Jump to content

គតិលោក/ភាគទី៤/3

From Wikisource
113172គតិលោក, ភាគទី៤បកិណ្ណកគតិ និង និទាន​ពី​សត្វ​រៃ​កម្ជិល ១ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


បកិណ្ណកគតិ និង និទាន​ពី​សត្វ​រៃ​កម្ជិល ១




គ្រា​នេះ​នឹង​សំដែង​គតិរាយ ហៅ​ថា បកិណ្ណកគតិ​តទៅ កូន​សិស្ស​តប​គ្រូ​វិញ​ថា សូម​ទាន តម្រា​មនុស្ស​ឆោត​ខ្លៅ​នេះ លោក​គ្រូ​បាន​អធិប្បាយ​បរិយាយ​នា​រូប​បុគ្គល​ប្រៀប​ជា​ឧទាហរណ៍​មក​សំដែង​នេះ ខ្ញុំ​ព្រះករុណា​ស្ដាប់​បាន​ហើយ តែ​ត​អំពី​នេះ​សូម​ឲ្យ​លោកគ្រូ​សំដែង​រឿង​ប្រៀប​ជា​និទាន​ៗ ដល់​ចប់​និទាន​មួយ​ៗ លោកគ្រូ​កុំ​ចាំ​បាច់​អធិប្បាយ​ប្រាយ​ប្រៀប​ទៀត​ឡើយ ទុក​ឱកាស​ឲ្យ​ខ្ញុំ​ព្រះករុណា​នឹង​ប្រាយ​ប្រៀប​ដោយ​បញ្ញា​ខ្លួន​ខ្ញុំ​ព្រះករុណា​វិញ គ្រូ​ទទួល​ពាក្យ​នាំ​ឧទាហរណ៍​ជា​បកិណ្ណក​និទាន​តទៅ ។

និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំងសែស មាន​សត្វ​រៃ​មួយ​ជា​សត្វ​ខ្ជិល ដល់​រដូវ​កាល​ខែ​ពិសាខ ជេស្ឋ អាសាធ ជា​វស្សាន​រដូវ​ក៏​ហើរ​ច្រៀង​លេង​តាម​អំពើ​ចិត្ត​ខ្លួន ពុំ​គួរ​ខ្វល់ខ្វាយ​នឹង​រក​ស្បៀង​អាហារ​ទុក​ដាក់​សំរាប់​ខ្លួន។ មាន​សត្វ​ប្រមោច​មួយ​ពួក​ជា​សត្វ ឧស្សាហ៍​ពាំ​នាំ​ស្រូវ​អង្ករ​ទុក​ដាក់​ក្នុង​សំបុក​ខ្លួន គិត​ក្រែង​ក្ដី​ក្រ​ទៅ​មុខ ។

លុះ​ដល់​រដូវ​ភ្លៀង​ឱរ​ជោក​ជាំ​មក សត្វ​រៃ​នោះ​រក​អាហារ​បរិភោគ​គ្មាន កើត​ក្ដី​ឃ្លាន​ចំណី​ក្រៃ​ពេក​ទើប​ហើរ​ទៅ​ខ្ចី​អង្ករ​ស្រមោច​ថា សំឡាញ់​អើយ​សំឡាញ់​ខ្លួន​អញ​នេះ​ពុំ​មាន​អ្វី​អាស្រ័យ​ឡើយ ព្រោះ​ខែ​នេះ​ភ្លៀង​ឱរ​ជោក​ជាំ​ណាស់ នឹង​ចេញ​ស្វែង​រក​អាហារ​ពុំ​បាន យើង​មក​នេះ​ប្រាថ្នា​នឹង​សូម​ខ្ចី​អង្ករ​សំឡាញ់​អាស្រ័យ​សិន ទំរាំ​ដល់​ខែ​ប្រាំង​រាំង​រឹះ​កាលណា​នឹង​រក​សង​សំឡាញ់​ឯង​វិញ ចូរ​សំឡាញ់​មេត្តា​អាណិត​ជួយ​យើង​ឲ្យ​ផុត​អំពី​ក្ដី​ក្រ​ម្ដង​នេះ​ចុះ សំឡាញ់ ។

ឯ​ស្រមោច​កាល​បាន​ឮ​រៃ​ស្រដី​អង្វរ​សូម​ខ្ចី​ស្បៀង​ដូច្នោះ ក៏​តប​សួរ​ទៅ​ថា « អើ​រៃ, កាល​អំពី​ដើម​ឆ្នាំ​ខែ​ប្រាំង​រាំង​រឹះ​នោះ តើ​ហេតុម្ដេច​អ្នក​ឯង​មិន​ស្វែង​រក​អាហារ​ទុក​ដាក់​សម្រាប់​ខ្លួន អ្នក​ឯង​មាន​រវល់​កង្វល់​ដោយ​ការ​អ្វី ?។

