Jump to content

គតិលោក/ភាគទី២/14

From Wikisource
គតិលោក, ភាគទី២
by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿង​ក្មេង​កំព្រា​នឹង​ព្រះចៅ​ផែនដី
113224គតិលោក, ភាគទី២រឿង​ក្មេង​កំព្រា​នឹង​ព្រះចៅ​ផែនដីឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​ក្មេង​កំព្រា​ និង​ព្រះចៅ​ផែនដី




មាន​កូន​ក្មេង ១ នាក់ អាយុ ១៥ ឆ្នាំ ជា​ក្មេង​កំព្រា​ឥត​មាតា​បិតា​រក្សា ក្មេង​នោះ​ទៅ​នៅ​ដោយ​សារ​រោង​នាយ​ពិសេស គឺ​រោង​គ្រួ​សំរាប់​ធ្វើ​ក្រយា​ស្ងោយ​អ្នក​ស្ដេច ឯ​នាយ​ពិសេស​គេ​ក៏​អាណិត​មេត្តា​ឲ្យ​នៅ​ហើយ​គេ​ប្រើ​ឲ្យ​លាង​ចាន លាង​ថាស​ជូត​សម​ស្លាបព្រា​ឲ្យ​ប្រាក់​ខែ​ក្នុង​មួយ​ខែ​ជា​ប្រាក់ ៥ – ៦ កាក់​លម្មការ​សោហ៊ុយ​បាន ក្មេង​នោះ​ឧស្សាហ៍​ធ្វើ​ការ​ក្នុង​មុខ​ក្រសួង​របស់​ខ្លួន បាន​ប្រាក់​តែ​រាល់​ខែ​រៀង​មក ។ ឯ​ព្រះបរមខត្តិយា​ព្រះចៅ​ផែនដី ស្ដេច​តែង​យាង​មក​ទត​ការ​ក្នុង​រោង​ពិសេស បាន​ទ្រង់​យល់​ក្មេង​នោះ ធ្វើ​ការ​ស៊ី​ឈ្នួល​លាង​ចាន​នោះ​រឿយ​ៗ។ ថ្ងៃ ១ ស្ដេច​ទ្រង់​យាង​មក​រោង​ពិសេស យល់​កូន​ក្មេង​តែ​លាង​ចាន​នៅ​ក្រៅ​រោង ស្ដេច​ត្រាស់​សួរ​ថា « ចៅ​ឯង​ស៊ី​ឈ្នួល​លាង​ចាន​សព្វ​ថ្ងៃ​នេះ​មាន​ប្រាក់​ប៉ុន្មាន​ហើយ » ។ ក្មេង​នោះ​ឆ្លើយ​ថា « សព្វ​ថ្ងៃ​នេះ​ខ្ញុំ​មាន​ស្មើ​គ្នា​នឹង​ស្ដេច​ផែនដី»។ ស្ដេច​ត្រាស់​ថា « ការ​ដែល​រក​ស៊ី​ឈ្នួល​គេ​ក្នុង​លោក​នេះ គឺ​ការ​ស៊ី​ឈ្នួល​លាង​ចាន ជា​ការ​ទាប​ថោក​បំផុត​ម្ដេច​ចៅ​ឯង​ស្ដី​អួត​ថា​ខ្លួន មាន​សម្បត្តិ​ស្មើ​នឹង​យើង​ជា​ម្ចាស់​ផែនដី​ផ្ទៃ​ក្រោម​នេះ » ។ ក្មេង​នោះ​ក៏​អធិប្បាយ​ថា « ខ្ញុំ​ស៊ី​ឈ្នួល​គេ​សព្វ​ថ្ងៃ​នេះ ក្នុង ១ ខែ គេ​ឲ្យ ៥ – ៦ កាក់ ក៏​ពិត​មែន តែ​ការ​ដែល​ទទួល​ទាន​បាយ​ក៏​ត្រឹត ១ ឆ្អែត ទទួល​ទាន​ដំណេក​ក៏​ត្រឹម ១​ពេល, ឯ​អ្នក​ស្ដេច​ដែល​មាន​សម្បត្តិ​ច្រើន​រាប់​មិន​អស់​នោះ​សោត ក្នុង ១ ថ្ងៃ ក៏​គង់​សោយ​ព្រះ​ក្រយា​ស្ងោយ​ត្រឹម​តែ ១ ឆ្អែត​ដូចគ្នា នឹង​សោយ​ឲ្យ​លើស​អំពី​នោះ​ទៅ​ក៏​ទេ ការ​ដែល​ទ្រង់​ផ្ទំ​សោត​ក៏​ទ្រង់​ផ្ទំ​ត្រឹម​១ ពេល​ដូចគ្នា នឹង​ឲ្យ​លើស​លែង​ពី​នោះ​ទៅ​ក៏​ទេ ហេតុ​នោះ​ទើប​ខ្ញុំ​ថា ខ្លួន​ខ្ញុំ​មាន​សម្បត្តិ​ស្មើ​នឹង​ម្ចាស់​ផែនដី​ដែរ»។ ឯ​មហាក្សត្រា​ធិបតី​បាន​ស្ដាប់​ពាក្យ​ក្មេង វា​អធិប្បាយ​ប្រាប់​ហេតុ​យក ១ ឆ្អែត​ជា​ប្រមាណ​ដូច្នោះ​ហើយ ក៏​ទ្រង់​យល់​ថា​ពិត​ថា​មែន​ប្រាកដ​ណាស់ ទ្រង់​ពិចារណា​មើល​ហេតុ​ទៅ​ក៏​ពុំ​មាន​ខុស​អំពី​គ្នា គឺ​អ្នក​ក្រ​ក៏​ស៊ី​ត្រឹម ១ ឆ្អែត អ្នក​មាន​ក៏​ស៊ី​ត្រឹម ១ ឆ្អែត​ដូចគ្នា ស្ដេច​មាន​ព្រះ​ហឫទ័យ​ស្រឡាញ់​ពាក្យ​ក្មេង​នោះ​ក្រៃ​ពេក ទើប​ទ្រង់​ប្រទាន​មាស​ប្រាក់​សម្ពត់​ខោ​អាវ​ឲ្យ​ទៅ​ក្មេង​នោះ ហើយ​ទ្រង់​ចារឹក​ពាក្យ​ក្មេង​នោះ ហៅ​ថា ពាក្យ​អ្នក​ប្រាជ្ញ​បាន​ក្នុង​លោក​នេះ ។

មាន​រឿង ១ ទៀត ឈ្មោះ​ថា តម្រា​ស្រប​តប​ត​គ្នា