គតិលោក/ភាគទី១/6
ប្រស្នារឿងពាលដែលគួរខ្លាច
ស. ចុះលោកគ្រូឲ្យខ្លាចមនុស្សយ៉ាងណាវិញ ?
គ. ត្រូវខ្លាចមនុស្សពាលជំពូក ! ទើបត្រូវព្រោះមនុស្សពាល ក្រនឹងគេចរត់អំពីវាទៅបានពាលនោះ ពុំប្រាកដថា នៅត្រង់នេះត្រង់នោះបានជួនណាកូនប្រពន្ធឯង បងប្អូនឯង ត្រឡប់ជាពាលវិញក៏មាន ពាលនេះរក្សាក្រពេកណាស់ កុំថាដល់ពាលខាងក្រៅនោះឡើយ តែពាលខាងក្នុង នៅជាមួយនឹងខ្លួនក៏ពុំដឹងថា ជាពាលមកដល់ថ្ងៃណាខែណា ពេលណា ដូចប្រពន្ធដែលរួមសុខទុក្ខផងគ្នា ចួនណាក៏ប្រែចិត្តគិតស្អប់ប្ដី ទៅស្រឡាញ់ប្រុសដទៃ ប្រើសហាយវាឲ្យប្រហារប្ដី ដល់នូវសេចក្ដីស្លាប់ទៅវិញក៏មាន ឯរឿងនិទានប្រពន្ធសម្លាប់ប្ដី រឿងបុរាណក៏មាននិយាយមកថា មានបុរសម្នាក់មានភរិយាជាទីគាប់ចិត្ត នៅរួមសុខទុក្ខនឹងគ្នាអស់កាលជាយូរមក តែបុរសនោះមានប្អូនប្រុសម្នាក់យកមកនៅរកស៊ីជាមួយផង លុះនៅយូរមក មេប្រពន្ធនោះ ទៅប្រតិព័ទ្ធស្រឡាញ់ចៅប្អូនថ្ងៃមួយបានលួចលាក់ធ្វើស្ម័គ្រសង្វាសនឹងគ្នា ដល់ក្រោយមេនោះ និយាយញុះចៅប្អូនថ្លៃឲ្យសម្លាប់ប្ដីឯចៅប្អូនថ្លៃនោះ ហេតុតែជាមនុស្សលុះក្នុងអំណាចភ្លើងរាគខ្លាំងក៏លុះពាក្យញុះញង់នោះ កើតទ្រុះមិត្រប្រទុស្តបងអាត្មា ទើបកាន់ដាវទៅចាំនៅនាកំពង់ទឹក លុះបងទៅងូតទឹកចៅប្អូននោះ ក៏ពិឃាតបងនោះ ដល់នូវមរណកាលកណ្ដាលផ្លូវទៅ ហើយក៏បានយកគ្នាជាប្ដីប្រពន្ធតមក ។
រឿងរ៉ាវនេះ មានសេចក្ដីពិស្ដារក្នុងព្រះគម្ពីរសង្គហៈឯនោះ អញ្ជើញទៅមើលចុះ ។
មានរឿងក្នុងកាលឥឡូវនេះក៏មាន ដូចរឿងស្ត្រីម្នាក់នៅស្រុកចក ខេត្តត្នោត ស្ត្រីនោះជាកូននាយជាងមាស មាតាបិតាដាក់ទុកឲ្យមានស្វាមី លុះនៅយូរមក មេនោះមានសហាយក្បត់កើតស្អប់ប្ដីអាត្មាទើបវានិយាយបញ្ឆោតប្ដីនោះ ឲ្យទៅបោចវល្លិ៍ក្នុងព្រៃស្ងាត់ ហើយវាឲ្យសហាយនោះ ទៅតាមសម្លាប់ចៅប្ដីនោះចោល ។
១ ទៀតមានមេម្នាក់ប្រពន្ធមេឃុំ នៅភូមិស្រុកស្ទោងជីក្រែង ស្ត្រីនោះឯងទៅសហាយនឹងចៅអធិការម្នាក់ កើតស្អប់ប្ដីអាត្មា ទើបវាទៅជួលអ្នកលេងឲ្យបាញ់មេឃុំជាប្ដីស្លាប់ទៅ ។
រឿងអស់ទាំងនេះ មានសេចក្ដីពិស្ដារ នៅក្នុងពាក្យបណ្ដឹង ក្នុងសាលាវិនិច្ឆ័យឯនោះ ។
ចប់ប្រពន្ធពាល ។
រឿងកូនពាលវិញនោះ
គឺកូនជាអវជាតបុត្រ អកតញ្ញូ ពុំដឹងគុណមាតាបិតា អាចសម្លាប់មាតាបិតា ដូចនិទានព្រះមោគ្គល្លានត្ថេរ កាលនៅក្នុងអតីតជាតិនៅឡើយ លោកកើតជាមាណពម្នាក់ លុះអំណាចមេភរិយាវាញុះឲ្យមាណពនោះ នាំមាតាបិតាទៅសម្លាប់ចោលបង់ក្នុងព្រៃ មាណពនោះត្រូវទោសអនន្តរិយកម្ម ធ្លាក់ទៅសោយទុក្ខវេទនាក្នុងមហាអវិចីនរកអស់កំណត់ លុះដល់ភទ្ទកប្បនេះ គ្រាដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់យើងបានត្រាស់ឡើង មាណពនេះ បានមកកើតជាព្រះមោគ្គល្លានត្ថេរ ជាអគ្គសាវកខាងឆ្វេង ។