Jump to content

គតិលោក/ភាគទី៥/7

From Wikisource
113195គតិលោក, ភាគទី៥រឿង​ស្ដេច ១ ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​មហាចក្រា​មហិស្សរាធិបតី នឹង ស្ដេច​ស្រមោច​ខ្មៅឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿង​ស្ដេច ១ ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​មហាចក្រា​មហិស្សរាធិបតី នឹង ស្ដេច​ស្រមោច​ខ្មៅ


មាន​បរម​ខត្តិយរាជ​មួយ​ព្រះអង្គ ទ្រង់​ព្រះ​នាម​មហាចក្រា​មហិស្សរាធិបតី មាន​ឫទ្ធានុភាព​ផ្សាយ​អាណាចក្រ​ទួទៅ​ទាំង​សាកល ។

មាន​ស្ដេច ១០១ នាំ​សួយសារ​ដម្បារ​មាស​ចូល​មក​ថ្វាយ ទោះ​ស្ដេច​គ្រុឌ នាគ យក្ខ ទេវតា​នឹង​សត្វ​សីហរាជ ព្យគ្ឃ​រាជ តោ លៀងភា មហិសា ក៏​សឹង​ចុះ​ចូល​មូល​មក​ថ្វាយ​បង្គំ សុំ​ជា​ផ្លូវ​ព្រះ​រាជ​មេត្រី​ទាំង​អស់ ។ គ្រា​កាល​នោះ មាន​ស្ដេច​ស្រមោច​ខ្មៅ ១ ចង់​ឡើង​ទៅ​សុំ​ថ្វាយ​ព្រះ​រាជ​មេត្រី​នឹង​ស្ដេច​នោះ​ដែរ ។ ថ្ងៃ​មួយ ទើប​ស្ដេច​ស្រមោច​នាំ​ពួក​បរិវារ​អាត្មា ទៅ​កាន់​ផ្ទះ​សេនាបតី ដល់​ហើយ​ក៏​និយាយ​ថា "អ្នក​សេនាបតី ខ្ញុំ​នេះ​មាន​ចិត្ត​ស្រឡាញ់​ព្រះ​ករុណា​ជា​ម្ចាស់​អ្នក​ឯង​នេះ​ណាស់ ខ្ញុំ​មក​នេះ ដើម្បី​ថ្វាយ​ខ្លួន​សុំ​ព្រះអង្គ​ជា​ផ្លូវ​ព្រះ​រាជ​មេត្រី​ផង ដូច្នេះ អ្នក​សេនាបតី ចូរ​មេត្តា​នាំ​ប្រព្រឹត្តិហេតុ​របស់​ខ្ញុំ​នេះ ចូល​ទៅ​ក្រាប​បង្គំ​ទូល​ទ្រង់​ជ្រាប​ជា​មុន ព្រះ​អធ្យាស្រ័យ តើ​ជា​ទ្រង់​ប្រោស​ព្រម​ឬ​ពុំ​ព្រម ដ្បិត​ខ្ញុំ​ជា​ជាតិ​សត្វ​តូច​ទាប ក្រែង​ព្រះ​ទ័យ​យល់​ថា​ពុំ​សមគួរ" ។

ឯ​អគ្គមហាសេនាបតី បាន​ស្ដាប់​ពាក្យ​ស្រមោច​ដូច្នោះ ក៏​ទទួល​ពាក្យ ទើប​រៀប​អាត្មា​ម្នីម្នា​ចូល​ទៅ​គាល់​ព្រះ​បរម​ខត្តិយា ក្រាប​ទូល​តាម​ពាក្យ​ស្ដេច​ស្រមោច​នោះ​គ្រប់​ប្រការ ឯ​ព្រះ​​មហិស្សរា​ឮ​ថា​ស្រមោច​ចង់​ចូល​មក​ជា​ព្រះ​រាជ​មេត្រី នឹង​ព្រះ​អង្គ​ដូច្នោះ ក៏​ទ្រង់​ខាត់​ព្រះ​ទ័យ ដោយ​សេចក្ដី​យល់​ថា សត្វ​ស្រមោច​សង្អារ​ជា​សត្វ​ថោក​ទាប មិន​គួរ​នឹង​រាប់អាន​ទៅ​ទទួល​មេត្រី​នឹង​វា ឲ្យ​អាប់​ព្រះ​កិត្តិយស​ព្រះអង្គ គិត​ហើយ​ទើប​ត្រាស់​ថា "អា​សត្វ​ស្រមោច​ជាតិ​តូច​ទាប​ណាស់ យើង​ជា​ស្ដេច​ធំ​ពុំ​គួរ​នឹង​ទៅ​តាំង​ផ្លូវ​ព្រះ​រាជ​មេត្រី​នឹង​វា​ឡើយ អ្នក​ឯង​ទៅ​ប្រាប់​វា​ចុះ ថា​យើង​មិន​ទទួល​មេត្រី​ទេ យើង​មេត្រី​តែ​នឹង​សត្វ​ធំ ៗ យ៉ាង​រាជសីហ៍​ជា​ដើម" ។

