គតិលោក/ភាគទី៦/12

From Wikisource
Jump to navigation Jump to search
គតិលោក, ភាគទី៦ by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿង​ជើង​ដៃ​ច្រណែន​នឹង​មាត់


រឿង​ជើង​ដៃ​ច្រណែន​នឹង​មាត់



និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំងសែស

មាន​កាល​ថ្ងៃ ១ ពួក​អវយវៈ​ទាំង​ឡាយ​គឺ​ដៃ​ពីរ​ជើង​ពីរ មាត់​មួយ នាំ​គ្នា​និយាយ​ថា "យើង​សព្វ​ថ្ងៃ​នេះ លំបាក​នឹង​ប្រកប​ការ​រក​ស៊ី​ណាស់" ។ ជើង​ទាំង​ពីរ​ឆ្លើយ​ថា "ខ្ញុំ​ឯង​នេះ​ព្រឹក​ឡើង​កាល​ណា រវល់​តែ​នឹង​ដើរ​ទៅ​ឯ​នោះ​ខ្លះ​ឯ​នេះ​ខ្លះ មិន​ចេះ​ឈប់​ឈរ​ឡើយ" ។ ដៃ​ទាំង​ពីរ​ឆ្លើយ​ឡើង​ថា "ខ្ញុំ​ឯង ក៏​រវល់​មិន​មាន​ឱកាស​ឈប់​សោះ វៀរ​តែ​ដែក​លក់​ទើប​បាន​ឈប់ តែ​ភ្ញាក់​ឡើង​កាល​ណា​រវល់​តែ​ចាប់​នេះ​ចាប់​នោះ មិន​ចេះ​អស់​ដោយ​ហោច​ទៅ​តែ​ត្រឹម​ស៊ី​បាយ​ស៊ី​ចំណី​អ្វី ៗ ដៃ​ក៏​រវល់​ចាប់​ចំណី​បញ្ចុក​មាត់​ដែរ" ។ មាត់​ឆ្លើយ​ឡើង​ថា "ខ្ញុំ​ឯង​ក៏​រវល់​មិន​ឈប់​ដូច​គ្នា តែ​ភ្ញាក់​ឡើង​កាល​ណា​ចរចា​និយាយ​ថា​នេះ ថា​នោះ​ទៅ​ផ្សេង​ៗ ដោយ​ហោច​ទៅ​តែ​ត្រឹម​បរិភោគ​អ្វី ៗ មាត់​ក៏​រវល់​ទំពា រវល់​លេប​អាហារ​បញ្ចូល​ទៅ ការ​ភ្នាក់​ងារ​ខ្ញុំ​ឯង​មាន​សភាព​យ៉ាង​នេះ" ។ ជើង​ដៃ​បាន​ឮ​ដូច្នោះ ក៏​សួរ​ទៅ​មាត់​ថា "អាហារ​នោះ​តើ​ធ្លាក់​ទៅ​នៅ​លើ​រូប​ណា ? ។ មាត់​ប្រាប់​ថា "អាហារ​អស់​នោះ តែ​ស៊ី​ហើយ ក៏​ធ្លាក់​ទៅ​នៅ​លើ​ក្រពះ​ទាំង​អស់" ។ "អើ​សព្វ​អាហារ ដែល​ពួក​យើង​បាន​មក​ដោយ​ដើរ​ដោយ​ចាប់​កាន់ ដោយ​ទំពា​ហើយ​លេប​ចូល​ទៅ គឺ​ទៅ​នៅ​លើ​ក្រពះ​ទាំង​អស់ អា​ក្រពះ​នោះ​តើ​ជា​វា​មក​ជួយ​ធ្វើ​ការ​អ្វី​ខ្លះ​ដែរ ឬ​វា​នៅ​ស្ងៀម​ព្រងើយ​កន្តើយ​ទេ ? មាត់​ប្រាប់​ថា "អា​ក្រពះ​នោះ វា​នៅ​ស្ងៀម​ទទេ​ទេ​វា​នឹង​បាន​ជួយ​កិច្ច​ការ​អ្វី​ក៏​ឥត​អង្គឺ​មាន" ។

