គតិលោក/ភាគទី២/2
រឿងចៅឡុចនិងចៅប្រាក់
ឯរឿងចៅឡុចនោះថា កាលនោះមានមនុស្សពាលម្នាក់ឈ្មោះចៅប្រាក់ នៅស្រុកបាត់ដំបង ចៅប្រាក់នោះជាខ្ញុំលោកសុភាទេស ថ្លៃខ្លួនវា ២០០ បាទ លុះនៅយូរមកក៏លោកសុភាទេស ប្រើឲ្យទៅឃ្វាលក្របីនឹងក្មេងម្នាក់ទៀត ឃ្វាលនៅឯវាលស្រែក្រៅ ចៅប្រាក់នោះលុះឃ្វាលបន្តិចទៅ ក៏និយាយនឹងក្មេងនោះថា យើងនៅឃ្វាលក្របីទាំងពីរនាក់នេះឃើញព្រួយការពេកណាស់ វិស័យក្របី ១ ក៏ដូចជាក្របី ១០ ក៏យប់ដូចគ្នា បើដូច្នេះអញគិតទៅឃើញថានៅឃ្វាលទាំងពីរនាក់នេះ ក៏ជាការព្រួយលំបាកណាស់ ព្រោះពុំមានអ្នកណានឹងរកអាហារស្បៀងបញ្ជូនមកឲ្យ បើដូច្នេះ ចូរឯងនៅឃ្វាលតែម្នាក់ឯងចុះ អញនឹងទៅរកស៊ីឈ្នួលពាត់គេ ក្រែងបានប្រាក់កាស ក៏នឹងទិញស្បៀងមកលៀងចិញ្ចឹមគ្នា ទៅតាមជាតិអ្នកកំសត់ កុំឲ្យអត់ឃ្លានពេក ឯក្មេងនោះ លុះបានស្ដាប់ចៅប្រាក់ថាដូច្នោះក៏ព្រមតាម ទើបទទួលការឃ្វាលក្របីនោះនៅម្នាក់ឯង បើកឲ្យចៅប្រាក់ទៅរកស៊ីឈ្នួលគេឯភូមិស្ទឹង ឯចៅប្រាក់មករកធ្វើការស៊ីឈ្នួលគេក៏រកធ្វើពុំបាន ដើរទៅៗ បានជួបនឹងមនុស្សពាលម្នាក់ ឈ្មោះនាយជាៗ នោះជាតិជាជ្វាចាមបានសូមគ្នាជាមិត្តភក្តិ នាំគ្នាទៅសំណាក់នឹងផ្ទះនាយអ៊ូជាបងធម៌នាយជា លុះថ្ងៃ ១ នាយជានិយាយនឹងចៅប្រាក់ថា យើងនឹងគិតប្រកបការរកស៊ីតាមគេអ្នកស្រុកនេះ ឃើញជាពុំបាន ព្រោះពុំមានដើមទុនអ្វីសោះ បើដូច្នេះយើងគិតលក់ខ្លួនយកថ្លៃចែកគ្នា ឯចៅប្រាក់ឆ្លើយថា ត្រូវមែនហើយសំឡាញ់គិត នោះបើដូច្នេះសំឡាញ់ឯងធ្វើជានាយចៅហ្វាអញៗធ្វើជាខ្ញុំ ឯងយកអញទៅលក់ចុះ នាយជាឮចៅប្រាក់ព្រមចិត្តដូច្នោះ ក៏ត្រេកអរពេកណាស់ ទើបនាំគ្នាទៅឯភូមិចុងក្ដុល ដើរស្ដាប់ហេតុអ្នកស្រុក គឺផ្ទះណាត្រូវការចង់បានតួរាង លុះស៊ើបហេតុទៅក៏ដឹងថា ផ្ទះចៅឡុចត្រូវការរកមនុស្សនឹងច្រូតស្រូវ ទើបចៅប្រាក់និយាយថាមែនហើយអ្នកឡុចនោះ គាត់ស្គាល់អញដែរ ព្រោះពីដើមអញធ្លាប់នៅជិតខាងគាត់ ប្រសិនជាយើងទោរកប្រាក់គាត់ គង់គាត់លោះយើងមិនខាន ឯនាយក៏យល់តាម ទើបនាំគ្នាទៅកាន់ផ្ទះចៅឡុច ដល់ហើយក៏ឡើងទៅសំពះសួរចៅឡុចតាមការសមគួរ ឯចៅឡុចក៏សួរថា អើជីប្រាក់ ឯងសព្វថ្ងៃនេះទៅនៅនឹងអ្នកឯណា ចៅប្រាក់ក៏ឆ្លើយថា បាទ ខ្ញុំបាទសព្វថ្ងៃនេះនៅនឹងអ្នកជាដែលមកផងនេះឧង ឥឡូវនេះ គាត់ថានឹងទៅស្រុកគាត់ គឺស្រុកបន្ទាយភ្នំពេញវិញ គាត់នឹងយកខ្ញុំបាទទៅផង ខ្ញុំបាទពុំចងទៅ ព្រោះស្រុកឆ្ងាយ គឺរកប្រាក់ជូនគាត់វិញ គាត់ក៏ព្រមតាមចិត្ត ហេតុនេះខ្ញុំបាទចូលមករកប្រាក់អ្នក សូមឲ្យអ្នកមេត្តាលោះខ្ញុំបាទផង ឯចៅឡុចបានស្ដាប់ពាក្យចៅប្រាក់ដូច្នោះ ក៏សួរទៅនាយជាថា អើអ្នកឯងជានាយជីប្រាក់ លោះគ្នាមកថា នឹងនៅស្រុកនេះហើយ ហេតុដូចម្ដេចក៏វិលទៅស្រុកបន្ទាយភ្នំពេញវិញ នាយជាក៏តបថា កាលដើមខ្ញុំបាទថាប្រុងនឹងនៅក្នុងស្រុកនេះពិតហើយ បានជាលោះជីប្រាក់នេះ ដើម្បីជាកំឡាំងជួយរកទទួលទាន ឥឡូវនេះ បងខ្ញុំបាទមានសំបុត្រប្រាប់មកថា ម្ដាយខ្ញុំបាទឯស្រុកនាយនោះមានជម្ងឺឈឺជាទម្ងន់ ឲ្យខ្ញុំបាទវិលទៅស្រុកជាឆាប់ ហេតុនេះ ខ្ញុំបាទទាល់គំនិតប្រាជ្ញា ចំណែកជីប្រាក់គេក៏មិនព្រមទៅជាមួយផង គេថារកប្រាក់ជូនខ្ញុំបាទវិញ ខ្លួនខ្ញុំបាទម្នាក់ឯងបាន ជាដើរតាមមកផងនេះ ឯចៅប្រាក់ឆ្លើយសារឡើងថា អ្នកចូរអាណិតខ្ញុំបាទផង បើអ្នកមិនសង្រ្គោះខ្ញុំបាទហើយ ខ្លួនខ្ញុំបាទឃើញជា គេយកទៅស្រុកបន្ទាយមិនខានឡើយ ឯចៅឡុចក៏ទទួលថាជួយ ទើបយកប្រាក់ ១០០ បាទ រាប់ឲ្យទៅដៃនាយជា ហើយទារយកសំបុត្រដើមនោះ អំពីនាយជាៗ ក៏កែកោងកុហកថា បាទទេ កាលខ្ញុំបាទលោះចៅប្រាក់ពីម្ចាស់ដើមនោះ ទើបបាន ៤ – ៥ ថ្ងៃពុំទាន់ធ្វើសំបុត្រទេ ថានឹងធ្វើហើយ ចៅប្រាក់អង្វរខ្ញុំបាទថា ណាៗគង់តែនឹងចេញឆាប់ទេ នឹងធ្វើសំបុត្រឲ្យបង់ថ្លៃសំបុត្រនោះថ្វី ហេតុនោះបានជាគ្មានសំបុត្រដើមនោះ អ្នកកុំរង្កៀសចិត្តឡើយ មិនអីទេ យើងខ្ញុំនេះមិនអាចនឹងមកឆអ្នកផ្ដេសផ្ដាសឯណាបាន ស្រុកមានធ្នឹមមានប្រមេទេអ្នក អ្នកកុំសង្ស័យឡើយ ចៅឡុចក៏ស្ងៀមពុំមានថាអ្វីឡើយ ប្រគល់ប្រាក់ ១០០ បាទឲ្យទៅនាយជាៗ បានប្រាក់ក៏វេចម្នីម្នា ហើយលាចៅឡុចចុះមក ប្រើតែមុខសំឡក់ឲ្យចៅប្រាក់ជាសញ្ញាថា ព្រឹកស្អែកនេះសឹមចែកប្រាក់គ្នាឯផ្ទះអ្នកអ៊ូចុះ ហើយនាយជាដើរមកភូមិមាត់ស្ទឹងជាទីសំណាក់ខ្លួន នាយជាកើតលោភចេតនាប្រាថ្នាចង់បានប្រាក់នោះតែឯង ទើបកើតមិត្រទ្រុស្តដល់ចៅប្រាក់ជាភឿនសំឡាញ់ គិតថាអញបានប្រាក់ហើយ គួរអញវិលទៅស្រុកជាឆាប់នឹងនៅដោយយឺតយូរទៅ ក្រែងហេតុនោះនឹងកើតដល់ខ្លួន នាយជាគិតដូច្នោះហើយ ក៏ដើរទៅកាន់ផ្សារស្វាយប៉ោ ប្ដូរប្រាក់បាទបានជាប្រាក់រៀលធំចំនួនបាន ១៦ រៀលហើយ ក៏ទិញបាយចំណីបារីស្លា ជាស្បៀងតាមផ្លូវ ពេលយប់នោះនាយជាក៏ចុះកប៉ាល់សាលុប ទៅឡើងកប៉ាល់ធំនៅស្ទឹងបាក់ព្រាបាន វេលានាយជាទៅដល់ស្រុកឃ្លាំងស្បែកចែកចាយប្រាក់នោះ តាមអំពើពុតពាលទៅ ឯចៅឡុចនោះលុះព្រឹកឡើង និយាយនឹងចៅប្រាក់ថា ចាំពេលរួចបាយព្រឹកនេះ នឹងនាំគ្នាទៅធ្វើសំបុត្រឯសាលាក្នុងកំពែង ចៅប្រាក់នោះតាំងតែពីនាយជាយកប្រាក់ថ្លៃខ្លួនអស់មក នៅមិនសុខឡើយចង់តែតាមមកយកប្រាក់នោះ អំពីដៃនាយជា ទើបនិយាយកុហកចៅឡុចថា អ្នកនឹងនាំខ្ញុំបាទទៅធ្វើសំបុត្រនោះ រឿងប្រាក់ថ្លៃសំបុត្រនោះកុំចាំអ្នកចេញឡើយ ប្រាក់ខ្ញុំបាទមានហើយ តែខ្ញុំបាទផ្ញើទុកនឹងបងខ្ញុំបាទ ឯភូមិមាត់ស្ទឹងឯនោះ ចាំខ្ញុំបាទទៅយកពីគាត់សិន ទម្រាំបាយឆ្អិនខ្ញុំបាទបានមកដល់រួចបាយ សូមទៅធ្វើសំបុត្រឯសាលាក្នុងកំពែង ខ្ញុំសូមលាអ្នកទៅយកប្រាក់ពីបងសិន ចៅឡុចក៏ជឿតាម បើកឲ្យចៅប្រាក់ទៅភូមិមាត់ស្ទឹង ចៅប្រាក់បានឱកាស ក៏ខំដើរស្រូតត្រង់ទៅផ្ទះអ្នកអ៊ូ សួររកតួនាយជាអ្នកអ៊ូក៏ប្រាប់ថា នាយជាបាត់ខ្លួនទៅតាំងពីថ្ងៃម្សិលមិញ ពុំឃើញមកដេកដូចកាលពីមុខៗនោះទេ ចៅប្រាក់ធ្លាក់ចិត្តគិតថាអេះ អាជានេះ បានប្រាក់ច្រើនហើយទំនងជាគេចវេះ មិនចង់ចែកអញទេដឹង ចៅប្រាក់គិតហើយ តាំងដើរស៊ើបសួរដំណឹងនាយជាតៗទៅ មានគេដឹងឮខ្លះគេក៏ប្រាប់ថា នាយជានោះចំពោះជាចុះកប៉ាល់ទៅស្រុកវាហើយ ចៅប្រាក់ឮថា នាយជាទៅស្រុកដូច្នោះ ក៏កើតទោមនស្សតូចចិត្ត គិតខេរខឹងនឹងនាយជាជ្វាឃ្លាំងស្បែកក្រៃពេក ព្រោះពុំសមដូចសេចក្ដីប្រាថ្នារបស់ខ្លួន ម្ល៉ោះហើយចៅប្រាក់ក៏ដើរវេះពាត់គេចវេះ មិនឲ្យចៅឡុច ជានាយនោះឃើញឡើយ ឯចៅឡុចជាម្ចាស់ប្រាក់លុះដល់ពេលបាយក៏ពុំឃើញរូបចៅប្រាប់មក