Jump to content

គតិលោក/ភាគទី២/7

From Wikisource
113218គតិលោក, ភាគទី២រឿង​ភិក្ខុសុខជាព្នងគ្រូឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​ភិក្ខុសុខជាព្នងគ្រូ



ឯរឿងនោះ មានចៅព្នងគ្រួ១ អាស្រ័យនៅក្នុងស្រុកលើ រកស៊ីតាមភាសាអ្នកព្រៃ នៅយូរមកពួកព្នងដូចគ្នាកើតស្អប់ចៅនោះ វានាំគ្នាទៅប្ដឹងមេកន្រ្ទាញភូមិនោះចោទថា ចៅព្នងព្រៃចេះអាបធ្មប់ ធ្វើអ្នកស្រុកអោយស្លាប់ជាច្រើន ឯមេកន្រ្ទាញ មានអំនាច លឺថាចេះអាបធ្មប់ដូច្នោះ ក៏អោយគ្នាវាដើរកាប់សំលាប់ព្នងដែលត្រូវគេចោទនោះ ទាំងបុត្រភរិយា ព្រមទាំងពូជពង្សវង្សា៧ជួរអស់ឥតសល់ នៅតែក្មេងម្នាក់ឈ្មោះចៅសុខ ចៅនោះអាយុប្រមាណជា ១០-១១ឆ្នាំ ចៅនោះនៅចាំចំការស្រូវក្នុងស្រែព្រៃ បានដឹងថាមេកន្រ្ទាញប្រើអោយសំលាប់អាពុកម្ដាយ បងប្អូន មីងមាយាយតាអស់ដូច្នោះ ក៏ភិតភ័យមហិមា រត់ទៅឡើងចុងឈើលាក់ខ្លួនពួនអាត្មា នឹងមែកឈើស៊ុមទ្រុមសំងំ ឯពួកមេកន្រ្ទាញ វា សំលាប់ពូជនោះអស់ហើយ វាដឹងថានៅសល់កូន១ ទើបវានាំគ្នាទៅរកក្មេងនោះឯចំការស្រូវ ដើម្បីនឹងសំលាប់ចោលអោយអស់ពូជ លុះទៅដល់ចំការ វាក៏ដើររកតាមជ្រោះជ្រលងគុម្ពព្រៃសព្វអន្លើក៏ពុំឃើញ ទើបវានាំគ្នាវិលមកភូមិវិញ។ឯចៅក្មេងពួននៅលើចុងឈើកាលពួកនោះ ទៅរកក៏បានឃើញគេកាន់ដាវកាន់កាំបិតចូលមករកខ្លួនក៏ដឹងថាគេមករកសំលាប់អាត្មា ព្រោះក្មេងនោះដឹងច្បាប់ព្នងថា មេកន្រ្ទាញអោយសំលាប់ទាំងអស់ឥតសល់ ហេតុនោះទើបចៅក្មេងខំពួនលាក់ខ្លួននឹងប្រគាបឈើ អោបមែកឈើនោះខ្ជាប់ លុះពេលយប់ស្ងាត់ ចៅក្មេងនោះចុះចាកព្រឹក្សារត់ចេញអំពីចំការ ដើរកាត់ព្រៃត្រង់ចុះមកភូមិក្រោម ចូលទៅសូមពួននឹងផ្ទះព្នងម្នាក់នៅដើមភូមិ ឯអ្នកផ្ទះនោះគេក៏អាណិតក្មេងនោះ អោយបាយទឹកអាស្រ័យ ហើយយកទៅលាក់ទុកក្នុងផ្ទះ ឯអាពួកមេកន្រ្ទាញដើររកក្មេងនោះពុំឃើញហើយលុះថ្ងៃព្រឹកឡើងវាតាមមករកដល់ភូមិក្រោម វាដើរស៊ើបសួររកគ្រប់ផ្ទះ ឯអ្នកស្រុកក៏ឆ្លើយប្រាប់ថាពុំឃើញទាំងអស់ ឯពួកនោះនៅសង្ស័យក្រែងអ្នកស្រុកលាក់បិទបាំងទុក ទើបវានាំគ្នាឡើងរើមើលគ្រប់ផ្ទះ តែផ្ទះដែលចៅក្មេងទៅពួននោះគឺនៅខាងដើមភូមិបង្អស់ ច្បាប់ព្នងត្រូវរកមនុស្សនោះ គឺរើរកតែផ្ទះណាដែលនៅកណ្ដាលគេរឺចុងគេជាការមាំទាំឯត្រង់ផ្ទះនៅដើមភូមិមិនសូវមានក្ដីសង្ស័យពេក តែផ្ទះដែលក្មេងពួននោះ វាពុំបានឡើងរើអោយមាំមួន