Jump to content

គតិលោក/ភាគទី៥/9

From Wikisource
113291គតិលោក, ភាគទី៥រឿង​សត្វ​ស្មាន់ ក្អែក​នឹង​ចចកឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿង​សត្វ​ស្មាន់ ក្អែក​នឹង​ចចក


មាន​សត្វ​ស្មាន់ ១ ក្អែក ១ ជា​សម្លាញ់​គ្នា នៅ​យូរ​មក មាន​ចចក ១ ដើរ​ទៅ​ជួប​នឹង​ស្មាន់ ចូល​ទៅ​និយាយ​មេត្រី​ក្ដី​ស្នេហា​នឹង​ស្មាន់​នោះ ស្មាន់​សោត​ក៏​លុះ​ក្ដី​ស្រឡាញ់​ចចក​យ៉ាង​ស្និទ្ធ សត្វ​ទាំង​ពីរ​តែង​ទៅ​មក​រក​គ្នា​ជា​ញឹកញយ ។

ឯ​ក្អែក​ជា​សត្វ​មាន​ប្រាជ្ញា ស្គាល់​អាការ​កិរិយា​នៃ​ចចក​នោះ ជា​សត្វ​កោង​ឥត​ក្ដី​សុចរិត ទើប​និយាយ​ហាម​ស្មាន់​ថា " អ្នក​ឯង​កុំ​ទៅ​ចូល​ចិត្ត​ស្រឡាញ់​អា​ចចក​នោះ​ឡើយ អា​ចចក​នោះ មិន​ស្លូត​ត្រង់​ត​មិត្រ​ឯង​ទេ វា​ជា​សត្វ​ប្រចុបប្រចែង ក្លែង​ធ្វើ​ជា​មិត្រ​ស្និទ្ធស្នាល​នឹង​អ្នក​ឯង ធ្វើ​ឲ្យ​អ្នក​លុះ​លង់​ដោយ​កល​វា ៗ នឹង​យាយី​នឹង​អ្នក​ឯង​ពុំ​ខាន" ។ ឯ​ស្មាន់​នោះ​លុះ​អំណាច​កល​ចចក​មក​យូរ​ហើយ លុះ​ឮ​ក្អែក​ជា​មិត្រ​ពោល​ហាម ក៏​ពុំ​តាម​ពាក្យ​ក្អែក​នោះ​ឡើយ ចេះ​តែ​ទៅ​មក​រក​ចចក​នោះ​ពុំ​ដែល​ដាច់ ឯ​ចចក​ក៏​ចេះ​តែ​បបួល​ស្មាន់​ទៅ​លេង​ឯ​ទី​ខ្លួន​រឿយ ៗ ថ្ងៃ​មួយ​ចចក​បាន​ឃើញ​អន្ទាក់​ព្រាន​ព្រៃ​តាំង​នៅ​ដោយ​ព្រៃ ១ ទើប​កើត​ក្ដី​ទ្រុស្ត​មិត្រ គិត​ថា​ចាំ​អញ​ទៅ​បបួល​ស្មាន់ ឲ្យ​វា​មក​រក​ស៊ី​នៅ​ទីនេះ​នឹង​បញ្ឆោត​វា ឲ្យ​ជាប់​អន្ទាក់​ព្រាន​ព្រៃ​នេះ ដល់​វា​ស្លាប់ អញ​នឹង​ស៊ី​វា​ហោង ។ ចចក​គិត​ដូច្នោះ ក៏​ទៅ​កាន់​សំណាក់​នៃ​ស្មាន់ ដល់​ហើយ​ទើប​និយាយ​បបួល​ថា "សម្លាញ់​អើយ! មក​យើង​នឹង​ទៅ​រក​ស៊ី​នៅ​ទី​ជាយ​ព្រៃ​ខាង​នោះ ព្រៃ​នោះខ្ញុំ​ឯង​ធ្លាប់​ទៅ​រក​អាហារ​បរិភោគ​ងាយ​ណាស់ ឯ​ខាង​ស្មៅ​ឬ​ស្លឹក​ឈើ​ជា​ចំណី​មិត្រ​ឯង​សោត ក៏​មាន​បរិបូណ៌​តាម​ចិត្ត​នឹង​បរិភោគ " ។

