Jump to content

គតិលោក/ភាគទី៧/1

From Wikisource

​​

113158គតិលោក, ភាគទី១រឿងមេឆ្កែ នឹងខ្មោចអសុពឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿងមេឆ្កែ នឹងខ្មោចអសុព






និទាននេះមានដំណាលក្នុងក្បួនបារាំងសែសមានមេសុនខ ១ នាំកូនទៅស្វែងរកអាហារបរិភោគ លុះទៅដល់ព្រៃទីប៉ាឆាមួយ បានឃើញសាកសពខ្មោចកំពុងហើម គេចោលនៅទីប៉ាឆានោះ មេសុនខក៏នាំកូនចូលទៅ ទើបកូនសួរទៅមេថា « ម៉ែៗនេះគេហៅអ្វី?។ មេសុនខក៏ប្រាប់ថា « រូបនេះគឺខ្មោចមនុស្សណាកូន គេយកមកចោលនៅទីនេះ » ។ កូនឆ្កែឮមេប្រាប់ថាខ្មោចមនុស្សដូច្នោះ ក៏កើតចំណង់ចង់ស៊ីខ្មោចនោះ ទើបថា « ម៉ែ ខ្ញុំចង់ស៊ីភ្នែកវាជាមុន » ។ មេហាមថា « ភ្នែកជាកាឡកណ្ណីចង្រៃណាស់ នឹងស៊ីវាមិនបានទេណាកូន » ។ កូនឆ្កែសួរថា « ម្ដេចម៉ែឯងថាភ្នែកជាកាឡកណ្ណីចង្រៃដូច្នោះហៈ » ។ មេឆ្កែប្រាប់ថា « ភ្នែកនេះកាលវារស់នៅ វាតែងសម្លឹងសម្លក់មើលនូវរូបារម្មណ៍ផ្សេងៗ មានរូបស្រ្តីជាដើមភ្នែកនេះ កាលបើវាយល់រូបល្អ រូបគាប់ចិត្តហើយវានាំចិត្តឲ្យប្រាថ្នាលោភចង់បានរូបនោះៗ បើពុំបានវានាំចិត្តឲ្យសៅសោកក្ដៅក្រហាយ បណ្ដាលឲ្យហ៊ានធ្វើនូវអំពើបាបលាមក មានព្យាបាទជាដើម ហេតុនោះ ទើបថាភ្នែកនេះ ជាកាឡកណ្ណីចង្រៃក្រៃពេកណាស់ កូនឯងកុំស៊ីភ្នែកនោះឡើយ » ។ កូនឆ្កែបានស្ដាប់មេអធិប្បាយទោសភ្នែកដូច្នោះហើយ ទើបថា « បើដូច្នោះខ្ញុំនឹងស៊ីត្រចៀកវិញចុះ » ។ មេឆ្កែក៏ហាមថា « ត្រចៀកនេះក៏ជាកាឡកណ្ណីចង្រៃដូចគ្នា គឺកាលវារស់នៅនោះ វាចង់ស្ដាប់សព្ទសម្លេងទាំងឡាយ មានសម្លេងស្រ្តី តូរ្យតន្រ្តីជាដើម ត្រចៀកនេះវានាំកាយឲ្យត្រាច់ដើរ ស្ដាប់សព្ទសម្លេងទាំងពួង សម្លេងណាពីរោះវានាំចិត្តឲ្យសោមនស្សត្រេកអរ សម្លេងណារឹងគ្រាតមិនពីរោះ ឬឮសម្លេងអ្នកដែលជាសត្រូវនឹងខ្លួន វានាំចិត្តឲ្យទោមនស្សខាត់ខឹង ចង់អាឃាដព្យាបាទឡើងហេតុនោះទើបថា ត្រចៀកនេះ ជាអាយតនៈកាឡកណ្ណីចង្រៃក្នុងលោកនេះ មិនគួរកូននឹងវាឡើយ » ។ កូនឆ្កែថា « បើដូច្នោះខ្ញុំស៊ីច្រមុះវិញចុះ » ។ មេឆ្កែក៏ហាមថា « ច្រមុះក៏ជាកាឡកណ្ណីដូចគ្នា គឺកាលវារស់នៅនោះ វាចង់ថើប ចង់ស្រូបហិតក្លិនផ្សេងៗ ក្លិនឯណាក្រអូបវានាំចិត្តឲ្យប្រាថ្នា ក្លិនឯណាស្អុយឆ្អាបឆ្អេះវានាំចិត្តឲ្យក្ដៅក្រហាយណាយស្អប់ខ្ពើមឆ្អើម ហេតុនោះទើបថាច្រមុះនេះជាអាយតនៈកាឡកណ្ណី មិនគប្បីកូនចង់ស៊ីវាឡើយ»។ កូនឆ្កែក៏ថា « បើដូច្នោះ ខ្ញុំនឹងស៊ីមាត់ស៊ីអណ្ដាតវិញ ជាបានឬមិនបានណាម៉ែ ? ។ មេឆ្កែក៏ហាមទៀតថា « មាត់នឹងអណ្ដាតជាកាឡកណ្ណីចង្រៃលើសលែងឯទៀតៗ គឺមាត់នេះកាលនៅរស់នោះ វានិយាយមុសាកុហកគេ វាជេរពោលប្រទេចផ្ដាសាគេ វាញុះញង់ស្ដីបំបាក់បំបែកគេ វាស្ដីដើមពោលបង្កាច់បង្កិនគេជាដើមយ៉ាងនេះ ឯអណ្ដាតនោះសោតក៏ជាអាយតនៈពាល់ត្រូវតែរសជាតិមាហារ វាប្រាថ្នាតែវត្ថុឆ្ងាញ់ពីសា បើបានពាល់ត្រូវរសឆ្ងាញ់ពីសាកាលណាហើយ វានាំចិត្តឲ្យប្រាថ្នាចង់បានឡើងទៀត បើពាល់ត្រូវលើរសពុំឆ្ងាញ់ពីសាកាលណា វានាំចិត្តឲ្យក្ដៅក្រហល់ក្រហាយទៅផ្សេងៗ ហេតុនោះទើបថា មាត់អណ្ដាតនេះជាអាយតនៈកាឡកណ្ណី មិនគប្បីស៊ីវាឡើយ »។កូនឆ្កែថា « បើដូច្នោះ ខ្ញុំនឹងស៊ីដៃវិញយ៉ាងនេះ តើគួរឬម្ដេច ? ។ មេឆ្កែក៏ហាមវិញទៀតថា « ដៃក៏ស៊ីមិនបានដូចគ្នា ដៃនេះ កាលវារស់នៅនោះ វាតែងចាប់ដំបងព្រនង់គ្រឿងសស្រ្តាវុធ ប្រហារវាយចាក់កាប់សម្លាប់មនុស្ស ជួនណាវាឆក់យកទ្រព្យសម្បត្តិគេនានា នាំរូបវាឲ្យបានទុក្ខជាប់គុកជាប់តារាងខ្នោះឃ្នាងទៅផ្សេងៗ ហេតុនោះទើបថា ដៃនេះជាកាឡកណ្ណីចង្រៃលើសគេ មិនគួរនឹងបរិភោគវាឡើយ » ។ កូនឆ្កែថា « បើដូច្នោះខ្ញុំនឹងបរិភោគជើងវាវិញចុះ» ។ មេឆ្កែក៏ហាមទៀតថា « ជើងក៏ជាកាឡកណ្ណីដូចគ្នា កាលវារស់នៅ ជើងនោះសោត វានាំរូបដើរត្រាច់ចរទៅ លេងទៅមើលទៅស្ដាប់ ទៅលួច ទៅប្លន់គេ ជួនកាលវាដើរទៅជាន់លាមកជាន់បន្លា ជាន់លើកម្រាលអាសនៈព្រះភិក្ខុសង្ឃជាទីមិនគួរជាន់ ជួនណាវាដើរទៅជាន់ជើងចោរ នាំឲ្យគេដិតចិត្តសង្ស័យថាខ្លួនជាចោរជាអ្នកដើរយប់គប់ពាលសាមាន្យ បានក្ដីទុក្ខទោសក្នុងលោកិយ ហេតុនោះទើបថាជើងនេះជាមហាចង្រៃកាឡកណ្ណី មិនគួរគប្បីបរិភោគវាឡើយ »។ កូនឆ្កែថា « បើដូច្នោះខ្ញុំនឹងស៊ីពោះពុងវិញ » ។ មេឆ្កែហាមទៀតថា ពោះពុងនោះជាលំនៅនៃចិត្តៗ នោះហៅមនោៗ នេះជាអាយតនៈទទួលធម្មារម្មណ៍ នាំតាមគំនិតដែលគិតគឺគិតចង់បានទ្រព្យសម្បត្តិ ប្រាថ្នាយសសក្តិជាគ្រឿងលោកិយ តាមក្ដីវត្ថុកាម កិលេសកាម គិតចង់ឈ្នះគេ គិតឈ្នានីសគេ គិតលុបគុណគេ គិតមាក់ងាយគេ គិតព្យាបាទគេ គិតមាយាបិទទោសឯងសំដែងទោសគេ គិតសម្លឹងចង់បានទ្រព្យសម្បត្តិគេ គិតតែប្រយោជន៍ឯង មិនបែងប្រយោជន៍ដល់អ្នកដទៃផង ចិត្តគិតក្នុងការអកុសលយ៉ាងនេះ ទើបថាពោះពុងជាលំនៅនៃចិត្ត ពោះពុងនេះជាកាឡកណ្ណីចង្រៃក្រៃពេកណាស់ កូនឯងនឹងស៊ីវាពុំបាន ចូរខានទៅចុះកូន កុំស៊ីចំណីកាឡកណ្ណីនេះឡើយ » ។ កូនឆ្កែបានស្ដាប់មេអធិប្បាយ អំពីចំណីកាឡកណ្ណីដូច្នោះហើយ ក៏ជឿតាមពុំបានគិតចង់ស៊ីខ្មោចនោះតទៅទៀត ហើយនាំគ្នាវិលទៅកាន់លំនៅនៃអាត្មាវិញហោង ។ រឿងនេះ បានគតិដល់បុគ្គលអ្នកពិចារណាឲ្យឃើញថា អវយវៈតូចធំសម្រាប់រូបកាយនេះជាកាឡកណ្ណី កើតដោយក្ដីប្រមាទមិនឱហាតបង្ហាត់អវយវៈ ឲ្យដំកល់នៅក្នុងការស្វត្ថិមង្គល បុគ្គលអ្នករក្សាអវយវៈមិនឲ្យធ្លាក់ចុះជាកាឡកណ្ណីនោះ គឺកាន់ឥន្រ្ទីយសំវរសីល រក្សាទ្វារទាំង ៦ មានចក្ខុទ្វារជាដើម មិនឲ្យបាបធម៌ចូលទៅបៀតបៀនចិត្តខាងក្នុងបាន សង្រួមកាយមិនឲ្យបាបធម៌ចូលពាល់ត្រូវបាន ប្រដៅកាយឲ្យឆ្ងាយអំពីអកុសលកម្ម គឺកាយកម្ម ៣ វចីកម្ម ៤ មនោកម្ម ៣ ដែលហៅថាអកុសលកម្មបថទាំង ១០នោះឯង ឯសេចក្ដីសង្រួមទ្វារទាំង ៦ នឹងការតាំងនៅក្នុងកុសលកម្មបថ ១០ នោះ ក្នុងតំរានេះមិនបានសំដែងឲ្យពិស្ដារទេ មាននៅក្នុងកំរាគតិធម៌ឯណោះហើយ ចូរទៅមើលយកជាគតិចុះ ។ បុគ្គលរក្សាឥន្រ្ទីយ ៦ វៀរអកុសលកម្មបថ ១០ នោះ បានឈ្មោះហៅថាធ្វើអវយវៈឲ្យផុតចាកកាឡកណ្ណីចង្រៃ ដូចន័យដែលមេសុនខសំដែងប្រាប់កូនវានោះឯង អញ្ជើញអ្នកប្រាជ្ញគិតតទៅទៀតចុះ។


ចប់តម្រាអវយវៈកាឡកណ្ណីទី ៣៥ ។