ឯ​អគ្គមហាសេនាបតី ជា​អ្នក​មាន​បញ្ញា​ជ្រៅ​ទើប​ក្រាប​ទូល​ទៅ​ថា "ធម្មតា​នាយ​ជាង​ឈើ ឬ​ជាង​ទង សឹង​មាន​គ្រឿង​ដែក​តូច ធំ សម្រាប់​ធ្វើការ ការ​ឯណា​ធំ​ត្រូវ​ប្រើ​គ្រឿង​ធំ យ៉ាង​ដែក​ឆាប​ពន្លាក​ធំ​ទៅ ការ​ឯណា​តូច​ល្អិត​ត្រូវ​ប្រើ​គ្រឿង​តូច​ៗ​ទៅ ដូច​យ៉ាង​ការ​រាជការ​របស់​ល្អង​ធូលី​ព្រះបាទ​សព្វ​ថ្ងៃ​នេះ រាជការ​ឯណា​ធំ ក៏​ត្រូវ​ប្រើ​យក្ស​ឬ​គ្រុឌ​ឬ​រាជសីហ៍​ជាដើម​ទៅ បើ​រាជការ​ឯណា​តូច​ល្អិត​ដល់​មក យើង​ត្រូវ​ប្រើ​សត្វ​តូច ៗ ទៅ​តាម​ការ​នោះ ដូច​យ៉ាង​សត្វ​ស្រមោច​ក៏​មាន​ប្រយោជន៍​ខ្លះ​ដែរ មាន​រឿង​និទាន​ក្នុង​ទសជាតក គឺ​រឿង​ព្រះ​មហោសថ​បណ្ឌិត​ពោធិសត្វ​ថា កាល​នោះ ព្រះ​បាទ​វិទេសរដ្ឋរាជ​មាន​កែវ​បុរាណ ១ ជា​គ្រឿង​ប្រដាប់​រូប កែវ​នោះ​វែង មាន​រន្ធ​វៀច​ជា​សណ្ឋាន​ខ្ចៅ បុរាណ​គេ​ចោះ​ដាក់​ខ្សែ​ប្រើ​បាន ដល់​យូរ​មក ខ្សែ​នោះ​ចាស់​រេចរឹល ក៏​ដាច់​ចេញ​អំពី​ដួង​កែវ នឹង​រក​អ្នក​ឯណា​យក​ខ្សែ​ដោត​ដាក់​ដូច​មុន​វិញ​ពុំ​បាន ព្រះបាទ​វិទេសរដ្ឋរាជ​ប្រើ​រាជ​អាមាត្យ ឲ្យ​នាំ​យក​កែវ​នោះ​ទៅ​ឲ្យ​ព្រះ​ពោធិសត្វ​ដាក់​ខ្សែ ឯ​ព្រះ​មហោសថ​បណ្ឌិត​មាន​បញ្ញា​អាច​ដោត​កែវ​នោះ គឺ​លោក​យក​ខ្សែ​សូត្រ​មក​វេញ​ត្របាញ់ ហើយ​យក​ស្ករ​លាយ​លាប​ចុង​ខ្សែ​ក្នុង​រន្ធ​កែវ​នោះ លាប​ទឹក​ឃ្មុំ​ដាក់​ជា​នុយ​ស្រមោច ឯ​ស្រមោច​ទាំង​ឡាយ កាល​ធុំ​ក្លិន​ស្ករ​ទឹក​ឃ្មុំ​ហើយ ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​រន្ធ​កែវ ស៊ី​ស្ករ​ទឹក​ឃ្មុំ​ខាំ​ទាញ​ចុង​ខ្សែ​ទៅ​តាម​រន្ធ​វៀច​ចេញ​ទៅ​ម្ខាង​បាន ទើប​មហោសថ​បណ្ឌិត​ទាញ​ខ្សែ​ដោត​កែវ​នោះ​បាន ហើយ​ឲ្យ​នាំ​ទៅ​ថ្វាយ​ព្រះ​បរម​ក្សត្រិយ៍​ក្នុង​ព្រះ​រាជ​បុរី​វិញ ។ រឿង​បុរាណ​មាន​មក​យ៉ាង​នេះ ហេតុ​ដូច្នេះ​សូម​ព្រះ​អង្គ​ទ្រង់​ទទួល​ផ្លូវ​ព្រះ​រាជ​មេត្រី​នឹង​ស្ដេច​ស្រមោច​នោះ​ផង​ចុះ " ។

