Jump to content

គតិលោក/ភាគទី៦/11

From Wikisource
គតិលោក, ភាគទី៦
by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿង​លា​នឹង​ឆ្កែ​មាន​ចៅ​ហ្វាយ​ជា​មួយ​គ្នា
115790គតិលោក, ភាគទី៦រឿង​លា​នឹង​ឆ្កែ​មាន​ចៅ​ហ្វាយ​ជា​មួយ​គ្នាឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​លា​នឹង​ឆ្កែ​មាន​ចៅ​ហ្វាយ​ជា​មួយ​គ្នា



និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំងសែស

មាន​នាយ​ដង្ខៅ​ម្នាក់ ផ្ទុក​គ្រឿង​ស្បៀង​អាហារ​ក្នុង​តាង​ដាក់​លើ​ខ្នង​លា មាន​សុនខ​ស្រុក​មួយ​ទៅ​ជា​មួយ​គ្នា លុះ​ទៅ​ដល់​ទី​វាល​មួយ​មាន​ដើម​ឈើ​ដុះ​ល្បោះ ៗ នាយ​ដង្ខៅ​នោះ ក៏​ឈប់​សម្រាក​កម្លាំង​ដោយ​ពេលា​នោះ​ជា​ពេល​ថ្ងៃ​ត្រង់ ទើប​ចូល​ដេក​សម្រាក​ក្រោម​ដើម​ឈើ​ធំ លែង​សត្វ​លា​ឲ្យ​ស៊ី​ស្មៅ​ប្រើ​ឆ្កែ​ឲ្យ​នៅ​ឃ្វាល​លា នឹង​ឲ្យ​មើល​ហេតុ​អន្តរាយ​ឯ​ទៀត ៗ ផង ។

ឯ​សុនខ​កើត​ឃ្លាន​បាយ ក៏​និយាយ​នឹង​លា​នោះ​ថា "ភឿន​អើយ គ្នា​ឃ្លាន​បាយ​ណាស់ ចូរ​ឯង​ឱន​ខ្លួន​ចុះ​បន្ទាប​ខ្នង​បន្តិច ឲ្យ​គ្នា​យក​បាយ​ក្នុង​តាង​តោះ​អាស្រ័យ" ។ ឯ​លា​ឮ​ឆ្កែ​សុំ​យក​បាយ​ដូច្នោះ ក៏​មិន​ចង់​ឲ្យ​ដោយ​ខ្លាច​នាយ​ផង ទើប​តប​ថា "ពេល​នេះ​មិន​ត្រូវ​ចៅ​ស៊ី​ទេ ចាំ​ដល់​ល្ងាច​សិន​សឹម​យើង​ដាក់​ឲ្យ​ស៊ី" ។

សុនខ​ក៏​អង្វរ​ថា "គ្នា​ឃ្លាន​ណាស់ ចាំ​ល្ងាច​ពុំ​បាន​ទេ ចូរ​ភឿន​ដាក់​មក​ឲ្យ​គ្នា​ស៊ី​សិន" ។ លា​ក៏​តប​ទៅ​វិញ​ថា "ចាំ​នាយ​គាត់​ភ្ញាក់​សិន​ចុះ សឹម​ស៊ី វេលា​នេះ​យើង​មិន​ហ៊ាន​ឲ្យ​ទេ" ។ សុនខ​នោះ​បាន​ឮ​ថា​ លា​មិន​ព្រម​ឲ្យ​ដូច្នោះ ក៏​តូច​ចិត្ត​គិត​ខឹង​នឹង​លា តែ​ពុំ​ហ៊ាន​ថា​អ្វី​ទៅ​ទៀត ។ ឯ​លា​នោះ​ដើរ​រក​ស៊ី​ស្មៅ​ស៊ី​ស្លឹក​ឈើ​រៀង ៗ ទៅ​ដល់​ជាយ​ព្រៃ​ធំ ១ ។

កាល​នោះ​មាន​ឆ្កែ​ព្រៃ​មួយ បាន​ឃើញ​លា​មក​ស៊ី​ស្មៅ​តែ​ឯង ក៏​បោល​មក​នឹង​ខាំ​លា​ជា​អាហារ លា​ឃើញ​ឆ្កែ​ព្រៃ​ដេញ​មក​ដូច្នោះ ក៏​ភិត​ភ័យ​តក់​ស្លុត​រត់​មក​ត្រង់​ឆ្កែ​ស្រុក ហើយ​ហៅ​ឆ្កែ​ស្រុក​ថា "សំឡាញ់​អើយ​ជួយ​គ្នា​ផង ឆ្កែ​ព្រៃ​វា​ដេញ​ខាំ​គ្នា​ហើយ" ។

