គតិលោក/ភាគទី៩/1
រឿងសត្វស្កាពីរបែកផ្លូវគ្នារកចំណី
និទាននេះមានដំណាលក្នុងក្បួនបារាំងសែស
មានសត្វស្កាពីរ ស្កាមួយទទួលស៊ីតែសត្វជើងបួន ស្កាមួយទទួលស៊ីតែសត្វស្លាប ។ ឯស្កាស៊ីសត្វស្លាប ដើរស្វែងរកអាហារ បានឃើញសត្វប្រចៀវមួយទំសំយុងខ្លួននៅរអាងថ្មភ្នំ ក៏ស្ទុះទៅចាប់ប្រចៀវនោះបាន ហើយពោលថាអញរកតែសត្វស្លាបនឹងស៊ី ឥឡូវបានសត្វស្លាបសមក្ដីប្រាថ្នាអញហើយ ។ ប្រចៀវបានឮស្កាថាដូច្នោះ ក៏ពោលឡើងថា "ខ្ញុំនេះនឹងបានជាពួកសត្វស្លាប ជាអណ្ឌជៈកំណើតកើតដោយស៊ុតក៏ទេ ខ្ញុំនេះជាពួកកណ្ដុរសត្វជើងបួន ជាជលម្ពុជកំណើតទេតើ បើអ្នកមិនជឿខ្ញុំអញ្ជើញមើលមុខខ្ញុំចុះ មុខខ្ញុំជាកណ្ដុរ មានស្លឹកត្រចៀកទាំងពីរដូចកណ្ដុរនោះឯង ដែលខ្ញុំហើរបាននោះ គឺហើរដោយស្បែក នឹងបានជាសត្វស្លាបមានរោមដូចបក្សីកាលណា" ។ ស្កាឮដូច្នោះ ក៏គន់មើលមុខប្រចៀវយល់ដូចមុខកណ្ដុរមែន ទើបថាអញនេះខុសសញ្ញាខ្លួនហើយ ថាហើយក៏លែងប្រចៀវឲ្យហើរទៅ អាត្មាឯងក៏ទៅស្វែងរកអាហារនាទីឯទៀតហោង ។
ប្រចៀវនោះបានរួចពីមាត់ស្កាហើយ ក៏ហើរទៅទំសំយុងកចុះនៅជ្រុងថ្មមួយ ។ ក្នុងថ្ងៃនោះស្កាដែលប្រកាន់ស៊ីសត្វជើងបួន ដើរស្វែងរកអាហារ លុះមកដល់ទីជ្រុងថ្មបានឃើញប្រចៀវនោះ ក៏ស្ទុះលោតទៅចាប់បាន ហើយពោលថា អញរកតែសត្វកណ្ដុរជាតិសត្វជើងបួន ឥឡូវបានវាសមក្ដីប្រាថ្នាហើយ អញនឹងស៊ីវាឥឡូវនេះ ។ ប្រចៀវឆ្លើយថា "ខ្ញុំនេះនឹងបានជាកណ្ដុរពួកសត្វជើងបួនកាលណា ខ្ញុំជាសត្វបក្សាជើងពីរទេ ចូរអ្នកមើលស្លាបមើលជើងខ្ញុំចុះ បើអ្នកមិនជឿ អ្នកលែងខ្ញុំឲ្យហើរមើលទៅ" ។ ស្កាក៏គន់មើលឃើញស្លាបឃើញជើងពីរ ដូចពាក្យប្រចៀវពោលមែន ទើបលែងប្រចៀវនោះបង ហើយក៏ចេញទៅរកអាហារក្នុងទីឯទៀតហោង
រឿងនេះ បានគិតដល់បុគ្គលអ្នកគេចកែប្រែក្នុងកាលដែលគេប្រើ ឬក្នុងកាលគេឃោសនាយកអ្វី ៗ ដូចយ៉ាងចៅជ្វាម្នាក់តាំងលំនៅក្នុងភូមិខ្មែរ ថ្ងៃមួយមានរាជការឲ្យកេណ្ឌយកពួកជ្វាទៅចែវទូកប្រណាំង ចៅនោះគេចកែថាខ្ញុំបាទនេះជាខ្មែរទេ បើលោកមិនជឿអញ្ជើញមើលរូបខ្ញុំបាទចុះ ខ្ញុំបាទនឹងបានកោរក្បាលពាក់កន្តិបស្លៀកសារុងកាលណា ខ្ញុំបាទស្លៀកពាក់ជាខ្មែរ ដូចខ្មែរទាំងឡាយក្នុងស្រុកនេះដែរ ។ នាយកំណែនឮដូច្នោះ ក៏លែងកេណ្ឌចៅនោះ ៗ ក៏រួចខ្លួនហោង ។ លុះនៅយូរមករាជការឲ្យកេណ្ឌយកខ្មែរបររទេះជូនអាជ្ញាហ្លួង គេទៅកេណ្ឌចៅនោះ ៗ គេចកែប្រែថា ខ្ញុំបាទនេះជាជាតិជ្វាចាមទេ នឹងបានជាខ្មែរកាលណា បើលោកមិនជឿខ្ញុំបាទក្រែងខ្ញុំបាទកុហក ខ្ញុំបាទហ៊ានបង្ហាញ របស់កំបាំងក្នុងខ្លួន ជូនលោកមើលជាសាក្សី ។ នាយកកំណែនឮដូច្នោះក៏លែងកេណ្ឌចៅនោះ ៗ រួចកំណែនបររទេះនោះហោង ។
លុះដល់ពួកតុកទួនជ្វាគេឃោសនា បណ្ដាជ្វាដូចគ្នាយកប្រាក់សាងសារ៉ាវ ចៅនោះគេចកែថាខ្លួនខ្មែរទេ នឹងចេញប្រាក់ធ្វើបុណ្យជ្វាដូចម្ដេចបាន បើសាសន៍ខុសគ្នាយ៉ាងនេះ លុះនៅយូរមកមានពួកសប្បុរសខ្មែរគេទៅឃោសនាចៅនោះ ឲ្យចេញប្រាក់សាងវិហារចៅនោះក៏គេចកែប្រែថាខ្លួនជ្វាទេ នឹងចេញប្រាក់ធ្វើបុណ្យដូចម្ដេចបាន បើសាសន៍ខុសគ្នាយ៉ាងនេះ ។ មនុស្សគេកែប្រែប្រកបទៅតាមពួក ចូលទៅក្នុងសំណាក់ពួកណា ក៏ឆ្លើយថាខ្លួនជាពួកនោះដែរប្រចុបប្រចែងតែងកលយកលាភក្នុងពួកនោះ ៗ យ៉ាងនេះក៏មាន អញ្ជើញប្រាជ្ញគិតតទៅទៀតចុះ ។
ប្រអើយប្រចៀវ ចេះគេចចេះកៀវ ចេះកែប្រែជាតិ ចោតថាបក្សា ឆ្លើយថាចតុប្បាទ បំណងស្កាខាត ខានបរិភោក្ដា ។ ក្រោយចោទចតុប្បាទកែប្រែថាជាតិ សកុណបក្សា ស្កាស្កុនខានស៊ី ខុសទីសញ្ញា ផ្លូវពីរយាត្រា តាមតែនឹងត្រាច់ ។ចប់តំរាគេចខ្លួន ជាគតិទី ៥៣