គតិលោក/ភាគទី៤/5
និទានពីសត្វចតុប្បាទ ៣ ចចក ១ ស្វាន ១ ឆ្កែព្រៃ ១
មានសត្វចតុប្បាទ ៣ តួ គឺ ចចក ១ ស្វាន ១ ឆ្កែព្រៃ ១ ។ ថ្ងៃមួយសត្វទាំង ៣ ដើរទៅជាមួយគ្នាគ្រាកាល នោះមានសត្វសឹង្ហតោ ១ នៅដើមផ្លូវ បានឃើញសត្វទាំង ៣ មកដល់សំណាក់នៃខ្លួន ទើបហៅទៅថា ហៃចៅទាំង ៣ ទៅណាមកណា ចូរចូលមកនេះសិន ។
ឯសត្វទាំង ៣ បានឮសឹង្ហតោ ហៅចូលដូច្នោះ ក៏ខ្លាចពុំហ៊ានប្រកែកទើបនាំគ្នាចូលទៅកាន់សំណាក់នៃសឹង្ហតោ ដល់ហើយក៏ឱនកាយគំនាប់សឹង្ហតោតាមធម្មតាខ្លួនជាសត្វទាប ទើបសឹង្ហតោសួរទៅថា « អើអ្នកឯងរកស៊ីចិញ្ចឹមជីវិតសព្វថ្ងៃនោះ តើជាបានប្រកបដោយអាហារបរិបូណ៌ ឬអត្តខាត់ណាស់ទៅ ? ។
ឯសត្វទាំង ៣ ក៏ឆ្លើយថា « សូមទានយើងខ្ញុំរកទទួលទានចិញ្ចឹមជីវិតសព្វថ្ងៃនេះ បានដោយក្រ ចួនណាចាប់សត្វជាអាហារបាន ក៏បានបរិភោគឆ្អែតទៅចួនណារកពុំបានក៏អត់ទៅ ក្ដីចិញ្ចឹមជីវិតយើងខ្ញុំនេះពុំមានកំណត់ មានអត់ខ្លះឆ្អែតខ្លះ តាមកាលម្ដងៗ » ។ សិង្ហតោក៏និយាយថា « អ្នកឯងរកស៊ីដោយសភាពលំពាំងខ្លួនឯងម្នាក់ៗយ៉ាងនេះ បានជារកអាហារបានដោយក្រ បើប្រសិនជាអ្នកឯងចូលហ៊ុននឹងយើង គឺរកស៊ីកុំប៉ាញីចូលគ្នាជាហ៊ុនមួយ អ្នកឯងទាំង ៣ ទៅលើកសត្វដេញសត្វកៀងវាឲ្យវាមកតម្រង់មុខយើងៗ ជាសត្វមានអំណាចអាចចាប់ម្រឹគនោះបាន ហើយយើងបែងចែកជាភាគ ៤ បានដល់គ្នាទាំង ៤ អាស្រ័យយ៉ាងនេះ យល់ជាងាយសប្បាយក្នុងការរកស៊ីចិញ្ចឹមជីវិតនោះ» ។ ឯសត្វទាំង ៣ បានឮពាក្យសឹង្ហតោបបួលឲ្យចូលហ៊ុនដូច្នោះ ក៏ត្រេកអរគាប់ចិត្ត ទើបតបទៅថា « សូមទានបើព្រះតេជព្រះគុណ ប្រោសឲ្យយើងខ្ញុំចូលហ៊ុនផងនោះ ជាការងាយសប្បាយក្នុងផ្លូវរកទទួលទានពិតមែន បើដូច្នេះ អញ្ជើញព្រះតេជ ព្រះគុណនៅចាំទីត្រង់នេះចុះ យើងខ្ញុំ ៣ តួនឹងទៅដេញម្រឹគកៀងវាឲ្យវាបោលរត់មក ត្រង់មុខព្រះតេជព្រះគុណនៅទីនេះ » , ថាហើយសត្វទាំង ៣ក៏នាំគ្នាលាសឹង្ហតោចេញទៅដល់ទីព្រៃ ១ ក៏បានឃើញមេក្ដាន់ ១ កំពុងស៊ីស្មៅ ទើបនាំគ្នាដេញកៀងពីខាងក្រោយ មេក្ដាន់នោះក៏ភិតភ័យបោលផ្លោះទៅត្រង់ ទីដែលសិង្ហតោនៅចាំនោះឯង ឯសត្វទាំង ៣ ក៏ស្រែកប្រាប់ទៅសិង្ហតោនោះថា មេក្ដាន់ដល់ទីហើយ ព្រះតេជព្រះគុណអើយប្រុងចាប់វាឲ្យបាន ។
ឯសិង្ហតោបានឮដូច្នោះ ក៏ក្រាបចាំនៅ លុះមេក្ដាន់មកដល់ជិត ក៏ស្ទុះទៅចាប់បានហើយ ប្រហារមេក្ដាន់នោះដល់នូវមរណកាល ហើយកាត់ជាភាគ ៤ ដាក់នៅទី ១ ទើបហៅសត្វទាំង ៣ ឲ្យចូលមកយកចំណែកតាមសញ្ញា ។
ឯសត្វទាំង ៣ មានសេចក្ដីត្រេកអរ ដោយសមក្ដីប្រាថ្នា ទើបនាំគ្នាចូលទៅកាន់សំណាក់សិង្ហតោជាមេចំណែក ។