ឯ​សុនខ​ស្រុក ក៏​ស្ដី​ផ្ចាល​ទៅ​ថា "អើ​លា​អើយ​កាល​អញ​សុំ​បាយ​ស៊ី ឯង​ថា​ចាំ​នាយ​គាត់​ក្រោក ឥឡូវ​​មាន​ភ័យ​ដល់​មក អញ​ចាំ​នាយ​គាត់​មក​ដែរ ទើប​អញ​ជួយ​បាន" ថា​ហើយ​សុនខ​ក៏​ធ្វើ​ជា​ពុំ​នាំ​ពា​តាំង​អង្គុយ​នៅ​មើល​តែ​ពី​ចម្ងាយ​ហោង ។ ឯ​លា​ក៏​ភិត​ភ័យ​ក្រៃ​ពេក​ណាស់ ឆ្កែ​ព្រៃ​រឹត​តែ​បោល​ខាំ​អំពី​ក្រោយ​ត្របាក់​កែង​ផុត ៗ លា​នោះ​ក៏​រឹង​រឹត​តែ​ភ័យ​ខ្លាំង តាំង​បោល​បោះ​ផ្លោះ​ទៅ​ឯ​ដើម​ឈើ​ធំ ដែល​នាយ​ដង្ខៅ​ដេក​នោះ​ឯង ដល់​ហើយ​ក៏​ស្រែក​ហៅ​នាយ​ឲ្យ​ជួយ​អាត្មា​ឯ​នាយ​ដង្ខៅ​បាន​ឮ​សូរ​លា​ស្រែក​ដូច្នោះ ក៏​ភ្ញាក់​ក្រោក​ឡើង​ម្នីម្នា​បែរ​ទៅ​ឃើញ​ឆ្កែ​ព្រៃ​ដេញ​ខាំ​លា ក៏​ស្រែក​ហៅ​សុនខ​ស្រុក​ឲ្យ​ជួយ​លា​ជា​ប្រញាប់ ។

ឯ​សុនខ​ស្រុក បាន​ឮ​នាយ​ហៅ​ឲ្យ​ជួយ​លា​ដូច្នោះ​ក៏​ស្ទុះ​ម្នី​ម្នា​បោល​ទៅ​ដេញ​ខាំ​ឆ្កែ​ព្រៃ ៗ ឃើញ​ឆ្កែ​ស្រុក​ក៏​ខ្លាច ពុំ​អាច​បោល​ដេញ​លា​ទៅ​ទៀត​ឡើយ ស្ទុះ​រត់​ចូល​ព្រៃ​បោល​ទៅ​កាន់​លំនៅ​អាត្មា​វិញ​ហោង ។

ឯ​នាយ​ដង្ខៅ កាល​ឆ្កែ​ព្រៃ​បោល​បាត់​ទៅ​វិញ​ហើយ ទើប​ហៅ​លា​នឹង​ឆ្កែ​ស្រុក​ចូល​មក​សាក​សួរ​ហេតុ​នោះ​ថា "លា​ឯង​អញ​ឲ្យ​ទៅ​ស៊ី​ស្មៅ បាន​ឲ្យ​ឆ្កែ​ទៅ​ឃ្វាល​ជួយ​មើល​ក្ដី​អន្តរាយ​ផង ឥឡូវ​ឆ្កែ​ព្រៃ​វា​ដេញ​ខាំ​ខ្លួន តើ​ហេតុ​អ្វី​ខ្លួន ក៏​មិន​ទៅ​រក​ឆ្កែ​ស្រុក​ឲ្យ​គេ​ជួយ ត្រឡប់​ជា​បោល​មក​រក​អញ​វិញ អញ​បាន​ផ្ដាំ​ថា ឯង​ទៅ​រក​ស៊ី​ចុះ គ្នា​សុំ​ដេក​សម្រាក​កម្លាំង​បន្តិច​ល្មម​ដល់​ពេល​ត្រជាក់​បន្តិច នឹង​លើក​បរ​ទៅ​ទៀត" ។

