Jump to content

គតិលោក/ភាគទី២/6

From Wikisource
113217គតិលោក, ភាគទី២រឿង​កូនចៀម និងឆ្កែព្រៃឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​កូនចៀម និងឆ្កែព្រៃ



មានកូនចៀមមួយចុះទៅផឹកទឹកជ្រោះ កាលនោះមានឆ្កែព្រៃមួយចុះទៅផង បានឃើញកូនចៀមនោះហើយ កើតកួចចង់ចាប់ស៊ី តែឆ្កែនោះគិតថា ការនឹងកំហែងចាប់ស៊ីតែម្ដងទៅក៏បាន ប៉ុន្ដែហាក់ដូចជាមិនអស្ចារ្យ ចាំរកទោសវាអោយឃើញសិន គិតហើយឆ្កែព្រៃស្រដីកំហែងទៅថា វ៉ឺយអាកូនសត្វនេះ ម្ដេចឯងក៏ខូចខិលម៉្លេះ គួរឬមកកូរទឹកអោយល្អក់អស់ រកតែយើងនឹងផឹកផងពុំបានហះ។ ឯកូនចៀមលឺឆ្កែព្រៃស្ដីចាប់ទោសដូច្នោះក៏តបថា ខ្ញុំបាទទទួលទានទឹកនៅក្រោមលោកទេតើ ទឹកល្អក់ឯណាដែលហូរច្រាសទៅខាងលើវិញនោះ លោកនៅខាងលើខ្ញុំបាទយ៉ាងនេះ។ឆ្កែព្រៃទល់ប្រាជ្ញា ទើបរកកលចាប់ទោសឯទៀតវិញ ក្លែងចោទថា «អើពីឆ្នាំទៅមិញអាឯងដើរនិយាយដើមអញ អញកំពុងតែរកទេតើ»។ បាទលោក បើគិតទៅ រូបខ្ញុំបាទនេះមិនទាន់ទាំងកើតផង បើជាកើតសោតក៏នៅពុំទាន់ចេះនិយាយផងហេតុម្ដេចលោកមកចោទខ្ញុំបាទថា ដើរនិយាយដើមលោកពីឆ្នាំទៅមិញនោះ។ ឆ្កែព្រៃទាល់ប្រាជ្ញារកកលមួយទៀត កំហែងទៅថា អើបើអាឯងមិននិយាយព្រោះនៅតូចទន់ បើដូច្នោះ គឺបងអាឯងនិយាយដើមអញ។ ខ្លួនខ្ញុំបាទនេះកើតជាកូនដំបូងក្នុងឧទរនៃមេខ្ញុំបាទនេះ បងខ្ញុំបាទ នឹងមានកាលណា គឺខ្ញុំបាទនេះហើយជាកូនច្បង ហេតុម្ដេចលោកមកចោទខ្ញុំបាទថា បងខ្ញុំបាទនិយាយដើមលោកដូច្នេះ។ ឱ បងអាឯងគ្មានសោះហះ បើដូច្នោះម៉ែឪជីដូនជីតាអាឯងនិយាយដើមអញហើយ។ឯកូនចៀមលឺឆ្កែព្រៃ ចោទសេចក្ដីតោងមិនដល់ នឹងគេចកែមិនដល់ដូច្នោះ ក៏ពុំអាចឆ្លើយតបបានទើបឈប់ស្ងៀមនៅឆ្កែព្រៃក៏ស្ទះទៅចាប់កូនចៀមនោះប្រហារ បរិភោគក្នុងកាលនោះឯង។ពាក្យឆ្កែព្រៃចោទចាប់ទោសដល់ម៉ែឪ ជីដូនជីតានេះជាពាក្យធ្ងន់លើសប្រមាណ ទោះប្រាជ្ញាពោធិសត្វគង់គេចកែទៅមិនផុត នរណាឡើយក្នុងលោកនេះដែលគ្មានមាតាបិតាជីដូនជីតានោះ សឹងមានគ្រប់រូបទាំងអស់ ច្បាប់បញ្ញាត្ដិថានរណាមានទោសទណ្ឌកម្មហើយ ត្រូវច្បាប់ស៊ីដល់កូនចៅដែលកើតក្រោយផង ដូចច្បាប់ក្នុងស្រុកលើគេបញ្ញាត្តិថាបើមានអ្នកណាចេះធ្មប់ ចេះអំពើព្រាយ ហើយមានគេទៅ ប្ដឹងដល់មេកន្រ្ទាញជាមេស្រុក នោះមេកន្រ្ទាញត្រូវមានអំនាច អោយទៅកោះ ចាប់យកអ្នកដែលគេចោទនោះមកជំរះពិភាក្សា បើជំរះទៅយល់មែនដូចពាក្យគេចោទហើយច្បាប់ត្រូវសំលាប់ពូជនោះអស់៧សន្ដាន ដោយហោចទៅតែទារកបៅ ដោះក៏អោយសំលាប់ទាំងអស់។ មួយទៀតបើនរណាពួកណាប្រទូស្ដគឺក្បត់ផែនដីក្ដី រឺទទឹងរឹងរូសតអាជ្ញាមហាក្សត្រក្ដី ច្បាប់ត្រូវប្រហារជីវិតទាំងត្រកូល ឯពួកញាតិពូជនោះ ត្រូវទំលាក់ដាក់ជាពលអ្នកងារ មានអោយត្រូវបោចស្មៅសេះស្មៅដំរីជាដើមត្រាអស់កប្បអស់កល្បទៅសត្វដែលកើតក្នុងវង្សនោះចុះឈ្មោះជាអ្នកងារជាលេខសួយទាំងអស់ ទោះប៉ុន្មានៗ តក៏ពុំរួចជាព្រៃងារនឹងគេឡើយសត្វណាកើតក្នុងពូជនោះ ទោះជាចេះវិជ្ជាការអ្វីៗ រឺ មានប្រាជ្ញាយ៉ាងណាក្ដី ក៏តាំងខ្លួនពុំបាន ហៅថាសត្វឥតភព្វក្នុងលោកនេះឯង។ ច្បាប់ដែលថាមកនេះជាប់ជាទំងន់ទៅខាងអ្នកទាបប្រាកដ មួយទៀតច្បាប់នេះ បើមាននៅក្នុងប្រទេសទីណាហើយអ្នកប្រាជ្ញណានឹងគិតគេចអោយរួចចេញទៅពុំបាន បើចង់រួចចេញនោះ បានតែរត់ចោលស្រុកភៀសខ្លួនទៅនៅប្រទេសទីទៃឯទៀតៗ នោះទើបបាន ដូចនិទានលោកតាសុខព្នងនោះឯង។