គតិលោក/ភាគទី២/13
រឿងសត្វឥន្រ្ទីរបស់ព្រះឥសូរ
មានសត្វឥន្រ្ទី ១ ជាទីគាប់ព្រះទ័យនៃព្រះឥសូរៗ ក៏ស្រឡាញ់រាប់អានជាទីទុកព្រះហឫទ័យ ឯសត្វឥន្រ្ទីនោះបើចង់បានអ្វីៗ ក្ដី ឬ វាចង់ស៊ីសាច់សត្វណាក្ដី វាទូលព្រះឥសូរថា វាយល់សុបិនត្រូវស៊ីសត្វនោះ ឯព្រះឥសូរក៏ចេះតែជឿតាម ហៅសត្វនោះមកឲ្យវាស៊ីតែរឿយៗ ក៏បណ្ដាសត្វទាំងឡាយមានគោ ក្របីជាដើម កើតក្ដៅក្រហាយនឹងសត្វឥន្រ្ទីនោះ មហិមា តែពុំហ៊ានថាអ្វី ព្រោះខ្លាចអំណាចព្រះឥសូរជាម្ចាស់លើសត្វក្នុងលោកនេះ ។
ថ្ងៃ ១សត្វឥន្រ្ទីនោះវាចង់ស៊ីសាច់ស្ដេចដំរីស ទើបវាទូលព្រះឥសូរថា វាយល់សុបិនត្រូវស៊ីសាច់ស្ដេចដំរីស ឯព្រះឥសូរក៏ជឿតាម ទើបឲ្យបំរើទៅប្រាប់ដំរីសម្ដាយនឹងកូនថា ឲ្យទៅលាងខ្លួនឲ្យស្អាត ហើយឲ្យចូលមកក្នុងវេលាព្រឹកនេះ ឲ្យសត្វឥន្រ្ទីគេស៊ី ត្បិតគេយល់សុបិនត្រូវត្រង់រូបខ្លួនហើយ ឯដំរីសម្ដាយនឹងកូនកាលណាបើឮថា ព្រះឥសូរឲ្យហៅខ្លួនទៅ ឲ្យសត្វឥន្រ្ទីស៊ីដូច្នោះហើយ ក៏ភិតភ័យនឹងសេចក្ដីស្លាប់នោះមហិមា នាំគ្នាយំសោកវិយោគទៅផ្សេងៗ ពុំដឹងបើនឹងរកលោកអ្នកឯណាមេត្តាជួយកែដោះជីវិតនៃអាត្មាបាន ហើយក៏នាំគ្នាដើរចុំទៅក្នុងស្រះ ដើម្បីនឹងងូតទឹកដុសលាងកាយ ។ គ្រាកាលនោះ មានសត្វទីទុយមួយទំនៅលើមែកឈើ បានឃើញដំរីសម្ដាយនឹងកូន ដើរយំសោកដូច្នោះហើយ ក៏សួរទៅថា « នែដំរីស អ្នកមានទុក្ខទោមនស្សព្រោះហេតុអ្វី ? ឯដំរីសម្ដាយនឹងកូន ក៏ថ្លែងសេចក្ដីទុក្ខនោះប្រាប់ទីទុយតាំងអំពីដើមដល់ចប់សព្វប្រការ ។ ឯទីទុយឮដូច្នោះហើយក៏ថា « ឱ ព្រះឥសូរ លោកម្ដេចក៏ប្រកបទៅដោយឆន្ទាគតិ គឺលំអៀងច្បាប់ លំអៀងសេចក្ដីទៅតាមសេចក្ដីស្រឡាញ់ ទៅជឿស្ដាប់តែពាក្យសត្វឥន្រ្ទីឲ្យយាយីគេឯទៀតដូច្នោះ » ។ ដំរីសតបថា « ឱអ្នកទីទុយអើយ ខ្ញុំនេះឥតទីពឹងពំនាក់សោះឡើយ សូមអ្នកជួយមេត្តាសង្រ្គោះដោះដូរជីវិតខ្ញុំ ឲ្យរួចពីភ័យម្ដងនេះទៅលោកម្ចាស់ ខ្ញុំម្ដាយនឹងកូននឹងនៅជាខ្ញុំបំរើអ្នក » ។ ឯទីទុយមានចិត្តមេត្តាករុណាកើតឡើង