ឯ​លា​ក៏​តប​ឡើង​ថា "កាល​ឆ្កែ​ព្រៃ​វា​ដេញ​នោះ ខ្ញុំ​បាទ​បាន​រត់​ទៅ​រក​ឆ្កែ​ស្រុក បាន​ស្រែក​ហៅ​ឲ្យ​ជួយ​ឆ្កែ​ស្រុក​គេ​ពុំ​ជួយ​ឡើយ គេ​ត្រឡប់​ថា​ចាំ​នាយ​ភ្ញាក់​សិន​ទើប​គេ​ជួយ ឆ្កែ​ស្រុក​គេ​ពុំ​នាំ​ពា​យ៉ាង​នេះ បាន​ជា​ខ្ញុំ​បាទ​រត់​មក​រក​នាយ​ឲ្យ​ជួយ" ។ នាយ​ដង្ខៅ​ឮ​លា​ថា​ដូច្នោះ​ក៏​សួរ​ទៅ​ឆ្កែ​វិញ​ថា "ម្ដេច​ឯង​មិន​ជួយ​លា​អញ​បាន​ផ្ដាំ​ផ្ដាច់​ថា​ឲ្យ​មើល​ក្ដី​អន្តរាយ​ផង" ។

ឆ្កែ​ស្រុក​ឆ្លើយ​ការ​ថា "កាល​ខ្ញុំ​បាទ​ឃ្លាន​បាយ ខ្ញុំ​បាទ​បាន​សុំ​លា​ថា គ្នា​ឃ្លាន​បាយ​ណាស់ ចូរ​ឯង​បង្អោន​ខ្លួន​ចុះ​បន្តិច គ្នា​នឹង​យក​បាយ​កក​អាស្រ័យ នោះ​លា​ពុំ​ឲ្យ​ឡើយ គេ​ថា​ចាំ​នាយ​ភ្ញាក់​សិន​សឹម​ស៊ី​ចុះ​ខ្ញុំ​បាទ​នឹក​ខឹង​នឹង​លា​យ៉ាង​នេះ ដល់​ឆ្កែ​ព្រៃ​វា​ដេញ​លា​មក លា​ស្រែក​ហៅ​ឲ្យ​ខ្ញុំ​បាទ​ជួយ ខ្ញុំ​បាទ​ក៏​តប​ពាក្យ​គេ​វិញ​ថា ចាំ​នាយ​ភ្ញាក់​សិន​សិន​ជួយ ពាក្យ​ខ្ញុំ​បាទ​ថា​នោះ​គឺ​ថា​តែ​តាម​ពាក្យ​លា ដែល​ពោល​មុន​នោះ​ឯង សូម​នាយ​ជំរះ​ក្ដី​នេះ ឲ្យ​ឃើញ​ខុស​ត្រូវ​ដោយ​យុត្តិធម៌​ចុះ" ។ នាយ​ដង្ខៅ​សួរ​លា​វិញ​ថា "អើ​លា ហេតុ​អ្វី​ឆ្កែ​គ្នា​សុំ​បាយ​កក​ស៊ី ម៉េច​ចៅ​មិន​ឲ្យ​វា​ស៊ី​ទៅ​ហៈ" ។