ទើប​ជើង​ឆ្លើយ​ឡើង​ថា "អញ​រវល់​ដើរ​ទៅ​រក​ស៊ី​បាន​អាហារ ៗ នោះ​ក៏​គួរ​ធ្លាក់​មក​លើ​អញ​អេះ នេះ​ម្ដេច​ឡើយ​ក៏​បាន​ទៅ​លើ​អា​ក្រពះ ដែល​វា​នៅ​ស្ងៀម​នោះ​វិញ បើ​ដូច្នេះ​ពី​ថ្ងៃ​នេះ​ទៅ អញ​លែង​ដើរ​រក​ស៊ី​ទៀត​ហើយ" ។ ឯ​ដៃ​ក៏​ពោល​ថា "អញ​ខំ​ធ្វើ​ការ​សព្វ​សារ​ពើ​សព្វ​ថ្ងៃ​នេះ អាហារ​សោត ក៏​ធ្លាក់​បាន​ទៅ​លើ​អា​ក្រពះ​នោះ​វិញ បើ​ដូច្នេះ​ពី​ថ្ងៃ​នេះ​ទៅ អញ​លែង​ចាប់​ពាល់​កាន់​ធ្វើ​អ្វី ៗ ហើយ ទុក​ឲ្យ​អា​ក្រពះ​វា​ចេញ​មក​ធ្វើ​ការ​ដាំ​ស្ល​ដាក់​ពោះ​វា​ចុះ" ។ ឯ​មាត់​ក៏​ពោល​ឡើង​ថា "អញ​សោត​ខំ​និយាយ​ជេរ​ពោល​ប្រទេច ខំ​ស៊ី ខំ​ទំពា ខំ​លេប ឯ​អាហារ​ក៏​ពុំ​តាំង​នៅ​លើ​ខ្លួន​អញ វា​ត្រឡប់​បាន​ទៅ​អា​ក្រពះ​នោះ​វិញ អា​ក្រពះ​វា​គ្មាន​ជួយ​ធ្វើ​ការ​អ្វី​សោះ អើ​ពី​ថ្ងៃ​នេះ​ទៅ អញ​លែង​និយាយ​លែង​ពោល លែង​ទំពា​ស៊ី​អ្វី​ហើយ ទុក​ឲ្យ​អា​ក្រពះ វា​ក្រៀម​ស្វិត​ពោះ​វា​ចុះ​ទើប​សម​មុខ​វា ដែល​វា​កំជិល​ធ្វើ​ការ​នេះ" ។

ឯ​អវយវៈ​ទាំង ៣ និយាយ​ត្រូវ​គំនិត​គ្នា​ហើយ​ទើប​ចូល​ដេក​លើ​គ្រែ លែង​ប្រកប​ការ​ជា​ភ្នាក់​ងារ​ខ្លួន​ទី​ទៃ ៗ ពី​ថ្ងៃ​នោះ​ហោង ។ ឯ​ក្រពះ​នោះ កាល​អវយវៈ​ក្រៅ​មិន​បញ្ចូល​អាហារ​ទៅ​ឲ្យ​ដូច្នោះ​ហើយ ក៏​កើត​ស្ងួត​ក្រៀម ភ្លើង​តេជោធាតុ​ពុំ​មាន​អាហារ នឹង​ដុត​ផ្សាយ​ទៅ​សព្វ​សកល​កាយ​បាន សកល​កាយ​នោះ កាល​បើ​ពុំ​មាន​រស​អាហារ​នឹង​ផ្សាយ​ហើយ វាយោធាតុ​ក៏​មាន​កម្លាំង​អាច​ផាត់​អាបោធាតុ ឲ្យ​រីង​ស្ងួត​ស្វិត​ទៅ​ខ្លះ​កាល​បើ​ធាតុ​ប្រែ​ប្រួល​ពុំ​ប្រក្រតី​ហើយ ឯ​អវយវៈ​ទាំងឡាយ​ក៏​ស្វិត​ស្គម​រីង​ទៅ វាត​សមុដ្ឋានាពាធ​ក៏​បៀត​បៀត​ធ្វើ​ឲ្យ​ចុក​សៀត​ទៅ​ផ្សេង​ៗ ។

ឯ​ដៃ​ជើង​មាត់​ទាំង ៣ ពួក​កាល​ណា​បើ​កើត​វិបត្តិ​ដល់​ខ្លួន​ទី​ទៃ​ៗ​ហើយ ពុំ​អាច​នឹង​តាំង​នៅ​ជា​ប្រក្រតី​បាន ទើប​មក​ប្រជុំ​គ្នា​វិញ​ទៀត​ថា ពួក​យើង​តាំង​តែ​ពី​លើក​លែង​ប្រកប​ការ មិន​បញ្ចូល​អាហារ​ទៅ​ឲ្យ​អា​ក្រពះ​នោះ ឥឡូវ​នេះ​វា​ស្វិត​ស្ងួត​ពុំ​បាន​ផ្សាយ​រសជាតិ​អាហារ​ដល់​ពួក​យើង​ឡើយ ពួក​យើង​បាន​ក្ដី​ស្គាំង​សម​ទ្រម​ទ្រុឌ​គ្មាន​កម្លាំង​សោះ មិន​តែ​ប៉ុណ្ណោះ​ដាល​កើត​ជា​រោគ​ចុក​សៀត រួយ​អស់​សាច់​សរសៃ​ថែម​ទៀត អើ​បើ​ពួក​យើង​បង្អត់​អាហារ អា​ក្រពះ​យ៉ាង​នេះ​ហើយ​គង់​នឹង​អន្តរធាន​វិនាស​ទៅ​ទាំង​អស់​គ្នា​មិន​ខាន​ព្រោះ​ក្រពះ​គ្មាន​អាហារ​ជា​កម្លាំង នឹង​ផ្សាយ​រសជាតិ​ដល់​ពួក​យើង​នេះ​ឯង បើ​ដូច្នេះ​ពួក​យើង​ត្រូវ​ប្រកប​ការ​តាម​ភ្នាក់​ងារ​រៀង​ខ្លួន​ដូច​កាល​មុន​វិញ​ចុះ ទើប​ក្រពះ​វា​ផ្សាយ​រសជាតិ​ដល់​ពួក​យើង​វិញ ពួក​អវយវៈ​ពិគ្រោះ​ឃើញ​ក្ដី​ទុក្ខ​ទោស​ព្រម​គ្នា​ដូច្នោះ​ហើយ ជើង​ក៏​ក្រោក​ដើរ​ទៅ​ប្រកប​ការ​តាម​ដើម ដៃ​សោត​ក៏​ចាប់​ពាល់​ធ្វើ​ការ​ងារ​តាម​ដើម មាត់​សោត​ក៏​ហា​និយាយ​ស្ដី ហា​ស៊ី​បាយ​ចំណី​ដូច​កាល​មុន​វិញ​ហោង ។ ឯ​ក្រពះ​កាល​បាន​អាហារ​ដាក់​ដូច​មុន​ហើយ កើត​មាន​កម្លាំង​ផ្សព្វ​ផ្សាយ​រសជាតិ​នោះ ទៅ​សព្វ​សព៌ាង្គកាយ ដៃ​ជើង​មាត់​ក៏​បាន​ក្ដី​សុខ​សប្បាយ​ឡើង ដូច​ប្រក្រតី​តាម​កាល​មុន​នោះ​វិញ​ហោង ។

