Jump to content

គតិលោក/ភាគទី២/4

From Wikisource
113188គតិលោក, ភាគទី២រឿង​លោក​សង្ឃ​សាង​វិហារឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​លោក​សង្ឃ​សាង​វិហារ



ថ្ងៃ ១ មាន​បុរស​ពាល​ម្នាក់​វា​ដឹង​ថា លោក​គ្រូ​នោះ​មាន​ប្រាក់ ៨០ រៀល ទើប​វា​តែង​កាយ​ស្លៀក​ពាក់​ហាក់​ដូចជា​ដង្ខៅ​ឈើ មាន​ចៅ​ពាល​ម្នាក់​ទៀត ធ្វើ​ជា​កូន​ឈ្នួល​ដើរ​តាម​ក្រោយ ចូល​ទៅ​វត្ត​នោះ ដល់​ហើយ​វា​ឡើង​ទៅ​ឯ​ទី​វិហារ​ចាស់ ធ្វើ​កិរិយា​ពុំ​នាំ​ពាក្យ​ចរចា​នឹង​អ្នកណា ១ ឡើយ វា​ឲ្យ​កូន​ឈ្នួល​នោះ​ទាញ​ខ្សែ​ម្ខាង វា​ទាញ​ម្ខាង វា​វាស់​ទទឹង​បណ្ដោយ​វិហារ​ហើយ វា​ធ្វើ​ជា​សរសេរ​ខ្នាត​ដាក់​សៀវភៅ​វាស់​ព្រះ​វិហារ​នោះ​ទៅ​មក តែ​ពីរ​នាក់​នឹង​កូន​ឈ្នួល។ ឯ​បណ្ដា​ភិក្ខុ​សាមណេរ​ទាំងឡាយ ឃើញ​អាពីរ​នាក់​ទាញ​ខ្នាត​វាស់​ព្រះវិហារ​ខ្លួន​ដូច្នោះ ក៏​សង្ស័យ​ទីទៃ​ៗ លោក​ខ្លះ​ទៅ​ពិត​ទូល​លោក​ចៅអធិការ​ៗ ក៏​នឹក​សង្ស័យ​ថា ឧបាសក​គេ​មក​វាស​វិហារ​យើង​នេះ​ហេតុអ្វី​អេះ ! ទំនង​គេ​នឹង​ចង់​ជួយ​សាង​វិហារ​យើង​ដឹង បើ​ដូច្នេះ​គួរ​តែ​ទៅ​ស៊ើប​សួរ​មើល​ឲ្យ​ដឹង​ការ ថា​ហើយ​លោក​ចៅអធិការ​រៀប​អាត្មា​សុភាព​ដើរ​ទៅ​រក​ចៅ​ពាល​នោះ ឯ​ចៅ​ពាល​យល់​លោក​គ្រូ​ចៅអធិការ​មក​ដល់ ក៏​ធ្វើ​ជា​ឈប់​វាស់​តាំង​សរសេរ​កត់​ដាក់​សៀវភៅ ហើរ​បែរ​ទៅ​លើក​ដៃ​សម្ពះ​ថា លោក​ម្ចាស់​នេះ​ឬ​ជា​ចៅអធិការ​វត្ត​នេះ ? ចំរើន​ពរ អាត្មា​ភាព​នេះ​ឯង​ជា​ចៅ​អធិការ ករុណា​ម្ចាស់​ព្រះវិហារ​នេះ ជា​មាន​លោក​អ្នក​ឯណា​គិត​ធ្វើ​ហើយ​ឬ​ពុំ​មាន​ទេ ? ចំរើន​ពរ ពុំ​មាន​លោក​អ្នក​ឯណា​មាន​សទ្ធា​ធ្វើ​ទេ តែ​រូប​អាត្មាភាព​នេះ ឃោសនា​ញាតិ​ញោម​ជើង​វត្ត​បាន​បច្ច័យ​បន្តិច​បន្តួច នឹង​ធ្វើ​ពុំ​ទាន់​បាន​ចំរើន​ពរ ឱ​បើ​ដូច្នោះ​ករុណា​ម្ចាស់ ប្រោស​មេត្តា​ខ្ញុំ​ករុណា​សាង​ទៅ​ដឹង​វិហារ​នេះ ព្រោះ​ខ្ញុំ​ព្រះករុណា​ជា​ដង្ខៅ​ក្បួន​ឈើ​បាន​នាំ​មក​ហើយ តែ​ពុំ​ទាន់​ដល់​ទីនេះ​នៅ​ឡើយ ខ្ញុំ​ព្រះករុណា​ចុះ​មក​មើល​ទី នឹង​ដាក់​ក្បូន​ឈើ​ជា​មុន ឥឡូវ​ឃើញ​ទី​កំពង់​វត្ត​លោក​គ្រូ​ម្ចាស់​នេះ ទី​ទូលាយ​សប្បាយ គួរ​ដាក់​ចំណាយ​បាន មួយ​ទៀត​រឿង​ឈើ​ធ្វើ​វិហារ​នោះ ខ្ញុំ​ព្រះករុណា​បាន​ចាត់​មក​នឹង​ក្បូន​ជា​ស្រេច បើ​ខ្វះខាត​ទៀត សូម​លៃលក​យក​ឈើ​ក្បូន​នោះ​ថែម​ថយ ត្រា​តែ​ឲ្យ​គ្រប់​ករុណា​ម្ចាស់​កុំ​ព្រួយ​ព្រះទ័យ​ឡើយ សូម​តែ​កំឡាំង​ជួយ​លើក​ជួយ​ដាក់​សែង​លី​ប៉ុណ្ណោះ​ចុះ ត្បិត​ខ្ញុំ​ព្រះករុណា​តិច​គ្នា​នឹង​ធ្វើ ។ « ចំរើន​ពរ បាន​ទេ ឯ​ខាង​កំឡាំង​សែង​លី​នោះ ជា​ភារៈ​លើ​អាត្មា​ភាព​ចុះ » ។ « ករុណា​ម្ចាស់​បើ​លោក​គ្រូ​ម្ចាស់​ជួយ​ផង​នោះ ការ​នោះ​យល់​ជា​កើត​ឆាប់ » ។ ចៅ​ពាល​និយាយ​ប្រៀប​ប្រាយ​បណ្ដើរ ធ្វើ​ជា​ប្រើ​អាការៈ បន្តិច​បើក​នាលិកា​ដក់​មើល​ម៉ោង បន្តិច​ធ្វើ​ជា​រើ​យក​ក្រដាស​ប្រាក់​អំពី​ថង់​ស្បែក​មក​រាប់ លោក​ចៅអធិការ​ឃើញ​ចៅ​ពាល វា​សំដែង​ចេញ​ដូច្នោះ ក៏​រឹត​តែ​ជឿ​ពេញ​ចិត្ត ហើយ​ថា ចំរើន​ពរ អញ្ជើញ​ញោម​ដង្ខៅ​ទៅ​ឯ​កុដិ​សិន ។ ករុណា​មិន​អី​ទេ ថា​ហើយ​ក៏​នាំ​កូន​ឈ្នួល​ទៅ​ឯ​កុដិ​លោក​ចៅអធិការ​ៗ ឲ្យ​ក្មេង​យក​កន្ទេល​ថ្មី​ខ្នើយ​ថ្មី រៀប​ទទួល​ហើយ​អញ្ជើញ​ចៅ​ពាល​ឲ្យ​អង្គុយ​សមគួរ​ហើយ ឲ្យ​ក្មេង​សិស្ស​ដាំ​តែ​ល្អ ស្ករ​ល្អ​តាំង​លៀង​ចៅ​ពាល​នោះ ឯ​ចៅ​ពាល​ក៏​សន្ទនា​ប្រស្រ័យ​និយាយ​ពី​រឿង​ធ្វើ​វិហារ​នោះ ជា​អនេក​បរិយាយ​ផ្សេង​ៗ ។ លោក​ចៅអធិការ​ក៏​រួសរាយ​សប្បាយ​ចិត្ត ព្រោះ​ត្បិត​ត្រូវ​អារម្មណ៍​ដែល​សន្សំ​មក​យូរ​ហើយ លុះ​ពេល​ល្ងាច ចៅ​ពាល​ក៏​ថ្វាយ​បង្គំ​លា​ចុះ​ម្នីម្នា​ដើរ​ចេញ​មក​បន្តិច ក៏​គេច​ចូល​ទៅ​វិញ ហើយ​ថា « ករុណា​ម្ចាស់ ឥឡូវ​នេះ​កូន​ឈ្នួល​វា​សូម​បើក​ប្រាក់​ខ្ញុំ​ករុណា​មាន​តែ​ក្រដាស​ប្រាក់ ១០០ នឹង​ចែក​ចាយ​ពុំ​បាន សូម​ទាន​ប្រាក់​ដែល​ឃោសនា​នោះ សូម​ខ្ចី​ចាយ​សិន ទំរាំ​តែ​ខ្ញុំ​ព្រះករុណា​ទៅ​ប្ដូរ​ពី​ផ្សារ​បាន ឬ លោក​គ្រូ​ម្ចាស់​មិន​ជឿ​ចិត្ត ក៏​សូម​និមន្ត​យក​ប្រាក់​ក្រដាស ១០០ របស់​ខ្ញុំ​ករុណា​ទុក​ជា​សំខាន់​ចុះ » ។ ឯ​លោក​ចៅ​អធិការ​នោះ លុះ​អំណាច​ជឿ​ជាប់​ហើយ ទើប​ឆ្លើយ​ថា « ចំរើន​ពរ បាន​ទេ » ។ ថា​ហើយ​ក៏​ចូល​ទៅ​ក្នុង​កុដិ​ចាក់​សោហិប​បើក​យក​ប្រាក់ ៨០ រៀល​ចេញ​មក​ឲ្យ​ទៅ​ដៃ​ចៅ​ពាល​ៗ ក៏​ទទួល​មួយ​រំពេច​វេច​ដាក់​ក្នុង​ថង់​ស្បែក​ហើយ​ថា « ករុណា​ម្ចាស់​យក​ប្រាក់​ក្រដាស ១០០ របស់​ខ្ញុំ​ព្រះករុណា​ទុក​ជា​ដំណាង​ឬ​ដូចម្ដេច » ។ « ចំរើន​ពរ មិន​អី​ទេ​អញ្ជើញ​យក​ទៅ​ចុះ ទុក​នៅ​លើ​ញោម​ដង្ខៅ ក៏​ដូច​ជា​ទុក​នៅ​លើ​អាត្មា​ភាព​ដដែល ការ​វិហារ​សីមា​នោះ ក៏​ស្រេច​នៅ​លើ​ញោម​ដង្ខៅ​ហើយ អញ្ជើញ​ទៅ ហើយ​សូម​មក​វិញ​កុំ​យូរ​ពេក » ។

ចៅ​ពាល​បាន​ឱកាស​ហើយ ក៏​ម្នីម្នា​ចេញ​ទៅ​ខាង​ផ្លូវ​មាត់​ទន្លេ ដើរ​ទៅ​កាន់​ភូមិ​ក្រោម ត្រា​ដល់​ភូមិ​ជ្រោយ​ចង្វា ចៅ​ពាល​នាំ​គ្នា​ចុះ​នាវា (គឺ​ទូក​ដ ) ឆ្លង​ដល់​ត្រើយ​ក្រុង​ភ្នំពេញ តាំង​ទិញ​ស្រា​បាយ​ចំណី ឬ​អាភៀន​ញៀន ដល់​ចូល​រោង​នាង​កិន្នរី​ស្រី​ផ្កា​មាស ដោយ​អំពើ​ពាល​ហោង ។ ឯ​លោក​ចៅអធិការ​នោះ​នៅ​រង់​ចាំ​មើល​ក្បូន​ឈើ​ជា​យូរ​ថ្ងៃ ក៏​ពុំ​ឃើញ​មាន​ធ្លាក់​មក​ដល់ ១ ឡើយ ម្ល៉ោះ​ហើយ​រឹង​ជា​ទុក្ខ​ទោមនស្ស​នៅ លុះ​កន្លង​ខែ ១ – ២ ទៅ ក៏​កើត​វិប្បដិសារី​រំលឹក​ឃើញ​សេចក្ដី​ដែល​ខ្លួន​ឆោត​ខ្លៅ ឲ្យ​អាពាល​ដង្ខៅ​ខ្ចី​ប្រាក់ ៨០ ទៅ​ស៊ី​បាត់​ជា​ម្ដង ទាំង​ពួក​ញាតិ​ញោម​ផង ក៏​នាំ​គ្នា​គឹកកង​ស្ដី​សន្ទោស​លោក​ចៅ​អធិការ​ថា « លោក​ឥត​ប្រាជ្ញា​ស្មារតី ទៅ​ជឿ​មនុស្ស​ពាល​អប្រីយ​ឲ្យ​វា​បញ្ឆោត​យក​ប្រាក់​អស់ ខាន​សាង​ព្រះវិហារ » ។ ខ្លះ​ក៏​អស់​សទ្ធា លែង​ចេញ​ប្រាក់​ចូល​ឃោសនា​ទៀត លោក​ចៅអធិការ ក៏​រឹង​ជា​ទុក្ខ​សល់​សែន​ណែន​ឱរា ព្រោះ​ពុំ​សម​ក្ដី​ប្រាថ្នា ដោយ​ប្រការ​យ៉ាង​នេះ​ហោង ។

