គតិលោក/ភាគទី២/5
រឿងឧកញ៉ាញៀនអាភៀន
មានចៅពាលម្នាក់ទីជាឧកញ៉ា ជាព្រះញាតិនឹងសម្ដេចព្រះបរមខត្តិយា ឧកញ៉ានោះជក់អាភៀនញៀនពេញកំឡាំង តែអស់ប្រាក់កាលណា វាក៏នាំបណ្ដាកូនក្មួយបាវព្រាវ ចុះទូកគេហៅចែវត្រាច់ទៅតាមទន្លេធំដល់ភូមិណា ស្រុកណាហើយ វាឲ្យអាបាវព្រាវនោះឡើងកាប់ចេកកាប់អំពៅ បេះផ្លែឈើ គឺផ្លែត្រសក់ ឪឡឹក ដេញចាប់មាន់ទារបស់រាស្រ្តយកជាប្រយោជន៍ខ្លួនវា ថ្ងៃ ១ នោះ ចៅឧកញ៉ាឲ្យបាវចែវទូកទៅចតទៀបកំពង់ភូមិស្រុករកាទ្វារ អាបាវវានាំគ្នាឡើងទៅកាប់ចេក របស់តាក្រៃសរញឹមៗ ពុំបាននៅៗ តែយាយជាប្រពន្ធ អស់ពួកនោះរាតត្បាតកាប់ចេកជាង ១០ ស្ទង ហើយវានាំគ្នាសែងលីមកដាក់ទូក នៅសល់ចេក ១ ស្ទងពុំយក ព្រោះចេកនេះនៅខ្ចីណាស់ គិតហើយយាយនោះ លើកយកចេកនោះដាក់ទៅលើរានហាល ។
ដល់ក្រោយ អាបាវម្នាក់វាដើរចូលទៅ បានឃើញចេកដែលកាប់នៅលើរានហាលយាយ ទើបវាក្លែងថា « យាយឯងនេះ ម្ដេចហ៊ានលួចចេកលោកនាយយើង យកមកទុកលើផ្ទះខ្លួន នេះយើងមិនអត់ទេ យើងទៅប្ដឹងលោកនាយ ឲ្យជំរះចោរលួចចេកនេះហើយ » ។ ឯយាយម្ចាស់ចេកឆ្លើយថា ឱកូនអើយ ! ម្ដាយនេះលួចចេកកូនឯងកាលណា ម្ដាយស្មានថាចេកនេះវាខ្ចីពេក ឯងកាប់មកក្រែងច្រឡំថាចាស់មិនយកទៅ ចោលនៅក្នុងទីនេះ យ៉ាងជាកូនមិនត្រូវការដឹង បានជាម្ដាយលើកដាក់មកលើរានហាលនេះ ឥឡូវបើកូនត្រូវការហើយ ក៏អញ្ជើញទៅចុះ ម្ដាយនឹងថាអី ។ អានេះមិនស្ដាប់វាទៅប្ដឹងឧកញ៉ានាយវា ឯនាយនោះនឹងបាវវាដឹងគ្នា ទើបឲ្យពួកវាឡើងទៅកោះ យកយាយនោះមក យាយនោះភិតភ័យក្រៃពេក ដល់ហើយវាកាត់លក់យាយនោះជាប្រាក់ ៣ ណែន យាយនោះសូមអង្វរទៅត្រឹម១ ណែន ១ កំណាត់ យាយម្ចាស់ចេកក៏បង់ចេក ១០ ស្ទង នឹងប្រាក់ ១ ណែន ១ កំណាត់ទៅដៃឧកញ៉ាពាលនេះឯង ។
