Jump to content

គតិលោក/ភាគទី៤/2

From Wikisource
113168គតិលោក, ភាគទី៤និទាន​ពី​យាយ​ចាស់​ល្មោភ​កាម​គុណឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


និទាន​ពី​យាយ​ចាស់​ល្មោភ​កាម​គុណ




ឯ​ខាង​មនុស្ស​ស្រី​ចាស់​ចើក​វិញ​នោះ បាន​ដូច​រឿង​យាយ​ចាស់​ម្នាក់​ឈ្មោះ សំ នៅ​ស្រុក​ព្រះ​តំបង យាយ​នោះ​អាយុ ៧០ ប្លាយ រូប​ជរា គឺ​ធ្មេញ​បាក់​អស់ សក់​ស្កូវ ខ្នង​កោង ដើរ​កាន់​ឈើ​ច្រត់ ។ កាលណោះ មាន​បុរស​ម្នាក់​ឈ្មោះ​ចៅ​ម៉ៅ​ទៅ​សុំ​យាយ​សំ​ជា​ម្ដាយ​ធម៌ យាយ​សំ​ក៏​ស្រឡាញ់​ចៅ​ម៉ៅ​ជា​កូន​ធម៌ លុះ​នៅ​យូរ​មក យាយ​សំ​កើត​ភ្លើង​កាម​រាគ​រោល​ខ្លាំង តាំង​ស្រឡាញ់​ចៅ​ម៉ៅ​ដោយ​ការ​ផ្លូវ​លោកិយ ស៊ូ​ផ្គាប់​ផ្គុន​ចៅ​ម៉ៅ សំដែង​មាយា​ស្រ្តី​ញ៉ាំង​ចៅ​ម៉ៅ​ឲ្យ​ត្រេក​ក្នុង​ការ​លោកិយ​ផ្សេង​ៗ ឯ​ចៅ​ម៉ៅ​ដឹង​ខ្លួន​ក៏​រត់​ចោល​យាយ​សំ​ៗ ក៏​ស៊ូ​ដើរ​តាម​រក​ចៅ​ម៉ៅ ដូច​និទាន​រឿង​នាង​មេរី​ដើរ​តាម​រក​ព្រះនាគសែន នោះ​ឯង ។

ឯ​កាម​រាគ​១ នេះ​មែន បើ​មាន​នៅ​លើ​រូប​យាយ​ចាស់​ឯណា​ហើយ ក៏​អាច​ធ្វើ​អោយ​យាយ​ចាស់​នោះ​វង្វេង​បាត់ ក្ដី​អៀនខ្មាស​កូន​ចៅ​ខ្លួន​នឹង​អ្នក​ដទៃ​នា​នា អាច​កាត់​ក្ដី​ស្រឡាញ់​កូន​ចៅ​បាន ហើយ​ទទួល​ពាក្យ​បញ្ជោរ​អ្នក​ដទៃ​គឺ​គាប់​ចិត្ត​នឹង​ពាក្យ​ហៅ​នាង​ឬ​អ្នក បើ​នរណា​ហៅ​យាយ​យ៉ាង​នេះ​ពុំ​គាប់​ចិត្ត​ឡើយ មួយ​ទៀត​បើ​សក់​ក្បាល​ស្កូវ ក៏​កែ​រក​ក្រមួន​ឬ​ប្រេង​លាយ​ខ្មុក​ឲ្យ​បាន​សក់​ខ្មៅ​មួយ​គ្រា​ៗ ឬ​រួច​ដល់​ជរា​ខ្នង​កោង ក៏​ខំ​ដើរ​អើត​ដើរ​ងើត ចោល​ឈើ​ច្រត់​មិន​ចាំ កាន់​ក៏​បាន​មួយ​ទៀត កាម​រាគ​នេះ​មាន​កម្លាំង​អាច​កាត់​កូន​ចៅ​ក៏​បាន អាច​ហ៊ាន​សម្លាប់​កូន​ចៅ​ខ្លួន​បាន ដូច​និទាន​យាយ​ព្រហ្មណី​ជា​មាតា​នៃ​ពោធិសត្វ​នោះ​ឯង រឿង​នោះ​មាន​សេចក្ដី​ថា កាលណោះ ព្រះ​ពោធិសត្វ​ទៅ​កើត​ជា​កូន​នាង​ព្រាហ្មណី បិតា​ដល់​នូវ​មរណកាល ពោធិសត្វ​ចំរើន​ធំ​ឡើង បាន​រៀន​ចេះ​ដឹង​ក្បួន​ត្រៃ​ភេទ​ចប់ ឡើង​ទី​ជា​អាចារ្យ​ទិសាបាមោក្ខ មាន​កូន​សិស្ស​ទៅ​រៀន​វិជ្ជា​នោះ​ជា​ច្រើន ឯ​មាតា​នៃ​ពោធិសត្វ​នោះ​ចំរើន​អាយុ​ដល់ ៨០ ប្លាយ រូប​កាយ​ក៏​ទុព្វលភាព​ចាស់​ជរា សាច់​ស្វិត​យុរយារ នេត្រា​មើល​យល់​ព្រឹល​ៗ គ្រា​កាល​នោះ​មាន​មាណព​កំឡោះ​ម្នាក់​មាន​រូប​សោភា ចូល​ទៅ​សូម​រៀន​វិជ្ជា​សិល្បសាស្រ្ត​នឹង​បរម​ពោធិសត្វ​ៗ បាន​បង្ហាត់​បង្រៀន​វិជ្ជា​អស់ ៣ ឆ្នាំ ចៅ​មាណព​នោះ​រៀន​ចេះ​ចប់​ហើយ ក៏​លា​ពោធិសត្វ​ជា​គ្រូ​វវិល​ទៅ​ស្រុក​អាត្មា ដល់​ហើយ​ក៏​សំដែង​វិជ្ជា​នោះ​ប្រាប់​មាតា​បិតា​របស់​ខ្លួន​សព្វ​ប្រការ ឯ​មាតា​នៃ​ចៅ​មាណព​នោះ​សួរ​ថា សិល្បសាស្រ្ត​ទាំងពួង​នេះ ចៅ​រៀន​ចប់​ហើយ ចុះ​ឯ​វិជ្ជា​មាយា​ស្រ្តី​នោះ​តើ កូន​ឯង​រៀន​ចេះ​ខ្លះ​ហើយ​ឬ ? ។