ឯ​ព្រះ​បាទ​មហិស្សរាធិបតី បាន​ស្ដាប់​ពាក្យ​សេនាបតី​ទូល​នាំ​រឿង​បុរាណ ជា​គតិ​ដូច្នោះ ស្ដេច​ក៏​ព្រម ទើប​ត្រាស់​ថា "អើ​អ្នក​សេនាបតី បើ​ដូច្នោះ​អ្នក​ទៅ​ប្រាប់​ស្ដេច​ស្រមោច​នោះ​ផង​ចុះ ថា​យើង​ទទួល​មេត្រី​ហើយ ឲ្យ​វា​វិល​ទៅ​ទីស្ថាន​វា​ចុះ មិន​ចាំ​ឡើង​មក​គាល់​យើង​ទេ បើ​យើង​មាន​រាជការ​ត្រូវ​ការ​រក សឹម​ឲ្យ​ឡើង​មក​គាល់" ។

ឯ​លោក​អគ្គមហាសេនាបតី ក៏​ក្រាប​ថ្វាយ​បង្គំ​លា​ចេញ​ចាក​ទី​គាល់ ទៅ​ថ្លែង​សេចក្ដី​នោះ​ប្រាប់​ស្ដេច​ស្រមោច ៗ ក៏​មាន​ចិត្ត​ត្រេកអរ ដោយ​សម​ក្ដី​ប្រាថ្នា ទើប​លា​សេនាបតី​នាំ​ពួក​ពល​ទៅ​កាន់​លំនៅ​នៃ​អាត្មា​វិញ​ហោង ។

លុះ​នៅ​មក មាន​កាល​សម័យ​ថ្ងៃ​មួយ ព្រះបាទ​មហិស្សរាធិបតី ស្ដេច​ផ្ទំ​លើ​ព្រះ​ទែននី មាន​សត្វ​ក្លឹស ១ វារ​ចូល​ទៅ​ក្នុង​រន្ធ​ព្រះ​កាណ៌​នៃ​ព្រះអង្គ ស្ដេច​ក៏​ទ្រង់​ក្រោក​ចាក​ទី​បន្ទំ ខំ​យក​ចង្កៀល​ឆ្លៀត​ចាក់​យក​ក៏​ពុំ​បាន វា​រឹត​តែ​រុក​ទៅ​ខាង​ក្នុង ស្ដេច​ក៏​រឹង​ឈឺ​ពន់ពេក​ណាស់ ដាស់​សម្ដេច​ព្រះ​ទេវី នូវ​ស្ត្រី​ព្រះ​ស្នំ​ក្រមការ​ឲ្យ​ជួយ​យក​ក្លឹស​នោះ ។

ឯ​អស់​ស្ត្រី​ស្នំ​ទាំង​ឡាយ មាន​នាង​ទេវី​ជា​ប្រធាន​សឹង​ភិតភ័យ​ទីទៃ ៗ នាំ​គ្នា​ហៅ​ពេទ្យហ្ម​មក​ប្រកប​ឱសថ​ដាក់​ចាក់​ទៅ ក្លឹស​នោះ​ក៏​មិន​ចេញ​ឡើយ ព្រះ​បរម​ខត្តិយរាជ​ក៏​រឹងរឹត​តែ​ឈឺ​ខ្លាំង តាំង​ពី​មជ្ឈិមយាម​យប់​ត្រា​ដល់​បច្ចូសសម័យ ស្ដេច​ក៏​នឹក​ទៅ​ដល់​គ្រុឌ នាគ យក្ខ គន្ធព្វ កុម្ភណ្ឌ រាជសីហ៍ នរសីហ៍ ឲ្យ​មក​ជួយ​ព្រះ​អង្គ ។