ឯ​ស្មាន់​បាន​ឮ​ចចក​បបួល​ដូច្នោះ ក៏​ទៅ​តាម​ចចក ៗ ក៏​នាំ​ស្មាន់​ទៅ​ត្រង់​ទី​អន្ទាក់​ព្រាន​ព្រៃ​នោះ​ឯង ស្មាន់​សោត ឆោត​មិន​ដឹង​កល​មិត្រ គិត​នឹង​ប្រទូស្ត​អាត្មា​ដើរ​ទៅ ៗ ជាន់​ទៅ​លើ​អន្ទាក់ ៗ ក៏​វាត់​ព័ទ្ធ​ជើង​ក្រោយ​នៃ​ស្មាន់​យួរ​ឡើង ស្មាន់​ក៏​ភិតភ័យ​តក្កមា​ស្រែក​ឲ្យ​ចចក​ជួយ ចចក​ក៏​ធ្វើ​កិរិយា ដូច​ជា​ភ្ញាក់ផ្អើល​នឹង​មនុស្ស​មក​ដល់​ខ្លួន ស្ទុះ​រត់​ទៅ​ពួន​នៅ​ក្នុង​ព្រៃ​ស៊ុមទ្រុម​សម្ងំ​ចាំ​មើល​ស្មាន់​នោះ នឹង​បម្រះ​ននៀល​កន្ត្រោង​ទៅ​យ៉ាង​ណា បើ​ស្មាន់​អស់​កម្លាំង​ដួល​ចុះ​កាល​ណា នឹង​ចេញ​មក​ស៊ី​ស្មាន់​នោះ​ឯង ។

ថ្លែង​ពី​ក្អែក កាល​បើ​ពុំ​ឃើញ​ស្មាន់​នៅ​ទី​ប្រក្រតី ក៏​ហើរ​រក​ស្មាន់​នោះ តាម​ដង​ព្រឹក្ស​ព្រៃ​ដរាប​ទៅ​ដល់​ទី​ជាយ​ព្រៃ ក៏​បាន​ឃើញ​ស្មាន់​ជាប់​អន្ទាក់​ព្រាន​ព្រៃ ទើប​ហើរ​ចុះ​ទៅ​ទំ​លើ​មែក​ឈើ ហើយ​និយាយ​ទៅ​ថា "ហៃ​សម្លាញ់​អើយ ហេតុអ្វី​ក៏​បាន​ជា​មក​ប្រមាទ​ការ​ឲ្យ​ជាប់​អន្ទាក់​មនុស្ស​យ៉ាង​នេះ " ។

ស្មាន់​តប​ថា " ការ​អស់​នេះ​គឺ​ខ្លួន​ខ្ញុំ​ឯង​ខុស​ពិត​ហើយ ព្រោះ​អា​ចចក​វា​បញ្ឆោត ឲ្យ​មក​រកស៊ី​នៅ​ទីនេះ វា​នាំ​ឲ្យ​ឯង​ជាប់​អន្ទាក់​គេ ត្រង់​ខ្លួន​វា​គេច​រត់​បាត់​ពី​ទី​នេះ​ទៅ មិន​ដឹង​ជា​វា​ទៅ​ឯ​ណា, អើ​សំឡាញ់ ចូរ​អាណិត​ដោះ​ខ្ញុំ​រួច​ពី​អន្ទាក់​នេះ​ម្ដង​ចុះ " ។

ឯ​ក្អែក​ក៏​ប្រាប់​ឧបាយ​ស្មាន់​ថា " បើ​នាយ​ព្រាន​មក​ដល់​កាល​ណា ចូរ​អ្នក​ឯង​ក្លែង​ធ្វើ​ជា​ស្លាប់ តាំង​រូប​ឲ្យ​រឹង​ប្រឹង​អត់​ដង្ហើម ធ្វើ​ឲ្យ​នាយ​ព្រាន​ទុក​ចិត្ត​ថា ស្លាប់​មែន បើ​នាយ​ព្រាន​ដោះ​អ្នក​ឯង​កាល​ណា អ្នក​ចាំ​ពាក្យ​ខ្ញុំ​ថា​ខ្វក បើ​ឮ​ពាក្យ​ខ្ញុំ​ថា​ខ្វក​កាល​ណា ចូរ​អ្នក​ឯង​ខំ​ស្ទុះ​បោល​បោះ​ផ្លោះ​រត់​ចូល​ព្រៃ​ទៅ ឲ្យ​ផុត​អំពី​ដៃ​មនុស្ស​ហោង " ឯ​ស្មាន់​ក៏​ទទួល​ពាក្យ​បង្គាប់​នៃ​ក្អែក​សព្វ​គ្រប់​ប្រការ ។