ចៅ​មាណព​ជំរាប​ម្ដាយ​ថា នៅ​ពុំ​ទាន់​បាន​រៀន​ទេ » ទើប​មាតា​បញ្ជូន​មាណព​នោះ ឲ្យ​វិល​ទៅ​រៀន​វិជ្ជា​មាយា​ស្រ្តី​នឹង​ពោធិសត្វ​វិញ ចៅ​មាណព​ក៏​ចូល​ទៅ​កាន់​សំណាក់​ពោធិសត្វ និយាយ​សូម​រៀន​វិជ្ជា​មាយា​ស្រ្តី ឯ​ពោធិសត្វ​ក៏​ប្រាប់​ថា វិជ្ជា​មាយា​ស្រ្តី​នោះ​គឺ​មាតា​យើង​គាត់​ចេះ បើ​ច្នេះ​ចៅ​ឯង​ចូល​ទៅ​រៀន​ត​ពី​មាតា​យើង​ឯ​ក្នុង​ផ្ទះ​ចុះ ។ ចៅ​មាណព​ក៏​ចូល​ទៅ​ប្រតិបត្តិ​យាយ​ចាស់ សូម​រៀន​មាយា​ស្រ្តី​តាម​ក្ដី​ប្រាថ្នា ឯ​មាតា​ពោធិសត្វ​បាន​ឃើញ​ចៅ​មាណព​រូប​ល្អ​មក​ប្រតិបត្តិ​ខ្លួន ក៏​កើត​ភ្លើង​កាម​រាគ​រោល​ប្រាណ មាន​ចិត្ត​ស្នេហា​ស្រឡាញ់​ចៅ​មាណព​ប្រារព្ធ​ចង់​បាន​ជា​ប្ដី ទើប​និយាយ​ប្រស្រ័យ​លួងលោម​ដោយ​ផ្លូវ​លោកិយ ប្រើ​កិរិយា​ស្រ្តី​នោះ​ផ្សេង​ៗ ហើយ​ថា​ខ្ញុំ​ឯង​ស្រឡាញ់​អ្នក​ឯង​ណាស់ ចូរ​អ្នក​ឯង​ទទួល​ផ្លូវ​មេត្រី​ជា​ប្ដី​ខ្ញុំ​នេះ​ចុះ ។