លា​តប​ទៅ​វិញ​ថា "បាន​ជា​ខ្ញុំ​មិន​ទាន់​ឲ្យ​នោះ ព្រោះ​ខុស​កាល​ពេលា គឺ​ពេល​ព្រឹក​លោក​នាយ​នឹង​ឆ្កែ​នេះ បាន​បរិភោគ​រួច​ហើយ ពេល​ថ្ងៃ​ត្រង់​លោក​នាយ​មិន​ដែល​ពីសា ៗ តែ​ដល់​ពេល​ល្ងាច​តែ​ម្ដង វា​ក៏​ស៊ី​ត្រូវ​ពេល​នឹង​នាយ​ដែរ កាល​ឆ្កែ​វា​ស៊ី​បាយ​ស៊ី​នោះ គឺ​ជា​ពេល​ថ្ងៃ​ត្រង់ ឆ្កែ​ឃ្លាន​ឥត​របប​ខុស​ពេល​នាយ​ពីសា ហេតុ​នោះ​ខ្ញុំ​ឲ្យ​វា​ធ្វើ​ម្ដេច​បាន ៗ ជា​ខ្ញុំ​បាទ​ថា​ចាំ​នាយ​លោក​ភ្ញាក់​សិន​សឹម​ឲ្យ​ស៊ី បាន​ជា​ខ្ញុំ​បាទ​ថា​ដូច្នេះ ព្រោះ​បាយ​ត្រី​អស់​នេះ​ជា​របស់​ផង់​នាយ ៗ អនុញ្ញាត​ឲ្យ ទើប​ខ្ញុំ​ហ៊ាន​ដាក់​ឲ្យ ​នឹង​ចាត់​ចែង​ឯង​ឲ្យ​ដោយ​ចិត្ត​ឯង​ឯ​ណា​ក៏​បាន វិស័យ​អ្នក​នៅ​នឹង​នាយ​ចៅ​ហ្វាយ​ឬ​នៅ​នឹង​សំណាក់​គ្រូ​អាចារ្យ លោក​ឲ្យ​ឯង​ទទួល​ទុក​ដាក់​ស្បៀង​អាហារ ឬ​ទ្រព្យ​សម្បត្តិ​ឯ​ណា​នីមួយ ត្រូវ​តែ​រក្សា​ថែ​ទាំ​របស់​អស់​នោះ កុំ​ឲ្យ​វិនាស​ទៅ​ដោយ​ការ​មិន​គួរ​បង់ មែន​បើ​នាយ​ចៅ​ហ្វាយ​ឬ​គ្រូ​អាចារ្យ​លោក​បង្គាប់​ថា​ឲ្យ​នរណា ៗ នោះ​ទើប​អាច​នាំ​ចេញ​ឲ្យ​ទៅ​អ្នក​នោះ ៗ បាន មួយ​ទៀត អ្នក​រក្សា​ទ្រព្យ​សម្បត្តិ​នាយ​ចៅ​ហ្វាយ​នេះ ត្រូវ​ឲ្យ​ដឹង​វត្ថុ​នោះ​ៗ ផង​គឺ​វត្ថុ​ណា ចំណី​ណា ទុក​យូរ​ទៅ​ពុំ​បាន ល្មម​ប្រាប់​នាយ​ឬ​រក​នាយ​នឹង​ប្រាប់​ពុំ​ឃើញ​ក្ដី ក៏​គប្បី​យក​មក​ចែក​យក​ឲ្យ​ភឿន​ផង​អាស្រ័យ​ទៅ​ក៏​គួរ ព្រោះ​វត្ថុ​ចំណី​នោះ ទុក​ទៅ​នឹង​ខូច អសារ​ឥត​ការ​ចោល​បង្សៀត​ខ្ញុំ​បាទ​កាន់​ច្បាប់​យ៉ាង​នេះ បាន​ជា​សុនខ​សុំ​បាយ​ស៊ី​ខ្ញុំ​បាទ​មិន​ហ៊ាន​ឲ្យ" ។