ហើយក៏ឆ្លើយទទួលថា «អើបើដូច្នោះ អ្នកឯងឆ្លើយក្ដីស្ម័គ្រថាជាបាវខ្ញុំចុះ ខ្ញុំឯងនឹទៅនិយាយកែតាមកល ឧបាយនឹងព្រះឥសូរមើលម្ដង » ។ ដំរីសក៏ព្រមតាម ហើយឲ្យទីទុយជិះទំលើក្បាលកូនដំរីស ចរទៅកាន់សំណាកព្រះឥសូរព្ធដ៏ភ្នំកៃលាសសមហាស្ថាន ដល់ហើយទីទុយក៏ចុះចាកក្បាលនៃដំរីស ចូលទៅទំទៀបបល្លង្កទីនាំងព្រះឥសូរហើយទូលថា « បពិត្រព្រះអង្គជាកំពូលលើសលោក ព្រះអង្គមានការអ្វីបានជាទ្រង់ឲ្យហៅដំរីសជាបាវ ខ្ញុំទូលព្រះបង្គំមកនេះ មានហេតុភេទយ៉ាងណា ព្រះករុណា » ។ ព្រះឥសូរក៏ឆ្លើយថា «អើទីទុយបាវឯងនេះ ត្រូវដល់សេចក្ដីស្លាប់ហើយក្នុងថ្ងៃនេះ ត្បិតសត្វឥន្រ្ទីយគេយល់សុបិនថា ត្រូវបរិភោគសាច់ដំរីស ហេតុនោះ ទើបយើងឲ្យហៅដំរីសជាបាវឯងមកឲ្យគេស៊ី » ។
ទីទុយតបថា « សូមទាន ឯកិរិយាយល់សុបិនរបស់សត្វឥន្រ្ទីនោះ ជាទៀងពិតប្រាកដ ព្រះអង្គយកជាប្រមាណណាស់ទៅ ឬយ៉ាងម្ដេច ? ។ « អើទីទុយ សត្វឥន្រ្ទីនោះគេយល់សុបិនហើយ សុបិននោះនិមិត្តទៀងពិតណាស់ យើងយកជាប្រមាណបាន » ។ ក្រាបទូលខ្ញុំទូលព្រះបង្គំ ក៏ជឿតាមព្រះបន្ទូល ដែលទ្រង់ជឿសុបិនសត្វឥន្រ្ទីនោះ ដំរីសបាវខ្ញុំព្រះករុណាវិសេសក៏គួរដល់ស្លាប់ហើយ ខ្ញុំម្ចាស់នាំមកថ្វាយ ឲ្យទ្រង់ប្រទានដំរីសឲ្យសត្វឥន្រ្ទីគេបរិភោគចុះ តែខ្ញុំល្អងធូលីព្រះបាទយប់មិញនេះ មានធុរៈដើរចាប់ក្ដាមបរិភោគ ពុំបានទទួលទានដំណេកសោះ បើដូច្នោះសូមមេត្តាអត់ទោស សូមទទួលទានដំណេកបានមួយស្រឡេតសិន ហើយខ្ញុំនាបាវទៅឲ្យសត្វឥន្រ្ទីនោះគេស៊ី » ថាហើយទីទុយក៏ធ្វើជាធ្មេចភ្នែកសម្ងំដេកបន្តិច ទីទុយក៏ធ្វើជាភ្ញាក់ឡើង ហើយពត់ប្រាណសសិតស្លាប ធ្វើកិរិយារីករាយហើយទូលព្រះឥសូរថា « សូមទ្រង់ព្រះមេត្តាប្រោសខ្ញុំម្ចាស់ទទួលទានដំណេកអំបាញ់មិញនេះទៅ យល់សុបិនល្អណាស់ ជាសុបិនមង្គលហៅសុភនិមិត្ត » ។ ព្រះឥសូរក៏សួរថា « បាឯងយល់សុបិននោះដូចម្ដេច ចូរនិយាយទៅមើល ? ទីទុយក៏ទូលថា « សុបិនខ្ញុំម្ចាស់នេះ សេចក្ដីប្លែកណាស់ ទៅជាមិនហ៊ាននិយាយផង » ។
