គតិលោក/ភាគទី៤/4
និទានពីក្អែកគោកត្រាប់តាមក្អែកទឹក
មានក្អែកគោកមួយ អាស្រ័យនៅក្នុងដងព្រៃមួយអន្លើដោយក្អែកមេជាភរិយា ថ្ងៃមួយចៅបក្សាលានាងភរិយាចេញទៅរកអាហារ បរិភោគតាមដោយមាត់បឹង លុះទៅដល់បឹង ១ បានឃើញនូវហ្វូងក្អែកទឹកនឹងស្មោញទាំងឡាយ ហែលមុជចាប់ត្រីបរិភោគតាមដោយសភាពដូច្នោះ ក្អែកគោកនោះគិតថា ក្អែកទឹកអស់នេះ គេក៏ជាជាតិបក្សីដូចអញដែរ ហេតុអ្វីក៏គេមុជចាប់ត្រីអាស្រ័យបាន អញសោតជាក្អែកដូចគេដែរ គួរខ្មាសគេណាស់ បើដូច្នេះគួរតែចុះមុជចាប់ត្រីនឹងគេអាស្រ័យ កុំឲ្យអាពួកក្អែកទឹកនោះមើលងាយបាន គិតហើយ ក្អែកគោកក៏សម្លបស្លាបចុះមុជទឹកធ្វើអាការដូចក្អែកទឹក ខំប្រឹងមុជទៅប៉ះលើសារាយណែនណាន់ សារាយនោះក៏ព័ន្ធកក្អែកស្រោបកាយជិតជុំរុំព័ទ្ធប្រាណ ក្អែករើខ្លួនពុំបាន ក៏ឈ្លក់ទឹកដល់នូវមរណកាល កណ្ដាលគង្គាក្នុងគ្រានោះហោង ។ រឿងនិទាននេះ មានសេចក្ដីពិស្ដារនៅក្នុងកាកជាតក ឯណោះឯងស្ដាប់មើលចុះ រឿងក្អែកគោកនេះ តើឯងដាក់ទុកជាគតិដូចម្ដេច មានឧទាហរណ៍យ៉ាងណាចូរថាទៅមើល ។
កូនសិស្សអធិប្បាយថា ជាតិក្អែកទឹក ជាសត្វធ្លាប់ហែលធ្លាប់មុជទឹក តាមសន្ដានវា អាចដឹងកាលដឹងការស្វែងរកអាហារខាងជើងទឹក ប្រព្រឹត្តទៅបានឥតទាស់ឥតទាល់ តាមភាពធម្មតាវាជាសត្វមុជទឹកទើបវារកស៊ីតាមជើងទឹកឥតក្ដីអន្តរាយ ក៏ជាក្អែកគោកនោះជាសត្វធ្លាប់រកស៊ីតាមជើងគោក តាមភាពធម្មតាវាជាសត្វគោក ដល់ខ្លួនទៅរកស៊ីខាងជើងទឹកឯណាក៏បាន ព្រោះខ្លួនមិនធ្លាប់ នេះប្រៀបដូចមនុស្សយើងដែលកើតក្នុងវង្សអ្នកស្រែអ្នកចំការ ធ្លាប់ស្ទាត់ក្នុងការងារខាងជើងគោកហើយ ដល់ខ្លួនពុំចេះអក្សរពុំចេះលេខ ពុំចេះដឹងក្នុងក្បួនដើរទូកក្ដារឡើយ ហើយទៅឃើញគេរកស៊ីជួញប្រែដើរទូកថ្វែរ ទូកប៉ុកចាយ កើតនឿយណាយចោលការស្រែចំការដែលខ្លួនធ្លាប់ប្រព្រឹត្តនោះបង់ ទៅប្រកបការផ្លូវជួញប្រែ ដែលខ្លួនមិនធ្លាប់ប្រព្រឹត្តនោះវិញ ការអស់នោះឯណាឡើយនឹងសំរេចបានព្រោះខ្លួនមិនធ្លាប់ ។
តែខំប្រព្រឹត្តទៅក៏គង់ជាប់សារាយដូចក្អែកគោកនោះឯង គួរគិតមើលទៅទៀតចុះ ។
ចប់តម្រារកស៊ីខុសទី ២ ។