ឯ​ចៅមាណព​នោះ​ក៏​ឆ្លើយ​ថា ការ​នេះ​ខ្ញុំ​បាទ​ពុំ​ហ៊ាន​ទេ ព្រោះ​លោកគ្រូ​ជា​កូន​លោក​យាយ លោក​ក៏​ជា​អាចារ្យ​លើ​ខ្ញុំ​ៗ តែង​គោរព​ប្រតិបត្តិ​លោក ដូច​លោក​យាយ​ឃើញ​ស្រាប់ ពុំ​គួរ​ខ្ញុំ​បាទ​ជា​សិស្ស​ទៅ​ប្រព្រឹត្ត​កន្លង​យ៉ាង​នេះ​សោះ យាយ​ចាស់​នោះ​ក៏​តប​វិញ​ថា ការ​នោះ​មិន​អី​ទេ លែង​តែ​អ្នក​ឯង​ព្រម​ចិត្ត ព្រម​គំនិត​នឹង​យើង​នេះ​ចុះ ឯ​ត្រង់​រូប​កូន​យើង​នេះ យើង​នឹង​គិត​សម្លាប់​បង់ កុំ​ឲ្យ​មាន​ក្ដី​រង្កៀស​ដល់​អ្នក​ឯង​ឡើយ ។

ចៅ​មាណព​ក៏​ឆ្លើយ​ថា បើ​លោក​យាយ​ហ៊ាន​សម្លាប់​កូន​ដូច្នោះ ខ្ញុំ​បាទ​ក៏​ព្រម​តាម ថា​ហើយ​ចៅ​មាណព​ក៏​ស្ទុះ​ចេញ​មក​ខាង​ក្រៅ ហើយ​នាំ​ពាក្យ​នោះ​ទៅ​ជំរាប​ពោធិសត្វ​ៗ ក៏​និយាយ​ថា បើ​មាតា​យើង​គាត់​គិត​សម្លាប់​យើង​ដូច្នោះ ចូរ​បា​ឯង​ទៅ​សួរ​គាត់​វិញ​ថា គាត់​ប្រារព្ធ​នឹង​សម្លាប់​នោះ តើ​សម្លាប់​ក្នុង​ថ្ងៃ​ណា ក្នុង​ពេល​ណា សម្លាប់​ដោយ​ឧបាយ​ដូចម្ដេច ។ ឯ​ចៅ​មាណព​ទទួល​ពាក្យ​ពោធិសត្វ​ហើយ ក៏​ចូល​ក្នុង​ផ្ទះ និយាយ​សាក​សួរ​យាយ​នោះ តាម​ពាក្យ​នៃ​ពោធិសត្វ​គ្រប់​ប្រការ ឯ​យាយ​ចាស់​ក៏​ប្រាប់​ថា យើង​នឹង​សម្លាប់​កូន​យើង​ក្នុង​វេលា​រាត្រី​យប់​នេះ គឺ​យើង​ចាំ​មើល​កូន​យើង​ដេក​លក់​កាលណា យើង​នឹង​កាន់​ដាវ​ដ៏​មុត លប​ចូល​ទៅ​ប្រហារ​ឲ្យ​ដាច់​ក​មួយ​រំពេច​ក្នុង​ក្នុង​កាល​នោះ ការ​អស់​នេះ ចូរ​អ្នក​ឯង​កុំ​និយាយ​ចេញ​ទៅ​ឲ្យ​អ្នក​ដទៃ​ក្រៅ​គេ​ដឹង​ឮ​ឡើយ មែន​ណា បើ​ការ​យើង​ពីរ​នាក់​នឹង​បាន​នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​តទៅ ។

ឯ​ចៅ​មាណព​ក៏​ធ្វើ​ជា​ទទួល​ពាក្យ​ហើយ ក៏​ក្រោក​ដើរ​ចេញ​មក​ខាង​ក្រៅ នា​សេចក្ដី​នោះ​ទៅ​ប្រាប់​ពោធិសត្វ​ជា​គ្រូ​សព្វ​ប្រការ ។

