Jump to content

គតិលោក/ភាគទី៥/8

From Wikisource
113198គតិលោក, ភាគទី៥រឿង​សត្វ​ស្មាន់ ក្អែក នឹង​អណ្ដើក​ជា​សំឡាញ់​នឹង​គ្នាឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿង​សត្វ​ស្មាន់ ក្អែក នឹង​អណ្ដើក​ជា​សំឡាញ់​នឹង​គ្នា


មាន​សត្វ​ស្មាន់ ១ ក្អែក ១ អណ្ដើក ១ យក​គ្នា​សម្លាញ់ តែង​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក ។ ថ្ងៃ ១ ស្មាន់​ទៅ​រក​ស៊ី​នៅ​ព្រៃ ១ ក៏​ជាប់​អន្ទាក់​ព្រាន​ព្រៃ ក្អែក​នឹង​អណ្ដើក​នាំ​គ្នា​ដើរ​រក​ស្មាន់​នោះ លុះ​ដល់​ទៅ​ដល់​ជាយ​ព្រៃ ក៏​ស្រាប់​តែ​ឃើញ​ស្មាន​ជាប់​អន្ទាក់ ទើប​ចូល​ទៅ​សួរ​ថា "សម្លាញ់​ឯង ហេតុ​អ្វី​ដើរ​រក​ស៊ី​មិន​មើល​អន្តរាយ មក​ឲ្យ​ជាប់​អន្ទាក់​គេ​យ៉ាង​នេះ" ។ ស្មាន់​ក៏​ឆ្លើយ​ថា "ឱ​សម្លាញ់​អើយ អញ​នេះ​បាន​ជា​ខុស​ហើយ ចូរ​សម្លាញ់​គិត​កែខៃ​ជួយ​អាយុ​អញ​ផង​ចុះ"។

ឯ​ក្អែក​នឹង​អណ្ដើក​ក៏​ទទួល​ជួយ​ដោះ​ទុក្ខ​ភឿន ក្អែក​ហើរ​ទៅ​ពាំនាំ​ទឹក មក​ស្រោច​ខ្សែ​អន្ទាក់​ឲ្យ​ទន់​ឯ​អណ្ដើក​ក៏​ខាំ​ខ្សែ​អន្ទាក់​នោះ​ឯង ក្អែក​នឹង​អណ្ដើក​ព្យាយាម​ខាំ​កាត់​អន្ទាក់​នោះ តាំង​តែ​ពី​បឋមយាម ដរាប​ដល់​បច្ឆិមយាម ទៀប​នឹង​ភ្លឺ​ស្វាង កាត់​ដាច់​បាន​ពីរ​ធ្លុង នៅ​សល់​មួយ​ធ្លុង ក៏​ជួន​ពេល​ព្រានព្រៃ​មក ទើប​ក្អែក​នឹង​អណ្ដើក​ដាស់​សតិ​ស្មាន​ថា "សម្លាញ់​អើយ ពេល​នេះ ម្ចាស់​អន្ទាក់​មក​ជិត​ដល់​ហើយ យើង​ជួយ​កាត់​បាន​តែ​ពីរ​ធ្លុង នៅ​សល់​មួយ​ធ្លុង ចូរ​សម្លាញ់​ខំ​បោល​កន្ត្រាក់​ដោយ​ខ្លួន​ឯង​ឲ្យ​ដាច់​ទៅ​ចុះ " ។ កាល​សត្វ​ទាំង ៣ កំពុង​និយាយ​គ្នា​ដូច្នោះ នាយ​ព្រានព្រៃ​ក៏​មក​ដល់ ទើប​ក្អែក​នឹង​អណ្ដើក​ក៏​ចេញ​ចាក​ទីនោះ ចូល​ទៅ​ពួន​ក្នុង​ព្រៃ​ខាង ចាំ​មើល​ដំណើរ​ស្មាន់​នោះ​ឯង ឯ​ស្មាន់​សោត កាល​បើ​នាយ​ព្រាន​មក​ដល់​ខ្លួន​ក៏​ស្ទុះ​កន្ត្រាក់​ផ្ដាច់​អន្ទាក់​នោះ​ដាច់​បាន ហើយ​បោល​ចូល​ព្រៃ​ទៅ​ហោង ។

