Jump to content

គតិលោក/ភាគទី៣/3

From Wikisource
113169គតិលោក,​ភាគ​ទី៣រឿង​អាមាត្យ​ព្រះបាទ​ពិម្ពិសាររាជ​និង​អជាតសត្រូវ​កុមារ​ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​អាមាត្យ​ព្រះបាទ​ពិម្ពិសាររាជ​និង​អជាតសត្រូវ​កុមារ​




សេចក្ដី​ក្នុង​រឿង​ធនញ្ជ័យ មាន​អាថ៌​បញ្ហា​ពិស្ដារ​ទៀត នៅ​មាន​ច្រើន​ណាស់ ក្នុង​ទីនេះ​យើង​ទាញ​យក​តែ​បញ្ហា ១ នេះ មក​សម្ដែង​ឲ្យ​ឃើញ​សេចក្ដី​ថា អ្នក​ប្រាជ្ញ​មាន​បញ្ញា​ហើយ អាច​ដឹង​អាច​ស្គាល់​ក្នុង​អាការ​លើក​ដៃ ឱប​ដៃ ឬ​ឃើញ​តែ​កិរិយា​ក្រៅ​របស់​អ្នក​ដទៃ ក៏​អាច​ដឹង​សេចក្ដី​នោះ​បាន។ មួយ​ទៀត អ្នក​មាន​បញ្ញា​នោះ ប្រៀប​ដូច​ប្រទីប​បំភ្លឺ ឆ្លុះ​មើល​នូវ​ទី​ងងឹត​ទី​កំបាំង​បាន។ មួយ​ទៀត​អ្នក​មាន​ចំណេះ​វិជ្ជា​សព្វ​សរពើ​ហើយ តែ​បើ​ពុំ​មាន​បញ្ញា​នឹង​ពិចារណា​ត្រិះរិះ តាម​សម័យ​ផង​សព្វ​វិជ្ជា​នោះ ក៏​ពុំ​អាច​រុងរឿង​ថ្លា​ទៅ​បាន លុះ​តែ​មាន​បញ្ញា​សតិ​សម្បជញ្ញៈ​ផង ទើប​ធ្វើ​សព្វ​វិជ្ជា​នោះ ឲ្យ​រុងរឿង​ឡើង​បាន មាន​និទាន​ប្រៀប​ដូច​យ៉ាង​រាជ​អមាត្យ​ព្រះ​បាទ​ពិម្ពិសារ​ទាំង ៣ ពួក​នោះ​ឯង។


ដំណើរ​ថា កាល​ព្រះ​អជាតសត្រូវ​រាជ​កុមារ ស្ដាប់​ពាក្យ​ទេវទត្តត្ថេរ ញុះញង់​ឲ្យ​សម្លាប់​ព្រះបាទ​ពិម្ពិសារ​ជា​ព្រះ​វរបិតា នឹង​យក​រាជ​សម្បត្តិ, ថ្ងៃ ១ អជាតិសត្រូវ​រាជ​កុមារ សៀត​កាំបិត​គ្រឿង​ប្រហារ​ចូល​ទៅ​ក្នុង​ព្រះ​រាជ​វាំង ដើម្បី​នឹង​ពិឃាត​ព្រះ​វររាជ​បិតា។ ឯ​ពួក​រាជ​អមាត្យ​នាយ​តម្រួត​រក្សា​អង្គ បាន​ឃើញ​ព្រះ​រាជ​កុមារ​ចូល​ក្នុង​ព្រះ​មន្ទីរ​ខុស​កាល​ដូច្នោះ ក៏​ហាម​ឃាត់​មិន​ឲ្យ​ចូល ឯ​ព្រះ​រាជ​កុមារ​ចេះ​តែ​ចចេស​ចូល​ទៅ ទើប​នាយ​តម្រួត​នាំ​គ្នា​ចាប់​ត្រួត​មើល​ក្នុង​អង្គ​កាយ បាន​ឃើញ​កាំបិត គ្រឿង​ប្រហារ​ព្រះ​រាជ​កុមារ​សៀត​មក​ដូច្នោះ ក៏​ចាប់​ចង​ដាក់​ទោស​តាម​រាជ​បញ្ញត្តិ ហើយ​នាំ​គ្នា​ពិភាក្សា​ទោស​ព្រះ​រាជ​កុមារ ៗ ក៏​ឲ្យ​ការ​តាម​ខ្លួន​គិត​សម្លាប់​បិតា​នោះ។ ឯ​នាយ​តម្រួត​ទី ១ ឆ្លើយ​ឡើង​ថា "ទោស​ក្បត់​នេះ ត្រូវ​សម្លាប់​ព្រះ​រាជ​កុមារ​ផង ត្រូវ​សម្លាប់​ព្រះ​ទេវទត្តត្ថេរ និង​លោក​សង្ឃ​បណ្ដា​ជា​ពួក​គប់​គិត​ចូល​គំនិត​គ្នា​ទាំង​អស់​ផង"។ ឯ​នាយ​តម្រួត​ទី​ពីរ ឆ្លើយ​ឡើង​ថា "ទោស​ក្បត់​នេះ​ត្រូវ​សម្លាប់​តែ​ព្រះ​រាជ​កុមារ​និង​ព្រះ​ទេវទត្តត្ថេរ ទើប​គួរ, ឯ​បណ្ដា​លោក​សង្ឃ​ឯ​ទៀត ៗ មិន​ត្រូវ​សម្លាប់​ទេ ព្រោះ​លោក​ពុំ​បាន​ដឹង​ឮ​ផង"។ ឯ​នាយ​តម្រួត​ទី ៣ ជា​មន្ត្រី​មាន​សតិសម្បជញ្ញៈ​ឆ្លើយ​ឡើង​ថា "លោក​អ្នក​រាល់​គ្នា​កាត់​ទោស​យ៉ាង​នេះ​មិន​ត្រូវ​ទេ, ឯ​ទោស​នេះ​បើ​រូប​អ្នក​ដទៃ​ឯ​ទៀត​នោះ​គួរ​ហើយ តែ​នេះ​ព្រះ​រាជ​កុមារ​ជា​ព្រះ​រាជ​បុត្រា​របស់​លោក, ព្រះ​ទេវទត្ត​សោត​ជា​វង្ស​សក្យបុត្តិយ៍ ព្រះចៅ​ជា​ម្ចាស់​ក៏​រាប់អាន​គោរព​ប្រតិបត្តិ យើង​នឹង​កាត់​ទោស​ពិឃាត​ឯង​ថា កាច​ឯ​ណា​បាន ទោស​នេះ​ហួស​វិស័យ​យើង​ជា​មន្ត្រី​ពិភាក្សា គួរ​តែ​នាំ​គ្នា​ឡើង​ក្រាប់​ទូល​ឲ្យ​ទ្រង់​ជ្រាប បើ​ជា​ទ្រង់​ប្រោស​យ៉ាង​ណាៗ ក៏​តាម​តែ​ព្រះអង្គ​លោក​ចុះ ព្រោះ​កូន​គេ អា​ពុក​គេ​ថា​យ៉ាង​ណា​សឹម​យើង​ធ្វើ​តាម​ជា​ក្រោយ"។ ឯ​នាយ​តម្រួត​ទាំង ៣ ពួក ពិគ្រោះ​គ្នា​ឃើញ​ផ្លូវ​រៀង​ខ្លួន​យ៉ាង​នេះ ទើប​នាំ​គ្នា​ចូល​ទូល​ព្រះ​ពិម្ពិសារ​រាជ​បិតា តាម​ដំណើរ​ដែល​ព្រះ​អជាតសត្រូវ​រាជ​កុមារ ប្រតិបត្តិ​ការ​ខុស​ប្រពៃណី កន្លង​ព្រះ​រាជ​បញ្ញត្តិ​នោះ​សព្វ​ប្រការ។ ឯ​ព្រះ​បាទ​ពិម្ពិសារ​ស្ដេច​ជ្រាប​ហើយ ទើប​ត្រាស់​ថា "អើ​ទោស​យ៉ាង​នេះ អ្នក​ទាំង​ឡាយ​ពិភាក្សា​ទោ​តើ​យល់​ដូចម្ដេច?។


ឯ​អមាត្យ​ទាំង ៣ ពួក ក៏​ក្រាប​ទូល​តាម​ដំណើរ​ដែល​ខ្លួន​គិត​យល់​ផ្សេងៗ​គ្នា​នោះ​ឯង ទើប​ព្រះបាទ​ពិម្ពិសារ​រាជ​ស្ដេច​ទ្រង់​ត្រាស់​ថា "អើ​ពួក​នាយ​តម្រួត​ទី ១ ពិភាក្សា​ថា ត្រូវ​ឲ្យ​សម្លាប់​ទាំង​ព្រះ​ទេវទត្តត្ថេរ​និង​ព្រះ​សង្ឃ​ទាំង​ពួង ព្រម​ទាំង​ព្រះ​រាជ​កុមារ​ផង​នោះ ពាក្យ​វិនិច្ឆ័យ​នោះ​យល់​កើន​ហួស​ណាស់ ត្រូវ​ឲ្យ​ដក​ងារ​បន្ថយ​យស​សក្ដិ ក៏​ឯ​អមាត្យ​ទី ២ ពិភាក្សា​ថា​ត្រូវ​ឲ្យ​សម្លាប់​ព្រះ​រាជ​កុមារ ព្រម​ទាំង​ព្រះ​ទេវទត្តត្ថេរ​នោះ ពាក្យ​វិនិច្ឆ័យ​នោះ ត្រូវ​បន្ថយ​ប្រាក់​ខែ​បៀវត្ស ឯ​អមាត្យ​ទី ៣ ពិភាក្សា​ថា ត្រូវ​ឡើង​ក្រាប​ទូល​សិន​នោះ ពាក្យ​វិនិច្ឆ័យ​នោះ ត្រូវ​ឲ្យ​ឡើង​យស​សក្ដិ​ប្រាក់​ខែ​បៀវត្ស​ថែម ព្រោះ​ជា​អ្នក​មាន​សតិសម្បជញ្ញៈ ចេះ​ពិចារណា​ត្រូវ​តាម​វត្ថុ តាម​សម័យ​កាល"។