ពោធិសត្វ​បាន​ស្ដាប់​ហើយ ក៏​កំណត់​ទុក​ក្នុង​ចិត្ត លុះ​ដល់​វេលា​រាត្រី​ទើប​កាត់​ដើម​ចេក​មួយ​កំណាត់ ប្រមាណ ៤ ហត្ថ នាំ​យក​ទៅ​ដាក់​ផ្ដេក​នៅ​ទី​ដំណេក​អាត្មា ហើយ​យក​សំពត់​គ្រប​ពី​ខាង​លើ ដើម​ចេក​នោះ​ធ្វើ​អាការ​ដូច​ជា​មនុស្ស​ដេក​លក់ ស្រេច​ហើយ​ពោធិសត្វ​នាំ​ចៅ​មាណព​ជា​កូន​សិស្ស​នៅ​រង់​ចាំ​មើល កិរិយា​នៃ​មាតា​នោះ ។

ឯ​យាយ​ចាស់​នោះ លុះ​ដល់​យប់​ស្ងាត់​ក៏​រៀប​អាត្មា​កាន់​ដាវ​ដើរ​លប​ចូល​ទៅ​ក្នុង​ដំណេក ​នៃ​ពោធិសត្វ ដល់​ហើយ​លូក​ដៃ​ស្ទាប​ទៅ​ប៉ះ​លើ​សំពត់​ដណ្ដប់ ក៏​កំណត់​ថា នេះ​ខាង​ក្បាល នេះ​ខាង​ជើង​យាយ​ចាស់​ក៏​លើក​ដាវ​ងា​ឡើង​នឹង​កាប់ ដោយ​គិត​ថា​ប្រហារ​តែ​ម្ដង​ឲ្យ​ដាច់​ក​ក្នុង​កាល​នោះ យាយ​ចាស់​ប្រឹង​លើក​ដាវ​ហើយ​ប្រហារ​ចុះ ដោយ​កម្លាំង​ប្រឹង​នោះ​ខ្លាំង និមិត្រ​តែ​ដាវ​ធ្លាក់​ដល់​ដើម​ចេក​កាលណា យាយ​ចាស់​ក៏​ដួល​ចុះ​ដាច់​ខ្យល់​ដល់​មរណកាល ក្នុង​កាល​នោះ​ឯង ។

ពោធិសត្វ​នឹង​ចៅ​មាណព លប​មើល​កិរិយា​ដឹង​ថា យាយ​នោះ​ដួល​ស្លាប់​ដូច្នោះ ក៏​កើត​ធម្ម​សង្វេគ​ហើយ​ចាត់​ចែង​ក្ដារ​មឈូស​ដាក់​សព នាំ​ទៅ​ធ្វើ​ឈាបនកិច្ច​តាម​ប្រពៃណី​ជាតិ​ជា​ព្រាហ្មណ៍ ។

រឿង​និទាន​នេះ​មាន​សេចក្ដី​ពិស្ដារ​នៅ​ក្នុង​គម្ពីរ​ដីកា​ព្រះធម្មចក្ក​ឯណោះ យើង​ទាញ​យក​មក​សាធកៈ​ទុក​ក្នុង​តម្រា​គតិលោក​នេះ ដើម្បី​ឲ្យ​ឃើញ​ក្ដី​ឆោត​របស់​បុរស ស្រ្តី ក្នុង​លោកិយ ដែល​មាន​សន្ដាន​ចិត្ត​ប្រព្រឹត្ត​ឆោត​ទៅ​តាម​អំណាច​ភ្លើង​កាម​រាគ​រោល ដល់​នូវ​ក្ដី​វិនាស​មាន​សភាព​ដូច​សំដែង​មក​នេះ​ឯង ចូរ​ឯង​ចុល​ចិត្ត​ចុះ ។ កូន​សិស្ស​តប​ថា ករុណា លោក​គ្រូ​ទាញ​និទាន​បុគ្គល​ឆោត​លុះ​ដោយ​អំណាច​ភ្លើង​កាម​នោះ ខ្ញុំ​ករុណា​ស្ដាប់​បាន​យក​ជា​គតិលោក​ហើយ មួយ​ទៀត បុគ្គល​ឆោត​ល្ងង់​ជឿ​គេ​ផ្ដាស​ៗ​នោះ គឺ​អាស្រ័យ​ឥត​សតិ​ឥត​បញ្ញា​នឹង​ពិចារណា​ឲ្យ​យល់​ចុង​យល់​ដើម កើត​ឆោត​ដោយ​ភ្លើង​កាម​រាគ​រោល​រឹត​បិទ​សតិ​បញ្ញា ដូច​និទាន​យាយ​ព្រហ្មណី​ដែល​លោក​គ្រូ​សំដែង​មក​នេះ សូម​ទាន​សេចក្ដី​ឆោត​ល្ងង់​នេះ​មាន​កើត​ដោយ​ហេតុ​ឯ​ទៀត​ខ្លះ​ដែរ​ទាន ។