ឯ​នាយ​ដង្ខៅ​បាន​ឮ​ពាក្យ​លា​ពោល​ត្រូវ​ច្បាប់​ដូច្នោះ​ក៏​ត្រេក​អរ ទើប​និយាយ​ទៅ​នឹង​ឆ្កែ​វិញ​ថា "អើ​បា​សុនខ លា​និយាយ​ឲ្យ​ការ​នេះ​ត្រូវ​ច្បាប់​ល្អ​ហើយ​ចៅ​ឯង តើ​សុនខ​ចិត្ត​ចាញ់​ប្រៀប​លា​ហើយ​ឬ ៗ ពុំ​សុខ​ចិត្ត​យ៉ាង​ណា​ចូរ​ថា​ទៀត​ចុះ" ។ ឯ​សុនខ​ក៏​តប​ថា "ខ្ញុំ​បាទ​ពុំ​សុខ​ចិត្ត​ចាញ់​លា​នេះ​ទេ ព្រោះ​លា​វា​ថា​លោក​នាយ​នឹង​ខ្ញុំ​បាទ​បរិភោគ​អាហារ​មាន​ពេលា គឺ​បរិភោគ​តែ​ព្រឹក​នឹង​ល្ងាច ឯ​ពេល​ថ្ងៃ​ត្រង់ ថ្ងៃ​រសៀល​បរិភោគ​ពុំ​បាន ចុះ​ត្រង់​រូប​លា​នេះ ម៉េច​ក៏​ស៊ី​ស្មៅ ស៊ី​ស្លឹក​ឈើ​តែ​វាល់​ល្ងាច ព្រឹក​ក៏​ស៊ី​ថ្ងៃ​ក៏​ស៊ី ល្ងាច​ក៏​ស៊ី ស៊ី​គ្មាន​ឈប់​សោះ ត្រង់​យើង​ម្ដេច​ក៏​ចាំ​បាច់​មាន​ពេល​មា​ន​ពេលា​នេះ​បទ ១ មួយ​ទៀត​ពាក្យ​លា​ថា អ្នក​រក្សា​ទ្រព្យ​របស់​នាយ​ចៅ​ហ្វាយ​ត្រូវ​ដឹង​វត្ថុ​ដែល​ទុក​យូរ​បាន​នឹង​ទុក​យូរ​មិន​បាន វត្ថុ​ណា​ទុក​យូរ​នឹង​ខូច​ចោល​នោះ​ត្រូវ​អ្នក​រក្សា​ប្រាប់​នាយ ឬ​បើ​រក​នាយ​នឹង​ប្រាប់​មិន​ឃើញ​ទេ ត្រូវ​នាំ​ចេញ​មក​ឲ្យ​ពួក​ភឿន​អាស្រ័យ​សិន​ក៏​គួរ​អើ​ដូច​យ៉ាង​បាយ​កក​នេះ ជា​វត្ថុ​សំណល់​សល់​អំពី​ព្រឹក ទុក​យូរ​ទៅ​ពុំ​បាន នឹង​ផ្អូម​ខូច​ចោល​បង់​អេ​ខ្ញុំ​បាទ​សុំ​បាយ​កក​នេះ​អាស្រ័យ ហេតុ​ម្ដេច​លា​មិន​ឲ្យ​ខ្ញុំ​បាទ ៗ នឹង​បាន​សុំ​វត្ថុ​ដែល​ទុក​យូរ​បាន​ឬ​ចំណី​ថ្មោង​កាល​ណា សូម​លោក​នាយ​ពិចារណា​ត្រង់​បទ​នេះ​ឲ្យ​ទាន តាម​ពាក្យ​ដែល​លា​ដោះ​ស្រាយ​មក​នោះ​មើល ? ។

