គតិលោក/ភាគទី២/15
រឿងព្រះចៅផែនដី និងក្មេងឃ្វាលក្របី
មានមហាក្សត្រាធិបតី ១ ព្រះអង្គ ស្ដេចនាំពួកសេវកាមាត្យមុខមន្រ្តីទាំងឡាយ សឹងនាំគ្នារៀបក្បួនហែស្ដេចទៅតាមមុខងារ លុះទៅដល់ទីទួល ១ ជាទីសមគួរដាក់ឈប់អាស្រ័យបរិភោគភោជនាហារ នាវេលាព្រឹក ទើបស្ដេចឲ្យពួកអ្នកពិសេសដាំស្លចំអិនក្រយាស្ងោយរង់ចាំនៅ ឯព្រះអង្គឯងនឹងពួកទាហានសេះ ក៏បរសេះចេញទៅដេញសត្វ បាញ់សត្វម្រឹគីម្រឹគាតាមជួរព្រៃ ឯពួកមន្រ្តីក៏នាំគ្នាជិះសេះបរតាមស្ដេចទៅ ឯសេះស្ដេចនោះ លឿនលើសសេះពួកមន្រ្តី ទើបបរទៅដាច់អស់សេះទាំងពួង ពួកមន្រ្តីតាមពុំទាន់ ស្ដេចបរព្រះទីនាំងចូលព្រៃចេញវាលវង្វេងផ្លូវទៅតែ ១ ព្រះអង្គឯង លុះពេលថ្ងៃត្រង់ ស្ដេចរកផ្លូវនឹងវិលមកទីជម្រំដែលចតនោះពុំឃើញ កើតឃ្លានព្រះស្ងោយពន់ពេក ស្ដេចខំបរសេះព្រះទីនាំងកាត់ព្រៃធំ ចេញទៅដល់ទីមាត់បឹង ១ បានឮសព្ទត្រដោកគោ ក្របី នឹងសំឡេងក្មេងឃ្វាលក្របីវានិយាយគ្នា ទើបទ្រង់បរសេះកាត់តម្រង់ទៅទីនោះ លុះដល់បានឃើញក្មេងគង្វាលគោ ក្របី ម្នាក់ ទើបត្រាស់សួរក្មេងនោះថា អើអានាង, ទីទួលគោកចែងកន្លែងគេតែងមកឈប់ភាក់ដាក់អាស្រ័យនោះ ចៅឯងបានដឹងបានស្គាល់ខ្លះឬទេ ។
ឯក្មេងពុំស្គាល់ជាស្ដេច នឹកស្មានជាមនុស្សដទៃផ្ដាស ទើបវានិយាយប្រាប់ថា « ទីទួលគោកចែងនោះខ្ញុំបាទស្គាល់ច្បាស់ណាស់ ទៅពីនេះទៅមិនឆ្ងាយប៉ុន្មានទេ ចូរអ្នកបរសេះទៅខាងទិសឧត្ដរនោះចុះ ថាហើយក្មេងនោះលើកដៃចង្អុលប្រាប់ផ្លូវ ។ ឯមហាក្សត្រាធិបតី ស្ដេចនឹងទៅតែឯងក្រែងវង្វេងផ្លូវទៀត ព្រះហឫទ័យចង់បានក្មេងនោះ ជូនទៅជាមួយផងទើបត្រាស់ថា « អានាងឯងជិះសេះខាងក្រោយយើងជូនយើង ទៅឲ្យដល់ទីទួលគោកចែងនោះ សូមឯងវិលមកវិញ យើងនឹងឲ្យប្រាក់ឯងជារង្វាន់ថ្លៃជូនគ្នានោះ » ។ ក្មេងនោះក៏ព្រមជូនផ្លូវ ទើបវាឡើងជិះសេះខាងក្រោយ ឲ្យស្ដេចបរចរទៅតាមមាគ៌ា ខ្លួនវាជាមគ្គុទ្ទេសក៍ចង្អុលផ្លូវបរទៅតាមលំដាប់វាលព្រៃ ។ លុះដល់កណ្ដាលផ្លូវស្ដេចទ្រង់ត្រាស់ថា « អើអានាងឯងនៅស្រុកក្រៅនេះ ឯងបានស្គាល់ស្ដេចជាម្ចាស់ផែនដីឬទេ ? « បាទទេ ខ្ញុំបាទមិនដែលស្គាល់ទេបង មិនដែលឃើញសោះ អ្នកស្ដេចនោះ ឮតែម៉ែឪប្រាប់ថាហ្លួង ហ្លួងនោះពុំដឹងជាមុខមាត់យ៉ាងណាទេ » ។ ឱឯងចងយល់ចងស្គាល់ហ្លួងនោះដែរឬអី ? « បាទខ្ញុំបាទចង់ស្គាល់ដែរ តែមិនដឹងជាហ្លួងនោះនៅឯណា អើបើឯងចងស្គាល់ហ្លួងនោះងាយទេ, ចាំទៅដល់ទីជម្រំប្រជុំមនុស្សច្រើននោះកាលណា គេតែងតែដោះមួកគំនាប់ហ្លួង, មនុស្សណាដែលមិនដោះមួកនោះមនុស្សនោះហើយជាហ្លួងពិតប្រាកដ, ចូរឯងសំគាល់ថាជាហ្លួងចុះ » ។ ឯក្មេងនោះបានឮដូច្នោះហើយ ក៏កំណត់កត់ចាំទុកក្នុងចិត្ត លុះទៅដល់ទីទួលនោះ ឯបណ្ដាមុខមន្រ្តីទាំងឡាយបានឃើញស្ដេចយាងទៅដល់ក៏នាំគ្នាត្រេកអរសាទរដោះមួកលើកដៃគំនាប់តាមទម្លាប់ ។
