Jump to content

គតិលោក/ភាគទី២/1

From Wikisource
113175គតិលោក, ភាគទី២រឿង​ពាលវគ្គឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

ពាលវគ្គ​


អន្ដេវាសិកឆ្លើយតបគ្រូវិញទៀតថា សូមទានព្រះតេជគុណ រីអំពើពុតពាលដែលវាតែងប្រព្រឹត្ដបៀតបៀនអ្នកស្រុក នោះតើដោយហេតុ យ៉ាងណាខ្លះ?។ គ្រូប្រាប់ថា ឯមនុស្សពាលនោះ កាលវា​បាន​ឱកាស នឹង​បៀត​បៀន​អ្នក​ស្រុក​នោះ ព្រោះ​ហេតុ​អ្នក​ស្រុក​ជា​បច្ច័យ គឺ​ពាល​នោះ​គយ​ឃ្លាំ​ចាំ​ស្ដាប់​ហេតុ​របស់​អ្នក​ស្រុក​បាន ព្រោះ​អ្នក​ខ្លះ​បាន​ជំងឺ​ឈឺ​ចាប់​ជា​ក្ដី​រំខាន ហើយ​ក៏​មាន​ចិត្ដ​ប្រា‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍រព្ធ​ចង់​បាន​គ្រូ​ពេទ្យនឹង​រក្សា​រោគ អ្នក​ខ្លះ​ត្រូវ​ចង់​បាន​ខ្ញុំ​កំដរ នឹង​ធ្វើ​ស្រែ​ចំការ អ្នក​ខ្លះ​ត្រូវ​ការ​ឈើ​ព្រៃ នឹង​ធ្វើ​ផ្ទះ​ អ្នក​ខ្លះ​ចង់​បាន​គ្រឿង​មាស​ប្រាក់​ជា​ដើម សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ស្រុក​នោះ​ក៏​ជា​ហេតុ​ នឹង​កើត​ឡើង​ដល់​មនុស្ស​ពាល ពាល​នោះ​វា​ដឹង​ថា មិ​នោះ ផ្ទះ​នោះ ត្រូវ​ការ​វត្ថុ​នោះៗ ទើប​វា​ប្រកប​ការ​តាម​ផ្លូវ​ដែល​ពួក​អ្នក​ស្រុក​ប្រាថ្នា​​នោះ​ឯង​មនុស្ស​ក្នុង​លោក​នេះកាល​បើ​មាន​សេចក្ដី​ប្រាថ្នា​នូវ​វត្ថុ​អ្វីៗ អារម្មណ៍​នោះ​ប្រារព្ធ​ប្រព្រឹត្ដ​ទៅ​រឿយៗ​ លុះមាន​អ្នក​ណា​មក​និយាយ​ត្រូវ​ត្រង់​វត្ថុ​ដែល​ខ្លួន ប្រាថ្នា​ប្រារព្ធ​នេះ ក៏​កើត​សេចក្ដី​គាប់​ចិត្ដ​មួយ​រំពេច​ទៅ ដោយ​សា​ អារម្មណ៍​នោះ​ចាប់​មក​ហើយ​រឿយ​ៗ ម៉្លោះ​ហើយ​ក៏​ភ្លើត​ភ្លើន​ទៅ​ជា​ផ្លូវ អោយ​មនុស្ស​ពាល​បាន​ឱកាស​ចូល​យាយី​ ដូច​និទាន​ចៅ​ឡុច ធ្វើ​អោយ​មនុស្ស​ពាល បញ្ឆោត​យក​ប្រាក់​១០០​ បាទ​ទៅ​បាន​។