គតិលោក/ភាគទី៤/1
ពណ៌នាពីសេចក្ដីឆោត និង និទានពីតាចាស់ម្នាក់
រឿងនិទានមនុស្សឆោតនេះ នៅមានច្រើនណាស់ យើងពុំឈ្នះនឹងនាំមកពណ៌នាឲ្យអស់ គឺសំដែងទុកតែប៉ុណ្ណេះ ល្មមជាបែបបានជាគតិលោកហើយ ចូរឯងចូលចិត្តគិតទៅចុះ សព្វតម្រាឆោតទាំងប៉ុន្មានៗនេះ សឹងចុះក្នុងកិរិយាឥតសតិសម្បជញ្ញៈ ១ នេះឯង បើមានសតិសម្បជញ្ញៈ យ៉ាងស្ដេចពានរបរមពោធិសត្វ កាលចៅក្រពើទៅដេកក្រាបលើថ្មបញ្ឆោតឲ្យមហាពានរលោតទៅលើខ្លួន ដើម្បីនឹងចាប់យករូបពោធិសត្វៗ មិនឆោតតាមគំនិតខ្លួន ហើយពោធិសត្វបញ្ឆោតក្រពើនោះបានវិញ ។
មួយទៀត និទានមាន់ចែកែខ្លួនរួចអំពីសំពាធធ្វើឲ្យសំពោចភិតភ័យរត់ទៅវិញ រឿងអស់នេះគួរឯងចូលចិត្តចុះ ។ កូនសិស្សតបគ្រូវិញថា សូមទានរឿងមនុស្សឆោតខ្លៅអស់នេះ សឹងមានតែក្នុងកាលយើងឥឡូវនេះទេ ឬក្នុងកាលពុទ្ធប្បាទ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះធរមាននៅឡើយនោះ មានមនុស្សឆោតខ្លៅដូចយ៉ាងយើងឥឡូវនេះដែរទាន ។
គ្រូតបថា ឯមនុស្សឆោតខ្លៅនេះ មិនមែនមានតែក្នុងកាលឥឡូវនេះទេ ទោះនៅក្នុងកាលពុទ្ធុប្បាទនោះក៏មានមនុស្សឆោតខ្លៅដូច្នេះដែរ ឯងមិនទាន់ចូលចិត្តទេឬ គឺកាលព្រះពុទ្ធជាម្ចាស់បានត្រាស់នោះមានគ្រូធំ ៦ នាក់ មានគ្រូឈ្មោះបូរណកស្សបៈជាដើម ឯពួកគ្រូអស់នោះសឹងកាន់លទ្ធិផ្សេងៗ មានប្រព្រឹត្តកាយអាក្រាតជាដើម បាននាមហៅថា អចេលកបុគ្គល ប្រតិបត្តិផ្លូវអត្តកិលេសមថានុយោគផ្សេងៗ ទាំងមានមនុស្សទាំងឡាយចូលចិត្តជឿរាប់អាន ប្រព្រឹត្តតាមជាងរយជាងពាន់នាក់ ប្រតិបត្តិកាន់យកទុកជាសាសនាតៗមក នៅដរាបដល់ឥឡូវនេះ។
មួយទៀត មានមនុស្សពួកខ្លះប្រតិបត្តិខាងផ្លូវព្រហ្មញ្ញសាសនា មកកាន់ពិធីបូជាយញ្ញ បូជាគ្រោះ បង្កក់ប្រសិទ្ធិសែនពែជាដើម ។
មនុស្សទាំងឡាយឯណា កើតនៅក្នុងសំណាក់គ្រូណា ក៏កាន់លទ្ធិកាន់សាសនារបស់គ្រូនោះទាំងអស់ ដើម្បីនឹងមានសតិសម្បជញ្ញៈពិចារណាមើលខុសត្រូវឲ្យសមហេតុសមផលនោះពុំមាន ឃើញតែមាតាបិតា ក្នុងវង្សត្រកូលខ្លួនប្រតិបត្តិយ៉ាងណាហើយ ក៏ប្រតិបត្តិទៅតាមវង្សត្រកូលយ៉ាងនោះឯង ទោះមានលោកអ្នកប្រាជ្ញណាទៅនិយាយដាស់តឿនបង្ហាញផ្លូវត្រង់ ឲ្យលះបង់លទ្ធិនោះចោល ក៏មិនព្រមលះចោលទៅប្រកាន់តម្រាមាតាបិតាគ្រូបាអាចារ្យខ្លួនថាតម្រាបុរាណសុទ្ធសឹងតែត្រូវទាំងអស់ ។