រឿង​នេះ បាន​គតិ​ដល់​បណ្ដា​អាណា​ប្រជាជន​ទាំង​ឡាយ​ក្នុង​ប្រទេស​រាជបុរី ទុក​ជា​អវយវៈ​គឺ​ដៃ​ជើង​មាត់ ឯ​ក្រពះ​នោះ​ទុក​ជា​មហាក្សត្រាធិបតី មែន​បើ​អាណា​ប្រជាជន​ទាំងឡាយ មិន​ថ្វាយ​សួយ​សារ​អាករ​ប្រាក់​ពន្ធដារ​ថ្លៃ​រាជការ​ហើយ មហាក្សត្រាធិបតី​នឹង​ដល់​នូវ​ក្ដី​ក្រី​ក្រ ពុំ​មាន​ប្រាក់​សម្រាប់​ប្រកប​ការ​រក្សា​ព្រះ​នគរ នឹង​ចិញ្ចឹម​ក្រម​ការ​តាម​ក្រសួង​ទាំងឡាយ​មាន​ក្រុម​យោធា​ទាហាន​ជា​ដើម កាល​បើ​ស្ដេច​គ្មាន​ក្រុម​មន្ត្រី​សេនាបតី​គ្រប់​ក្រសួង ហើយ​នឹង​ផ្សាយ​អំណាច​រក្សា​អាណា​ប្រជាជន ក្នុង​ប្រទេស​ខ្លួន​ទៅ​ម្ដេច​បាន ពួក​ចោរ ពួក​រាជ​បច្ចា​មិត្រ ដឹង​ថា​ព្រះ​នគរ​ពុំ​មាន​អំណាច​ហើយ វា​នឹង​នាំ​គ្នា​លើក​មក​បុក​បែន​ប្លន់​ញាំ​ញី​ចាប់​មហាក្សត្រិយ៍ នឹង​ពួក​អាណា​ប្រជានុរាស្ត្រ​យក​ជា​ឈ្លើយ​ជា​ខ្ញុំ​គេ​អស់​ទៅ បាន​នូវ​ក្ដី​ទុក្ខ​វេទនា​ព្រាត់​ប្រាស​ចាក​ភូមិ ចាក​លំនៅ​ទៅ​ផ្សេង ៗ ដូច​គ្នា​នឹង​ក្រពះ​ដែល​ពុំ​មាន​អាហារ​តាំង​នៅ នឹង​ផ្សាយ​រស​ជាតិ​ទៅ​ដល់​អវយវៈ​តូច​ធំ​ពុំ​បាន​នោះ​ឯង ពិត​មែន​មហាក្ស​ត្រាធិរាជ​ពុំ​បាន​រក​ស៊ី​ជួយ​ធ្វើ​ការ​រាស្ត្រ នៅ​តែ​ក្នុង​វាំង​ក្នុង​ដំណាក់​ដូច​គ្នា នឹង​ក្រពះ​ ពុំ​បាន​ជួយ​ធ្វើ​ការ​ពួក​អវយវៈ​នោះ​ឯង ។ អ្នក​មាន​បញ្ញា គួរ​ពិចារណា​មើល​ចុះ​មហាក្សត្រាធិរាជ​នោះ ត្រូវ​តែ​អវយវៈ​ខាង​ក្រៅ​គឺ​អាណា​ប្រជានុរាស្ត្រ​ថ្វាយ​សួយ​សារ​អាករ បង់​ប្រាក់​ថ្លៃ​ពន្ធ​បំរុង​ឲ្យ​មហាក្សត្រិយ៍ លោក​នឹង​បាន​ចំណាយ​ចែក​ចាយ​សាង​ព្រះ​នគរ​ឲ្យ​មាំ​មួន ខ្លួន​រាស្ត្រ​នឹង​បាន​ក្ដី​សុខ​ឥត​ទុក្ខ​ភ័យ ដែល​កើត​អំពី​ពួក​ពាល​វា​កំហែង​នោះ​ហោង គួរ​បង់​ប្រាក់​ជូន​រាជការ​ហើយ​ពួក​យើង​ជា​រាស្ត្រ​ទាស​ក្នុង​ព្រះ​នគរ កុំ​ពោល​ថា​មហាក្សត្រិយ៍​នៅ​ទំនេរ​ឡើយ ។ ចប់​តម្រា​គតិ​រាស្ត្រ​ប្រាក់​ពន្ធ​ទី ៣៤ ។ ចប់​ភាគ​ទី ៦ តែ​ប៉ុណ្ណេះ ។