នៅរង់ចាំអស់ពេលយប់ពេលថ្ងៃ ក៏ពុំឃើញ ចៅឡុចកើតសេចក្ដីក្ដៅក្រហាយ ក៏ដើរស៊ើបសួររកពួកចៅប្រាក់នោះតែរាល់ថ្ងៃរាល់វេលា កន្លងទិវារាត្រីជាយូរថ្ងៃទៅ ។ ថ្លែងឯក្មេងជាបាវលោកសុភាទេស ដែលចៅប្រាក់ឲ្យឃ្វាលគោ ក្របីនៅជួសជាជំនួសខ្លួននោះ លុះកន្លងយូរថ្ងៃមក ពុំឃើញចៅប្រាក់វិលទៅវិញដូច្នោះ ស្បៀងអាហារក៏អស់ទៅ ថ្ងៃ ១ នោះក្មេងដែលទទួលបញ្ញើឃ្វាលក្របីនោះក៏ទៅផ្ទះ ដើម្បីនឹងយកស្បៀងអាស្រ័យ ទើបជំរាបលោកសុភាថា ចៅប្រាក់នោះវាប្រាប់ខ្ញុំថា មកស៊ីឈ្នួលគេបាន ២ – ៣ ថ្ងៃ ឲ្យខ្ញុំបាទនៅឃ្វាលក្របីចាំវា ឥឡូវនេះ បាត់ខ្លួនចំនួន ១៥ ថ្ងៃនេះហើយ ពុំឃើញវិលទៅវិញឡើយ ពុំដឹងជាទៅដំបន់ណា ខ្ញុំបាទនៅឃ្វាលតែម្នាក់ឯងទេ លំបាកពេកណាស់ លោកសុភាទេសឮថា ចៅប្រាក់វេះរត់បាត់ខ្លួនជាយូរដូច្នោះហើយ ក៏ចាត់ប្រើអ្នកបំរើឲ្យដើររកតួចៅប្រាក់ អ្នកបំរើដើរស៊ើបរកទៅ ក៏បានទៅជួបនឹងចៅប្រាក់នៅតៀមចិន ទើបគេចាប់តួចៅប្រាក់មកជូនលោកសុភា ។ ក៏ឲ្យដាក់ច្រវាក់លៀមចៅប្រាក់ប្រើឲ្យជំរះស្មៅ បោសសម្រាមផ្ចាលមុខផ្ទះលោកសុភា ។ ឯចៅឡុចដើរតាមរកតួតែសព្វៗថ្ងៃ លុះថ្ងៃ ១ ចៅឡុចដើរទៅស៊ើបរកឯផ្សារស្វាយប៉ោ លុះមកដល់ភូមិផ្ទះលោកសុភា បែរមើលទៅស្រាប់តែឃើញចៅប្រាក់ ជាប់ច្រវាក់លៀមបោសសម្រាមនៅមុខផ្ទះលោកសុភា ចៅឡុចក៏នឹកថា ចៅប្រាក់នេះមានទោសអ្វីអេះ បានជាលោកដាក់ច្រវាក់វានេះ គិតហើយ ក៏ដើរចូលទៅរកលោកសុភា ដល់ហើយក៏អង្គុយលុតជង្គង់សម្ពះ ដោយខ្លួនជាអ្នកតូច ធ្លាប់កោតខ្លាចអ្នកធំ ជំរាបសួរថា « សូមមេត្តាអត់ទោសចុះ ចៅប្រាក់នេះកើតហេតុអ្វី បានជាព្រះតេជ ព្រះគុណដាក់ច្រវាក់វា ? លោកសុភាប្រាប់ថា « ឱអ្នកអើយខ្ញុំមិនចង់និយាយទេ អាប្រាក់នេះ ពេញជាខូចខិលណាស់ ខ្ញុំឯងឲ្យទៅឃ្វាលក្របីឯវាលស្រែក្រៅ វាមិននៅឃ្វាលក្របីឡើយ វាចេះតែដើរវេះពាត់ផ្ដេសផ្ដាសវរណាស់ ហេតុនេះបានជាខ្ញុំឯងឲ្យដាក់ច្រវាក់វានេះ ឯចៅឡុចឮដូច្នោះហើយ ក៏ដឹងរឿងជាចៅប្រាក់នេះ វាជាខ្ញុំលោកសុភាពិតប្រាកដ ខ្លួនទៅលោះវានោះខុសច្បាប់ហើយ ចៅឡុចទាល់ប្រាជ្ញាក៏អង្គុយស្ងៀមនៅ លោកសុភាក៏សួរថា ចុះអ្នកឯងត្រូវការអ្វីបានជាមកសួររឿងអាប្រាក់នោះ » ។ ចៅឡុចក៏ជំរាបតាមរឿងខ្លួន មិនដឹងជាចៅប្រាក់ខ្ញុំគេ ខ្លួនបានលោះវាបង់ប្រាក់ ១០០ បាទ តាំងពីដើមដល់ចុង ជំរាបលោកសុភាសព្វប្រការ លោកសុភាក៏សើចហើយថា « មិនអីទេអ្នកឡុច ខ្ញុំឯងបើកឲ្យ ចូរអ្នកយកប្រាក់ ២០០ បាទ មកលោះយកវាទៅចុះ » ។ ចៅឡុចក៏ទាល់គំនិតឆ្លើយថា « ខ្ញុំបាទជាអ្នកក្រ នឹងបានប្រាក់ពីណា ២០០ បាទ នោះមកថែមលោះវាទៀត តែប្រាក់ ១០០ បាទ ដែលបង់មុននោះគឺខ្ចីគេខ្ចីឯងផ្សំផងទេ » ។ លោកសុភាថា « បើដូច្នោះប្រាក់ដែលបង់នោះមិនខូចទៅហើយហៈ នឹងចាំទារពីវានោះកាលណានឹងបាន ខ្ញុំឯងមិនចេញទៀតទេថ្លៃហួស កំណត់ហើយ ឲ្យអ្នកឯងចេញយកវាទៅចុះ សូមធ្វើសំបុត្រដាក់ជា ៣០០ បាទទៅ ។ ចៅឡុចក៏ទាល់ទុញចិត្តណាស់ អង្គុយគិតៗទៅក៏យល់ការ ទើបសួរទៅចៅប្រាក់ថា « អើចៅប្រាក់ អាដែងដែលវានាំឯងទៅលក់នោះ តើឈ្មោះអី វានៅឯណាសព្វថ្ងៃនេះ ! ចៅប្រាក់ប្រាប់ថា « អានោះឈ្មោះអាជា ជាតិជាជ្វា នៅស្រុកបន្ទាយភ្នំពេញ ឥឡូវវារត់ទៅស្រុកវាហើយ ប្រាក់នោះវាយកទាំងអស់ទៅ ពុំបានចែកឲ្យខ្ញុំបាទទេ» ។ ចៅឡុចសួរសាំទៅទៀតថា « ចុះកាលវាមកនៅស្រុកយើងនេះ តើវាសំណាក់នៅផ្ទះអ្នកណាឯង ? « បាទទាន វាសំណាក់នៅផ្ទះអ្នកនាងអ៊ូនាង ជាភូមិផ្ទះនៅក្រោមភូមិលោកមហាថៃ » ។ ចៅឡុចឮដូច្នោះហើយ ក៏លាលោកសុភា ចុះម្នីម្នាទៅភូមិក្រោម ស៊ើបទីសំណាក់នាយជា នឹងមេស្រុកភូមិនោះ បានដឹងច្បាស់ថា អ្នកអ៊ូជាមនុស្សគប់គិតនឹងមនុស្សអាក្រក់ យកមនុស្សអាក្រក់ឲ្យសំណាក់នៅផ្ទះ ចៅឡុចក៏ធ្វើរឿងរ៉ាវប្ដឹងយកអ្នកអ៊ូ ហើយទៅប្ដឹងឯសាលាក្នុងកំពែង ។ ឯចៅក្រមទទួលពាក្យបណ្ដឹងនោះមើលដឹងសេចក្ដីហើយ ក៏ឲ្យទៅកោះយកនាយអ៊ូមកជំនុំជំរះពិភាក្សាតាមពាក្យចោទ ។ អ្នកអ៊ូអាចឲ្យការកាត់បណ្ដឹង ព្រោះចោទអាងមេស្រុកជាបន្ទាល់សំខាន់ ទាល់ប្រាជ្ញាក៏ទទួលសារភាពថា ខ្លួនឲ្យសំណាក់គប់គិតពិតមែន ។ ទើបចៅក្រមកាត់ក្ដីនោះឲ្យអ្នកអ៊ូសងប្រាក់អ្នកដើមចោទជាប្រាក់ ១០០ បាទ អ្នកអ៊ូសូមសន្យា ៣ ថ្ងៃ នឹងយកប្រាក់នោះមកបង់ ហើយទៅផ្ទះតាមរៀងខ្លួន