆ្កែ​ឃើញ​បាយ​នោះ​ទទឹក​ជោក​ដូច្នោះ ក៏​ខឹង​នឹង​សុនខ​ទើប​ចាប់​ដំបង ២-៣ ដំបង​យ៉ាង​ដំណំ ហើយ​ផ្ចាល​ដោយ​ប្រការ​ផ្សេង​ៗ ឯ​សុនខ​នោះ លុះ​ត្រូវ​នាយ​វាយ​ដូច្នោះ ក៏​ឈឺ​ចិត្ត​អាណិត​ខ្លួន​ក្រៃ​ពេក ទើប​បោល​ចេញ​ចាក​ទី​នោះ ហើយ​គិត​ថា អញ​នេះ​ជា​សុនខ​កប​កម្លាំង​ខ្លាំង​ពូកែ​ហើយ ឥឡូវ​អា​ដំបង​នោះ​វា​ពូកែ​លើស​ឯង​ទៅ​ទៀត គឺ​វា​អាច​ប្រហារ​ក្បាល​ឯង​បាន​ជា​ម្ដង បើ​ដូច្នេះ​គួរ​តែ​អញ​អធិដ្ឋាន​បន់​ទេវតា ឲ្យ​លោក​ជួយ​ប្រសិទ្ធី​កាយ​អញ​នេះ ឲ្យ​ក្លាយ​ទៅ​ជា​ដំបង​វិញ គិត​ហើយ​សុនខ​ក៏​អធិដ្ឋាន​ថា "ព្រះ​​ឥសូរ​ជា​ម្ចាស់​អើយ សូម​មេត្តា​ប្រោស​ធ្វើ​រូប​កាយ​ខ្ញុំ ឲ្យ​កើត​ជា​ដំបង​ហោង" ។

កាល​នោះ ព្រះ​ឥសូរ​ទេវតា​ក៏​មក​ប្រសិទ្ធី​កាយ​សុនខ​នោះ​ឲ្យ​កើត​ជា​ដំបង សម្រេច​ដូច​បំណង​នៃ​ឆ្កែ​តឿ​នោះ​ឯង ឯ​ដំបង​សុនខ​ចាប់​ផ្ដើម​ពី​នោះ​មក ក៏​តាំង​តែ​ហោះ​ហើរ​ដើរ វាយ​គេ វាយ​ឯង​ឥត​ឈប់​ឈរ​គឺ​វាយ​មនុស្ស​នូវ​សព្វ​សត្វ​ទូទៅ​ទាំង​ពិភព ។

ឯ​មនុស្ស​និង​សត្វ​ទាំងឡាយ បាន​ក្ដី​ក្ដៅ​ក្រហាយ​ទាំង​អស់​គ្នា ទើប​នាំ​គ្នា​ឡើង​ទៅ​ប្ដឹង​ដល់​ព្រះ​ឥស្សរាធិបតី តាម​ដំណើរ​ដែល​ដំបង​សុនខ​បៀត​បៀន​នោះ​ឯង ។ ព្រះ​ឥសូរ​ក៏​បណ្ដាល​ឥទ្ធិឫទ្ធិ៍ និម្មិត​ជា​ភ្លើង​ឆេះ​ប្រហារ​ដំបង​នោះ​ចេញ ។ ឯ​ដំបង​សុនខ​ឃើញ​ភ្លើង​ឫទ្ធិ​មក​ដុត​អាត្មា​ដូច្នោះ ក៏​នឹក​ថា​អញ​ជា​ដំបង​នេះ ថា​មាន​ឫទ្ធិ​ខ្លាំង​ពូកែ​ហើយ ឥឡូវ​មាន​ភ្លើង​ខ្លាំង​ពូកែ​លើស​អញ​ទៀត "ឱ ព្រះ​ជា​ម្ចាស់​អើយ សូម​មេត្តា​ប្រោស​ឲ្យ​ខ្ញុំ​កើត​ជា​ភ្លើង​វិញ​ហោង" ។

ព្រះ​ឥស្សរាធិបតី ក៏​ធ្វើ​ដំបង​សុនខ​នោះ​ឲ្យ​កើត​ជា​ភ្លើង​តាម​ទំនើង​ក្ដី​ប្រាថ្នា​នៃ​សុនខ ឯ​ភ្លើង​សុនខ​ចាប់​ដើម​តាំង​ពី​កើត​ឡើង ក៏​ដើរ​ដុត​ឆេះ​ព្រៃ​ព្រឹក្សា​លតា​វល្លិ៍​នូវ​ទី​ភូមិ​លំនៅ​ទូទៅ​ពិភព ពុំ​មាន​ឈប់​ឈរ​ឡើយ ។