« អើឯងនិយាយទៅមើល សុបិនឯងនោះយ៉ាងណា ? ។ « សូមទាន សុបិននោះឃើញថា សម្ដេចព្រះនាងឱមាភោគវតី ជាព្រះរាជមហេសីល្អងធូលីព្រះបាទនេះ ស្រឡាញ់ខ្លួនខ្ញុំព្រះករុណាវិសេស ល្អងធូលីព្រះបាទក៏ប្រោសប្រទានឲ្យមកជាភរិយាខ្ញុំ សុបិនខ្ញុំនេះទៀងពិតប្រាកដណាស់ យកជាប្រមាណបាន បើដូច្នេះសូមល្អងធូលីព្រះបាទ ហៅព្រះនាងឱមាភោគវតីនោះមក ព្រះរាជទានឲ្យខ្ញុំទុកជាព្រះកេរ្តិ៍របស់ព្រះករុណាវិសេស » ។ ព្រះឥសូរឮដូច្នោះ ក៏តូចព្រះរាជហឫទ័យ ទើបត្រាស់ថា « អាឯងយល់សុបិននេះតែផ្ដាសទេ យើងនឹងយកជាប្រមាណពុំបាន នឹងជឿស្ដាប់ពុំបានទេ, អាទីទុយអើយ »។ ទីទុយតបថា « ក្ដីយល់សុបិនខាងទូលព្រះបង្គំ ព្រះអង្គថាយកជាប្រមាណពុំបាន ចុះខាងសត្វឥន្រ្ទីនោះ ម្ដេចក៏ព្រះអង្គជឿ ស្ដាប់យកជាប្រមាណបាន ? អើបើសុបិនខ្ញុំមិនពិត សុបិនសត្វឥន្រ្ទីនោះក៏មិនពិតដូចគ្នា វិស័យសត្វសកុណជាតិដូចគ្នា សូមព្រះអង្គកាត់សេចក្ដីនេះឲ្យបានប្រកបដោយយុត្តិធម៌ទាំងសងខាងឲ្យទាន » ។ ព្រះឥសូរឮទីទុយស្ដីដូច្នោះហើយ ក៏ទញ់ទាល់ព្រះហឫទ័យណាស់ ទើបត្រាស់ថា «អើបើដូច្នោះ ចូរឯងនាំយកដំរីសជាបាវឯង វិលទៅកាន់ទីលំនៅឯងវិញចុះ ការនេះយើងលើកលែងគ្នាតែប៉ុណ្ណោះ » ។ ទីទុយក៏ក្រាបថ្វាយបង្គំលា នាំដំរីសទៅទីលំនៅបានជួបគ្នាម្ដាយនឹងកូន នៅជាសុខសប្បាយរួចអំពីអន្តរាយជីវិត ព្រោះបានសេពគប់ទៅលើមិត្ត គឺទីទុយជាអ្នកប្រាជ្ញ អាចដោះទុក្ខបានដោយប្រការយ៉ាងនេះ ។
រឿងនិទាននេះឯងស្ដាប់មើលចុះ ការអ្នកមានបញ្ញានោះហៅថា អ្នកប្រាជ្ញបានក្នុងលោកយើងនេះ ។ ទីអើយទីទុយ រូបរាងទុយមុយ អាក្រក់តែកាយ តែត្រង់បញ្ញាជ្រះថ្លាពណ្ណរាយ អាចកែដោះស្រាយតព្រះសូរី ។ ឥសូរភូមិន្ទ កាន់ខាងសុបិន ឥន្រ្ទីបក្សីវាក្លែងតម្រូវ ថាត្រូវដំរី ធ្លាក់ជាចំណី នៃវាភោក្ដា ។ ទីទុយបញ្ចប់ យកសប្ដិនឹងសប្ដិ លើកឡើងតវ៉ា ទារយកមហេសី គឺនាងឱមា ផ្ចាញ់ព្រះប្រាជ្ញា មហិស្សរាចេញហោង ។
តម្រាលោកិយស្ដីស្មើគ្នា