ឯ​នាយ​ព្រាន​នឹក​ស្ដាយ​ស្មាន់​ណាស់ ក៏​រត់​ដេញ​ស្មាន់​នោះ តែ​តាម​ពុំ​ទាន់ ទៅ​ប្រទះ​លើ​អណ្ដើក​ដែល​ពួន​នោះ ទើប​នាយ​ព្រាន​ចាប់​អណ្ដើក​នោះ ហើយ​ក៏​វិល​មក​ធ្វើ​អន្ទាក់​នោះ​ទៀត។

ឯ​ក្អែក​ឃើញ​នាយ​ព្រាន​ចាប់​អណ្ដើក​បាន​ដូច្នោះ ក៏​និយាយ​នឹង​ស្មាន់​ថា ចូរ​អ្នក​ក្លែង​ធ្វើ​ជា​បាក់​ជើង ដើរ​ទៅ​ខាង​មុខ​នាយ​ព្រានព្រៃ ប្រើ​ឧបាយ​មាយា​លលួង​ឲ្យ​នាយ​ព្រាន​ដេញ នាយ​ព្រាន​គង់​នឹង​ដាក់​អណ្ដើក​ចោល​នៅ​កណ្ដាល​វាល រត់​ដេញ​អ្នក​ឯង​មិន​លែង ហើយ​អ្នក​ឯង​នឹង​រត់​គេច​មក​ក្រោយ​វិញ ខាំ​ពាំ​អណ្ដើក​នោះ​បោល​ចូល​ព្រៃ​ទៅ ឲ្យ​រួច​ពី​ដៃ​អា​ព្រាន​ព្រៃ​នោះ ។

ឯ​ស្មាន់​ធ្វើ​តាម​ពាក្យ​ក្អែក​បង្គាប់​នោះ​ឯង លុះ​ស្មាន់​បោល​ទៅ​ជិត​នាយ​ព្រាន​ហើយ ក៏​ធ្វើ​អាការ​ជា​សត្វ​បាក់​ជើង​ម្ខាង បោល​បោះ​តែ​ជើង ៣ ចំពោះ​មុខ​ព្រាន​ព្រៃ​នោះ​ឯង ឯ​នាយ​ព្រាន​ពុំ​ដឹង​អាការ​សត្វ​ក៏​សំគាល់​ថា ស្មាន់​នេះ​ត្រូវ​អន្ទាក់​វា​ខំ​កន្ត្រាក់​ទាល់​តែ​ដាច់​បាន ទំនង​ជា​វា​បាក់​ជើង​នេះ ព្រោះ​ខ្សែ​អន្ទាក់​អញ​វា​វាត់​ត្រូវ​នោះ​ឯង គិត​ហើយ​នាយ​ព្រាន ក៏​ដេញ​ទៅ​ដើម្បី​នឹង​ប្រហារ ។

ឯ​ស្មាន់​បែរ​មក ឃើញ​នាយ​ព្រាន​មិន​ទាន់​ដាក់​អណ្ដើក​ចោល​ដូច្នោះ ក៏​ក្លែង​ធ្វើ​ជា​ពុំ​លឿន បោល​ទៅ​បន្តិច ៗ នាយ​ព្រាន​ចូល​ចិត្ត​ថា​ស្មាន់​ពិការ​ជើង បោល​ពុំ​លឿន​ដូច្នោះ ក៏​គិត​ថា អញ​ប្រយោជន៍​អ្វី​នឹង​អា​អណ្ដើក ១ សាច់​វា​ស្ល​ស៊ី​បាន​តែ​ព្រឹក​ល្ងាច​ប៉ុណ្ណោះ គួរ​តែ​ចោល​វា​ចេញ​ចុះ នឹង​ខំ​រត់​ដេញ​ចាប់​អា​ស្មាន់​ឲ្យ​បាន ដ្បិត​វា​ជា​សត្វ​ធំ សាច់​ច្រើន លើស​អា​អណ្ដើក​នេះ គិត​ហើយ​នាយ​ព្រាន​ក៏​ចោល​អណ្ដើក​នោះ​នោះ​លើ​គុម្ព​ស្បូវ ហើយ​រត់​តាម​ស្មាន់​នោះ​ទៅ ។ ឯ​ស្មាន់​ដឹង​ថា​នាយ​ព្រាន​ចោល​អណ្ដើក​ហើយ ក៏​រឹង​ធ្វើ​កល​បោល​ជន្ល​នាយ​ព្រាន ឲ្យ​ដេញ​ចេញ​ទៅ​ផុត​ព្រៃ​ស្បូវ បាន​ឱកាស​ហើយ ស្មាន់​ក៏​បោល​គេច​មក​ក្រោយ បាន​ទៅ​ដល់​អណ្ដើក​ហើយ ក៏​ពាំ​អណ្ដើក​នោះ​បោល​បោះ​ផ្លោះ​ចូល​ក្នុង​ព្រៃ​ធំ ។ ឯ​ក្អែក​ក៏​ហើរ​នាំ​ផ្លូវ​ទៅ​ដរាប​ដល់​ព្រៃ ១ ជា​ព្រៃ​ផុត​មនុស្ស​ដើរ​ដល់​ទៅ​ដល់ សត្វ​ទាំង ៣ ក៏​នាំ​គ្នា​អាស្រ័យ​នៅ​ក្នុង​ព្រៃ​នោះ​ជា​សុខ​សប្បាយ​ហោង ។