លុះដល់កំណត់អ្នកអ៊ូយកប្រាក់ ១០០ បាទទៅបង់សាលា ប្រគល់ឲ្យទៅដៃលួងស្រីអញ្ជិតៗ នោះ ជាអ្នកជក់អាភៀនពុំមានសេចក្ដីអៀនខ្មាស ក៏យកប្រាក់នោះចាយ ទិញស្រាអាភៀនជក់ស៊ីទៅតាមអំណាចខ្លួនពាល ។ លុះដល់ពេលល្ងាចចៅឡុចឡើងទៅចាំទទួលប្រាក់នោះតាមសញ្ញា ឯលួងស្រីអញ្ជិតឃើញចៅឡុចមកចាំយកក៏និយាយថា ប្រាក់នោះនាយអ៊ូគេយកមកបង់ឲ្យហើយ តែខ្ញុំយកទៅទុកឯផ្ទះខ្ញុំឯនោះហើយ ឥឡូវនេះ ខ្ញុំឯងធុរៈនឹងការលោកម្ចាស់រវល់ពេកណាស់ នឹងទៅយកឲ្យអ្នកឯងពុំបានចាំថ្ងៃខានស្អែកចុះសូមមកយក ចៅឡុចក៏ទាល់សំដីនៅស្ងៀម ទើបលាលួងស្រីអញ្ជិតមកផ្ទះវិញ លុះកន្លងទៅបានពីថ្ងៃ ចៅឡុចឡើងទៅផ្ទះលួងស្រីអញ្ជិតៗនោះ ឃើញចៅឡុចមកដល់ផ្ទះខ្លួន ក៏វេះគេចពួនលាក់ខ្លួនពុំឲ្យជួបនឹងចៅឡុចៗ នៅចាំអស់ចិត្ត តាំងពីព្រឹកដល់ល្ងាចក៏ពុំជួប ចៅឡុចរឹងតែរំខានពេកណាស់ មិនបានក៏វិលត្រឡប់ទៅផ្ទះវិញ ។ លុះនៅយូរថ្ងៃទៅ ចៅឡុចក៏ឧស្សាហ៍ឡើងយកប្រាក់នោះទៀតក៏ពុំបាន ស្រីអញ្ជិតចេះតែនិយាយកុហកទៅផ្សេងៗ ចៅឡុចទារយកប្រាក់ពុំបានរឹងតែព្រួយចិត្តខ្លាំង ទញ់គំនិតក៏គិតធ្វើរឿងរ៉ាវក្លាយទោសលួង ស្រីអញ្ជិតនោះ ប្ដឹងលោកកថាថនៗ លោកក៏ខឹងនឹងលួងស្រីអញ្ជិត ព្រោះកោងឆរាស្រ្ត ទើបលោកឲ្យឃុំខាំងដាក់ទោសស្រីអញ្ជិតនោះ ។ ឯចៅឡុចសោតក៏ពុំអាចប្ដឹងទារយកប្រាក់នោះទៀតឡើយ ព្រោះស្រីអញ្ជិតនោះត្រូវក្ដីហើយ ប្រាក់នោះក៏សាបសូន្យអសារឥតការទៅហោង ។ រឿងពាលយ៉ាងនេះឯងស្ដាប់មើលចុះ ចៅឡុចខូចប្រាក់នោះព្រោះពុំមានសតិសម្បជញ្ញៈត្រិះរិះឲ្យល្អិតល្អ ការដែលឆោតលុះអំណាចពាលនោះ ព្រោះតែសេចក្ដីប្រាថ្នា ប្រារព្ធនូវវត្ថុរឿយៗ ទើបបង្កើតជាផ្លូវមនុស្សពាលវាដើរចូលបាន បុរាណលោកថា ឯសេចក្ដីឃ្លានបាយ ១ ឃ្លានទ្រព្យ ១ ឃ្លានស្រឡាញ់ ១ ទាំង ៣ នេះ ជារោគពោលគឺជម្ងឺ តែជម្ងឺនេះមានដល់រូបណាហើយ រូបនោះគង់នឹងឆោតមិនលែង ហើយមនុស្សពាលវាចូលបៀតបៀនមិនខានឡើយ ព្រោះសេចក្ដីឃ្លានអ្នកស្រុកសន្សំទុកមករឿយៗ ហើយដូចយ៉ាងចៅពាលម្នាក់វាទៅបៀតបៀនលោកសង្ឃ ឲ្យបង់ប្រាក់ ៥០ រៀលឯងចាំស្ដាប់មើលចុះ អញនឹងសំដែងប្រាប់ថា :