គ្រូ​តប​ថា ក្ដី​ឆោត​ល្ងង់​ដោយ​ហេតុ​ឯ​ទៀត​ក្រៅ​អំពី​ភ្លើង​កាម​រាគ​នោះ សឹង​មាន​ជា​ច្រើន​ណាស់​ពុំ​ឈ្នះ​នឹង​ពណ៌នា​ឯង​ចូល​ចិត្ត​ចុះ មាន​ខ្លះ​ឆោត​ដោយ​ខ្លាច​រូប​កាយ គឺ​សង្ខារ​ខ្លួន​ឯង ដូច​បុគ្គល​គិត​ខុស​ប្រមាណ​ខុស​គឺ​្នក​ខ្លះ​ឥត​កូន​ឥត​ចៅ​កើត​ខ្លាច​ថា​ដល់​អាត្មា​ស្លាប់​ទៅ ពុំ​មាន​នរណា​កាន់​ឆ្អឹង ម្ល៉ោះ​ហើយ​ស្វែង​សុំ​កូន​ចៅ​គេ​មក​ចិញ្ចឹម​ទុក ដើម្បី​ឲ្យ​កូន​នោះ​កាន់​ឆ្អឹង​ខ្លួន ចួន​ពុំ​សម​តាម​សេចក្ដី​ប្រាថ្នា ក៏​កើត​វិប្បដិសារី​សេចក្ដី​ក្ដៅ​ក្រហាយ​ជា​ក្រោយ ប្រព្រឹត្ត​ទៅ​ផ្សេង​ៗ យ៉ាង​នេះ​ក៏​មាន ។

