គតិលោក/ភាគទី២/10
រឿងសប្បុរសធម៌ ៧ប្រការ
- ១ – ធម្មញ្ញុតា ភាវៈជាអ្នកស្គាល់នូវហេតុនៃផល មានស្គាល់ថា របស់នេះជាហេតុ ជាទីតាំងនៃផលនេះៗ ជាផលដ៏បង្កើតមកអំពីហេតុនេះជាដើម។
- ២ – អត្ថញ្ញុតា ភាវៈជាអ្នកស្គាល់នូវផលនៃហេតុ មានស្គាល់ថា សេចក្ដីសុខនេះ ជាផលនៃហេតុនេះសេចក្ដីទុក្ខនេះ ជាផលនៃហេតុនេះជាដើម។
- ៣ – អត្ដញ្ញុតា ភាវៈជាអ្នកដឹងខ្លួនថា យើងមានជាតិគោត្រត្រកូលយ៉ាងនេះ សក្ដិយសសម្បត្ដិបរិវារប៉ុណ្ណេះ ចំណេះវិជ្ជានូវធម៌ត្រឹមប៉ុណ្ណេះៗ ហើយត្រូវប្រព្រឹត្ដខ្លួនអោយសមគួរដល់ឋានៈដែលមាននៅយ៉ាងម្ដេចៗនោះ។
- ៤ – មត្ដញ្ញុតាទំនងជាអ្នកស្គាល់ប្រមាណក្នុងការស្វែងរកចញ្ចឹមជីវិត ដោយសម្មាជីវ និងប្រមាណក្នុងការបរិភោគល្មមសមគួរ។
- ៥ – កាលញ្ញុតា បែបជាអ្នកស្គាល់កាលវេលាដ៏សមគួរក្នុងពេលប្រកបកិច្ចនោះៗ។
- ៦ – បរិសញ្ញុតា របៀបជាអ្នកស្គាល់ប្រជុំជន និងកិរិយាដែលត្រូវប្រព្រឹត្ដក្នុងទីប្រជុំជននោះៗថា ពួកនេះកាលទៅរកតោងធ្វើកិរិយាយ៉ាងនេះ ត្រូវនិយាយយ៉ាងនេះជាដើម។
- ៧ – បុគ្គលបរោបរញ្ញុតា សន្ដានជាអ្នកស្គាល់នូវអធ្យាស្រ័យនៃបុគ្គលថា បុគ្គលនេះល្អគួរគប់ជាមិត្របុគ្គលនេះជាមនុស្សអាក្រក់ មិនគួរគប់យកជាមិត្រជាដើម។
- សប្បុរសធម៌ទាំង៧នេះ មាននៅលើបុគ្គលណាបុគ្គលនោះ ហៅថាជាអ្នកប្រាជ្ញពិតប្រាកដក្នុងលោកនេះ។
មួយទៀតសភាវៈធម៌ដែលនាំអោយប្រាសចាកក្ដីចាក់ដោតគេ អោយឈឺចាប់ផ្សេងៗ សេចក្ដីមេត្ដាករុណាសត្វ នាំសត្វអោយរួចចាកទុក្ខទោសបាន សេចក្ដីបរិសុទ្ធចិត្ដទៅក្នុងសត្ដនិកាយ សេចក្ដីទូន្មានសត្វអោយដើរផ្លូវល្អ គឺ ញ៉ាំងពពួកសត្វអោយស្ថិតនៅក្នុងកុសលធម៌បាន សភាវធម៌ទាំងអស់នេះ ជារបស់នៃអ្នកប្រាជ្ញគួរចូលចិត្ដចុះ។មួយទៀតអ្នកប្រាជ្ញនោះ បើនិយាយដោយយ៉ាងខ្លី គឺលោកស្រដីថា បុគ្គលឯណាទទួលខ្លួនឬសំគាល់ខ្លួនថាជាអ្នកល្ងង់នៅឡើយ បុគ្គលនោះឯងហៅថាជាអ្នកប្រាជ្ញវិញ ដូចមានបទបាលីថា៖
ពាលោ មញ្ញតិ ពាល្យំ បណ្ឌិតោ វាបិ តេន សោ
ពាលោវ បណ្ឌិតមានិ សវេ ពាលោតិ វុច្ចតិ។
ជនឯណាដឹងខ្លួនជាពាលពិត ជននោះហៅបណ្ឌិត តាមនុយាគជនឯណាតាំងតួ ថាប្រាជ្ញព្រោក ជននោះលោកហៅថាជនពាលធំ។
ស. សូមទានពាក្យដែលហៅថាអ្នកប្រាជ្ញៗនេះសំដៅយកបញ្ញា ដែលចេះដឹង នោះឬសំដៅយកចិត្ដចេតសិកណាវិញ?
គ. អោអ្នកប្រាជ្ញនោះ លោកក៏រាប់យកដួងបញ្ញាចេតសិកដែលពិចារណាដឹងទួទៅ ហើយប្រព្រឹត្ដទៅតាមកាលដែលគួរធ្វើបាន អ្នកប្រាជ្ញអាចដឹងហេតុពិត មិនពិតជាដើមនោះព្រោះលោក សំគាល់យកអាការៈដែលសំដែងចេញមកនោះមកពិចារណាត្រិះរិះមើល ឯអាការៈនោះ ឯងអាចសំដែងប្រាប់មកអោយលោកជ្រាបបាន ដូចនិទានព្រាហ្មណ៍ចាស់ម្នាក់មានភរិយាក្រមុំ។