រៃ​តប​ថា « សំឡាញ់​អើយ ! យើង​នេះ​ពុំ​មាន​កិច្ច​ការ​អ្វី​ទេ រវល់​តែ​នឹង​ហើរ​ទំ​ដោយ​ឈើ​ព្រៃ ស្រែក​ច្រៀង​លេង​តាម​អំពើ​ចិត្ត​ប៉ុណ្ណេះ​ឯង បាន​ជា​ពុំ​បាន​រក​ស្បៀង​ទុក​នោះ » ។ ស្រមោច​ថា « អើ, ពី​ដើម​អ្នក​ឯង​ធ្លាប់​ច្រៀង​យ៉ាង​ណា ឥឡូវ​នេះ​ចូរ​អ្នក​ឯង​រក​ទំនុក​ច្រៀង​លេង​ទៅ​ទៀត​ទៅ វិស័យ​អ្នក​លេង​ច្រៀង​រាំ​ហើយ ត្រូវ​តែ​យើង​ច្រៀង​រាំ​ទៅ​កុំ​ឈប់ ល្បែង​ច្រៀង​រាំ​នេះ ជា​ប្រយោជន៍​ចិញ្ចឹម​ជីវិត​របស់​អ្នក​ហើយ អញ្ជើញ​ច្រៀង​ទៅ​ទៀត​មើល ខ្ញុំ​ឯង​នឹង​ស្ដាប់​ផង » ។

ឯ​រៃ​ក៏​ឆ្លើយ​ថា « ឱ​សំឡាញ់​អើយ គ្នា​អត់​បាយ​ស្ទើរ​តែ​ដាច់​ពោះ​ស្លាប់​ហើយ តើ​នឹង​ទៅ​ច្រៀង​រាំ​ឯណា​ក៏​បាន ចូរ​សំឡាញ់​បែងចែក​អង្ករ ឲ្យ​ខ្ចី​បាន​អាស្រ័យ​ខ្លះ​ទៅ​អេះ » ។ ស្រមោច​តប​ថា « អង្ករ​ស្រូវ​របស់​យើង​ក៏​មាន​ខ្លះ​ដែរ តែ​យើង​ទុក​ល្មម​តែ​កូន​ចៅ​ញាតិ​ផៅ​របស់​យើង​ជា​ជាតិ​ដូចគ្នា នឹង​បាន​មាន​ច្រើន​អាច​ផ្សាយ​ដល់​អ្នក​ឯង​ផង​នេះ​ពុំ​បាន​ទេ អ្នក​ឯង​ទៅ​រក​ខ្ចី​គេ​ឯង​ទៀត​ទៅ » ។

ឯ​រៃ​បាន​ឮ​ស្រមោច​ពោល​កាត់​ដូច្នោះ ក៏​ទាល់​បញ្ញា ទើប​ហើរ​ចេញ​ចាក​ទីនោះ​ឆ្ពោះ​ទៅ​កាន់​លំនៅ​នៃ​អាត្មា បាន​ក្ដី​វេទនា​ដោយ​អត់​អាហារ​រក​បាន​ដោយ​កម្រ ខំ​ត្រដរ​អត់​ឃ្លាន​តាម​និស្ស័យ​ទៅ​ហោង ។

រឿង​នេះ​ឯង​ស្ដាប់​មើល​ចុះ តើ​ចុះ​ប្រៀប​ដោយ​គតិ​យ៉ាង​ណា ឯង​ថា​ទៅ​ចុះ ។

សិស្ស​តប​ថា សូម​ទាន និទាន​រឿង​នេះ បាន​ដល់​មនុស្ស​ខ្ជឹល​ប្រកប​ការ​រកស៊ី​នឹង​គេ គឺ​ដល់​រដូវ​កាល​គេ​ធ្វើ​ស្រែ​ចំការ ខ្លួន​មិន​ធ្វើ​នឹង​គេ​ក៏​ផុត​កាល​រដូវ​នោះ​ទៅ ម្ល៉ោះ​ហើយ​ក្ដី​ក្រ ក្ដី​លំបាក ក៏​កើត​មាន​ដល់​មនុស្ស​នោះ​ឯង ព្រោះ​អំណាច​ល្បែង​លេង​មិន​គិត​រក​ស៊ី​ធ្វើ​ការ នឹង​ទៅ​រក​ខ្ចី​បុល​គេ​ស៊ី នរណា​ឡើយ​នឹង​ឲ្យ​បាន គេ​ក៏​បំរុង​រូប​គេ​ដែរ ខ្លួន​ក៏​តោង​ទ្រាំ​វេទនា​ទៅ​តាម​យថាកម្ម ដូច​យ៉ាង​សត្វ​រៃ​រក​ខ្ចី​អង្ករ​ស្រមោច​ៗ​ពុំ​បាន​ឲ្យ​ខ្ចី​ដូច្នោះ​ហោង ។


ចប់​តម្រា​ខ្ជឹល​ទី ១ ។