ចប់​រឿង​សង់​ព្រះវិហារ ។

ពាក្យ​ក្មេង​វា​ច្រៀង​ថា ពាល​អើយ​ចៅ​ពាល ចេះ​វាស់​វិហារ ឲ្យ​សង្ឃ​សង្ស័យ សង្ឃ​សាង​វិហារ​មាន​មារ​ចង្រៃ កន្លង​វិស័យ បង់​ប៉ែត​សិប​រៀល ។

អើ​រឿង​ពាល​នេះ ឯង​ស្ដាប់​មើល​ចុះ សុទ្ធ​សឹង​មាន​ឧបាយ​កល​ផ្សេង​ៗ ធ្វើ​ឲ្យ​អ្នក​ស្រុក​ទាំង​លោក​សង្ឃ​នូវ​ឧបាសក​ឲ្យ​លុះ​អំណាច​វា បាន​នូវ​សេចក្ដី​ក្ដៅ​ក្រហាយ ដូច​បាន​និយាយ​មក​នេះ ហេតុ​នោះ​ទើប​ថា មនុស្ស​ពាល​នេះ គួរ​ខ្លាច​វា​ណាស់ ពាល​នេះ​មាន​ពុត​អំពើ​ធ្វើ​ពុំ​តែ​ម្យ៉ាង​ទេ សឹង​មាន​ច្រើន​យ៉ាង​ណាស់​ពុំ​ឈ្នះ​នឹង​ពណ៌នា មាន​ពាល​ខ្លះ​ប្រើ​មារយាទ​យ៉ាង​ស្និទ្ធ ពាល​ខ្លះ​ប្រើ​អំណាច​កាច់​កិន​សង្កត់​កំហែង លក់​ព្នៃ​អ្នក​ស្រុក ដោយ​អាង​ខ្លួន​ថា​ជា​ញាតិ​នឹង​អ្នក​ធំ ។