មួយទៀត មនុស្សឯណាកើតក្នុងកាលវិបត្តិ គឺកើតក្នុងសុញ្ញក័ល្ប ១ កើតក្នុងទេសវិបត្តិ គឺប្រទេសនោះពុំមានសាសនាត្រឹមត្រូវ ១ កើតក្នុងកុលវិបត្តិ គឺកើតក្នុងវង្សត្រកូលមិច្ឆាទិដ្ឋិ មានគោត្រត្រកូលព្រានព្រៃជាដើម ១ មនុស្សនុះគង់លុះនៅកាន់លទ្ធិខុស លទ្ធិឆោតមិនលែង ។ ឯងចូលចិត្តចុះ មនុស្សឆោតល្ងង់នេះមិនមានតែក្នុងកាលឥឡូវនេះទេ ទោះមនុស្សកើតមុនពុទ្ធុប្បាទក្ដី កើតក្នុងរវាងព្រះពុទ្ធប្បាទនៅក្ដី ឬកើតជាន់ក្រោយព្រះពុទ្ធុប្បាទក្ដី សឹងមានឆោតល្ងង់តាមពួកៗដូចគ្នា ។
មួយទៀត ក្ដីឆោតនេះបើនិយាយដោយយ៉ាងល្អិតនោះ សឹងមាននៅគ្រប់តួមនុស្សទាំងអស់ទូទៅ វៀរតែលោកអ្នក បានលុះផ្លូវអរិយបុគ្គលទាំង ៩ ចំពូកមានព្រះសម្មាសម្ពុទ្ធជាប្រធាន នោះទើបលោកលោតកន្លងផុតក្ដីឆោតនេះបាន ព្រោះលោកមានកែវឆ្លុះគឺលោកុត្តរប្បញ្ញា មើលឃើញពន្លឺព្រះនិព្វានច្បាស់ហើយ តែឯមនុស្សយើងបុថុជ្ជននៅធ្ងន់ដោយរាគៈ ទោសៈ មោហៈ លោភៈ ជាដើមនេះ សឹងធ្លាក់ទៅក្នុងក្ដីឆោតឯណានីមួយមិនលែងឡើយ ព្រោះក្ដីឆោតនេះ កើតដោយអារម្មណ៍លោកិយផ្សេងៗ ដូចបុគ្គលប្រុសស្រីខ្លះ វង្វេងទៅដោយកិលេសកាមរោលរាលយ៉ាងខ្លាំងមិនទទួលញ៉ម ខ្លួនចាំចាស់ជរា នៅសំគាល់ខ្លួនថាជាកំឡោះ ជាក្រមុំ តាំងស្វែងរកផ្លូវកាមតាមបបោសអង្អែលរូប សំឡេង ខ្លិន រស សម្ផស្ស ជារបស់កាមគុណ កើតក្ដីត្រេកត្រអាល ប្រាសចាកក្ដីអៀនខ្មាស មិនដឹងខ្លួនថាចាស់ជរាចចេសលើសសង្ខារ ។ ដូចនិទានតាចាស់ម្នាក់ឈ្មោះ តាអ៊ុមយោគី នៅស្រុកព្រះតំបង តាយោគីនោះឯងវង្វេងស្រឡាញ់ក្មេងក្រមុំ គ្រាកាលណោះ មានមេស្រីអ្នកលេងវាដឹងថា តាអ៊ុមយោគីចង់ស៊ីផ្លែទន្លាប់ស្រស់ ទើបវាយកផ្លែទន្លាប់ស្រស់របស់វា ទៅប្រលោមឲ្យតាអ៊ុមអង្អែលលេងខ្លះ ដើម្បីយកមាសប្រាក់ទ្រព្យធនរបស់តាអ៊ុមៗ តាំងតែឆោតវង្វេងយកទ្រព្យធនរបស់ខ្លួន លើកឲ្យទៅមេអ្នកលេងទាល់តែអស់ ដោយហោចទៅតែសំពត់ស ឬ គ្រឿងថង់យាម កន្ទេលខ្នើយដែលបានមកអំពីកិច្ច ដែលខ្លួនទៅធ្វើយោគីដុតខ្មោចឲ្យគេនោះ ក៏បានដៃមេអ្នកលេងទាំងអស់ទាល់តែតាអ៊ុមធ្លាក់ខ្លួនជាអ្នកក្រ ។
រឿងមនុស្សចាស់ជរា លុះផ្លូវកាមរាគរោលខ្លាំងហើយ សឹងជាផ្លូវឲ្យមេស្រីអ្នកលេងដើរចូលមក បញ្ឆោតបានទាំងអស់ សឹងលុះក្ដីបរាមុខក្នុងលោកយើងនេះ ដូចបទបាលីមានក្នុងគម្ពីរលោកនីតិថា :
អតិមហល្លកោ ចោសោ អានេសិ តិម្ពរុថនឹ តស្សាវសានុសទ្ធតិ តំ បរាភវតោ មុខំ ។
អធិប្បាយ ជាពាក្យឃ្លោងថា ចាស់ចើកបានជួននួនក្រមុំ ដោះក្បំពកប៉ុនផ្លែទន្លាប់ សែនស្រឡាញ់ពេញចិត្តប្រព្រឹត្តជាប់ របស់ក៏ផ្គាប់វាទាំងអស់ ។ វាអឺយកាលណានឹងឲ្យភ្លាម ស៊ូព្យាយាមអង្អែលទន្លាប់ស្រស់ ស៊ីពុំបានក៏ស៊ូហិតតែរស ការទាំងអស់ជាហេតុអន្តរធាន ។
ចប់ខាងសេចក្ដីឆោតមនុស្សប្រុសដោយសង្ខេប ។