ឯងស្ដាប់មើលទៅចុះស្រុកខ្មែរយើងនេះ ពីដើមមានមន្រ្តីពាលដើរបៀតបៀនរាស្រ្ត ឲ្យរាស្រ្តក្ដៅក្រហាយផ្សេងៗ ដូចយ៉ាងឧកញ៉ាពាល ដែលវាកំហែងយាយម្ចាស់ចេកនៅស្រុករកាទ្វារជាប់គ្នា នឹងស្រុកព្រែកពោធិ៍ នោះឯងទាល់តែរាស្រ្តស្រុកទន្លេធំ រអាខ្លាចអំណាចឧកញ៉ាពាលនោះ តែឃើញទូកគេហៅចៅឧកញ៉ាពាលនោះចតនៅកំពង់ភូមិណាហើយ ក៏មិនហ៊ាននិយាយថាអ្វីឡើយ ទោះជាពួកនោះកំហែងកាប់ចេកកាប់អំពៅឬដេញចោលចាប់មាន់ទាក្ដី ក៏ពុំហ៊ានហាមឃាត់ថាអ្វីឡើយ ។
ឯអំពើចៅឧកញ៉ាពាលកំហែងលក់រាស្រ្តនោះ មិនតែប៉ុណ្ណោះទេ សងមានច្រើនប្រការទៅទៀត យើងសំដែងតែជាន័យសង្ខេបប៉ុណ្ណេះ ឲ្យឃើញថាពាលនេះវាប្រើឧបាយកលកោងបញ្ឆោតកុហកបោកប្រាសខ្លះ វាប្រើកំហែងលក់ព្នៃដោយអំណាចវា ដែលវាជាមន្រ្តីអាងខ្លួនជាធំ ជាព្រះញាតិវង្សពង្សានឹងមហាក្សត្រខ្លះ ហេតុនោះទើបថាខ្លាចអីមិនស្មើខ្លាចពាល កាចអ្វីមិនស្មើកាចមនុស្សពាល មនុស្សពាលមានអំណាចនឹងគិតបៀតបៀនបុគ្គលណាហើយ ទោះមនុស្សនោះមានប្រាជ្ញាឆ្លាស់យ៉ាងណា នឹងគិតកែឲ្យផុតពីមនុស្សពាល ដែលមានអំណាចនោះគេចទៅពុំបាន ព្រោះមនុស្សពាលយកយសសក្ដា ជាអំណាចមកគ្របសង្កត់បំបាត់មាត់អ្នកតូច មិនឲ្យហើបហាថាអ្វីបានដូចបុរាណថា « ពាលប្រើអំណាច ប្រាជ្ញតោង ប្រាសចេញ » ។
មួយទៀតថា ជាតិអ្នកតូចទោះមានប្រាជ្ញាចេះគេចកែ ក៏គេចកែបានក្នុងវារៈ ១ – ២ ដង តែបើពាលព្យាយាមនឹងយាយីហើយ គេចទៅទៀពុំរួចឡើយ ដូចនិទានកូនចៀមត្រូវឆ្កែព្រៃវាកំហែងចាប់ស៊ីនោះឯង ។
រឿងកូនចៀមនឹងឆ្កែព្រៃ
មានកូនចៀម ១ ចុះទៅផឹកទឹកជ្រោះ កាលនោះមានឆ្កែព្រៃ ១ ចុះទៅផង បានឃើញកូនចៀមនោះហើយ កើតកួចចង់ចាប់ស៊ី តែឆ្កែនោះគិតថា ការនឹងកំហែងចាប់ស៊ីតែម្ដងទៅក៏បាន ប៉ុន្តែហាក់ដូចជាមិនអស្ចារ្យ ចាំរកទោសវាឲ្យឃើញសិន គិតហើយឆ្កែព្រៃស្រដីកំហែងទៅថា វ៉ឺយអាកូនសត្វនេះ ម្ដេចឯងក៏ខិលខូចម្ល៉េះ គួរឬមកកូរទឹកឲ្យល្អក់អស់ រកតែយើងនឹងផឹកផងពុំបានហៈ ។ ឯកូនចៀមឮឆ្កែព្រៃស្ដីចាប់ទោសដូច្នោះ ក៏តបថា ខ្ញុំបាទទទួលទានទឹកនៅក្រោមលោកទេតើ ទឹកល្អក់ឯណាដែលហូរច្រាសទៅខាងលើវិញនោះ លោកនៅខាងលើខ្ញុំបាទយ៉ាងនេះ ។ ឆ្កែព្រៃទាល់ប្រាជ្ញា ទើបរកកលចាប់ទោសឯទៀតវិញ ក្លែងចោទថា «អើពីឆ្នាំទៅមិញអាឯងដើរនិយាយដើមអញៗ តែរកទេតើ » ។ បាទលោក បើគិតទៅរូបខ្ញុំបាទនេះ មិនទាន់ទាំងកើតផង បើជាកើតសោតក៏នៅពុំទាន់ចេះនិយាយផង ហេតុម្ដេចលោកមកចោទខ្ញុំបាទថា ដើរនិយាយដើមលោកពីឆ្នាំទៅមិញនោះ » ។ ឆ្កែព្រៃទាល់ប្រាជ្ញារកកលមួយទៀតកំហែងទៅថា « អើបើអាឯងមិននិយាយ ព្រោះនៅតូចទន់ បើដូច្នោះ គឺបងអាឯង និយាយដើមអញ » ។ « ខ្លួនខ្ញុំបាទនេះ កើតជាកូនដំបូងក្នុងឧទរនៃមេខ្ញុំបាទនេះ បងខ្ញុំបាទនឹងមានកាលណា គឺខ្លួនខ្ញុំបាទនេះហើយជាកូនច្បង ហេតុម្ដេចលោកមកចោទថា បងខ្ញុំបាទនិយាយដើមលោកដូច្នេះ » ។
« ឱបងអាឯងគ្មានសោះហៈ បើដូច្នោះម៉ែឪជីដូនជីតា អាឯងនិយាយដើមអញហើយ » ។
ឯកូនចៀមឮឆ្កែព្រៃ ចោទសេចក្ដីតោងមិនដល់ នឹងគេចកែមិនដល់ដូច្នោះ ក៏ពុំអាចឆ្លើយតបបានទើបឈប់ស្ងៀមនៅ ឆ្កែព្រៃក៏ស្ទុះទៅចាប់កូនចៀមនោះ ប្រហារបរិភោគក្នុងកាលនោះឯង ។ ពាក្យឆ្កែព្រៃចោទចាប់ទោសដល់ម៉ែឪ ជីដូនជីតានេះជាពាក្យធ្ងន់លើសប្រមាណ ទោះប្រាជ្ញាពោធិសត្វគង់គេចកែទៅមិនផុត នរណាឡើយក្នុងលោកនេះដែលគ្មានមាតាបិតាជីដូនជីតានោះ សឹងមានគ្រប់រូបទាំងអស់ ច្បាប់បញ្ញត្តិថា នរណាមានទោសទណ្ឌកម្មហើយ ត្រូវច្បាប់ស៊ីដល់កូនចៅ ដែលកើតក្រោយផង ដូចច្បាប់ក្នុងស្រុកលើ គេបញ្ញត្តិថា បើមានអ្នកណាចេះធ្មប់ ចេះអំពើព្រាយ, ហើយមានគេទៅប្ដឹងដល់មេកន្រ្ទាញ ជាមេស្រុក នោះមេកន្រ្ទាញត្រូវមានអំណាច ឲ្យទៅកោះចាប់យកអ្នកដែលគេចោទនោះមកជំរះពិភាក្សា បើជំរះទៅយល់មែនដូចពាក្យគេចោទហើយ ច្បាប់ត្រូវសម្លាប់ពូជនោះអស់ ៧ សន្ដាន ដោយហោចទៅតែទារកបៅដោះក៏ឲ្យសម្លាប់ទាំងអស់ ។