ឯ​មនុស្ស​នឹង​សត្វ​ទាំងឡាយ បាន​ក្ដី​ក្ដៅ​ក្រហាយ​ទាំង​អស់​គ្នា ទើប​នាំ​គ្នា​ទៅ​ក្រាប​ទូល​ប្ដឹង​ដល់​ព្រះ​ឥសូរ​តាម​រឿង​នោះ​ឯង ។ ព្រះ​ឥសូរ​ក៏​បណ្ដាល​ឫទ្ធិ​ឲ្យ​កើត​ជា​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​មក​រលត់​ភ្លើង​សុនខ​នោះ ។ ភ្លើង​សុនខ​គិត​ថា ភ្លើង​អញ​នេះ អាច​ហាន​ខ្លាំង​ពូកែ​ណាស់​ហើយ ឥឡូវ​មាន​ទឹក​ភ្លៀង​វិសេស​លើស​វិញ "ឱ ព្រះ​ម្ចាស់​ខ្ញុំ​អើយ សូម​ឲ្យ​ខ្ញុំ​កើត​ជា​ភ្លៀង​វិញ​ចុះ" ។

ព្រះ​ឥសូរ​ក៏​បណ្ដាល​ឲ្យ​ភ្លើង​សុនខ​ប្រែ​កើត​ជា​ភ្លៀង​តាម​ក្ដី​ប្រាថ្នា ឯ​ភ្លៀង​សុនខ​ចាប់​ដើម​តាំង​ពី​កើត​ឡើង ក៏​ចេះ​តែ​បង្អុរ​ភ្លៀង​ធ្លាក់​ជន់​ជោរ​លិច​ព្រៃ​លិច​ភូមិ​ស្រែ​ចម្ការ​នានា ។

មនុស្ស​នឹង​សត្វ​បាន​ក្ដី​ក្ដៅ​ក្រហាយ​ទី​ទៃ​ៗ ទើប​នាំ​គ្នា​ឡើង​ប្ដឹង​ដល់​ព្រះ​ឥសូរ ។

ព្រះ​ឥសូរ​ក៏​បណ្ដាល​ឫទ្ធី​ឲ្យ​កើត​ជា​ខ្យល់​បោក​ផាត់​បង្ហូត​ទឹក​ភ្លៀង​ឲ្យ​ហែង​ហួត​បាន ។ ឯ​ភ្លៀង​សុនខ​ឃើញ​ខ្យល់​មាន​អំណាច​ជាង​ខ្លួន​ដូច្នោះ ក៏​អធិដ្ឋាន​ថា "ព្រះ​ម្ចាស់​ខ្ញុំ​អើយ សូម​មេត្តា​ប្រោស​ឲ្យ​ខ្ញុំ​កើត​ជា​ខ្យល់​វិញ​ទៅ" ។

ព្រះ​ឥសូរ​ក៏​ធ្វើ​ភ្លៀង​ឲ្យ​កើត​ជា​ខ្យល់ តាម​ក្ដី​ប្រាថ្នា​នៃ​សុនខ​នោះ​ឯង ។ ឯ​ខ្យល់​សុនខ​ចាប់​ដើម​ពី​កើត​ឡើង​មក ក៏​តាំង​តែ​បោក​ផាត់​បំបាក់​អស់​ឈើ​ព្រៃ​ព្រឹក្សា​លតា​វល្លិ​ទួទៅ​សព្វ​ឋាន ឈើ​ទាំងឡាយ​ធន់​ពុំ​បាន​នឹង​កម្លាំង​ខ្យល់​សុនខ សឹង​បោក​បក់​បំបាក់​ដួល​រលើង​រលំ​ទៅ​ផ្សេង​ៗ នៅ​សល់​តែ​ដំបូក​ស្កួយ ១ ដុះ​កណ្ដាល​វាយ​ពុំ​កក្រើក​រំពើក​ឡើយ ។ ឯ​ខ្យល់​សុនខ​បាន​ឃើញ​ដំបូក​ស្កួយ​នោះ ពុំ​កក្រើក​ដោយ​កម្លាំង​ខ្លួន​ដូច្នោះ ក៏​គិត​ថា ដំបូក​នេះ​ខ្លាំង​កែ​លើស​អាត្មា គួរ​តែ​ប្រាថ្នា​ឲ្យ​កើត​ជា​ដំបូក​វិញ​ប្រសើរ​វិសេស​ជាង​ខ្យល់​នេះ គិត​ហើយ​សុនខ​អធិដ្ឋាន​ថា "ព្រះ​ម្ចាស់​ខ្ញុំ​អើយ​មេត្តា​ប្រោស​ឲ្យ​ខ្ញុំ​កើត​ជា​​ដំបូក​វិញ​ហោង" ។

