Jump to content

កម្ពុជសុរិយា/ឆ្នាំទី១/1

From Wikisource
កម្ពុជសុរិយា, ឆ្នាំទី១ (១៩២៦–២៧)
ព្រះ​បន្ទូល​ក្រុម​ព្រះ​នរោត្ដម ភាណុ​វង្ស ពន្យល់​អំពី​បង្កើត​ទស្សនាវដ្ដី
ដោយព្រះ​នរោត្ដម ភាណុ​វង្ស
107518កម្ពុជសុរិយា, ឆ្នាំទី១ — ព្រះ​បន្ទូល​ក្រុម​ព្រះ​នរោត្ដម ភាណុ​វង្ស ពន្យល់​អំពី​បង្កើត​ទស្សនាវដ្ដី
ដោយព្រះ​នរោត្ដម ភាណុ​វង្ស
១៩២៦-២៧


[ 1 ]

ព្រះ​បន្ទូល​ក្រុម​ព្រះ​ នរោត្ដម​ភាណុ​វង្ស[1]

ទី​អគ្គ​មហា​សេនា​ ធិបតី​សមុហ​នាយក​សេនាបតី​ក្រសួង​មហា​ថៃ (ផ្ទៃ)

និង​ធម្មការ​ នៃ​ព្រះ​នគរ​ក្រុង​កម្ពុជា​ធិបតី​

ទ្រង់​ពន្យល់​អំពី​ បង្កើត​ទស្សនាវដ្ដី​ សៀវភៅ​បោះ​ពុម្ព​

ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា ។



ព្រះ​រាជ​បណ្ណាល័យ​ក្នុង​ក្រុង​ភ្នំ​ពេញ​ ដែល​មាន​ព្រះ​រាជ​ប្រកាស​ពី​ថ្ងៃ ᧶ ២ ឆ្នាំ​ជូត​ឆស័ក​ត្រូវ​និង​ថ្ងៃ​១៥​ ហ្សងវិយ៉េ ឆ្នាំ​១៩២៥​ បង្កើត​ឡើង​សម្រាប់​តម្កល់​សាស្ត្រា​បាលី​ គ្រឿង​ប្រដាប់​សម្រាប់​គោរព​ព្រះ​ពុទ្ធ​សាសនា​ និង​លិខិត​ក្បួន​ខ្នាត​ក្នុង​ក្រៅ​រាជការ​ខេមរៈ​គ្រប់​ជំពូក​ បាន​ធ្វើ​ការ​សម្រេច​ដោយ​មាំ​មួន​គួរ​ឲ្យ​សរសើរ​ជា​ប្រាកដ​ ព្រោះ​មាន​ប្រយោជន៍​ច្រើន​ជាន់​ដល់​រាជការ​ និង​ព្រះ​សង្ឃ​ និង​អ្នក​ទាំង​ពួង​ ទៅ​មក​ចូល​មើល​ឬ​ខ្ចី​សាស្ត្រា​សៀវភៅ​ និង​សំបុត្រ​ កាសែត​និង​រឿង​រ៉ាវ​ផ្សេង​ៗ​ យក​ទៅ​មើល​ឬ​ចម្លង​បាន​តែ​អ្នក​ដែល​នៅ​ឆ្ងាយ​ខ្លះ​ មិន​ស្គាល់​មន្ទីរ​នេះ​ ខ្លះ​ពិបាក​ទៅ​មក​ដោយ​ឥត​បច្ច័យ​ ឬ​ឥត​ឱកាស​បាន​ជា​រាជការ​ទើប​បង្កើត​ឲ្យ​មាន​ទស្សនាវដ្ដី​ ហៅ « កម្ពុជ​សុរិយា» បោះ​ពុម្ព​១​ខែ​ម្ដង​​អស់​ទាំង​សេចក្ដី​ដែល​មាន​ស្រាប់​ ឬ​កើត​ឡើង​ថ្មី​ ពី​ក្នុង​ឬ​ក្រៅ​ព្រះ​រាជ​បណ្ណាល័យ​ ជា​ដំណឹង​មាន​ប្រយោជន៍​ដល់​អ្នក​ទាំង​ [ 2 ]ឡាយ ហើយ​ដើម្បី​ឲ្យ​អ្នក​ដែល​មាន​ចំណេះ​ផ្សេង​ៗ​ បើ​ចង់​សុំ​ផ្សាយ​ដំណឹង​ការ​អ្វី​ៗ​ នឹង​ជូន​សេចក្ដី​មក​បោះ​ពុម្ព​ក្នុង​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា​នោះ​បាន​ដោយ​ងាយ​ ហើយ​និង​មាន​សេចក្ដី​គាប់​ប្រសើរ​ផង​ ឯ​អ្នក​ទាំង​ពួង​គួរ​ឲ្យ​មាន​ចិត្ត​ចង់​ទិញ​កម្ពុជ​សុរិយា​ ទុក​មើល​ជា​របស់​ខ្លួន​ត​ទៅ​ឲ្យ​គ្រប់​គ្នា​ គំនិត​ធ្វើ​ទស្សនា​វដ្ដី​នេះ​ជា​វិសេស​ណាស់​ ទ្រង់​សូម​បញ្ចូល​ចិត្ត​អ្នក​ទាំង​ឡាយ​ឲ្យ​ទិញ​មើល​ និង​រិះ​គិត​តែង​សេចក្ដី​ផ្សេង​ៗ​ ជា​ប្រយោជន៍​ខាង​ព្រះ​ពុទ្ធ​សាសនា​ឬ​ខាង​ចំណេះ​អក្សរ​ និង​ការ​របរ​ផ្សេង​ៗ​ និង​គ្រឿង​គ្រប់​មុខ​ គួរ​គប្បី​ឲ្យ​អ្នក​ទាំង​ពួង​ដឹង​យក​តម្រាប់​តាម​នោះ​ ឲ្យ​បញ្ជូន​មក​សុំ​បោះ​ពុម្ព​ក្នុង​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា​ឲ្យ​រាល់​ខែ​ ដូច​នគរ​ធំ​ឯ​ទៀត​ៗ​គេ​ចូល​ចិត្ត​ថ្លែង​សេចក្ដី​ដំណឹង​ពី​ប្រយោជន៍​ការ​ទាំង​ពួង​ឲ្យ​ស្គាល់​យល់​ភ្លឺ​ជា​ប្រយោជន៍​សាធារណ៍​ ឲ្យ​បាន​ចំរើន​គ្រប់​ប្រការ​ក្នុង​ព្រះ​នគរ ។

ក្នុង​ឱកាស​នេះ​ យើង​សូម​ឧទ្ទិស​ប្រាថ្នា​ឲ្យ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា​ប្រកប​ដោយ​សេចក្ដី​បរិបូណ៌​ និង​ស្ថិត​ស្ថេរ​ត​ទៅ ។

ក្រុម​ព្រះ​ នរោត្ដម ​ ភាណុវង្ស័​ ទី​អគ្គ​មហា​សេនា​ធិបតី​


  1. អត្ថបទ​នេះ​ មាន​ចុះ​នៅ​កម្ពុជ​សុរិយា​ ក្បាល​ទី​១​ ឆ្នាំ​១៩២៦ – ២៧ ។