ឯ​លា​បាន​ឮ​ឆ្កែ​កែ​សំ​នួន​ស្រប​តាម​ពាក្យ​ខ្លួន​ដូច្នោះ​ក៏​ឆ្លើយ​កាត់​ឡើង​ថា "នែ​ចៅ​សុនខ ឯ​ពាក្យ​យើង​ថា​ខ្លួន​លោក​នាយ នឹង​តួ​ចៅ​ឯង​បរិភោគ​មាន​ពេល​មាន​វេលា ត្រង់​យើង​ជា​សត្វ​លា​ស៊ី​ស្មៅ ស៊ី​ស្លឹក​ឈើ​មិន​មាន​ពេល​នេះ ព្រោះ​អាហារ​ចំណី​ខុស​គ្នា ខាង​ចៅ​ឯង​បរិភោគ​បាយ​ត្រី សាច់ ជា​អាហារ​ៗ​នេះ​តែ​បរិភោគ​ឆ្អែត​ហើយ មិន​បាច់​ឈប់​រើ​មក​មក​ទំពា​អៀង​លំអិត​ទៀត​ឡើយ ឯ​ខាង​យើង​ជា​ពួក គោ ក្របី បរិភោគ​ស្មៅ​ជា​អាហារ ៗ នេះ តែ​បរិភោគ​ឆ្អែត​ហើយ ត្រូវ​ឈប់​រើ​ចេញ​មក​ទំពា​អៀង​ទាល់​តែ​ល្អិត កាល​ល្អិត​ហើយ អាហារ​នោះ​តិច​ចុះ មិន​ពេញ​ពោះ​ទៅ​វិញ ហេតុ​នោះ​ទើប​យើង​ពួក​គោ​ក្របី​បរិភោគ​ពុំ​មាន​ពេល​ឈប់​យុឬ​ដល់​ល្ងាច​បាន មួយ​ទៀត តិណ​ជាតិ​ទាំង​ឡាយ សឹង​ដុះ​ដាស់​ពាស​ទួទៅ​ទាំង​ធរណី បណ្ដា​សត្វ​ព្រៃ​ក្ដី សត្វ​ស្រុក​ក្ដី ត្រូវ​ការ​អាស្រ័យ មិន​ចាំ​ទិញ​ដូរ​ឬ​សុំ​នរណា​ទេ ត្រូវ​ស៊ី​បាន​ឥត​ថ្លៃ ក៏​ឯ​អាហារ​បាយ ត្រី សាច់ ចំណែក​ខាង​មនុស្ស ឬ​សត្វ​ដែល​ត្រូវ​ស៊ី​នោះ សឹង​បាន​មក​ដោយ​ទិញ​ដូរ​គេ​ទើប​បាន​មក នឹង​ទៅ​បរិភោគ​ឥត​ពេល​ឥត​ពេលា​ដូច​យ៉ាង​ស្មៅ​នោះ​ពុំ​បាន ជា​ការ​ចុះ​ទុន​ច្រើន​ៗ នាំ​ឲ្យ​បាន​ក្ដី​ក្រ​លំបាក​ទៅ​ខាង​មុខ មួយ​ទៀត ទោះ​សត្វ​ស៊ី​ស្មៅ​ក្ដី ស៊ី​បាយ​ក្ដី តែ​មាន​ម្ចាស់​ចាត់​ឲ្យ​ស៊ី​យ៉ាង​ណា ក៏​តោង​ប្រព្រឹត្ត​តាម​ការ​របស់​ម្ចាស់​នោះ​ឯង មួយ​ទៀត ឆ្កែ​ពោល​ពាក្យ​ថា​បាយ​កក​ជា​បាយ​សំណល់ ជា​វត្ថុ​ទុក​យូរ​ពុំ​បាន​ក៏​ពិត​មែន តែ​ទុក​ទៅ​ត្រឹម​ពេល​ល្ងាច ក៏​មិន​ទាន់​ផ្អូម​ខូច​ដែរ នៅ​អាស្រ័យ​ទៀត​បាន ហេតុ​នោះ បាន​ជា​យើង​មិន​ឲ្យ​យើង​ចាំ​ជម្រាប​នាយ​សិន ជា​គាត់​ឲ្យ ឬ​មិន​ឲ្យ​ក៏​តាម​ចិត្ត​លោក​នាយ​ចុះ" ។

ឯ​នាយ​ដង្ខៅ ឮ​សត្វ​ទាំង​ពីរ​ជជែក​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នោះ ក៏​ឆ្លើយ​កាត់​ឡើង​ថា ការ​អស់​នេះ ជា​ទោស​ខុស​ធ្លាក់​មក​លើ​អញ​ជា​នាយ​វិញ​ចុះ ព្រោះ​អញ​មិន​បាន​មើល​កល មើល​ការ​ផ្ដាក់​ផ្ទុក​ផ្ដាំ​លា​ឲ្យ​បែង​បាយ​ថ្ងៃ ចែក​ឲ្យ​ឆ្កែ​គ្នា​ស៊ី​ផង អើ​ពី​ថ្ងៃ​នេះ​ទៅ​លា​ឯង​មើល ពេល​គួរ​ឲ្យ​ឆ្កែ​គ្នា​បាន​អាស្រ័យ​ផង​ចុះ" ថា​ហើយ​នាយ​ដង្ខៅ ក៏​រៀប​ប្រដាប់​លើក​ដាក់​លើ​តាង​លា​បរ​លា​ទៅ​កាន់​ស្រុក​នៃ​អាត្មា​ហោង ។

រឿង​នេះ បាន​គតិ​ដល់​បុគ្គល​អ្នក​នៅ​នឹង​នាយ​ចៅ​ហ្វាយ​ឬ​គ្រូ​អាចារ្យ ដែល​លោក​ឲ្យ​ខ្លួន​រក្សា​ទ្រព្យ​សម្បត្តិ គួរ​យក​គតិ​លា​ជា​ច្បាប់​នៃ​អាត្មា ទើប​បាន​ក្ដី​គាប់​ក្នុង​លោកិយ​នេះ​ហោង ។ ចប់​តម្រា​គតិ​អ្នក​រក្សា​ទ្រព្យ​នាយ​ទី ៣៣ ។