Jump to content

គតិលោក/ភាគទី៦/2

From Wikisource
113184គតិលោក, ភាគទី៦រឿងលាឈ្មោល ១ ត្រាប់តាមកូនឆ្កែឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿងលាឈ្មោល ១ ត្រាប់តាមកូនឆ្កែ

និទាននេះមានដំណាលក្នុងក្បួនបារាំងសែស

មានសត្វលាឈ្មោល ១ ជាសត្វចិញ្ចឹម ជាពាហនៈរបស់សេដ្ឋី លានោះបានឃើញសេដ្ឋីជានាយស្រឡាញ់ ឱបរឹត ប្រឡែងលេង នឹងកូនឆ្កែជាប្រក្រតីទើបគិតថា អាកូនឆ្កែនេះ វា​ចេះ​ធ្វើអ្វីលើស​

អញ បានជានាយគាត់ស្រឡាញ់ឱបរឹត ស្និទ្ធស្នាលនឹងវាដល់ម្ល៉េះ បើដូច្នេះ អញចាំមើលលោកនាយ បើគាត់មកជិតអញកាលណា អញនឹងលោទៅឱបគាត់ ឲ្យគាត់ឱបរឹតអញ ប្រឡែង​លេង​ឲ្យ​ដូច​ជា​

អា​កូន​ឆ្កែនោះខ្លះគិតហើយលារង់ចាំមើលសេដ្ឋី លុះសេដ្ឋីដើរមកជិតខ្លួនបានឱកាសហើយ ក៏លោជើងទាំងពីរទៅនឹងឱបសេដ្ឋីជានាយ ។

ឯសេដ្ឋីឃើញលាចំប្រាវមកដូច្នោះ គិតថាលាលោមកនឹងធាក់ច្រំអាត្មា ទើបខឹងនឹងលា ចាប់ដំបងវាយសំពងលានោះ ៥-៦ ដំបង ហើយជេរថាខ្មោចអាលាចង្រៃ កាចខូចអ្វីម្ល៉េះ វា​ហ៊ាន​គិត​នឹង​ធាក់​

ច្រំ​ខាំ​ឯង​ជាម្ដង ឯលានោះត្រូវដំណំ ៥-៦ ដំបងដល់នូវក្ដីទុក្ខវេទនា កើតទោមនស្ស តូចចិត្តអាណិតខ្លួន ព្រោះពុំសមក្ដីប្រាថ្នាឲ្យដូចជាកូនឆ្កែនោះឯង ។

រឿងនេះ បានគតិដូចបុគ្គល ឃើញនាយចៅហ្វាយឬអ្នកធំ លោកមានចិត្តស្ម័គ្រ លេងលចំអកចំអន់នឹងអ្នកឯណាមួយ ហើយខ្លួនឯង លោកមិនដែលលេងលសោះឡើយ ហើយ​ទៅនិយាយ​ឬ​ប្រើ​

អាការ​ស្និទ្ធ​ដូចជាបុគ្គលដែលលោកធ្លាប់លេងនោះ ប្រព្រឹត្តទៅមិនបានដូចគេទេ តែប្រព្រឹត្តហើយគង់ដល់ក្ដីបរាមុខនាកណ្ដាលជំនុំប្រជុំជន ដូចយ៉ាងលាចង់ត្រាប់កូនឆ្កែនេះឯង គួរចូលចិត្តហោង ។

មួយទៀត ចុះគិតថា "គេមិនលេង ខ្លួនទៅលេង គេមិនសួរ ខ្លួនទៅថ្លែង" ការអស់នេះ បានក្ដីហីនលក្ខណៈ ក្នុងលោកិយនេះប្រាកដ ដូចបទបាលីក្នុងគម្ពីរលោកនីតិថា ។

អនវ្ហាយំ គមយន្តោ
អបុប្ឆា ពហុភាសកោ
អត្តគុណំ បកាសេន្តោ
តិវីធំ ហីនសក្ខណំ ។
ប្រែថា គេមិនហៅចូលទៅ ទៅមិនគួរ គេមិនសួរឆ្លើយឯងលើសប្រមាណ ប្រកាសគុណនៃកាយដែលពុំមាន បើនេះបានឈ្មោះហៅហីនល័ក្ខណ៍ ។

ចប់តម្រាគតិធំត្រាប់តូចខូចខ្លួន ទី ២៤