ឯមហាក្សត្រាធិបតី ស្ដេចនាំកុមារនោះចុះចាកខ្នងមនោម័យ ដល់ហើយស្ដេចបែរទៅនិយាយថា « ម្ដេចឯងបានឃើញគេដោះមួកគំនាប់អ្នកណាៗ មិនដោះមួកគំនាប់គេនោះ ? ក្មេងនោះតបថា « ហ្លួងនោះខ្ញុំស្គាល់ហើយ ? « ចុះឯងថាអ្នកណាជាហ្លួង ចូរថាទៅមើល » ។ « បាទ ហ្លួងនោះបើមិនរូបបងឯង គឺរូបខ្ញុំបាទ បើមិនខ្ញុំបាទក៏បងឯង ព្រោះមិនដោះមួកដូចគ្នា » ។ ឯមហាក្សត្រាធិបតីបានស្ដាប់កុមារនោះថ្លែងប្រាប់ ចេញមិនចំអង្គ វាគៀវយកទាំងរូបវាផងដូច្នោះហើយ ក៏ទ្រង់គិតថា ឯងបានប្រាប់វាថា « បើឃើញរូបណាមិនដោះមួកក្នុងកាលដែលប្រជុំជន រូបនោះឯងគឺហ្លួងហើយ ឥឡូវវាក៏មិនដោះឯងក៏មិនដោះដូចគ្នា បានជាវាចង្អុលរូបទាំង ២ ថា បើមិនឯងក៏ខ្លួនវា បើមិនវាក៏ឯងពាក្យវានោះជាពាក្យអ្នកឆោតខ្លៅ សំដៅព្រោះតែប្រាប់ទេឬៗ វាដឹងថា អញនេះជាហ្លួងហើយ បើវាដឹងច្បាស់ថា អញនេះជាហ្លួងហើយ តែវាចង់ថារូបវាផង ព្រោះឯងប្រាប់មុននោះជាអាថ៌កំបាំងបន្តិច គឺថាអ្នកដែលមិនដោះមួក វាក៏មិនដោះមួកដូចគ្នា វាអាងអាទិ៍ដើមនេះ ទើបវាចាវាផង ហេតុដូច្នោះ ពាក្យវានោះបើពីគ្រោះទៅ គួរទៅជាពាក្យអ្នកមានបញ្ញា គឺជាពាក្យអ្នកប្រាជ្ញវិញបាន ពាក្យក្មេងយ៉ាងនេះ ប្រែមិនចេញជាប្រាជ្ញឬជាខ្លៅក៏ថាមិនបាន » ។
ព្រះមហាក្សត្រ ស្ដេចទ្រង់គិតវិញទៀតឃើញថា ពាក្យក្មេងថានោះ គួរគិតយល់សេចក្ដីថា រូបស្ដេចនេះនឹងសំដៅយកត្រងមិនដោះមួក ជាប្រមាណនោះមិនបាន រាស្រ្តគេមិនដោះមួកវិញក៏មាន ដែលហៅថាស្ដេចៗនោះ គឺសំដៅយកចំណេះវិជ្ជាការ ដែលប្រកបដោយសង្គហវត្ថុ ៤ ប្រការ នឹងទ្រង់ទសពិធរាជធម៌ទាំង ១០ ប្រការជាដើម ទើបហៅថា ជាស្ដេចជាហ្លួងបាន បើទៅយកត្រង់មិនដោះមួកឬមិនលើកដៃគំនាប់គេ សន្មតថាជាមហាក្សត្រនោះ ក្មេងដែលវាមិនដោះមួក មិនលើកដៃគំនាប់គេនោះ ក៏សន្មតថា មហាក្សត្របានដូចគ្នា ទើបវាថាបើមិនឯងក៏អញ បើមិនអញក៏ឯងយ៉ាងនេះ ។ ១ ទៀតដូចពាក្យហៅថា លោកសង្ឃនោះ គឺសំដៅយកត្រង់ទ្រទ្រង់គុណធម៌ ប្រកបដោយនូវសីលទាំង ៤ មានបាតិមោក្ខសំវរសីលជាដើមផង ប្រកបដោយគុណធម៌របស់សមណៈ មានអប្បច្ឆតាទិគុណ គឺប្រាថ្នាតិចមានចិត្តសន្ដោសជាដើមផង ទើបហៅថាជាលោកសង្ឃបានក្នុងព្រះពុទ្ធសាសនានេះឯង បើទៅយកត្រង់កោរក្បាលត្រងោល ស្លៀកពាក់សម្ពត់ពណ៌លឿងជាប្រមាណ ថាលោកសង្ឃនោះពួកបាសកក្មេងចាស់ ប្រុសស្រីមានគេកោរក្បាលត្រងោលដែរ ឯស្លៀកពាក់សម្ពត់លឿងនោះក៏មានដែរ ម្ដេចពួកនោះក៏មិនសន្មតនាមហៅថា លោកសង្ឃទៅផង ។ ពាក្យក្មេងគង្វាលក្របីវាថានោះ គួរយកជាគតិលោកបាន ហៅថាពាក្យបណ្ឌិតអ្នកប្រាជ្ញក្នុងលោកិយនេះបាន គួរឯងពិចារណាស្ដាប់មើលចុះ ។
និទាននេះមានដំណាលក្នុងក្បួនបារាំងសែស ។ ចប់ភាគ ២ តែប៉ុណ្ណេះ ។