មួយទៀត បើនរណាពួកណាប្រទូស្តគឺក្បត់ផែនដីក្ដី ឬទទឹងរឹងរូសតអាជ្ញាមហាក្សត្រក្ដី ច្បាប់ត្រូវប្រហារជីវិតទាំងត្រកូល ឯពួកញាតិពូជនោះ ត្រូវទំលាក់ដាក់ជាពលអ្នកងារ មានឲ្យត្រូវបោចស្មៅសេះស្មៅដំរីជាដើម ត្រាអស់កប្បអស់កល្បទៅ សត្វដែលកើតក្នុងវង្សនោះចុះឈ្មោះជាអ្នកងារ ជាលេខសួយទាំងអស់ ទោះប៉ុន្មានៗត ក៏ពុំរួចជាព្រៃងារនឹងគេឡើយ សត្វណាកើតក្នុងពូជនោះ ទោះជាចេះវិជ្ជាការអ្វីៗ ឬមានប្រាជ្ញាយ៉ាងណាក្ដី ក៏តាំងខ្លួនពុំបាន ហៅថាសត្វឥតភព្វក្នុងលោកនេះឯង ។ ច្បាប់ដែលថាមកនេះ ជាប់ជាទម្ងន់ទៅខាងអ្នកទាបប្រាកដ មួយទៀតច្បាប់នេះ បើមាននៅក្នុងប្រទេសទីណាហើយអ្នកប្រាជ្ញណា នឹងគិតគេចឲ្យរួចចេញទៅពុំបាន បើចង់រួចចេញនោះ បានតែរត់ចោលស្រុកភៀសខ្លួនទៅនៅប្រទេសទីទៃឯទៀតៗ នោះទើបបាន ដូចនិទានលោកតាសុខព្នងនោះឯង ។
រឿងភិក្ខុសុខជាព្នងគ្រួ
ឯរឿងនោះ មានចៅព្នងគ្រួ ១ អាស្រ័យនៅក្នុងស្រុកលើ រកស៊ីតាមភាសាអ្នកព្រៃ នៅយូរមកពួកព្នងដូចគ្នាកើតស្អប់ចៅនោះ វានាំគ្នាទៅប្ដឹងមេកន្រ្ទាញភូមិនោះ ចោទថា ចៅព្នងព្រៃចេះអាបធ្មប់ ធ្វើអ្នកស្រុកឲ្យស្លាប់ជាច្រើន ឯមេកន្រ្ទាញមានអំណាចឮថា ចេះអាបធ្មប់ដូច្នោះ ក៏ឲ្យគ្នាវាដើរកាប់សម្លាប់ព្នង ដែលត្រូវគេចោទនោះ ទាំងបុត្រភរិយា ព្រមទាំងពូជពង្សវង្សា ៧ ជួរអស់ឥតសល់ នៅតែក្មេងម្នាក់ឈ្មោះចៅសុខ ចៅនោះអាយុប្រមាណជា ១០ – ១១ ឆ្នាំ ចៅនោះនៅចាំចំការស្រូវក្នុងស្រែព្រៃ បានដឹងជាមេកន្រ្ទាញប្រើឲ្យសម្លាប់អាពុកម្ដាយ បងប្អូន មីងមា យាយតាអស់ដូច្នោះ ក៏ភិតភ័យមហិមា រត់ទៅឡើងចុងឈើលាក់ខ្លួនពួនអាត្មា នឹងមែកឈើស៊ុមទ្រុមសម្ងំ ឯពួកមេកន្រ្ទាញវាសម្លាប់ពូជនោះអស់ហើយ វាដឹងថា នៅសល់កូន ១ ទើបវានាំគ្នាទៅរកក្មេងនោះឯចំការស្រូវ ដើម្បីនឹងសម្លាប់ចោលឲ្យអស់ពូជ លុះទៅដល់ចំការ វាក៏ដើររើរកតាមជ្រោះជ្រលងគុម្ពព្រៃសព្វអន្លើក៏ពុំឃើញ ទើបវានាំគ្នាវិលមកភូមិវិញ ឯចៅក្មេងពួននៅលើចុងឈើ កាលពួកនោះទៅរក ក៏បានឃើញគេកាន់ដាវកាន់កាំបិតចូលមករកខ្លួន ក៏ដឹងថាគេមកសម្លាប់អាត្មា ព្រោះក្មេងនោះដឹងច្បាប់ព្នងថា មេកន្រ្ទាញឲ្យសម្លាប់ទាំងអស់ឥតសល់ ហេតុនោះទើបចៅក្មេងខំពួនលាក់ខ្លួននឹងប្រគាបឈើ ឱបមែកឈើនោះខ្ជាប់ លុះពេលយប់ស្ងាត់ ចៅក្មេងនោះចុះចាកព្រឹក្សារត់ចេញអំពីចំការ ដើរកាត់ព្រៃត្រង់ចុះមកភូមិក្រោម ចូលទៅសូមពួននឹងផ្ទះព្នងម្នាក់នៅដើមភូមិ ឯអ្នកផ្ទះនោះគេក៏អាណិតក្មេងនោះ ឲ្យបាយទឹកអាស្រ័យ ហើយយកទៅលាក់ទុកក្នុងផ្ទះ ឯអាពួកមេកន្រ្ទាញដើររកក្មេងនោះពុំឃើញហើយ លុះថ្ងៃព្រឹកឡើង វាតាមមករកដល់ភូមិក្រោម វាដើរស៊ើបសួររកគ្រប់ផ្ទះ ឯអ្នកស្រុកក៏ឆ្លើយប្រាប់ថាពុំឃើញទាំងអស់ ឯពួកនោះនៅសង្ស័យ ក្រែងអ្នកស្រុកលាក់បិទបាំងទុក ទើបវានាំគ្នាឡើងរើមើលគ្រប់ផ្ទះ តែផ្ទះដែលចៅក្មេងទៅពួននោះ គឺនៅខាងដើមភូមិបង្អស់ ច្បាប់ព្នងត្រូវរកមនុស្សនោះ គឺរើរកតែផ្ទះណាដែលនៅកណ្ដាលគេ ឬ ចុងគេជាការមាំទាំឯត្រង់ផ្ទះនៅដើមភូមិ ក៏មិនសូវមានក្ដីសង្ស័យពេក តែផ្ទះដែលក្មេងពួននោះ វាពុំបានឡើងរើឲ្យមាំមួន លុះវារកពុំឃើញហើយ ទើបវានាំគ្នាវិលទៅជំរាបមេកន្រ្ទាញនោះវិញ។ ឯអ្នកផ្ទះ កាលបើពួកនោះវិលទៅអស់ហើយ ទើបនិយាយនឹងក្មេងនោះថា « បាឯងនៅនឹងយើងនេះ យើងនឹងការពារពុំរួចទេ ព្រោះផ្ទះយើងនៅជិតនឹងមេកន្រ្ទាញនោះ កាលណានឹងស្ងាត់ គង់នឹងដឹងដល់វាពុំខាន បើបាឯងចង់រួចជីវិត មានតែរត់ចុះទៅនៅដែនខ្មែរ អើព្រឹកមិញនេះ មានមេឈ្មួញរទេះខ្មែរគេទៅស្រុកគេ បើដូច្នេះបាឯងខំរត់ទៅតាមរទេះខ្មែរនោះឲ្យទាន់ សូមដោយសារគេទៅស្រុកក្រចេះចុះ » ។ ឯក្មេងនោះឮដូច្នោះក៏ជឿតាម ទើបសំពះលាអ្នកផ្ទះហើយ ខំរត់តាមរទេះខ្មែរ ត្រាដល់ទាន់នាកណ្ដាលផ្លូវ ក៏ដើរក្រោយរទេះនោះទៅដោយនឿយណាស់ ពុំអាចនឹងដើរបាន ទើបឡើងជិះប្រែករទេះតោងក្រោយទៅ ។ ឯនាយឈ្មួញបែរមកឃើញក្មេងតោងរទេះជិះក្រោយដូច្នោះក៏ចុះមកសួរនិយាយជាភាសាព្នងថា « ចៅឯងជាកូនចៅនរណា បានជាមកតោងរទេះយើងនេះ»។ ឯចៅក្មេងនោះក៏និយាយប្រាប់ តាំងតែអំពីដើមដល់ចប់ឲ្យនាយឈ្មួញនោះស្ដាប់ នាយឈ្មួញដឹងហើយក៏កើតសេចក្ដីសង្វេគអាណិតពន់ពេកណាស់ ទើបថា « អើបើដូច្នោះចៅឯងទៅនៅនឹងយើងចុះ យើងឥតកូនទេ យើងយកបាឯងជាកូនធម៌ កាលដែលគេគិតបៀតបៀន បានោះយើងទទួលជាភារៈ ចៅកុំជាទុក្ខឡើយ », ថាហើយក៏ឲ្យក្មេងនោះជិះក្នុងរទេះ បរទៅដរាបដល់ស្រុកក្រចេះ នាយឈ្មួញក៏បរវេះទៅផ្ទះនៃអាត្មា ដល់ហើយក៏ឈប់នៅ តាំងនាមក្មេងនោះហៅថាចៅសុខ ព្រោះចៅនោះផុតពីសេចក្ដីទុក្ខ អំពីដៃមេកន្រ្ទាញនោះហើយ នាយឈ្មួញស្រឡាញ់ចៅសុខទុកជាបុត្រនៃអាត្មា ឧស្សាហ៍បង្ហាត់បង្រៀនចៅសុខឲ្យចេះនិយាយភាសាខ្មែរបាន ចៅសុខក៏ខំឧស្សាហ៍ប្រតិបត្តិបំរើនាយឈ្មួញនោះ ពុំឲ្យមានសេចក្ដីរង្កៀសអ្វី ១ ឡើយ លុះនៅមក នាយឈ្មួញឲ្យចៅសុខទៅនៅវត្តរៀនអក្សរខ្មែរ ចៅសុខឧស្សាហ៍រៀនសូត្រទាល់តែបានសំរេចក្ដីប្រាថ្នា លុះបាន ១៥ ឆ្នាំ នាយឈ្មួញឲ្យបួសជាសាមណេរហៅថា នេនសុខ លុះអាយុបាន ២១ វស្សាបិតាធម៌បំបួសជាភិក្ខុ ហៅថា លោកភិក្ខុសុខនៅជាសុខសប្បាយដោយលាភសក្ការៈ ដែលបង្កើតមានក្នុងព្រះពុទ្ធសាសនានេះហោង ។
« អើឯង ស្ដាប់មើលចុះ រឿងនិទានអស់នេះ គឺច្បាប់ថា អ្នកណាមានទោសហើយ ទោសនោះអាចធ្លាក់ដល់កូនដល់ចៅអ្នកនោះ ដែលគ្នាពុំដឹងពុំឮអ្វីឡើយ មែនបើច្បាប់នេះ មាននៅក្នុងស្រុកណាហើយលោកថាឲ្យរត់ចេញចាកស្រុកនោះឲ្យឆាប់ ទើបរក្សាជីវិតបាន ដូចលោកភិក្ខុសុខដែលសំដែងមកនេះ គួរចូលចិត្តចុះ សំដែងមកក្នុងពាលវគ្គនេះ ចប់ដោយសង្ខេបតែប៉ុណ្ណោះ» ។ តពីនេះនឹងសំដែងក្នុងបណ្ឌិតវគ្គតទៅ ។
សុភាសិទ