ឯ​ព្រះ​ឥសូរ​ក៏​ប្រសិទ្ធិ​ខ្យល់​សុនខ ឲ្យ​កើត​ជា​ដំបូក​ស្កួយ ១ ដុះ​ឡើង​នៅ​កណ្ដាល​ទី​វាល ។ គ្រា​កាល​នោះ មាន​មហិង ១ ទៅ​រក​ស៊ី​ស្មៅ នៅ​ទី​ទៀប​ខាង​ដំបូក ក្របី​នោះ​វា​រមាស់​ក្បាល ក៏​ជល់​វ័ធ​ដំបូក​នោះ​បែក​បាក់​ធ្លាក់​ចុះ ឯ​ដំបូក​សុនខ​គិត​ថា អា​សត្វ​មហិង្សា​នេះ វា​ខ្លាំង​ពូកែ​លើស​ដំបូក​នេះ​ទៅ​ទៀត បើ​ដូច្នេះ​គួរ​អញ​អធិដ្ឋាន​ឲ្យ​កើត​ជា​មហិង្សា​វិញ គិត​ហើយ​អធិដ្ឋាន​ថា "ព្រះ​ម្ចាស់​ខ្ញុំ​អើយ សូម​មេត្តា​ធ្វើ​ឲ្យ​ខ្ញុំ​កើត​ជា​សត្វ​មហិង្សា​វិញ" ។

ឯ​ព្រះ​ឥសូរ​ក៏​ធ្វើ​ដំបូក​សុនខ​នោះ​ឲ្យ​កើត​ជា​សត្វ​មហិង្សា​តាម​ក្ដី​ប្រាថ្នា ។ ឯ​មហិង្សា​សុនខ ចាប់​ដើម​ពី​កើត​ឡើង​មក ម្ចាស់​នឹង​ប្រើ​ប្រាស់​ពុំ​សូវ​បាន ជា​ក្របី​ទាញ​ទង់​ណាស់ ចង​នឹង​ខ្សែ​អ្វី ៗ ពុំ​ជាប់​ឡើយ ទើប​ម្ចាស់​នោះ​យក​ព្រ័ត្រ ៣ ធ្លុង​ទៅ​ចង​ក ទើប​ជាប់​បាន​មហិង្សា​សុនខ ទាញ​កន្ត្រាក់​ព្រ័ត្រ​នោះ​ពុំ​ដាច់​ឡើយ​ហើយ​គិត​ថា អាព្រ័ត​នេះ​វា​ពូកែ លើស​អញ​ទៅ​ទៀត "ខ្ញុំ​ព្រះ​ម្ចាស់​ខ្ញុំ​អើយ សូម​មេត្តា​ប្រោស​ឲ្យ​ខ្ញុំ​កើត​ជា​ព្រ័ត្រ​ទៅ​វិញ​ចុះ" ព្រះ​ឥសូរ​ក៏​ប្រសិទ្ធិ​ឲ្យ​កើត​ជា​ព្រ័ត្រ តាម​ដោយ​សេចក្ដី​ប្រាថ្នា​​នៃ​សុនខ គ្រា​កាល​នោះ​មាន​ឆ្កែ​តឿ ១ ចូល​ទៅ​ឃើញ​ចង្វាយ​ព្រ័ត្រ ក៏​កង្កៀម​ស៊ី​ដាច់​ជា​កំណាត់​ធំ កំណាត់​តូច ឯ​ព្រ័ត្រ​សុនខ ឃើញ​ឆ្កែ​តឿ​វា​កកេរ​ស៊ី​ព្រ័ត្រ​ដាច់​ដូច្នោះ ក៏​នឹក​ថា អា​សុនខ​នេះ​វា​ខ្លាំង​ពូកែ​លើស​ព្រ័ត្រ​នៅ​ទៀត "ឱ​ព្រះ​ជា​ម្ចាស់​ខ្ញុំ​អើយ​សូម​មេត្តា​ប្រោស​ធ្វើ​ខ្ញុំ​ឲ្យ​កើត​ជា​ឆ្កែ​តឿ​វិញ​ចុះ" ។

ព្រះ​ឥសូរ​ក៏​មក​ប្រសិទ្ធី​ព្រ័ត្រ​នោះ ឲ្យ​កើត​ជា​សុនខ​តឿ​ដូច​ក្ដី​ប្រាថ្នា ចៅ​សុនខ​ក៏​បែរ​ហក់​ចុះ​មក​ជា​ឆ្កែ​តឿ​ដូច​មុន​វិញ​ហោង ។

រឿង​នេះ បាន​គតិ​ដល់​បុគ្គល​អ្នក​ប្រាថ្នា​ចង់​តែ​បាន​វត្ថុ​អ្វី ៗ ពុំ​ដឹង​វត្ថុ​នោះ ជា​សត្រូវ​ធ្លាក់​មក​ត្រូវ​លើ​ខ្លួន​ឯ​វិញ ។

មួយ​ទៀត​ហៅ​ថា ប្រាថ្នា​ហួស​សំណាង ហួស​ជាតិ​ហួស​កំណើត ប្រព្រឹត្ត​ទៅ​មិន​ផុត​ឧបនិស្ស័យ ។ បទ​នេះ​អ្នក​ប្រាជ្ញ​គួរ​គប្បី​ពិចារណា​ទៅ​ទៀត​ចុះ ។ ចប់​តម្រា​ប្រាថ្នា​ហួស​សំណាង ទី ២៧ ។