គតិលោក/ភាគទី៦/4
រឿងចៅមាណពម្នាក់ចិញ្ចឹមមេឆ្មា ១
និទាននេះមានដំណាលក្នុងក្បួនបារាំងសែស
មានចៅមាណពម្នាក់ចិញ្ចឹមមេឆ្មា ១ ទុកសម្រាប់ឲ្យខាំកណ្ដុរ មេឆ្មានោះមានមារយាទល្អ ចៅមាណពក៏ស្រឡាញ់មេឆ្មានោះមហិមា តែពេលចូលនិទ្រាកាលណា ក៏មេឆ្មានោះមកដេកជាមួយនឹងខ្លួនតែសព្វ ៗ ថ្ងៃ មេឆ្មាក៏មានចិត្តស្រឡាញ់ម្ចាស់ដោយភាពសត្វ ចៅមាណពស្រឡាញ់ឆ្មាខ្លាំង ក៏តាំងអធិដ្ឋានសំពះបន់ស្រន់ដល់ព្រះឥសូរថា "ព្រះម្ចាស់ទេវតាអើយ សូមមកជួយប្រសិទ្ធីរូបមេឆ្មានេះ ឲ្យក្លាយកាយកើតជាស្រីមនុស្សឡើង ខ្ញុំនឹងយកជាភរិយា" ។
គ្រាកាលនោះ ព្រះឥសូរទេវរាជ ឮចៅមាណពប្រារព្ធនឹកដល់គុណខ្លួន ក៏អាណិតចៅមាណពនោះ ទើបហោះមកប្រសិទ្ធីមេឆ្មានោះ ឲ្យកើតកាយក្លាយជាស្រីក្រមុំ ហើយផ្សំផ្គុំឲ្យជាភរិយានៃចៅមាណពនោះឯង
ឯចៅមាណពនោះ កាលសមក្ដីប្រាថ្នាហើយ ក៏មានចិត្តត្រេកអរសាទរក្រៃពេកណាស់ ចាប់ដើមពីថ្ងៃនោះ អ្នកទាំងពីរក៏បាននៅរួមសុខទុក្ខជាប្ដីប្រពន្ធនឹងគ្នា រកស៊ីចិញ្ចឹមជីវិតដោយភាវៈជាអ្នកស្រែចម្ការតាមធម្មតាលោកិយ ។
ថ្ងៃមួយជាពេលរាត្រី ប្ដីប្រពន្ធក៏ចូលនិទ្រាលើគ្រែជាមួយគ្នា កាលនោះ មានកណ្ដុរ ២ គូរវាវារមកខាងនាងភរិយានោះ នាងនោះ ដោយជាតិជាឆ្មាតែងធ្លាប់ចាប់កណ្ដុរ លុះកណ្ដុរវាវារមកខាងខ្លួន ក៏ស្ទុះក្រោកលោលោតទៅចាប់កណ្ដុរដោយរហ័ស ធ្លាក់ចុះអំពីគ្រែ បោកក្បាលទៅលើជើងគ្រែ ។ ឯចៅប្ដីក៏ភ្ញាក់ក្រោកម្នីម្នា ស្ទុះប្រញាប់ចាប់បានជើងនាងប្រពន្ធហើយលើកឡើងតាំងបបក់ព្រលឹងលួង លោមសួរថា "ហៃមាសពិសី មានហេតុអ្វីបានជាប្អូនក្រោកលោតចេញអំពីទំដំណេកដូច្នេះ" ។
ឯនាងនោះដឹងខ្លួន ក៏កើតក្ដីអៀនខ្មាសប្ដី បិទសេចក្ដីនោះមិនសំដែងឲ្យប្ដីដឹងឡើយ ឆ្លើយបង្វែងថាខ្លួនយល់សប្នមមើទៅផ្ដាស ពុំដឹងខ្លួនប្រាណសោះឡើយ ។ ឯកិរិយានាងឆ្មាប្រព្រឹត្តក្រោកចាប់កណ្ដុរនោះមិនមែនតែ ១ វេលានោះតេ គឺតែដេកលក់ហើយមានកណ្ដុរវារខាងខ្លួនកាលណា តែងស្ទុះក្រោកលោតចាប់កណ្ដុរក្នុងកាលនោះឯង នាងឆ្មាប្រព្រឹត្តយ៉ាងនោះតែរៀងៗ មកទាល់តែចៅប្ដីមិនហ៊ានឲ្យដេកលើគ្រែ នាំឲ្យដេកតែនៅទីផ្ទៃរាបដរាបអស់អាយុនឹងគ្នា ត្រាតែទៅតាមយថាកម្មហោង ។