លុះ​ដល់​ពេល​ព្រាន​ព្រៃ​រៀប​ខ្លួន​ហើយ​យាត្រា​ទៅ​មើល​អន្ទាក់ ស្រាប់​តែ​ឃើញ​ស្មាន់​ដេក​ស្លាប់ ក៏​ចូល​ចិត្ត​ថា​ស្មាន់​ដេក​ស្លាប់​យូរ​ហើយ ទើប​ប្រមាទ​ដោះ​ស្មាន់​ចាក​អន្ទាក់​ដាក់​ទៅ​ម្ខាង ហើយ​ឈរ​ឡើង​មើល​ឆ្វេង​មើល​ស្ដាំ ។ ឯ​ក្អែក​ឃើញ​នាយ​ព្រាន​ប្រមាទ​ហើយ ក៏​ស្រែក​ខ្វក​ជា​សញ្ញា​ឡើង​មួយ​រំពេច ស្មាន់​ក៏​ស្ទុះ​ឡើង​បោះ​បោល ផ្លោះ​រត់​ចូល​ព្រៃ ទៅ​ជា​មួយ​នឹង​ក្អែក​ជា​អ្នក​នាំ​ផ្លូវ ឯ​នាយ​ព្រាន​ព្រៃ​ឃើញ​ស្មាន់​រស់​បោល​ផ្លោះ​ដូច្នោះ ក៏​ស្ទុះ​ចាប់​លំពែង​រត់​ដេញ​ដល់​ទី​មួយ​ក៏​ពួយ​លំពែង​ទៅ​ត្រង់​ព្រៃ​ស៊ុមទ្រុម លំពែង​នោះ ក៏​ធ្លាក់​ទៅ​ត្រូវ​គល់​ក​នៃ​ចចក ដល់​នូវ​ក្ដី​មរណកាល​ក្នុង​ព្រៃ​ស៊ុមទ្រុម​នោះ​ឯង ។

ឯ​ក្អែក​ក៏​ហើរ​នាំ​ស្មាន់​ទៅ​កាន់​លំនៅ ផុត​អន្តរាយ​នឹង​ព្រាន​យាយី​ហោង ។

រឿង​និទាន​នេះ បាន​គិត​យ៉ាង​ណា ឲ្យ​ថា​ទៅ​មើល ? ។

កូន​សិស្ស​តប​ថា ចចក​ទ្រុស្ត​មិត្រ បង់​ជីវិត​ខ្លួន​ឯង​បាន​គតិ​ធម៌​ថា បុគ្គល​សុចរិត​ឥត​ក្ដី​ប្រទូសរ៉ាយ​តប​មនុស្ស​ឯណា​មួយ​ហើយ ។ មនុស្ស​នោះ​ទៅ​ប្រទូសរ៉ាយ​ត​គេ​ឥត​ទោស​នឹង​ខ្លួន យ៉ាង​ដូច​សត្វ​ចចក​ទៅ​ប្រទូសរ៉ាយ​ត​ស្មាន់​ជា​មិត្រ​ឥត​ទោស យ៉ាង​នេះ​លោក​ថា​ក្ដី​ទុក្ខ​ទោស​វិបត្តិ​អពមង្គល នឹង​ធ្លាក់​ដល់​មនុស្ស​នោះ​ឯង ដូច​ចចក​ត្រូវ​លំពែង​ព្រាន​ព្រៃ​នោះ​ហោង ។

ចប់​តម្រា​ជន​ទ្រុស្ត​មិត្រ​ទី ១៥ ។

ចប់​តម្រា​ជន​ទ្រុស្ត​មិត្រ​ទី ១៥ ។