មាន​អ្នក​ខ្លះ​ខ្លាច​ភ្លើង​ផ្ដាំ​គេ​ថា ដល់​ខ្លួន​ស្លាប់​ទៅ​កុំ​ឲ្យ​គេ​ដុត​រូប ខ្លាច​ក្រែង​រលាក​ភ្លើង យ៉ាង​នេះ​ក៏​មាន មាន​អ្នក​ខ្លះ​គិត​ខ្លាច​ទាក​ជន្លេន ផ្ដាំ​គេ​ថា ដល់​ខ្លួន​ស្លាប់​ទៅ​កុំ​ឲ្យ​គេ​យក​រូប​ទៅ​កប់​ក្នុង​ដី ខ្លាច​ជន្លេន​វា​រុក ដូច្នេះ​ក៏​មាន មាន​អ្នក​ខ្លះ​ខ្លាច​ខ្មោច ផ្ដាំ​គេ​ថា ដល់​ខ្លួន​ស្លាប់​ទៅ​កុំ​ឲ្យ​យក​រូប​ទៅ​កប់​ទុក​ក្នុង​ព្រៃ​ស្មសាន​ស្ថាន​ស្ងាត់ ជិត​នឹង​ខ្មោច​គេ ក្រែង​ខ្មោច​គេ​វា​លង យ៉ាង​នេះ​ក៏​មាន​អ្នក​ខ្លះ​ឆ្កួត​យស កាល​ខ្លួន​នៅ​រស់​ពុំ​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​ធ្វើ​បុណ្យ​ឲ្យ​ទាន សន្សំ​ទ្រព្យ​ទុក ផ្ដាំ​គេ​ថា​ដល់​ខ្លួន​ស្លាប់​ទៅ​ឲ្យ​ធ្វើ​ក្ដារ​បិទ​មាស ឲ្យ​ធ្វើ​កោដ្ឋ​ដាក់​ដំកើង​ខ្មោច​ខ្លួន ដើម្បី​អួត​លោកិយ យ៉ាង​នេះ​ក៏​មាន ។ មាន​អ្នក​ខ្លះ​ស្វែង​រក​ទី​ដី​ល្អ​មាន​ហុងស៊ុយ​បញ្ចុះ​ធាតុ ម្ដាយ​អាពុក​ដើម្បី​រក​ស៊ី​ធូរ​សុខ​សប្បាយ យ៉ាង​នេះ​ក៏​មាន​អ្នក​ខ្លះ​កាន់​តម្រា​សៃយ៍​មាន​ក្បួន​រើស​ថ្ងៃ​ល្អ យាម​ល្អ ថ្ងៃ​កាឡកណ្ណី ថ្ងៃ​ខ្មោច​ស៊ី​មនុស្ស ថ្ងៃ​លិច ថ្ងៃ​អណ្ដែត ថ្ងៃ​ជីពចរ មើល​ទិស​ដង្ហើម​រស់​ដង្ហើម​ស្លាប់​យ៉ាង​នេះ​ជាដើម​ក៏​មាន មាន​អ្នក​ខ្លះ​កាន់​រើស​ថ្ងៃ​ចន្ទ ជា​ថ្ងៃ​ទទួល​យក​ប្រាក់​ដាក់​ថង់ គឺ​ថា​ជា​ប្រាក់​មាន​ស្រី​សួស្ដី​មង្គល ទោះបី​អ្នក​ឯណា​ដែល​ជំពាក់​ខ្លួន ឬ តួ​ទាសា​ទាសី​នឹង​ចេញ​នាំ​ប្រាក់​ទៅ​ជូន តែ​មិន​ត្រូវ​ត្រង់​ថ្ងៃ​ចន្ទ​១ ហើយ​ពុំ​ទទួល​យក​នៅ​រង់​ចាំ​ដល់​ថ្ងៃ​ចន្ទ ទើប​ទទួល​យក​ប្រាក់​នោះ អ្នក​កាន់​ក្បួន​ថ្ងៃ​ចន្ទ​ទទួល​ប្រាក់​ថា​ជា​ប្រាក់​ត្រជាក់​ក៏​មាន ចួនណា​ប្រែ​ជា​កើត​ក្ដី​ក្ដៅ​ក្រហាយ​ជា​ក្រោយ​វិញ​ក៏​មាន ដូច​និទាន​លោក​ព្រះ​ចំរើន​ពលទិត្យ​នៅ​ស្រុក​ព្រះតំបង លោក​នោះ​ជា​អ្នក​កាន់​ក្បួន​ថ្ងៃ​ចន្ទ គ្រា​កាល​នោះ លោក​មាន​តួ​ទាសា​ម្នាក់​ឈ្មោះ អា​ម៉ូត​ៗ នៅ​នឹង​លោក​ជា​ថ្លៃ​ប្រាក់​មួយ​រយ​បាទ​សៀម លុះ​នៅ​យូរ​មក អា​ម៉ូត​ទៅ​ចូល​លួច​បោះ​ប្រាក់​ប្លម​ជាមួយ​នឹង​ម្ដាយ​អា​ពុក​វា លោក​ព្រះ​ចំរើន​ពល​ទិព្យ​ជា​ម្ចាស់​ប្រាក់ ក៏​ពុំ​ដឹង​ជា​អា​ម៉ូត​ប្រព្រឹត្ត​ការ​ខុស​ជាប់​ដោយ​ទោស​ហ្លួង លុះ​នៅ​យូរ​បន្តិច​មក អា​ម៉ូត​ចង់​ចេញ​ទើប​វា​ទៅ​រក​ប្រាក់​អ្នក​មាន​ឈ្មោះ​ៗ ក៏​ព្រម​នឹង​លោះ​តួ​អា​ម៉ូត​ៗ ក៏​នាំ​អ្នក​ម្ចាស់​ថ្មី​យក​ប្រាក់ ១០០ បាទ​សៀម​ទៅ​ជូន​លោក​ព្រះ​ចំរើន​ពល​ទិព្យ​នោះ ចួន​លោះ​នៅ​ក្នុង​ថ្ងៃ​សៅរ៍ ឯ​លោក​ព្រះ​ចំរើន​ពល​ទិព្យ​ប្រកាន់​តម្រា ទទួល​ប្រាក់​ថ្ងៃ​ចន្ទ​ទើប​មិន​ទទួល ហើយ​និយាយ​ណាត់​សញ្ញា​ថា​បង្អង់ ដល់​ថ្ងៃ​ចន្ទ​ខាន​ស្អែក​សិន​ចុះ សិម​យក​ប្រាក់​មក​បង់​សិម​បើក​ឲ្យ ។ ឯ​អ្នក​ម្ចាស់​ថ្មី​ឮ​ថា​លោក​ព្រះ​ចំរើន​ពលទិត្យ​ពុំ​ទទួល​ប្រាក់​ដូច្នោះ ក៏​នាំ​យក​ប្រាក់​នោះ​វិល​មក​ផ្ទះ​វិញ នៅ​រង​ចាំ​ដល់​ថ្ងៃ​ចន្ទ​នឹង​ទៅ​បង់​លោះ​តួ​អា​ម៉ូត​នោះ​ឯង ។ លុះ​ដល់​ថ្ងៃ​អាទិត្យ​ពួក​អ្នក​រាជការ​ចាប់​មេ​សៅ ចៅ​ប៉ែន​ជា​ម្ដាយ​អាពុក​អា​ម៉ូត​ព្រម​ទាំង​តួ​អា​ម៉ូត​ជា​កូន មួយ​អន្លើ​នឹង​គ្រូ​ដែល​បោះ​ប្រាក់​ប្លម​ជា​ទោស​ហ្លួង នាំ​ទៅ​ជូន​លោក​ចៅពញា​គទាធរឈុម ចៅហ្វាយ​ស្រុក លោក​ក៏​ឲ្យ​ចាប់​អាពុក​អ្នក​ទោស​នោះ​ដាក់​គុក​តាម​ទោសានុទោស ឯ​តួ​អាម៉ូត​ក៏​ត្រូវ​ក្ដី​ជាប់​ជា​ទោស​ហ្លួង ។

ឯ​ហ្លួង​វិចិត្ត​វោហារ​ជា​ម្ចាស់​ថ្មី បាន​ដឹង​ថា​អាម៉ូត​ត្រូវ​ទោស​ហ្លួង​ដូច្នោះ ក៏​ខាន​យក​ប្រាក់​ទៅ​បង់​ឲ្យ​លោក​ពញរះ​ចំរើន​ពល​ទិព្យ​ៗ ក៏​ខាន​បាន​ប្រាក់ ១០០ បាទ​អំពី​តួ​អា​ម៉ូត ព្រះចំរើន​ពល​ទិព្យ​កើត​ក្ដៅ​ក្រហាយ​ស្ដាយ​ប្រាក់ ១០០ បាទ ដែល​គេ​យក​មក​ឲ្យ​ដល់​ផ្ទះ​ហើយ​ខ្លួន​មិន​ទទួល​ព្រោះ​មិន​ចំ​ថ្ងៃ​ចន្ទ ដែល​ខ្លួន​ប្រកាន់​តាម​តម្រា​សៃយ៍​នោះ​ឯង ម្ល៉ោះ​ហើយ​ព្រះ​ចំរើន​ពល​ទិព្យ តាំង​ជេរ​ប្រទេច​ក្បួន​ចាស់​បុរាណ​នោះ​ជា​អនេក​បរិយាយ ។ រឿង​នេះ​ឯង​ស្ដាប់​មើល​ចុះ​អ្នក​កាន់​តម្រា​សៃយ៍​ដល់​ក្ដី​ឆោត​ខូច​ប្រាក់ ១០០ បាទ​សៀម ដូច​លោក​ព្រះ​ចំរើន​ពល​ទិព្យ ជា​បែប​អ្នក​រើស​ថ្ងៃ​ល្អ​យាម​ល្អ ត្រឡប់​ទៅ​ជា​ខុស​វិញ ឯ​អ្នក​ហ្លួង​វិចិត្ត​វោហារ​ម្ចាស់​ថ្មី​យក​ប្រាក់​ចេញ​ទៅ​លោះ​អា​ម៉ូត ហើយ​ប្រាក់​នុះ​មិន​ត្រូវ​បង់​ក៏​មិន​ខាត​ខូច​ទៅ​បាន ទុក​ថា​ជា​ប្រាក់​គេ​ត្រជាក់​មែន បាន​ជា​បណ្ដាល​ចិត្ត​លោក​ព្រះ​ចំរើន​ពល​ទិព្យ​មិន​ឲ្យ​ទទួល​យក គួរ​ឯង​ស្ដាប់​យក​ទុក​ជា​គតិលោក​ហោង ។


សំដែង​មក​ក្នុង​វិធី​មនុស្ស​ឆោត​ល្ងង់​វង្វេង​ដោយ​ប្រាស​ចាក

សតិ​បញ្ញា​ចប់​ដោយ​សង្ខេប​តែ​ប៉ុណ្ណេះ