រឿងនេះ បានគតិ ជាតិលះវាស្នាខ្លួនចោលពុំបានគឺខ្លួនធ្លាប់សន្សំនូវអារម្មណ៍ ពីដើមយ៉ាងណាមកអារម្មណ៍នោះជាប់តាមមិនដាច់ លះបង់ទៅពុំបាន ដូចធ្លាប់លេងល្បែងនានា មានល្បែងលេងចំបាប់ប្រដាល់ជាដើម ទោះដល់ខ្លួនចាស់ជរាហើយ លើកលែងល្បែងនោះចេញក្ដី បើមានអ្នកឯណាមួយទៅនិយាយត្រូវត្រង់អារម្មណ៍ខ្លួនធ្លាប់ប្រព្រឹត្តមកនោះ ក៏កើតចិត្តលោភឡើង សំដែងនូវកិរិយានៃល្បែងនោះ មួតបង្ហាញឲ្យគេបានដឹងបានឮឡើងជាប្រាកដ ។
មួយទៀត បុគ្គលកើតក្នុងវង្សត្រកូលដែលមានកិរិយាយ៉ាងណា កិរិយានោះជាប់តាមសន្ដានចិត្ត និងគិតលះបង់ចោលបានដោយក្រ កិរិយាមារយាទជាកំណើតកើតមកសម្រាប់រូបកាយនេះ សឹងប្រព្រឹត្តទៅជាផ្លូវ ជាគន្លងចេញឲ្យគេយល់គេស្គាល់បានក្នុងកាលប្រជុំជន ។ បទនេះសមដោយពាក្យបុរាណថា "ត្រកូលសជាតិ មារយាទសពូជ" អធិប្បាយថា ជាតិកំណើតល្អអាក្រក់ សឹងប្រព្រឹត្តទៅតាមត្រកូលមែនត្រកូលអ្នកល្អក៏កើតជាតិល្អ មិនលះបង់ជាតិល្អជាតិបណ្ឌិតទៅបាន ទោះធ្លោយធ្លាក់ចុះជាអ្នកក្រីក្រក្ដី ក៏លះបង់មារយាទល្អទៅពុំបាន នៅមានមារយាទល្អដដែល ។
បទនេះ បានដូចបទបាលីក្នុងគម្ពីរលោកនីតិថា
សុក្ខោបិ ចន្ទនតរូ ន ជហាតិ គន្ធំ នាគោ គតោរណមុខេ ន ជហាតិ លីឡំ យន្តេ គតោ មធុរសំ ន ជហាតិ ឧច្ឆូ ទុក្ខោបិ បណ្ឌិតជនោ ន ជហាតិ ធម្មំ ។
ប្រែថា ជាតិខ្លឹមច័ន្ទន៍ទោះក្រៀមស្វិតក្រញង់មិនលះបង់ក្លិនក្លែបសុគន្ធា ដំរីសារទោះចូលសឹកយុទ្ធនា មិនលះបង់លីលាល្គាយល្គងក្រាយ ។ ជាតិអំពៅទោះនៅក្នុងយន្តគាប មិនលះបង់សភាពរសផ្អែមសាយ ជាតិបណ្ឌិតទោះមានទុក្ខក្នុងកាយ មិនជិនណាយលះបង់ព្រះធម៌ថ្លៃ ។ ចប់តម្រាគតិបង់វាស្នាពុំរួច ទី ២៦ ។