ឯសិង្ហតោនោះ កាលនឹងចែកសោត ក៏សួរទៅកាន់សត្វទាំង ៣ នោះថា « អើអ្នកទាំង ៣, ធម្មតាសត្វចតុប្បាទក្នុងលោកិយនេះ តើសត្វឯណា ជាស្ដេចលើសត្វទាំងពួង ? ។ សត្វទាំង ៣ ក៏ជំរាបថា « សូមទានសត្វចតុប្បាទក្នុងលោកនេះ គឺបុរាណលោកសន្មតសត្វសិង្ហ គឺព្រះតេជព្រះគុណនេះហើយ ថាជាស្ដេចជាឥសូរកំពូលលើពួកសត្វចតុប្បាទទាំងពួង » , អើបើអ្នកឯងថាយើងនេះជាស្ដេចពិតដូច្នោះ នោះត្រូវបានភាគ ១ ថាហើយសិង្ហតោទាញយកភាគ ១ ដាក់ទៅខាងខ្លួន ហើយសួរទៀតថា « អើអ្នកទាំង ៣ , សត្វក្នុងលោកិយដែលមានឈ្មោះថាសិង្ហតោៗនេះ តើមានសត្វឯណាឈ្មោះស្របយ៉ាងយើងនេះខ្លះ ? ។ « សូមទាន ពុំមានសត្វឯណាឈ្មោះត្រូវត្រង់នាម ព្រះតេជព្រះគុណនេះទេទាន » ។
« អើបើដូច្នោះ យើងឈ្មោះសិង្ហតោនេះ ត្រូវបានភាគ ១ » ថាហើយក៏ទាញយកភាគ១ ដាក់ទៅខាងខ្លួន ហើយសួរទៅម្ដងទៀតថា « សក្ដានុភាព កំឡាំងឫទ្ធិតេជះ មានសត្វពួកណា អាចហ៊ានស្មើនឹងយើងនេះដែរហៈ»។ « សូមទាន ពុំមានទេ មានតែព្រះតេជព្រះគុណនេះហើយ ជាសត្វមានសក្ដានុភាពលើសលែងសត្វពួកចតុប្បាទក្នុងលោកិយនេះឯង » ។ « អើបើដូច្នោះ សក្ដានុភាពយើងនេះ ត្រូវបានភាគ ខ » , ថាហើយក៏ទាញយកភាគទី ៣ នោះដាក់ទៅខាងខ្លួនហើយថាភាគទី ៤ ដែលសល់នេះ ត្រូវបានដល់អ្នកឯងទាំង ៣ តួហើយ តែយើងតម្កល់ទុកនៅខាងមាត់ ឬ ក្រញាំជើងយើង អ្នកឯងនាំគ្នាចូលមកយកទៅអាស្រ័យចុះ ។
ឯសត្វទាំង ៣ កាលបើឮសិង្ហតោ ពោលចែកភាគមិនយុត្តិធម៌ដូច្នោះ ក៏ទោមនស្សតូចចិត្តទីទៃៗពុំបាន ចូលទៅយកចំណែក១ ដែលត្រូវបានខ្លួននោះឡើយ ព្រោះខ្លាចក្រញាំជើងនឹងចង្កូមសិង្ហតោនោះ ទើបនាំគ្នាក្រោកដើរ ចេញទៅកាន់លំនៅនៃអាត្មាទីទៃៗ បានសេចក្ដីក្ដៅចិត្ត ដោយបង់កំឡាំងបង់ព្យាយាមដែលខ្លួនទៅដេញសត្វមកឲ្យគេ បានហើយពុំបានចំណែកនោះឯង ។ រឿងនិទាននេះ ឯងស្ដាប់យកជាគតិដូចម្ដេច ចូរប្រៀបប្រាយទៅមើល ។
កូនសិស្សតបថា រឿងនិទាននេះ បានសេចក្ដីប្រៀបដូចមនុស្សអ្នកក្រីក្រលំបាកគ្មានដើមទុន ហើយទៅចូលរកស៊ីធ្វើការចូលហ៊ុន នឹងលោកអ្នកមានទ្រព្យសម្បត្តិ មានយសស័ក្តិជាធំ ជាមនុស្សអធម៌ ឥតក្ដីអៀនខ្មាសបាបខ្លាចបាប ប្រព្រឹត្តយកតែប្រយោជន៍ឯង មិនអាណិតដល់គ្នាជាអ្នកតូចទាបនោះឡើយ សំដែងយកអំណាច មកកោងសង្កត់អ្នកតូចដូចសត្វសិង្ហតោកោងសង្កត់សត្វ ៣ តួនោះឯង ។
អ្នកតូចណាទៅរកស៊ីជាមួយនឹងអ្នកធំជាមនុស្សអធម៌យ៉ាងសត្វសិង្ហតោនោះហើយ ក៏នឹងបានក្ដីក្ដៅចិត្តជាខាងក្រោយ ដូចសត្វស្វានចចកឆ្កែព្រៃនោះ ឯងមិនលែងឡើយ ។ សិង្ហអឺយសិង្ហតោ ជាមហាលោភា ឥតក្ដីការុណ្យ លោភយកតែឯង មិនបែងភាគហ៊ុន អាងខ្លួនមានបុណ្យ រំលោភបំពាន ។ អ្នកទាបឥតទុន យកខ្លួនចូលហ៊ុន ផងនឹងអ្នកមាន ខំស៊ូតត្រុក ខំរុកខំរាន ដល់បានគេគ្មាន ចែកហ៊ុនឡើយណា ។ សិង្ហតោចែកបែង គេមួយបីឯង នៅក្លែងឥច្ឆា ឲ្យហើយតែទុក នៅមុខអាត្មា សត្វណានឹងក្លា ចូលយកភាគបាន ។
ចប់តម្រារកស៊ីខុសទី ៣ ។