គតិលោក/ភាគទី២/9
រឿងអរិយទ្រព្យ ៧ ប្រការ
ស. សី ហិ . ឱ សុ. ចា. ប. អរិយទ្រព្យ ៧ ប្រការ គឺសទ្ធា សេចក្ដីជឿកម្ម នឹងផលនៃកម្មក្នុងព្រះពុទ្ធសាសនា ១, សីល ៥ – ៨ – ១០ ២២៨ ដ៏បរិសុទ្ធ ១, អៀនខ្មាសអំពើអាក្រក់ ១, សេចក្ដីភ័យខ្លាចបាប ១, កិរិយាត្រាប់ត្រង់នូវធម៌ ១, សេចក្ដីបរិច្ចាគទាន ឬលះបង់ចោលនូវអំពើអាក្រក់ ១, បញ្ញាជាសម្មាទិដ្ឋិ ១, ធម៌ ៧ ប្រការនេះ មាននៅលើបុថុជ្ជនណា បុថុជ្ជននោះឯងហៅថា កល្យាណបុថុជ្ជន គឺរាប់ថាជាអ្នកប្រាជ្ញបាន ។
សប្បុរិសធម៌ ៧ ប្រការ
១- ធម្មញ្ញុតា ភាវៈជាអ្នកស្គាល់នូវហេតុនៃផល មានស្គាល់ថា របស់នេះជាហេតុជាទីតាំងនៃផលនេះៗ ជាផលដ៏បង្កើតមកអំពីហេតុនេះជាដើម ។ ២- អត្ថញ្ញុតា ភាវៈជាអ្នកស្គាល់នូវផលនៃហេតុមានស្គាល់ថា សេចក្ដីសុខនេះ ជាផលនៃហេតុនេះ សេចក្ដីទុក្ខនេះ ជាផលនៃហេតុនេះជាដើម ។ ៣- អត្តញ្ញុតា ភាវៈជាអ្នកដឹងខ្លួនថា យើងមានជាតិគោត្រត្រកូលយ៉ាងនេះសក្តិយសសម្បត្តិបរិវារប៉ុណ្ណេះ ចំណេះវិជ្ជានូវធម៌ត្រឹមប៉ុណ្ណេះៗ ហើយត្រូវប្រព្រឹត្តខ្លួន ឲ្យសមគួរដល់ឋានៈដែលមាននៅយ៉ាងម្ដេចៗនោះ ។ ៤- មត្តញ្ញុតា ទំនងជាអ្នកស្គាល់ប្រមាណក្នុងការស្វែងរកចិញ្ចឹមជីវិត ដោយផ្លូវសម្មាជីវៈនឹងប្រមាណក្នុងការបរិភោគល្មមសមគួរ ។ ៥- កាលញ្ញុតា បែបជាអ្នកស្គាល់កាលវេលាដ៏សមគួរក្នុងពេលប្រកបកិច្ចនោះៗ ។ ៦- បរិសញ្ញុតា របៀបជាអ្នកស្គាល់ប្រជុំជន នឹងកិរិយាដែលត្រូវប្រព្រឹត្តក្នុងទីប្រជុំជននោះៗ ថាពួកនេះកាលចូលទៅរក តោងធ្វើកិរិយាយ៉ាងនេះ ត្រូវនិយាយយ៉ាងនេះជាដើម ។ ៧- បុគ្គលបរោបរញ្ញុតា សន្ដានជាអ្នកស្គាល់នូវអធ្យាស្រ័យនៃបុគ្គលថា បុគ្គលនេះល្អគួរគប់ជាមិត្រ បុគ្គលនេះជាមនុស្សអាក្រក់ មិនគួរគប់យកជាមិត្រជាដើម ។
សប្បុរិសធម៌ទាំង ៧ នេះ មាននៅលើបុគ្គលណា បុគ្គលនោះ ហៅថាជាអ្នកប្រាជ្ញពិតប្រាកដក្នុងលោកនេះ ។ មួយទៀតសភាវៈធម៌ដែលនាំឲ្យប្រាសចាកក្ដី ចាក់ដោតគេឲ្យឈឺចាប់ផ្សេងៗ សេចក្ដីមេត្តាករុណាសត្វ នាំសត្វឲ្យរួចចាកទុក្ខទោសបាន សេចក្ដីបរិសុទ្ធចិត្តទៅក្នុងសត្តនិកាយ សេចក្ដីទូន្មានសត្វឲ្យដើរផ្លូវល្អ គឺញ៉ាំងពពួកសត្វឲ្យស្ថិតនៅក្នុងកុសលធម៌បាន សភាវធម៌ទាំងអស់នេះ ជារបស់នៃអ្នកប្រាជ្ញគួរចូលចិត្តចុះ ។
មួយទៀត អ្នកប្រាជ្ញនោះ បើនិយាយដោយយ៉ាងខ្លី គឺលោកស្រដីថា បុគ្គលឯណាទទួលខ្លួនឬសំគាល់ខ្លួនថាជាអ្នកល្ងង់នៅឡើយ បុគ្គលនោះឯង ហៅថា ជាអ្នកប្រាជ្ញវិញ ដូចមានបទបាលីថា :
ពាលោ មញ្ញតិ ពាល្យំ បណ្ឌិតោ វាបិ តេន សោ ពាលោវ បណ្ឌិតោមានិ សវេ ពាលោតិ វុច្ចតិ ។
ជនឯណាដឹងខ្លួនជាពាលពិត ជននោះហៅបណ្ឌិត តាមនុយោគ ជនឯណាតាំងតួថាប្រាជ្ញព្រោក ជននោះលោកហៅថាជាពាលធំ ។
ស. « សូមទានពាក្យដែលហៅថាអ្នកប្រាជ្ញៗនេះ សំដៅយកបញ្ញា ដែលចេះដឹងនោះឬៗ សំដៅយកចិត្តចេតសិកណាវិញ ? ។
គ. « ឱអ្នកប្រាជ្ញនោះ លោកក៏រាប់យកដួងបញ្ញាចេតសិកដែលពិចារណាដឹងទូទៅ ហើយប្រព្រឹត្តទៅតាមកាលដែលគួរធ្វើបាន អ្នកប្រាជ្ញអាចដឹងហេតុពិត មិនពិតជាដើមនោះ ព្រោះលោកសំគាល់យកអាការៈដែលសំដែងចេញមកនោះ មកពិចារណាត្រិះរិះមើល ឯអាការៈនោះឯង អាចសំដែងប្រាប់មកឲ្យលោកជ្រាប បានដូចនិទានព្រាហ្មណ៍ចាស់ម្នាក់ មានភរិយាក្រមុំ »។