រឿង​និទាន​នេះ ឯង​យល់​ចុះ ក្នុង​គតិ​យ៉ាង​ណា ចូរ​ថា​ទៅ​មើល ? ។

កូន​សិស្ស​ក៏​តប​ថា - រឿង​នេះ ចុះ​គតិ​កល្យាណ​មិត្រ​ល្អ បុគ្គល​ឯណា​បាន​មិត្រ​ល្អ យ៉ាង​ក្អែក​នឹង​អណ្ដើក​ដែល​ជួយ​ដោះ​ស្មាន់ ជា​មិត្រ​ឲ្យ​រួច​ចាក​ទុក្ខ​បាន បុគ្គល​នោះ​ហៅ​ថា​មាន​មិត្រ​ល្អ គួរ​គប្បី​សេពគប់ ក៏​ឯ​មិត្រ​នេះ​លោក​សំដែង​ថា កុលបុត្រ​គប្បី​បំរុង​ដោយ​ស្ថាន ៥ ប្រការ គឺ​បែង​ចែក​វត្ថុ​ឲ្យ ១, និយាយ​ចរចា ពាក្យ​ពីរោះ ១ ប្រព្រឹត្ត​ប្រយោជន៍ ១, ភាវៈ ជា​អ្នក​មាន​ធុរៈ​ឬ​ខ្លួន​ស្មើ​ជា​ប្រក្រតី ១, មិន​ក្លែង​ពោល​ពាក្យ​ឲ្យ​ឃ្លៀងឃ្លាត​ចាក​ក្ដី​ពិត ១ ។

មិត្រ​បាន​ទទួល​បំរុង​ដូច្នេះ​ហើយ ត្រូវ​អនុគ្រោះ​កុលបុត្រ​នោះ​ដោយ​ស្ថាន ៥ ប្រការ​វិញ គឺ​ឃើញ​មិត្រ​នោះ ដល់​នូវ​ក្ដី​លំបាក នា​ទី​ស្ថាន​ឯណា​មួយ​ហើយ ស៊ូ​នៅ​រក្សា​មិត្រ ពុំ​គិត​លះ​ចោល​យ៉ាង​នេះ​ប្រការ ១, ជួយ​រក្សា​ទ្រព្យសម្បត្តិ​របស់​មិត្រ ដែល​មិត្រ​លុះ​ក្ដី​ប្រមាទ ១, កាល​បើ​មាន​ភ័យ ទទួល​ជា​ទីពឹង​ពំនាក់​បាន ១, មិន​លះ​ចោល​មិត្រ​ក្នុង​កាល​វិបត្តិ មាន​កាល​ស្រូវ​ថ្លៃ​ជា​ដើម ១, រាប់អាន​រហូត​ដល់​វង្ស​ញាតិ​របស់​មិត្រ ១, ត្រូវ​ជា​ស្ថាន ៥ ប្រការ​ហោង ។ បុគ្គល​ក្នុង​លោក គប្បី​រក​មិត្រ​មាន​ធម៌​អនុគ្រោះ ៥ ប្រការ ដូច​សំដែង​មក​នេះ ទើប​បាន​ក្ដី​សួស្ដី​មង្គល ចំរើន​ក្ដី​សុខ​សម្រាន្ត​ដូច​សត្វ​ទាំង ៣ នោះ​ហោង ។



ចប់​តម្រា​គតិ​សុភមិត្រ ។