Jump to content

Page:Kambuja Suriya 1926-1927.djvu/8

From Wikisource
This page has been proofread.

ឡាយ ហើយ​ដើម្បី​ឲ្យ​អ្នក​ដែល​មាន​ចំណេះ​ផ្សេង​ៗ​ បើ​ចង់​សុំ​ផ្សាយ​ដំណឹង​ការ​អ្វី​ៗ​ នឹង​ជូន​សេចក្ដី​មក​បោះ​ពុម្ព​ក្នុង​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា​នោះ​បាន​ដោយ​ងាយ​ ហើយ​និង​មាន​សេចក្ដី​គាប់​ប្រសើរ​ផង​ ឯ​អ្នក​ទាំង​ពួង​គួរ​ឲ្យ​មាន​ចិត្ត​ចង់​ទិញ​កម្ពុជ​សុរិយា​ ទុក​មើល​ជា​របស់​ខ្លួន​ត​ទៅ​ឲ្យ​គ្រប់​គ្នា​ គំនិត​ធ្វើ​ទស្សនា​វដ្ដី​នេះ​ជា​វិសេស​ណាស់​ ទ្រង់​សូម​បញ្ចូល​ចិត្ត​អ្នក​ទាំង​ឡាយ​ឲ្យ​ទិញ​មើល​ និង​រិះ​គិត​តែង​សេចក្ដី​ផ្សេង​ៗ​ ជា​ប្រយោជន៍​ខាង​ព្រះ​ពុទ្ធ​សាសនា​ឬ​ខាង​ចំណេះ​អក្សរ​ និង​ការ​របរ​ផ្សេង​ៗ​ និង​គ្រឿង​គ្រប់​មុខ​ គួរ​គប្បី​ឲ្យ​អ្នក​ទាំង​ពួង​ដឹង​យក​តម្រាប់​តាម​នោះ​ ឲ្យ​បញ្ជូន​មក​សុំ​បោះ​ពុម្ព​ក្នុង​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា​ឲ្យ​រាល់​ខែ​ ដូច​នគរ​ធំ​ឯ​ទៀត​ៗ​គេ​ចូល​ចិត្ត​ថ្លែង​សេចក្ដី​ដំណឹង​ពី​ប្រយោជន៍​ការ​ទាំង​ពួង​ឲ្យ​ស្គាល់​យល់​ភ្លឺ​ជា​ប្រយោជន៍​សាធារណ៍​ ឲ្យ​បាន​ចំរើន​គ្រប់​ប្រការ​ក្នុង​ព្រះ​នគរ ។

ក្នុង​ឱកាស​នេះ​ យើង​សូម​ឧទ្ទិស​ប្រាថ្នា​ឲ្យ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា​ប្រកប​ដោយ​សេចក្ដី​បរិបូណ៌​ និង​ស្ថិត​ស្ថេរ​ត​ទៅ ។

ក្រុម​ព្រះ​ នរោត្ដម ​ ភាណុវង្ស័​ ទី​អគ្គ​មហា​សេនា​ធិបតី​