ឯ​អស់​ស្ដេច​ទាំង​ឡាយ មាន​ស្ដេច​គ្រុឌ​ជា​ដើម ក៏​មក​កាន់​ទី​ប្រជុំ​ជំនុំ​គ្នា ដើម្បី​នឹង​គិត​យក​ក្លឹស​នោះ​ជា​កោលាហល សឹង​ទញ់​ទាល់​តម្រិះ​ប្រាជ្ញា​ទីទៃ ៗ ពុំ​មាន​អ្នក​ឯណា​មួយ​នឹង​អាច​យក​អាសា​បាន ។ គ្រា​កាល​នោះ សេនាបតី​នឹក​ទៅ​ដល់​ស្ដេច​ស្រមោច ៗ ក៏​នាំ​ពួក​ពល​បរិវារ​អាត្មា​មក​កាន់​ទី​ប្រជុំ ទើប​សេនាបតី​ប្រាប់​ថា "ព្រះ​ករុណា​ជា​ម្ចាស់​យើង​មាន​ទុក្ខ ដោយ​សត្វ​តូច ចូល​ទៅ​ក្នុង​ព្រះ​កាណ៌​នៃ​ព្រះ​អង្គ អស់​ពួក​ស្ដេច​នានា​សឹង​ទញ់​ទាល់​ប្រាជ្ញា​ទីទៃ ៗ សេចក្ដី​នេះ តើ​អ្នក​ឯង​គិត​កែ​យ៉ាង​ណា​បាន យើង​រាល់​គ្នា​អស់​តម្រិះ​ប្រាជ្ញា​ហើយ" ។ ស្ដេច​ស្រមោច​បាន​ស្ដាប់​ដូច្នោះ​ហើយ ក៏​ទទួល​យក​អាសា ទើប​ប្រើ​ស្រមោច​ខ្មៅ​ពីរ​ជា​សេនា​ទាហាន ឲ្យ​ចូល​ទៅ​ក្នុង​ព្រះ​កាណ៌​នៃ​ព្រះ​មហិស្សរាធិបតី ឯ​ស្រមោច​ទាំង​ពីរ ក៏​នាំ​គ្នា​ចូល​ទៅ​ខាំ​ទាញ​យក​ក្លឹស​អំពី​ក្នុង​ព្រះ​កាណ៌ ចេញ​មក​ខាង​ក្រៅ​បាន ហើយ​បង្ហាញ​ដល់​ប្រជុំ​ជន មាន​ព្រះ​បាទ​មហិស្សរាធិបតី​ជា​ដើម ឯ​បណ្ដា​ប្រជុំ​ជន​ទាំង​ឡាយ សឹង​មាន​ចិត្ត​ត្រេកអរ​សាទរ​មហិមា នាំ​គ្នា​សរសើរ​ក្ដី​គាប​របស់​ស្ដេច​ស្រមោច​នោះ ជា​អនេក​បរិយាយ​ផ្សេង ៗ ហើយ​នាំ​គ្នា​ថ្វាយ​បង្គំ​លា ចេញ​ទៅ​កាន់​លំនៅ​នៃ​ខ្លួន​ទីទៃ ៗ ។

រឿង​នេះ បាន​គិត​ដូច​បុគ្គល​អ្នក​រាប់អាន​តែ​អ្នក​មាន​យសស័ក្ដិ​នូវ​អ្នក​មាន​សម្បត្តិ ត្រង់​អ្នក​តូច​ពូជ​ទាប ឬ​ញាតិ​សន្ដាន​ជា​អ្នក​ក្រីក្រ ពុំ​រាប់អាន​ឡើយ លុះ​ដល់​ខ្លួន​មាន​កិច្ចការ ដូច​មាន​អាវាហមង្គល​ជា​ដើម​ដល់​មក​នឹង​ទៅ​ពឹង​រក​អ្នក​មាន​សម្បត្តិ មាន​យសស័ក្ដិ​នោះ​មក​ឲ្យ​ជួយ​រែក សែង ដង​ទឹក បុក​ស្រូវ ពុះ​ឧស​ឯណា​ក៏​មិន​បាន តោង​ពឹង​អ្នក​តូច​តាម​ការ​ទាប ការ​គួរ​ធ្វើ​បាន​នោះ​ឯង ដូច​ស្ដេច​មហិស្សរាធិបតី បើ​មិន​ទទួល​មេត្រី​នឹង​ស្ដេច​ស្រមោច​នោះ ហើយ​ដល់​ក្លឹស​វា​ចូល​ត្រចៀក ធ្វើ​ម្ដេច​នឹង​យក​ក្លឹស​នោះ​ចេញ​ពី​ក្នុង​ត្រចៀក​បាន ទៅ​ប្រើ​ស្ដេច​គ្រុឌ យក្ខ គន្ធព្វ កុម្ភណ្ឌ រាជសីហ៍​នោះ​ឯណា នឹង​ចូល​ក្នុង​ត្រចៀក​បាន ។ បទ​នេះ អ្នក​ប្រាជ្ញ​គួរ​ពិចារណា​មើល​ជា​គតិ​លោក​ហោង ។



ចប់​តម្រា​ពឹង​តូច​រួច​ទុក្ខ​ភ័យ​ទី ១៣ ។