លុះវារកពុំឃើញហើយ ទើបវានាំគ្នាវិលទៅជំរាបមេកន្រ្ទាញនោះវិញ។ឯអ្នកផ្ទះកាលបើពួកនោះវិលទៅអស់ហើយទើបនិយាយនឹងក្មេងនោះថា បាឯងនៅនឹងយើងនេះ យើងនឹងការពារពុំរួចទេព្រោះផ្ទះយើងនៅជិតនឹងមេកន្រ្ទាញនោះ កាលណានឹងស្ងាត់ គង់នឹងដឹងដល់វាពុំខាន បើបាឯងចង់រួចជីវិតមានតែរត់ចុះទៅកាន់ដែនដីខ្មែរ អើព្រឹកមិញនេះ មានមេឈ្មួញរទេះខ្មែរគេទៅស្រុកគេ បើដូច្នេះបាឯងខំរត់ទៅតាមរទេះខ្មែរនោះអោយទាន់ សូមដោយសារគេទៅស្រុកក្រចេះចុះ។ឯក្មេងនោះលឺដូច្នេះក៏ជឿតាម ទើបសំពះលាអ្នកផ្ទះហើយខំរត់តាមរទេះខ្មែរត្រាដល់ទាន់នាកណ្ដាលផ្លូវ ក៏ដើរក្រោយរទេះនោះទៅដោយនឿយណាស់ពុំអាចនឹងដើរបាន ទើបឡើងជិះប្រែករទេះតោងក្រោយទៅ ។ ឯនាយឈ្មួញបែរមក ឃើញក្មេងតោងរទេះជិះក្រោយដូច្នោះ ក៏ចុះមកសួរនិយាយជាភាសាព្នងថា ចៅ ឯងជាកូនចៅអ្នកណា បានជាមកតោងរទេះយើងនេះ។ ឯចៅក្មេងនោះក៏និយាយ ប្រាប់តាំងតែអំពីដើមដល់ចប់អោយនាយឈ្មួញនោះស្ដាប់ នាយឈ្មួញដឹងហើយ ក៏កើតសេចក្ដីសង្វេគអាណិតពន់ពេកណាស់ ទើបថា អើបើដូច្នោះចៅឯងទៅនៅនឹងយើងចុះយើងឥតកូនទេ យើងយកបាឯងជាកូនធម៌ កាលដែលគេគិតបៀតបៀនបានោះ យើងទទួលភារៈ ចៅកុំជាទុក្ខឡើយ ថាហើយក៏អោយក្មេងនោះជិះក្នុងរទេះបរទៅដរាបដល់ស្រុកក្រចេះ នាយឈ្មួញក៏បរវេះទៅផ្ទះនៃអាត្មា ដល់ហើយ ក៏ឈប់នៅតាំងនាមក្មេងនោះហៅថាចៅសុខ ព្រោះចៅនោះផុតពីសេចក្ដីទុក្ខ អំពីមេកន្រ្ទាញនោះហើយ នាយឈ្មួញស្រលាញ់ចៅសុខទុកជាបុត្រនៃអាត្មា ឧស្សាហ៏បង្ហាត់បង្រៀនចៅសុខអោយចេះនិយាយភាសាខ្មែរបានចៅសុខក៏ខំឧស្សាហ៏ប្រតិបតិ្ដបំរើនាយឈ្មួញនោះ ពុំអោយមានសេចក្ដីរង្កៀសអ្វី១ឡើយ លុះនៅមកនាយឈ្មួញអោយចៅសុខទៅនៅវត្ដរៀនអក្សរខ្មែរ ចៅសុខឧស្សាហ៏រៀនសូត្រទាល់តែបានសំរេចក្ដីប្រាថ្នា លុះបាន១៥ឆ្នាំ នាយឈ្មួញអោយបួសជាសាមនេរហៅថា នេន សុខ លុះអាយុបាន២១វស្សា បិតាធម៌បំបួសជាភិក្ខុហៅថា លោកភិក្ខុសុខនៅជាសុខសប្បាយដោយលាភសក្ការៈ ដែលបង្កើតមានក្នុងព្រះពុទ្ធសាសនានេះហោង។អើឯងស្ដាប់មើលចុះ រឿងនិទានអស់នេះ គឺច្បាប់ថា អ្នកណាមានទោសហើយទោសនោះអាចធ្លាក់ដល់កូន ដល់ចៅអ្នកនោះ ដែលគ្នាពុំដឹងពុំលឺអ្វីឡើយ មែនបើច្បាប់នេះ មាននៅក្នុងស្រុកណាហើយលោកថា អោយរត់ចេញចាកស្រុកនោះអោយឆាប់ ទើបរក្សាជីវិតបាន ដូចលោកភិក្ខុសុខដែលសំដែងមកនេះគួរចូលចិត្ដចុះ សំដែងមកក្នុងពាលវគ្គនេះចប់ដោយសង្ខែបតែប៉ុណ្ណេះ។